ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ត្អូញត្អែរ​ធ្លាក់​ចំណូល​រកស៊ី ខណៈ​មាន​កំណើន​យ៉ាង​គំហុក​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ


ហាង​រកស៊ី​នៅ​ខេត្តព្រះសីហនុ ត្រូវ​បាន​ដាក់​ឈ្មោះ​ជាភាសាចិន សម្រាប់ភ្ញៀវទេស​ចរចិនដែលមានការ​កើន​ឡើង​យ៉ាងគំហុក (ស៊ុន ណារិន/VOA)
ហាង​រកស៊ី​នៅ​ខេត្តព្រះសីហនុ ត្រូវ​បាន​ដាក់​ឈ្មោះ​ជាភាសាចិន សម្រាប់ភ្ញៀវទេស​ចរចិនដែលមានការ​កើន​ឡើង​យ៉ាងគំហុក (ស៊ុន ណារិន/VOA)

នៅ​តាម​ដង​ផ្លូវ​ក្នុង​ខេត្ត​មួយ​នេះ កន្លែង​រកស៊ី មាន​លើក​ស្លាក​យីហោ ដោយ​មាន​ការ​បកប្រែ​ជា​ភាសា​ចិន។ ខេត្ត​មួយ​នេះ បាន​កំពុង​នឹង​ក្លាយ​ជា​ទីក្រុង​ពោរពេញ​ដោយ​ជនជាតិ​ចិន​នា​ពេល​ឆាប់ៗ​ខាង​មុខ។ នេះ​បើ​យោង​តាម​អ្នក​ស្រុក​នៅ​ទី​នេះ។

សំណង់​កាស៊ីណូ​មួយ​នៅ​ជាប់​ផ្លូវ​ខាង​ក្រោយ​ផ្ទះ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ក្នុង​ខេត្ត​ព្រះសីហនុ កំពុង​តែ​ស្ថាបនា​ឡើង​ ដើម្បី​ទទួល​ភ្ញៀវ​ ជាពិសេស​ជន​ជាតិ​ចិន ដែល​មាន​បំណង​មក​លេង និង​រក​ស៊ី ​នៅ​ក្នុង​ខេត្ត​ទេសចរណ៍​ឆ្នេរ​សមុទ្រ​នេះ។ សំណង់​កាស៊ីណូ ឈ្មោះ New MGM មួយ​នេះ ជា​អតីត​ផ្ទះ​សំណាក់​មួយ ​ដែល​មាន​ឈ្មោះ​ថា «សន្តិភាព»។

សំណង់​អគារ​ផ្សេងៗ​របស់​ជនជាតិ​ចិន​ បាន​នឹង​កំពុង​រីក​ដុះដាល​ដូច​ផ្សិត នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ ផ្ទះសំណាក់ សណ្ឋាគារ​មួយ​ចំនួន និង​កន្លែង​ផ្សេងៗ បាន​ប្រែក្លាយ​ជា​កាស៊ីណូ។ កន្លែង​មួយ​ចំនួន​ទៀត​ បាន​ប្រែក្លាយ​ជា​កន្លែង​ច្រៀង​ខារ៉ាអូខេ ដើម្បី​ទទួល​ភ្ញៀវ​ទេសចរណ៍​ចិន​ដែល​មក​កម្សាន្ត​លេង ឬ​មក​រកស៊ី​នៅ​ក្នុង​ខេត្ត​មួយ​នេះ។

សំណង់កាស៊ីណូចិន​ឈ្មោះ New MGM ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ ក្រោយ​ផ្ទះ​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ក្រុង​ព្រះសីហនុ ដើម្បីស្វាគមន៍​កំណើន​គំហុក​ជនជាតិ​ចិន​នៅ​ក្នុង​ខេត្តព្រះសីហនុ (ស៊ុន ណារិន/VOA)
សំណង់កាស៊ីណូចិន​ឈ្មោះ New MGM ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ ក្រោយ​ផ្ទះ​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ក្រុង​ព្រះសីហនុ ដើម្បីស្វាគមន៍​កំណើន​គំហុក​ជនជាតិ​ចិន​នៅ​ក្នុង​ខេត្តព្រះសីហនុ (ស៊ុន ណារិន/VOA)

នៅ​តាម​ដង​ផ្លូវ​ក្នុង​ខេត្ត​មួយ​នេះ កន្លែង​រកស៊ី មាន​លើក​ស្លាក​យីហោ ដោយ​មាន​ការ​បកប្រែ​ជា​ភាសា​ចិន។ ខេត្ត​មួយ​នេះ បាន​កំពុង​នឹង​ក្លាយ​ជា​ទីក្រុង​ពោរពេញ​ដោយ​ជនជាតិ​ចិន​នា​ពេល​ឆាប់ៗ​ខាង​មុខ។ នេះ​បើ​យោង​តាម​អ្នក​ស្រុក​នៅ​ទី​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជាមួយ​ការ​កើន​ឡើង​ជនជាតិ​ចិន​យ៉ាង​គំហុក​នៅ​ក្នុង​ខេត្ត​ទេសចរណ៍​ជាប់​មាត់​សមុទ្រ​មួយ​នេះ ប្រជាជន​មួយ​ចំនួន​ដែល​ប្រកប​អាជីវកម្ម​ដឹក​ភ្ញៀវ​ទេសចរ ភោជនីយដ្ឋាន និង​សណ្ឋាគារ ដែល​ធ្លាប់​ទទួល​ភ្ញៀវ​ពី​អឺរ៉ុប​ច្រើន បាន​បាត់បង់​ចំណូល​របស់​ពួកគេ​គួរ​ឲ្យ​កត់​សម្គាល់។

