អ្នកស្រី ជិត ពិសិទ្ធិគឺជាម្ចាស់ហាងធ្វើសក់ តុបតែងមុខ និងលក់ភេសជ្ជៈនៅតាមផ្ទះមួយកន្លែងក្នុងរាជធានីភ្នំពេញ។ មុខរបរបស់គាត់ហាក់ មានភាពប្រសើរឡើងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយមានអតិថិជនជនជាតិចិនកាន់តែច្រើនឡើងភាគច្រើនជាអ្នកធ្វើការនៅក្បែរនោះ មកទិញភេសជ្ជ:របស់អ្នកស្រី។
ទោះបីជាអ្នកស្រីទទួលបានអតិថិជនបន្ថែមក៏ដោយ ក៏ស្ត្រីវ័យ៣៤ឆ្នាំ រូបនេះ ហាក់ដូចជាមិនពេញចិត្តសោះ។ អ្នកស្រី បានប្រាប់VOAថាពេលដែលបុរសជនជាតិចិនចូលមកទិញឥវ៉ាន់ពីហាងអ្នកស្រី ពួកគេតែងតែសើយអាវ ដោយមានធំក្លិនស្រា ឬបារី ព្រមទាំងបញ្ចេញឫកពាមិនទំនង ផងដែរ។
«ចំណុចសំខាន់ទីមួយគឺពេលដែលវាចូលមកច្រើនអ៊ីចឹង វាផ្ដល់ផលប្រយោជន៍អោយខ្មែរច្រើន ប៉ុន្តែវាក៏បំពុលបរិយាកាសនៅស្រុកខ្មែរដែរ។ ចង់និយាយថាវាចូលមកស្រុកខ្មែរយើង វាក្រញេងក្រញាង ដូចថ្ងៃមុនមកចូលហាងខ្ញុំ ពួកខ្ញុំអត់ចេះនិយាយចិនហើយវាថាអ្នកលក់អីអត់ចេះនិយាយចិនអ៊ីចឹង។ វាសមតែថា វាមកនៅស្រុកខ្មែរ វាចេះនិយាយខ្មែរ វាថាយើងអ្នកលក់អីអត់ចេះនិយាយចិនអ៊ីចឹង»។
មិនមែនតែអ្នកស្រី ជិត ពិសិទ្ធិដែលរស់នៅភ្នំពេញនោះទេដែលបង្ហាញភាពមិនពេញចិត្តចំពោះវត្តមានដ៏ច្រើនរបស់ជនជាតិចិននៅក្នុងរាជធានីភ្នំពេញ ពលរដ្ឋខ្មែរជាច្រើនដែលផ្ដល់បទសម្ភាសន៍ដល់ VOA កាលពីសប្ដាហ៍កន្លងទៅ ក៏បានបង្ហាញការព្រួយបារម្ភចំពោះការកើនឡើងដ៏គំហុករបស់ជនជាតិចិនក្នុងប្រទេសកម្ពុជា ជាពិសេសពួកគេដាក់ការស្ដីបន្ទោសលើជនជាតិចិនចំពោះការកើនឡើងនូវឧក្រិដ្ឋកម្មក្នុងប្រទេស ខណៈអ្នកខ្លះ មានការរំខានអារម្មណ៍ដោយសារការនិយាយខ្លាំងៗនិងការជក់បារីពាសវាលពាសកាលរបស់ជនជាតិចិនមួយចំនួនផងដែរ។
កញ្ញា សៀវ វត្តី បុគ្គលិកផ្នែកលក់នៅហាងសំលៀកបំពាក់មួយក្បែរផ្សារទួលទំពូង បានប្រាប់ថាភ្ញៀវជនជាតិចិន មានចំនួនច្រើនជាងសព្វដង។ អ្នកលក់សំលៀកបំពាក់វ័យ២៣ឆ្នាំរូបនេះ ក៏បានបង្ហាញពីការសង្កេតរបស់ខ្លួនផងដែរ ថាជនជាតិចិនដែលមកទិញសំលៀកបំពាក់នៅក្នុងហាង មានភាពរញ៉េរញ៉ៃ ហើយបានចំណាយពេលយ៉ាងច្រើនក្នុងការរើសសំលៀកបំពាក់ជាងភ្ញៀវដទៃ។
នាងបានប្រាប់ VOA ក្នុងន័យដើមថា៖
«ប៉ុន្តែពេលគាត់មករាងរញ៉េរញ៉ៃ។ គាត់មកទិញខោរអាវពីរបី ប៉ុន្តែគាត់នៅយូរដល់ពីរបីម៉ោងហើយរាងរញ៉េរញ៉ៃ។ ហើយគាត់និយាយលឺអ៊ីចឹង រាងធុញដែរពេលរញ៉េរញ៉ៃ»។
