អាជ្ញាធរក្រុងព្រះសីហនុកំពុងរុះរើស្លាកយីហោអាជីវកម្មជាច្រើន ដែលមិនមានច្បាប់អនុញ្ញាត ស្របពេលដែលក្រសួងទេសចរណ៍ក្រើនរំឭកពីសារាចរណែនាំស្តីពីការដាក់តាំងស្លាកយីហោអាជីវកម្មទេសចរណ៍ដែលបានចេញតាំងពីចុងខែមីនាឆ្នាំ២០១៨។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេឃើញមានការបង្ហោះ និងផ្សព្វផ្សាយរូបភាពជាច្រើនលើបណ្តាញសង្គមពាក់ព័ន្ធនឹងការសរសេរអក្សរខ្មែរលើស្លាកយីហោដោយមិនត្រឹមត្រូវ។ ភាគច្រើននៃស្លាកយីហោទាំងនោះស្ថិតក្នុងខេត្តព្រះសីហនុ ជាខេត្តដែលត្រូវបានប្រជាពលរដ្ឋលើកឡើងថា សម្បូរដោយជនជាតិចិនទៅធ្វើការវិនិយោគ និងបើកហាងរកស៊ីថ្មីៗយ៉ាងគំហុក។
លោក លឹម ភត្រី មន្ដ្រីរដ្ឋបាលក្រុងព្រះសីហនុទទួលបន្ទុករដ្ឋបាលសាធារណៈ និងបរិស្ថាន ប្រាប់ VOA នាល្ងាចថ្ងៃពុធនេះថា អាជ្ញាធរក្រុងព្រះសីហនុក្នុងរយៈពេលជាងមួយសប្តាហ៍បានចុះរុះរើស្លាកយីហោហាងអាជីវកម្មរបស់ជនជាតិចិនចំនួនជាង២០០ស្លាកពីហាងប្រមាណជា១០០។ លោកបន្ថែមថា ម្ចាស់ហាងអាជីវកម្មដែលជាជនជាតិចិនទាំងនោះមិនបានសុំការអនុញ្ញាតដើម្បីលើកស្លាកបើកអាជីវកម្មនោះទេ ហើយលោកថា ពួកគេបានធ្វើស្លាកនៅកន្លែងធ្វើស្លាកយីហោដែលជនជាតិចិនមិនបានសុំការអនុញ្ញាតបើកអាជីវកម្មដូចគ្នា។
លោកបញ្ជាក់ថា៖
«ភាគច្រើនគាត់ធ្វើដោយខ្លួនឯង អត់មានសុំអាជ្ញាធរទេ។ គាត់ធ្វើដោយខ្លួនឯង ដោយចិត្តឯង។ បើសិនជាគាត់សុំអាជ្ញាធរគឺអត់មានតែអក្សរចិនអ៊ីចឹងទេ ឬក៏អត់មានខុសអក្ខរាវិរុទ្ធអ៊ីចឹងទេ។ អ៊ីចឹងមានការត្រួតពិនិត្យត្រឹមត្រូវ។ អ៊ីចឹងឥឡូវនេះ តាមគោលការណ៍រដ្ឋបាលខេត្ត ពេលដែលសុំលើកស្លាកយីហោគឺត្រូវឆ្លងមន្ទីរវប្បធម៌ ឲ្យគាត់ត្រួតពិនិត្យមើលអក្ខរាវិរុទ្ធ ឬក៏មានការណែនាំពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ»។
គេឃើញថា ការសរសេរអក្សរខ្មែរលើស្លាកយីហោហាងមិនត្រឹមត្រូវគឺដោយសារម្ចាស់ហាងជាជនបរទេស តែពួកគេមិនចេះអក្សរខ្មែរ ហើយពួកគេបានបកប្រែភាសារបស់ពួកគេមកជាភាសាខ្មែរ ដោយប្រើកម្មវិធីបកប្រែ «Google Translate»។
លោក លឹម ភត្រី បន្ថែមថា រហូតមកដល់ពេលនេះអាជ្ញាធរមិនមានចាត់វិធានការណាមួយលើអ្នកដែលលើកស្លាកយីហោមិនស្របតាមច្បាប់ទាំងនោះ ក្រៅតែពីការអប់រំពួកគាត់ប៉ុណ្ណោះ។ ទោះយ៉ាងណា លោកថា ប្រសិនបើក្រោយការអប់រំហើយពួកគេនៅតែបន្តប្រព្រឹត្តខុស នោះអាជ្ញាធរនឹងមិនឲ្យពួកគេធ្វើអាជីវកម្មទេ។
លោកបញ្ជាក់ថា៖