ពួកគេ​បាន​អះអាង​ថា ដោយសារ​ជនជាតិ​ចិន​ចូល​មក​នៅ​ក្នុង​ខេត្ត​នេះ​ច្រើន ដូច្នេះ​ហើយ​បណ្ដាល​ឲ្យ​ភ្ញៀវ​ទេសចរ​មក​ពី​លោក​ខាង​លិច មិន​សូវ​មក​លេង​ខេត្ត​មួយ​នេះ ច្រើន​ដូច​មុន​ទៀត​ទេ។

ភ្ញៀវ​បរទេស​អឺរ៉ុប ​និង​ចិន

លោក លី ឈុន អាយុ​៣៨​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​កង់​បី ជិត​១០ឆ្នាំ​មក​ហើយ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ភ្ញៀវ​ចិន​ចូល​មក​ក្នុង​ខេត្ត​មួយ​នេះ ភ្ញៀវ​បរទេស​អឺរ៉ុប​បាន​ធ្លាក់​ចុះ ដែល​បណ្តាល​ឲ្យ​លោក​មិន​អាច​ដឹក​ភ្ញៀវ​បរទេស​ទាំង​នោះ​ត​ទៅ​ទៀត។

លោក​បន្ត​ថា ភ្ញៀវ​ចិន​ដែល​ចូល​ចិត្ត​ដើរ​លេង​ជា​ក្រុម មាន​ក្រុមហ៊ុន​ចាំ​ដឹក​ អ្នក​ខ្លះ​ចូលចិត្ត​ដើរ និង​អ្នក​ខ្លះ​ទៀត​មាន​រថយន្ត​ប្រើប្រាស់​ខ្លួន​ឯង។

លោក​បាន​ថ្លែង​ប្រាប់​ VOA​ ថា៖ «គឺ​ចិន​គេម​ក​គេ​អត់​ជិះ​ទេ គេ​ដើរ​អញ្ចឹង​ទៅ ត្រូវ​ការ​ទិញ​អី គេ​មាន​មីនីម៉ាត​របស់​គេ ត្រូវ​ការ​ហូប​ចុកអី គេ​ទៅ​ហាង​ចិន​គ្នា​គេ។ សម្រាប់​បងប្អូន​ ខ្មែរ​ដែល​គាត់​ជា​អ្នកលក់ដូរ​អី នៅ​តាម​ឆ្នេរ នៅ​តាម​ហាង នៅ​តាម​ដងផ្លូវ​អី​ហ្នឹង ចប់​ហើយ អស់​សេវា​ហើយ»។

ផ្ទះសំណាក់​ឈ្មោះ New Macau Resort នៅ​ក្នុង​ក្រុង​ព្រះសីហនុ ដើម្បីស្វាគមន៍​ភ្ញៀវទេសចរ​ចិន (ស៊ុន ណារិន/VOA)
ផ្ទះសំណាក់​ឈ្មោះ New Macau Resort នៅ​ក្នុង​ក្រុង​ព្រះសីហនុ ដើម្បីស្វាគមន៍​ភ្ញៀវទេសចរ​ចិន (ស៊ុន ណារិន/VOA)

លោក​បន្ថែម​ថា ពី​មុន​លោក​ធ្លាប់​រក​ចំណូល​បាន​ចន្លោះ​ពី ​១៥ ​ទៅ​២០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ តែ​បច្ចុប្បន្ន​នេះ រក​បាន​តែ​ ៣​ទៅ​៤​ដុល្លារ​តែ​ប៉ុណ្ណោះ។

លោក ​លី ឈុន បន្ត​ថា ភ្ញៀវ​អឺរ៉ុប​មិន​ចូលចិត្ត​ភ្ញៀវ​ចិន​នោះ​ទេ ដោយ​សារ​«ពួកគេ​មាន​ភាព​រញ៉េរញ៉ៃ និង​មាត់​ឭៗ ដែល​ផ្ទុយ​ពី​ខាង​អឺរ៉ុប​ចូលចិត្ត​ភាព​ស្ងប់ស្ងាត់»។

លោក លី ឈុន យល់​ថា កំណើន​ភ្ញៀវ​ចិន​នេះ មិន​បាន​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ប្រជាជន​ ដែល​រកស៊ី​តូចតាច​ដូច​ជា​រូប​លោក​នោះ​ទេ គឺ​បាន​តែ​ទៅ​លើ​អ្នក​មាន​ជីវភាព​ធូរធារ​តែ​ប៉ុណ្ណោះ។