កាលពីដើមខែកញ្ញាកន្លងទៅ សារព័ត៌មានដើមអំពិលជាភាសាអង់គ្លេសហៅថាDap News បានចេញផ្សាយតាមបណ្ដាញហ្វេសបុកដោយស្រង់សម្ដីរបស់ លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថាជនជាតិចិនប្រមាណជាង៥ម៉ឺននាក់បន្ថែមទៀត នឹងមកកាន់កម្ពុជា ដើម្បីប្រកបអាជីវកម្មផ្សេងៗនៅចុងឆ្នាំ២០១៨នេះ។
មានការបញ្ចេញមតិរិះគន់ជាច្រើននៅតាមបណ្ដាញសង្គមហ្វេសប៊ុកពីរឿងការហូរចូលយ៉ាងគំហុករបស់ជនជាតិចិនមកកាន់ខេត្តព្រះសីហនុរបស់កម្ពុជា។ ករណីចោរកម្ម ករណីវាយតប់គ្នា បងតូចបងធំ និងការជួញដូរគ្រឿងញៀនដែលប្រព្រឹត្តិដោយជនជាតិចិន ត្រូវបានគេផ្សព្វផ្សាយតាមសារព័ត៌មានក្នុងស្រុកនិងបណ្ដាញសង្គមជាបន្តបន្ទាប់ផងដែរ។
ករណីទាំងនេះ បានធ្វើអោយប្រជាជនខ្មែរជាច្រើនក្នុងប្រទេស បង្ហាញការមិនពេញចិត្តដោយអ្នកខ្លះលើកឡើងថាក្រុងព្រះសីហនុ នឹងក្លាយជាទីក្រុងចិនជាក់ជាមិនខាន ដែលការណ៍នេះ បានធ្វើប្រជាពលរដ្ឋខ្មែរខ្លះ មិនចង់ទៅលេងខេត្តព្រះសីហនុនោះទៀតតែម្ដង។
អ្នកស្រី ជិត ពិសិទ្ធិ ម្ចាស់ហាងលក់ភេសជ្ជៈក្នុងក្រុងភ្នំពេញ មានប្រសាសន៍ថា៖
«វាមកហើយធ្វើម៉េច មិនដឹងនិយាយអីទៀតទេ។ ប៉ុន្តែពេលឃើញនៅឃើញនៅដូចកំពង់សោមអ៊ីចឹង ដូចលែងចង់ទៅលេងអី»។
ខេត្តព្រះសីហនុដែលធ្លាប់តែជាកន្លែងទេសចរណ៍ដ៏ប្រសើរសម្រាប់ពលរដ្ឋខ្មែរ បានក្លាយជាកន្លែងមួយដែលអ្នកទេសចរក្នុងស្រុក ព្យាយាមជៀសវាង ដោយសារតែការកើនឡើងដ៏គំហុកនៃជនជាតិចិន និងកាស៊ីណូនៅតំបន់នោះ។
ចំនួនភ្ញៀវទេសចរក្នុងស្រុក ដែលបានដើរកម្សាន្តនៅខេត្តព្រះសីហនុ ក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ មានការថយចុះរហូតដល់ទៅ ១៦% ក្នុងចំណោមចំនួនភ្ញៀវជាតិដែលមកទស្សនាខេត្តព្រះសីហនុ ខណៈដែលមានកំណើនភ្ញៀវអន្តរជាតិរហូតទៅដល់៣៩%។ នេះបើតាមស្ថិតិដែលចេញផ្សាយដោយមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។
អ្នកស្រី ឆៃ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ប្រាប់ VOA កាលពីសប្ដាហ៍កន្លងទៅថាការថយចុះចំនួនភ្ញៀវទេសចរតាមបណ្ដាខេត្តជាប់មាត់សមុទ្រនេះ គឺបណ្ដាលមកពីកង្វះខាតការផ្ដល់សេវាកម្ម ដោយសារកំណើនភ្ញៀវទេសចរចិនកើនឡើងយ៉ាងគំហុក។
«នៅខាងប៉ែកខេត្តព្រះសីហនុ ហ្នឹង យើងមើលឃើញថា ភ្ញៀវទេសចរចិនហ្នឹងគឺគាត់ កើនឡើង យ៉ាងគំហុកគួរឲ្យកត់សម្គាល់»។