«ឃើញថា យើងអត់ទាន់មានច្បាប់ដែលផាកពិន័យគាត់ទេ ប៉ុន្តែយើងនឹងចុះអប់រំគាត់ ឲ្យគាត់ទៅសុំច្បាប់លើកស្លាកយីហោ ណែនាំគាត់ឲ្យមានអ្នកបកប្រែមួយដែលសរសេរអក្សរខ្មែរទៅត្រូវអក្ខរាវិរុទ្ធ។ ហើយមួយទៀត យើងអប់រំឲ្យស្លាកយីហោហ្នឹងគឺអក្សរខ្មែរធំជាងអក្សរចិន ធំទំហំពីរដងនៃអក្សរចិន ឬក៏អក្សរអន្តរជាតិផ្សេងៗ»។
នៅសប្តាហ៍នេះ ក្រសួងទេសចរណ៍បានរំឭកពីសារាចរលេខ០០៤ សរណន ចុះថ្ងៃទី២៩ខែមីនាឆ្នាំ២០១៨ស្តីពីការដាក់តាំងស្លាកយីហោអាជីវកម្មដ្ឋានទេសចរណ៍ចំនួនបួនចំណុច។ សារាចរណែនាំនោះតម្រូវឲ្យម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់នៅទូទាំងប្រទេស ត្រូវដាក់តាំងស្លាកយីហោជាអក្សរខ្មែរនៅខាងលើ ត្រូវសរសេរអក្សរអង់គ្លេសបន្ទាប់ពីអក្សរខ្មែរនៅផ្នែកខាងក្រោម និងត្រូវមានទំហំអក្សរមួយភាគពីរ(១/២)នៃទំហំអក្សរខ្មែរ។ ក្នុងករណីដែលម្ចាស់អាជីវកម្មទេសចរណ៍មានបំណងប្រើប្រាស់អក្សរបរទេសទី៣ ពួកគេអាចដាក់បាននៅផ្នែកខាងក្រោមបន្ទាប់ទៀតដោយមានទំហំអក្សរមួយភាគពីរ(១/២)នៃទំហំអក្សរខ្មែរដែរ។
ចំណុចទី៤នៃសារាចរនោះត្រូវបានសរសេរបញ្ជាក់ក្នុងន័យដើមថា៖
«ខ្លឹមសារដូចបានណែនាំខាងលើនឹងត្រូវអនុវត្តជាកាតព្វកិច្ចចំពោះម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ និងជាលក្ខខណ្ឌសម្រាប់ការផ្តល់អាជ្ញាបណ្ណទេសចរណ៍»។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លើកឡើងថា ការលើកស្លាកយីហោហាងរបស់ជនបរទេសដែលមិនត្រឹមត្រូវតាមច្បាប់ជាច្រើន និងជាបន្តបន្ទាប់ក្នុងខេត្តព្រះសីហនុ បង្ហាញពីភាពអសកម្មធ្ងន់ធ្ងររបស់អាជ្ញា។ លោកបន្ថែមថា អាជ្ញាធរគួរតែមានវិធានការតឹងរ៉ឹងដើម្បីធានាថា សកម្មភាពទាំងនេះនឹងមិនកើតមានតទៅទៀត។
ដោយលើកយកករណីនៃការលើកស្លាកយីហោដាក់ថា«ប្រទេសចិន»ក្នុងខេត្តព្រះសីហនុ លោកបញ្ជាក់ថា៖
«អាជ្ញាធរកម្ពុជា ជាពិសេសតុលាការខេត្តព្រះសីហនុ គួរតែប្រើប្រាស់យន្តការតុលាការដើម្បីចាត់វិធានការទៅលើបទល្មើសនេះ។ វាមិនមែនជារឿងមួយដែលតូចតាចទេ ដែលជនជាតិចិនហ៊ានលើកស្លាកនៅហាងរបស់ខ្លួន ដោយសរសេរថា ប្រទេសចិននៅលើទឹកដីមួយដែលគេហៅថា រដ្ឋអធិបតេយ្យ ជារដ្ឋឯករាជ្យ។ ហើយទម្រង់ហ្នឹង បើមិនមានវិធានការក្តៅទេ វានៅតែជារឿងដដែលៗហ្នឹង នៅតែកើតមាន ហើយវាអាចរាលដាលដល់ខេត្តផ្សេងទៀត»។
ការលើកស្លាកយីហោមិនត្រឹមត្រូវតាមច្បាប់មិនមែនកើតឡើងតែក្នុងខេត្តព្រះសីហនុនាពេលថ្មីៗនោះទេ។ គេឃើញថា សូម្បីតែនៅរាជធានីភ្នំពេញក៏មានហាងអាជីវកម្មមួយចំនួនមានតែភាសាបរទេស មិនមានអក្សរខ្មែរ និងខ្លះទៀតសរសេរអក្សរខ្មែរតូចជាងអក្សរបរទេស ឬដាក់អក្សរខ្មែរនៅខាងក្រោមអក្សរបរទេសជាដើម៕