លោក​មាន​ប្រសាសន៍​ថា៖ «ព្រោះ​ថា​ចិន​ដែល​ថា​ គាត់​ចូល​មក​វិនិយោគទុន​ហ្នឹង គឺ​អត់​មាន​ចំណូល​ចូល​ដល់​ប្រជាពលរដ្ឋ​ដូច​អឺរ៉ុប​ទេ គឺ​ចំណូល​ចូល​បាន​បន្តិច​បន្តួច​ទៅ​លើ​រដ្ឋាភិបាល និង​អ្នក​មាន​ផ្ទះ​ជួល និង​អ្នក​មាន​ដី ប៉ុន្តែ​ដែល​ឲ្យ​ថា​ មក​ឲ្យ​ជួយ​ដល់​ប្រជាពលរដ្ឋ​ហ្នឹង គឺ​អត់​មាន​ទេ តិចតួច​ណាស់»។

លោក ស៊ុន ផាត អាយុ​៦២ឆ្នាំ ដែល​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ជាង​១០ឆ្នាំ​មក​ហើយ មាន​ប្រសាសន៍​ថា ចំណូល​របស់​លោក​បាន​ធ្លាក់​ចុះ ដោយ​ពី​មុន​ លោក​ធ្លាប់​រក​បាន​ជាង​៤ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ តែ​ឥឡូវ​ បាន​មក​ដល់​ត្រឹម​តែ​១​ម៉ឺន​ទៅ​២ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ។

លោក​មាន​ប្រសាសន៍​ថា៖ «ជួន​កាល​ដឹក យើង​ទារ​គេ​ ១​រៀល ជួន​កាល​អឺរ៉ុប គេ​ធីប​ឲ្យ​យើង​៥​រៀល ២​រៀល​ក៏​មាន​ដែរ។ ហើយ​បើ​ចិន យើង​ទារ​១​រៀល។ លោ​តែ​ហេង​ស៊យ យើង​ទារ​ ១​រៀល ចុះ​មក​ឲ្យ​តែ​២​ពាន់​ខ្មែរ ដើរ​ចេញ។ វា​មិន​ដឹង​និយាយ​ជាមួយ​យើង​ផង ស្រួល​មិន​ស្រួល យើង​ទៅ​ទារ វា​រក​រឿង ច្រងេងច្រងាង​ដាក់​យើង​ទៀត»។

លោក​បញ្ជាក់​ថា លោក​មិន​ពេញ​ចិត្ត​នឹង​ការ​កើន​ឡើង​របស់​ទេសចរ​ចិន​យ៉ាង​គំហុក​នោះ​ទេ។

លោក​បាន​ថ្លែង​ប្រាប់​VOA​ថា៖ «ខ្ញុំ​និយាយ​ត្រង់ ខ្ញុំ​មិនសប្បាយ​ចិត្ត​តែ​ម្ដង ដល់​ពេល​ចិន​ចូល អត់​មាន​ចំណូល​ទៅ​ដល់​ប្រជារាស្ត្រ​ខ្មែរ​យើង។ ខ្ញុំ​អត់​ពេញចិត្ត​ឡើយ​ ព្រោះ​វា​រឹត​តែ​ពិបាក​ការងារ​រកស៊ី​ចិញ្ចឹម​ជីវិត»។

លោក ផាត មាន​ប្រសាសន៍​បន្ថែម​ថា ជន​ជាតិ​ចិន មិន​គោរព​ខ្មែរ​ ដូច​ភ្ញៀវ​អឺរ៉ុប​នោះ​ទេ។

ចំណែក​ម្ចាស់​ភោជនីយដ្ឋាន​ និង​សណ្ឋាគារ ​ដែល​ធ្លាប់​បាន​ទទួល​ភ្ញៀវ​បរទេស​អឺរ៉ុប ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​ចំណូល​របស់​ពួកគេ​ដែរ ដោយសារ​ការ​ធ្លាក់ចុះ​ចំនួន​ភ្ញៀវ​បរទេស។ ពួកគេ​លើក​ឡើង​ថា នេះ​បណ្តាល​មក​ពី​ភ្ញៀវ​ចិន​ចូល​មក​យ៉ាង​ច្រើន​នៅ​ក្នុង​ខេត្ត​មួយ​នេះ។