លោក ណុច ធារ៉ូ វ័យ២៤ឆ្នាំ ដែលជាអ្នកបម្រើការក្រុមហ៊ុនឯកជនមួយក្នុងទីក្រុងភ្នំពេញបានប្រាប់ VOA ខ្មែរថាលោកក៏បានដឹងពីដំណឹងដែលថាជនជាតិចិនមករស់នៅស្រុកខ្មែរកាន់តែច្រើនតាមរយ:ទំព័រហ្វេសបុកដែលមិត្តភ័ក្ដិរបស់លោកបានចែករំលែកតៗគ្នា។ លោកក៏បានបង្ហាញពីការមិនពេញចិត្តនិងអន់ចិត្តចំពោះការចូលមករបស់ជនជាតិចិនក្នុងប្រទេសរបស់លោកដែរ។
«អត់មានសណ្ដាប់ធ្នាប់ វាអត់គោរពខ្មែរយើង។ ម៉្យាងវាចូលចិត្តធ្វើអំពើវាយគ្នា វាយប្រតប់អីជើងកាង។ បើសិនជាចិនត្រឹមត្រូវ គេចេះរកស៊ីរកអី ប៉ុន្តែចិនដែលបញ្ជូនមកខ្មែរសុទ្ធអ្នកដែលគេអត់ចង់បាននៅស្រុកគេ។ គេបញ្ជូនមកខ្មែរ សុទ្ធតែអ្នកគេអត់ចង់បាននៅស្រុកគេ គេបញ្ជូនប្រជាជនចិនដែលជើងកាង អ្នកអត់គោរពសណ្ដាប់ធ្នាប់អ៊ីចឹង»។
លោក ណុច ធារ៉ូ បានបន្ថែមទៀតថា៖
«ខ្ញុំអត់ចង់អោយប្រជាជនចិនមកស្រុកខ្មែរច្រើនពេកទេ ព្រោះបើនៅតែបន្តមកមិនដឹងជាស្រុកយើងទៅជាយ៉ាងណាគឺគ្មានអនាគត»។
ទោះបីជាយ៉ាងនេះក្តី ក៏មានពលរដ្ឋខ្មែរមួយចំនួនពេញចិត្តនឹងការមករស់នៅនិងការវិនិយោគទុនរបស់ជនជាតិចិនក្នុងប្រទេសកម្ពុជាផងដែរ។ ការណ៍នេះ ក៏ព្រោះតែការមកដល់របស់ជនជាតិទាំងនោះ បានធ្វើអោយការរកស៊ីរបស់ពួកគេ កាន់តែរីកលូតលាស់តាមរយ:ការជួលអចលនទ្រព្យផ្សេងៗក្នុងតម្លៃខ្ពស់អោយជនជាតិចិន។
ក្នុងវ័យ ២៨ ឆ្នាំ អ្នកស្រី ឈៀម វីកា មានមុខរបរជាអ្នកលក់ក្រណាត់ប៉ាក់នៅខេត្តព្រះសីហនុ។ អ្នកស្រីបានប្រាប់ VOA ថាដើមទុនរកស៊ីរបស់អ្នកស្រីគឺបានពីការលក់ដីទៅអោយជនជាតិចិន ដែលផ្ដល់ផលចំណេញជាង២០ភាគនៃប្រាក់វិនិយោគដែលអ្នកស្រីបានបោះទុន ។
អ្នកស្រី បានបន្តទៀតថារឿងនេះ មិនមែនកើតឡើងចំពោះតែរូបអ្នកស្រីម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែពលរដ្ឋខ្មែរមួយចំនួន ក៏បានទទួលផលចំណេញពីការរកស៊ីអចលនទ្រព្យ ជាមួយជនជាតិចិនផងដែរ។
«ចុះគេមានដីមានកន្លែងរកស៊ី គេជួលបានថ្លៃ។ អ្នកខ្លះអត់មាន ឥឡូវមានខ្លាំងអស់ហើយ។ អ្នកខ្លះដែលគេមានដីសល់ហា៎ គេលក់បានថ្លៃៗ។ ឥឡូវហាងឆេង វាថ្លៃជាងមុនច្រើន»។
បន្ថែមពីលើនេះ អ្នកស្រី វីកា ក៏កំពុងតែរៀបចំពង្រីកមុខរបររបស់អ្នកស្រីមួយទៀតគឺការជួលផ្ទះទៅឱ្យជនជាតិចិនផងដែរ។
ស្របពេលជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្លាប់ប្រាប់ប្រជាពលរដ្ឋខ្មែរជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ២០១៨ ថាកុំឲ្យបារម្ភពីកំណើនជនជាតិចិនដែលកំពុងស្នាក់នៅប្រទេសកម្ពុជា ដោយជនជាតិចិនដែលមកស្នាក់នៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺជាអ្នកវិនិយោគ និងអ្នកទេសចរណ៍ដែលនាំយកលុយ និងចំណូលជាច្រើនមកឲ្យកម្ពុជា។