អ្នកស្រី លាង ស៊ីម អាយុ​៣៧​ឆ្នាំ ជា​ម្ចាស់​ហាង​ភោជនីយដ្ឋាន​មួយ​នៅ​ក្នុង​តំបន់​ឧតុនិយម​ក្នុង​ក្រុង​ព្រះសីហនុ ដែល​ជា​ កន្លែង​ដែល​សំបូរ​ដោយ​ជន​បរទេស​អឺរ៉ុប មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ​ ជនជាតិ​ចិន​បាន​មក​ទីកន្លែង​នេះ​ច្រើន ដែល​ធ្វើ​ឲ្យ​កំណើន​បរទេស​អឺរ៉ុប​មាន​ការ​ធ្លាក់​ចុះ។ អ្នកស្រី​បាន​បន្ថែម​ថា ការ​រកស៊ី​បាន​ធ្លាក់​ចុះ​ប្រមាណ​៥០​ភាគរយ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ធ្លាក់ចុះ​តើ​ ចិន​ចូល​មក​ច្រើន​ពេក ភ្ញៀវ​បរទេស​អត់សូវ​មក ឥឡូវ​មក​តិចៗ អញ្ចឹងណា។ ជួនកាល​មក​ដែរ​ប៉ុន្តែ​ទៅ​កន្លែង​ផ្សេង​ កន្លែង​នេះ​តិច កន្លែង​នោះ​តិច ហើយ​ម្តុំ​នេះ​ឥឡូវ ក៏​លែង​មាន​ផ្ទះ​នៅ​ដែរ។ ម្តុំ​នេះ​សុទ្ធ​តែ​ចិន​ជួល​អស់​ហើយ ដេញ​រប៉ាត់រប៉ាយអស់​ហើយ គ្មាន​ភ្ញៀវ​ទេ»។

ផ្លូវ​មួយ​ក្នុង​ក្រុង​ព្រះសីហនុ នៅ​ជិត​ឆ្នេរ​អូ​ឈឺទាល ដែល​ជា​កន្លែង​សំបូរ​ទៅ​ដោយ​ភ្ញៀវទេសចរ​អន្តរជាតិ​ស្នាក់នៅ (ស៊ុន ណារិន/VOA)
ផ្លូវ​មួយ​ក្នុង​ក្រុង​ព្រះសីហនុ នៅ​ជិត​ឆ្នេរ​អូ​ឈឺទាល ដែល​ជា​កន្លែង​សំបូរ​ទៅ​ដោយ​ភ្ញៀវទេសចរ​អន្តរជាតិ​ស្នាក់នៅ (ស៊ុន ណារិន/VOA)

អ្នកស្រី​ បាន​បញ្ជាក់​បន្ថែម​ថា៖ «ជនជាតិ​ចិន បរទេស​គ្រប់គ្នា​ គេ​អត់​សូវ​ចូលចិត្ត​ចិន​ទេ។ ពេល​ខ្លះ​ ខ្ញុំ​ក៏​មិន​ចូល​ចិត្ត​ដែរ មើល​ទៅដូច​រញ៉េរញ៉ៃ។ បើ​បរទេស​ គេ​មក​ គេ​មក​ហូប​អី​កន្លែង​យើង ដល់​ពេល​ចិន​មក គេ​ជួល​ផ្តាច់ៗ ដេញ​ខ្មែរ​ទៅ​អស់​រលីង គឺ​វា​លក់​ដូរ​វា​សព្វ​បែប​យ៉ាង​ទាំងអស់។ មើល​អីវ៉ាន់​វា អីវ៉ាន់​វា សុទ្ធ​តែ​អីវ៉ាន់​ចិន​រាល់​ថ្ងៃ។ របស់​យើង​វា​មិន​សូវ​ស៊ី​ទេ វា​ស៊ី​តែ​របស់​ចិន​គ្នា​វា»។

អ្នកស្រី​ លាង ស៊ីម យល់​ថា ​កំណើន​ចិន​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​រក​ស៊ី​របស់​ជន​ជាតិ​ខ្មែរ។

អ្នកស្រី​បញ្ជាក់​ថា៖ «វា​មិន​មែន​មក​នៅ​របៀប​ថា ​ឲ្យ​យើង​ចំណេញ​ដូច​ពួក​ជនជាតិ​គេ​មក​ហូប​មក​អី គេ​មក​ស្នាក់​នៅ អានេះ​វា​ជួល​ផ្តាច់ៗ យក​ទាំង​អស់ វា​រក​ស៊ី​ខ្លួន​វា។ វា​មក​រក​ស៊ី​ មិន​មែន​មកនៅ​របៀប​ថា ​ធ្វើ​ការ​អី មក​ស៊ី​អី​ហាងយើង​បាន​លុយ ចំណូល​ចូល​យើងទេ»។

អ្នកស្រី​បន្តថា៖ «គ្មាន​នរណា​សប្បាយ​ចិត្ត​ទេ។ សម្រាប់​ខ្ញុំ​ផ្ទាល់​ មិន​សប្បាយ​ចិត្ត គេ​ក៏​មិន​សប្បាយ​ចិត្ត​ដែរ។ សប្បាយ​ចិត្ត​ចំពោះ​តែ​ផ្ទះ​អ្នក​មាន​ របៀប​ថា ​មាន​ដី​ជួល មាន​ផ្ទះ​ជួល វា​សប្បាយ​ហើយ សប្បាយ​សម្រាប់​អ្នក​មាន​ទេ»។

ទោះជា​យ៉ាងណា ដើម្បី​សម្រប​ជាមួយ​កំណើន​ប្រជាជន​ចិន​នៅ​ក្នុង​ខេត្ត​មួយ​នេះ អ្នក​នាង​បាន​ដូរ​ស្លាក​ហាង ដោយ​មាន​ភាសា​ចិន ប្រ​ហែល​ពីរ​បី​ខែ​មក​ហើយ និង​ត្រៀម​បកប្រែ​បញ្ជី​មុខ​ម្ហូបជា​ភាសា​ចិន​ផង​ដែរ។

ចំណែក​ លោក រតនៈ អាយុ​២៧ឆ្នាំ ជា​ម្ចាស់​ហាង​មួយ​នៅ​លើ​កោះ​តាគាវ​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា ចំនួន​ភ្ញៀវ​បរទេស​មក​លេង​កោះ​ មាន​ការ​ធ្លាក់​ចុះ ដែល​ធ្វើ​ឲ្យ​ចំណូល​របស់​លោក​បាន​ធ្លាក់​ចុះ​ប្រមាណ​២០ភាគរយ។

លោក​មាន​ប្រសាសន៍​ថា៖ «វា​ដោយសារ​តែ​ទី​មួយ ប្រហែល​ជា​ជនជាតិ​ចិន​ច្រើន​នៅ​កំពង់​សោម ពេល​អញ្ចឹង​នៅ​ពេល​ភ្ញៀវ​អាន​តាម​អ៊ីនធឺណិត​ទៅ ប្រហែល​ជា​គេ​ដូរ​គោល​ដៅ​គេ​ទៅ​ខេត្ត​ផ្សេង»។

លោក​បញ្ជាក់​ថា៖ «ព្រោះ​អីថាបរទេស និង​ចិន សីលធម៌​វប្បធម៌​ខុស​គ្នា ដូច​ថា​បរទេសគេ​ចូលចិត្ត​ស្ងៀមស្ងាត់​ភាគ​ច្រើន តែ​ចិន​គាត់​ចូលចិត្ត​ធ្វើ​ដំណើរ​ជា​ក្រុម ហើយគាត់និយាយ​ឭៗ។ អា​នេះ​តាម​អ្វី​ដែល​ខ្ញុំ​ដឹង អ្វី​ដែល​ខ្ញុំ​មើល​ឃើញ»។

ចិន​ឲ្យ​តម្លៃ​ខ្ពស់​ដើម្បី​ជួល​ផ្ទះ និង​ដី

ជនជាតិ​ចិន​បាន​ជួល​អគារ និង​ដី ដើម្បី​បើក​ជា​កន្លែង​រក​ស៊ី​ខ្លួន​ឯង​គួរ​ឲ្យ​កត់​សម្គាល់។ ពួកគេ​បាន​ឲ្យ​តម្លៃ​អចលនទ្រព្យ​នោះ ខ្ពស់​ជាង​ធម្មតា អាច​លើស​ពី​តម្លៃ​ធម្មតា​ពីរ​ទៅ​បី​ដង។ សំណង់​អគារ​សម្រាប់​កាស៊ីណូ ​បាន​កំពុង​រីក​ឡើង​ជា​បន្តបន្ទាប់។ កាស៊ីណូ​ប្រមាណ​៣០​ហើយ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ ជាពិសេស​ភ្ញៀវ​ចិន។ នេះ​បើ​យោង​តាម​មន្ត្រី​ក្នុង​តំបន់។

អ្នកស្រី ចិន្តា ជា​ម្ចាស់​សណ្ឋាគារ មាលី​ចិន្តា ដែល​បាន​ដំណើរ​ការ​ជិត​២០​ឆ្នាំ​មក​ហើយ បាន​លើក​ឡើង​ថា ជនជាតិ​ចិន​ បាន​ទាក់ទង​អ្នកស្រី​ជាបន្ត​បន្ទាប់ ដើម្បី​ជួល​កន្លែង​អ្នកស្រី តែ​អ្នកស្រី​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ។

សណ្ឋាគារ​មាលីចិន្តា​នៅ​ម្តុំ​ឧតុនិយម​ ខេត្ត​ព្រះសីហនុ ដែល​ជនជាតិ​ចិន បាន​ទាក់ទង​ម្ចាស់ ដើម្បីជួល ហើយម្ចាស់កំពុង​ពិចារណាក្នុងការ​ជួល (ស៊ុន ណារិន/VOA)
សណ្ឋាគារ​មាលីចិន្តា​នៅ​ម្តុំ​ឧតុនិយម​ ខេត្ត​ព្រះសីហនុ ដែល​ជនជាតិ​ចិន បាន​ទាក់ទង​ម្ចាស់ ដើម្បីជួល ហើយម្ចាស់កំពុង​ពិចារណាក្នុងការ​ជួល (ស៊ុន ណារិន/VOA)

អ្នកស្រី​បន្ត​ថា ជន​ជាតិ​ចិន​បាន​ឲ្យ​តម្លៃ​ខ្ពស់​ជាង​ផល​ចំណេញ​ដែល​អ្នកស្រី​រក​បាន​ពី​ជំនួញ​មួយ​នេះ។

អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖ «បើ​គេ​ហ៊ាន​ថ្លៃ​ដល់ មីង​ក៏​ជួល​ឲ្យ​គេ​ដែរ។ គេ​ឲ្យ​យើង​ច្រើន​ ជាង​យើង​រក​ស៊ី​ខ្លួន​យើង​ទៅ​ទៀត។ ហើយ​សួរ​ថា យើង​ជួល​ឲ្យ​គេ ឬ​ក៏​យើង​ទៅ​រក​ស៊ី​ខ្លួន​ឯង​ ហត់​ចង់​ងាប់»។

អ្នកស្រី​បន្ត​ថា ដោយសារ​បាត់​បង់​ភ្ញៀវ​បរទេស​មក​ពី​អឺរ៉ុប ចំណូល​របស់​អ្នកស្រី​បាន​ធ្លាក់​ចុះ​ទៅ​ដល់​ជិត ​៧០​ភាគ​រយ​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ។

អ្នកស្រី​បាន​បញ្ជាក់​ថា៖ «មីង​គិត​ថា មក​ពី​មាន​ភ្ញៀវ​ចិន​ច្រើន បាត់​ពួក​បរទេស។ ហើយ​មួយ​ទៀត យើង​បត់​បែន​មិន​ទាន់​ទីផ្សារ​របស់​គេ។ ជួន​ណា​ចិន​គេមក​ ក៏​គ្នាដើរ​ចូល​មើល​របស់​យើង​ដែរ​ តែ​វា​អត់​ពេញ​ចិត្ត គ្មាន​របស់​ណា​ដែល​គេ​ត្រូវការ»។

ទោះ​ជា​យ៉ាង​ណា អ្នកស្រី​ ក៏​កំពុង​ពិចារណា​ទៅ​លើ​តម្រូវ​ការ​របស់​ជនជាតិ​ចិន ដូច្នេះ​ហើយ​ទើប​អាច​សម្រប​បាន​នឹង​កំណើន​មួយ​នេះ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «យើង​រក​ស៊ី​ទៅ​តាម​ដំណាក់កាល​របស់​វា។ កាល​ណា​មាន​ភ្ញៀវ​ចិន​ចូល​ច្រើន អញ្ចឹង​យើង​ត្រូវតែ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​សម្រប​សម្រួល​ទៅ​តាម​គេ​ហ្នឹង។​ មិន​អញ្ចឹង? រក​អីវ៉ាន់​អ្វី​ដែល​ចិន​ត្រូវការ»។

អ្នកស្រី​បញ្ជាក់​ថា ជន​ជាតិ​ចិន ​មិន​ចេះ​អង់គ្លេស ហើយ​អ្នក​ស្រី​មិន​ចេះ​ភាសា​ចិន ដែល​ជា​ការ​លំបាក​មួយ។

ការ​ដោះស្រាយ​របស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខេត្ត

កម្ពុជា​រំពឹង​ថា នឹង​ទទួល​អ្នក​ទេសចរ​ចិន​ប្រមាណ​ ២​លាន​នាក់ នៅ​ឆ្នាំ២០​២០។ កាល​ពី​ឆ្នាំ​២០១៦ កម្ពុជា​បាន​ទទួល​ទេសចរ​ចិន​ប្រមាណ​៨៣​ម៉ឺន​នាក់។ ចំណែក​នៅ​ក្នុង​រយៈ​ពេល​៧​ខែ​នៃ​ឆ្នាំ​២០១៧​នេះ កម្ពុជា​ទទួល​អ្នក​ទេសចរ​ចិន​ជាង ​៦៣​ម៉ឺន​នាក់ ដែល​មាន​ការ​កើន​ឡើង​ជាង​៤០​ភាគរយ បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ​នេះ​បើ​យោង​តាម​តួលេខ​របស់​អាជ្ញាធរ។

ទំនាក់ទំនង​កម្ពុជា-ចិន​ មាន​ភាព​ស្អិតល្មួត តាមរយៈ​ទំនាក់ទំនង​រវាងលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​ចិន។ ចិន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង និង​កម្ចី​មក​កម្ពុជា​ជា​បន្ត​បន្ទាប់ ខណៈ​ទំនាក់ទំនង​រវាង​កម្ពុជា និង​អាមេរិក មាន​ភាព​មិន​ល្អ​រហូត​មក​ដល់​ពេល​នេះ។

សណ្ឋាគារ​វិមានខ្សាច់មាសនៅក្រុង​ព្រះសីហនុ​ ដែល​ត្រូវបាន​បន្ថែម​ដោយ​កាស៊ីណូ ដើម្បីស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន ដែលមានការ​កើន​ឡើង​យ៉ាង​គំហុក (ស៊ុន ណារិន/VOA)
សណ្ឋាគារ​វិមានខ្សាច់មាសនៅក្រុង​ព្រះសីហនុ​ ដែល​ត្រូវបាន​បន្ថែម​ដោយ​កាស៊ីណូ ដើម្បីស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន ដែលមានការ​កើន​ឡើង​យ៉ាង​គំហុក (ស៊ុន ណារិន/VOA)