ទោះបីជាសាធារណជនខ្លះ សំគាល់ឃើញពីការកើនឡើងនៃជនជាតិចិនយ៉ាងណាក៏លោក កែវ សារិន ប្រធាននាយកដ្ឋានរដ្ឋបាលសរុបនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា លោកមិនបានដឹងព័ត៌មានអំពីកំណើនយ៉ាងគំហុកនៃជនជាតិចិនចូលមកកម្ពុជានេះទេ។
លោកបានមានប្រសាសន៍ថា៖ «ព័ត៌មានប្រាំម៉ឺន ប្រាំអី ខ្ញុំអត់ដឹងផង»។
មកដល់ពេលនេះ មិនទាន់មានតួលេខផ្លូវការណាមួយបញ្ជាក់ពីចំនួនជនជាតិចិនដែលមករស់នៅក្នុងប្រទេសកម្ពុជានៅឡើយទេ។ យ៉ាងណាក៏ដោយ បណ្ដាញសារព័ត៌មានXinhua Newsរបស់រដ្ឋចិនកុម្មុយនីស្ត បានចេញផ្សាយនៅសប្ដាហ៍នេះថាចំនួនទេសចរចិនមកដល់កម្ពុជា ក្នុងរយៈពេល៨ខែដើមឆ្នាំ ២០១៨នេះ មានការកើនឡើង ៧២ភាគរយ ស្មើនឹងប្រមាណជាង ១.២៧លាននាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ប្រាប់សារព័ត៌មានខាងលើថាទេសចរជនជាតិចិន នឹងអាចកើនដល់ ២.៥ លាននាក់ក្នុងឆ្នាំ ២០២០។
លោក មាស នី អ្នកស្រាវជ្រាវសង្គម បាននិយាយថាការមិនពេញចិត្តវត្តមានជនជាតិដ៏ច្រើនក្នុងប្រទេសកម្ពុជានេះ វាកើតដោយសារមានរឿងផ្ដេសផ្ដាសជាច្រើនដែលប្រព្រឹត្តដោយជនជាតិនេះក្នុងប្រទេសកម្ពុជា។
«ពីដើមមកយើងមិនមានបញ្ហានឹងដែរ ពីព្រោះខ្មែរយើងប្រហែលជា៧០ភាគរយក៏មានខ្សែហរចិន ខ្សែស្រឡាយចិន។ អ៊ីចឹងខ្ញុំគិតថាការរើសអើងនេះ វាមិនទាន់ជាចំពោះទូទៅសម្រាប់ជនជាតិចិនទាំងអស់ដែរ។ សំខាន់គឺសំដៅទៅកាន់ករណីដែលកើតឡើងនៅខេត្តព្រះសីហនុតែប៉ុណ្ណឹង»។
លោក មាស នី បន្ថែមថាករណីរើសអើងនេះ ក៏ធ្លាប់កើតមានឡើងនៅក្នុងប្រទេសវៀតណាមរហូតដល់មានអំពើមិនសមរម្យមួយចំនួនកើតឡើងផងដែរ។
ទាក់ទងនឹងផលប៉ះពាល់នៃការមិនពេញចិត្តរបស់ពលរដ្ឋខ្មែរទៅលើជនជាតិចិន លោក មាស នី ក៏បានមានប្រសាសន៍ដែរថា៖
«ខ្ញុំមិនគាំទ្ររហូតដល់យើងមានការរើសអើងធំធ្ងន់ធ្ងរទៅដល់ជនជាតិចិនដទៃទៀតដែលមិនដឹងអីសោះ ពីព្រោះកាលណាការរើសអើងវាប៉ាតណាប៉ាតណីខ្លាំងពេក វាអាចនឹងធ្វើអោយបាត់បង់នូវកិត្តិយសនៃសង្គមជាតិយើងហា៎ ដែលយើងត្រូវគោរពសីលធម៌ត្រឹមត្រូវ សីលធម៌ល្អ។ សម្រាប់អ្នកដែលប្រព្រឹត្តិបទល្មើស យើងត្រូវតែមានវិធានការហើយយើងមិនអាចបណ្ដោយអោយធ្វើអីបានតាមចិត្តទេ»។