លោក តាំង សុចិត្រ​គ្រឹស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រះសីហនុ មាន​ប្រសាសន៍​ថា បើ​តាម​ទិន្នន័យ​ដែល​លោក​មាន ភ្ញៀវ​ទេសចរ​បរទេស​មក​ពី​អឺរ៉ុប មិនធ្លាក់​ចុះ​នោះ​ទេ បើ​ទោះ​ជា​ភ្ញៀវ​ចិន ​មាន​ការ​កើន​ឡើង​មែន។

លោក​បញ្ជាក់​ថា ក្នុងរយៈ​ពេល​១១​ខែ​ក្នុង​ឆ្នាំ២០១៧​នេះ ភ្ញៀវ​ចិន​មាន​ទៅ​ដល់​ជិត​១១​ម៉ឺន​នាក់​ក្នុង​ចំណោម​ភ្ញៀវ​បរទេស​ជាង​ ៤០​ម៉ឺន​នាក់ បាន​មក​ខេត្ត​ព្រះសីហនុ ដែល​មាន​ការ​កើន​ឡើង​ជិត​ ១៥០​ភាគរយ ប្រៀបធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។

លោក​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​ក្នុង​បច្ចុប្បន្ន​នេះ យើង​អត់​អាច​និយាយ​ថា អូ​ភ្ញៀវ​ចិន​កើន​ឡើង ធ្វើ​ឲ្យ​ភ្ញៀវ​ផ្សេង​ថយ វា​អត់​មាន​ថយ​ទេ។ ស្ថិតិ​យើង ​នៅ​តែ​មាន​កើន​មាន​ថយ សូម្បី​តែ​ប្រែប្រួល​ក្នុង​ត្រី​មាសនីមួយៗ​ហ្នឹង វា​ខុសគ្នា ទីផ្សារ​ផ្សេងៗ ព្រោះ​ពាក់ព័ន្ធ​នឹង​វិស្សមកាល ពាក់ព័ន្ធ​នឹង​ពេលវេលា​ទីផ្សារមួយ​ៗហ្នឹង ឬ​ក៏​ Low Season High Season(រដូវ​កាល​មិន​សូវ​មាន​ភ្ញៀវ ឬ​មាន​ភ្ញៀវ​ច្រើន​)។ អញ្ចឹង​យើង​អត់​អាច​និយាយ​ថា ភ្ញៀវចិន​កើន​ឡើង ធ្វើ​ឲ្យ​ភ្ញៀវ​ផ្សេង​ថយ​ទាំង​អស់ យើង​អត់​អាច​និយាយ​អញ្ចឹង​បាន​ដែរ»។

លោក​បញ្ជាក់​ថា អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ធ្វើ​យ៉ាងណា ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ផល​ពី​ភ្ញៀវ​ចិន តាមរយៈ​ការ​សម្របសម្រួល​ទៅ​តាម​កំណើន​ភ្ញៀវ​ចិន និង​ដឹង​ពី​តម្រូវ​ការ​របស់​ភ្ញៀវ​ចិន។

លោក​បញ្ជាក់​ថា ភ្ញៀវ​ចិន​មាន​សក្តា​នុពល និង​មាន​ចំណូលច្រើន។

លោក​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​ត្រូវ​ដឹង​តម្រូវ​ការ​របស់​ភ្ញៀវ​ទេសចរ​ចិន។ បើគាត់​ស្នាក់ គឺអត់​ស្នាក់​នៅ​ក្រោម​ផ្កាយ​បី​ទេ។ បើ​មិន​ផ្កាយ​៤ ​គឺ​ផ្កាយ​៥។ គាត់​ត្រូវ​ការ​ស្តង់ដារ​ Restaurant ចិន​របស់​គាត់ ហើយ​សួរ​ថា​នៅ​កំពង់​សោម​មាន ​Restaurant​(ភោជនីយដ្ឋាន) ចិន​ប៉ុន្មាន ដែល​ស្តង់ដារ​ ប្រៀបធៀប​សៀមរាប ភ្នំពេញ»។

ប្រធាន​មន្ទីរ​ទេស​ចរណ៍​រូប​នេះ បាន​បញ្ជាក់​ថា ដោយសារ​មូលហេតុ​នេះ ជនជាតិ​ចិន​បាន​ជួល​ដី ឬ​អគារ ដើម្បី​បើក​ការ​រក​ស៊ី​ខ្លួន​ឯង។

លោក​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​គាត់​ត្រូវ​បង្ខំចិត្ត​រៀបចំ​ខ្លួន​ឯង ជួល​អី​រៀបចំ ខ្លះ​គាត់​សហការ​ជា​មួយ​ខ្មែរ​អញ្ចឹង​ទៅ ដើម្បី​បំពែញ​តម្រូវ​ការ​ទីផ្សារ​របស់​គាត់»។

លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ស្វាគមន៍​អ្នក​វិនិយោគ​ទាំងអស់ និង​ភ្ញៀវ​បរទេស ដោយ​មិន​ប្រកាន់​ភ្ញៀវ​មក​ពី​ប្រទេស​ណា​នោះ​ទេ។

លោក​បន្ត​ថា អាជ្ញាធរ​នឹង​ព្យាយាម​រក្សា​សន្តិសុខ​ឲ្យ​បាន​ល្អ សម្រាប់​ភ្ញៀវ​ទេសចរ​ទាំង​អស់។

លោក​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​ខ្ញុំ​ខិតខំ​ថែរក្សា​ ការពារ​សុខ​សន្តិភាព សុវត្ថិភាព ហើយ​ធ្វើ​ម៉េច​ជំរុញពួកគាត់​ដែល​មក​ហ្នឹង គោរព​ច្បាប់​ប្រទេស​ខ្ញុំ ខេត្ត​ខ្ញុំ។ នេះ​គឺ​ជា​ការ​ប៉ងប្រាថ្នា​របស់​ពួក​ខ្ញុំ»។

អភិបាល​ខេត្ត​រូប​នេះ បាន​បញ្ជាក់​ថា ជនជាតិ​ណា​ក៏​ដោយ ក៏​មាន​ល្អ មាន​អាក្រក់​ដែរ វា​មិន​ល្អ​ទាំងអស់ អាក្រក់​ទាំងអស់​ទេ។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា៖ «ហើយ​បើ​ថា ឲ្យ​យើង​ថា ភ្ញៀវ​ចិន​អាក្រក់ ភ្ញៀវ​អឺរ៉ុប​ល្អ ឬ​ក៏​ភ្ញៀវ​អឺរ៉ុប​អាក្រក់ ភ្ញៀវ​ចិន​ល្អ ខ្ញុំ​អត់​ទាន់​ហ៊ាន​ថា​ទេ ព្រោះអី​គឺថា​ភ្ញៀវ​ទាំង​អស់​ដូច​គ្នា គឺ​សុទ្ធ​តែ​មក​ដើម្បី​រក​ទទួល​ទាន។ ភ្ញៀវ​មក​លេង​សប្បាយ​ខេត្ត​យើង​អញ្ចឹង មាន​តែ​ម្យ៉ាង គឺ​យើង​ទទួល​គ្រប់​ភ្ញៀវ ប៉ុន​អ្នក​ណា​ធ្វើ​ត្រូវ យើង​គាំទ្រ ស្វាគមន៍ ថែរក្សា​គេ​ទៅ»។

ទិដ្ឋភាពតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ មុន​នឹង​ចូល​ដល់​ទីរួមខេត្ត​ព្រះសីហនុ(ស៊ុន ណារិន/VOA)
ទិដ្ឋភាពតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ មុន​នឹង​ចូល​ដល់​ទីរួមខេត្ត​ព្រះសីហនុ(ស៊ុន ណារិន/VOA)

ទោះ​ជា​យ៉ាង​ណា លោក​ក៏​មាន​ក្ដី​បារម្ភ​អំពី​ការ​ដែល​ជនជាតិ​ចិន​មក​រក​ស៊ី​ក្នុង​ខេត្ត​មួយ​នេះ ហើយ​ប៉ះពាល់​ដល់​ការ​រក​ស៊ី​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ លោក​បញ្ជាក់​ថា លោក​កំពុង​ពិភាក្សា​ជាមួយ​ភាគី​ពាក់​ព័ន្ធ ដើម្បី​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​នេះ។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ថ្លែង​ថា កំណើន​ប្រជាជន​ចិន​មក​ខេត្ត​ព្រះសីហនុ​ច្រើន ដោយ​សារ​មាន​ការ​ផ្សព្វផ្សាយ​ខ្លាំង និង​ការ​មាន​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​និង​ចិន។

លោក​មាន​ប្រសាសន៍​ថា កំណើន​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​មួយ​នេះ​ កំពុង​ទទួល​ផល​ប្រយោជន៍​តិច​តួច​នៅ​ឡើយ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​សិន​ក្នុង​ករណី​ឡើង​ជា​គំហុក​ហ្នឹង យើង​មាន​ផែនការ​មេ ដើម្បី​ទប់ស្កាត់​នូវ​ផល​ប៉ះពាល់ អា​ហ្នឹង​វា​ល្អ ប៉ុន្តែ​បើ​ឡើង​ជា​គំហុក​ហើយ យើង​មិន​មាន​ផែន​ការ​មេ ក្នុង​ការ​ទប់ទល់ និង​ទប់ស្កាត់​ទេ វា​ប៉ះពាល់​ជាមួយ​នឹង​បរិស្ថាន ប៉ះពាល់​ជាមួយ​នឹង​ការ​ប្រកប​អាជីវកម្ម​មួយ​ចំនួន​របស់​អ្នក​នៅ​ក្នុង​ស្រុក»៕

XS
SM
MD
LG