កាលពីខែមករាដើមឆ្នាំនេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានផ្ញើរបាយការណ៍មួយជូនក្រសួងមហាផ្ទៃដែលនៅក្នុងរបាយការណ៍នោះមានបង្ហាញអំពីលំហូរជនជាតិចិនចូលមកក្នុងប្រទេសកម្ពុជានិងការកើនឡើងនូវឧក្រិដ្ឋកម្ម។ នៅក្នុងរបាយការណ៍នោះលោក យន្ត មីន បានបញ្ជាក់ថា ក្នុងចំណោមជនបរទេសចំនួន៦៣៤៥នាក់ ដែលស្នើសុំប័ណ្ណការងារនិងស្នាក់នៅក្នុងខេត្តព្រះសីហនុកាលពីឆ្នាំ២០១៧នោះ មានជនជាតិចិនចំនួន៤៤៩៨នាក់រួចទៅហើយ។
របាយការណ៍របស់លោក យន្ត មីន ដែលត្រូវបានចែកចាយទៅដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា បានលើកឡើងថា អ្នកចូលលេងល្បែងនៅកាស៊ីណូនិងក្លឹបកម្សាន្តជជែកគ្នាឡូឡាកងរំពង និងបញ្ហាអ្នកបើករថយន្តជនជាតិចិនគ្មានប័ណ្ណបើកបរនានា គឺជាដើមចមនៃការព្រួយបារម្ភ ហើយ អាជីវករក្នុងខេត្តព្រះសីហនុមិនសប្បាយចិត្តដោយសារតែអាជីវកម្មរបស់ចិនបានជ្រៀតជ្រែកដណ្ដើមឆ្នាំងបាយរបស់ពួកគេ។ លោកបានលើកឡើងពីចំណុច «អវិជ្ជមាន» ចំនួនជាង១០ចំណុច ដែលពាក់ព័ន្ធនឹងជនជាតិចិន ដែលក្នុងនោះមានទាំងការកើនឡើងនូវសកម្មភាពឧក្រិដ្ឋកម្មរបស់ក្រុមបងធំបងតូចផងដែរ។
ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០១៨របស់ក្រសួងមហាផ្ទៃនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨លោក ស ខេង រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ បានបង្ហាញពីផែនការមួយចំនួនដើម្បីប្រឆាំងនឹងការកើនឡើងនូវចំនួនបទល្មើសនិងភាពមិនប្រក្រតីដ៏ច្រើនដែលបង្កដោយជនជាតិចិន ក្នុងខេត្តព្រះសីហនុ។
លោកមានប្រសាសន៍ក្នុងន័យដើមថា៖
«សម្រាប់ក្រសួងមហាផ្ទៃដែលមានការទទួលខុសត្រូវច្រើននៅទីនោះផងដែរ ខ្ញុំស្នើថាយើងនឹងរៀបចំក្រុមការងារស្រាលមួយដើម្បីទៅគាំទ្ររដ្ឋបាលក្រុងព្រះសីហនុ ក្នុងនោះខ្ញុំគិតថាមានអគ្គនាយករដ្ឋបាលបីដែលដើរតួ អាចថាបួន អគ្គរដ្ឋបាល អគ្គនគរបាល អន្តោប្រវេសន៍ ហើយនិងក្រុមអ្នកច្បាប់។ រៀបចំជាក្រុមមួយ ដែលគេហៅថាក្រុមប្រតិបត្តិការឬក្រុមគាំទ្រ»។
ទោះបីជាយ៉ាងណាក៏ដោយ ចំពោះ អ្នកស្រី ពិសិទ្ធិ ដែលមានមុខរបរជាអ្នកតុបតែងមុខនិងលក់ភេសជ្ជ:ក្នុងក្រុងភ្នំពេញ នៅតែមានអារម្មណ៍មិនល្អចំពោះការចូលមករស់នៅរបស់ជនជាតិចិន។ ក៏ប៉ុន្តែ អ្នកស្រីបានបន្ថែមថាអ្នកស្រីមិនអាចធ្វើអ្វីបាននោះទេ ព្រោះអីជនជាតិចិនទាំងនោះ បានមកដល់និងរស់នៅប្រទេសកម្ពុជាបាត់ទៅហើយ។ស្របគ្នានោះដែរ អ្នកដែលមានដីធ្លី ដូចជាអ្នកស្រី ឈៀម វីកា ក៏កំពុងតែរីកចិត្តរីកថ្លើមចំពោះការកើនតម្លៃនៃអចលនទ្រព្យរបស់អ្នកស្រី៕