ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​ដីធ្លី​និយាយ​ថា​​វត្តមាន​វិនិយោគ​ចិន​ជា​បន្ទុក​អវិជ្ជមាន​​​​បន្ថែម​​ទៀត​លើ​ជម្លោះ​ដីធ្លី​សព្វ​ថ្ងៃ


រូបឯកសារ៖​ អាហារដ្ឋាន ជឹង ចុង លក់​ម្ហូប​ចិន នៅ​ខេត្តព្រះសីហនុ នៃ​ប្រទេស​កម្ពុជា នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៨។ (ប៉ូច រាសី/VOA)

មេដឹកនាំ​កម្ពុជា​ បាន​ប្រកាស​ប្រាប់​ពលរដ្ឋ​ខ្មែរ​រស់នៅ​តំបន់​អឺរ៉ុប​ថា​​ ជន​ជាតិ​ចិន​​មក​កម្ពុជា​ ​គឺ​ដើម្បី​តែ​ការងារ​ និង​ការ​វិនិយោគ​ប៉ុណ្ណោះ​ ​ហើយ​ថា​ ជនជាតិ​ចិន​ ក៏​គ្មាន​មហិច្ឆតា​ឈ្លាន​ពាន​ទឹកដី​ខ្មែរ​នោះ​ដែរ។​

ថ្មីៗនេះ​ មេដឹកនាំ​កម្ពុជា​ បាន​ប្រកាស​ប្រាប់​ពលរដ្ឋ​ខ្មែរ​រស់នៅ​តំបន់​អឺរ៉ុប​ថា ជន​ជាតិ​ចិនមក​កម្ពុជា​ ​គឺ​ដើម្បី​តែ​ការងារ​ និង​ការ​វិនិយោគ​ប៉ុណ្ណោះ​ ​ហើយ​ថា​ ជនជាតិ​ចិន​ ក៏​គ្មាន​មហិច្ឆតា​ឈ្លាន​ពាន​ទឹកដី​ខ្មែរ​នោះ​ដែរ។​ ​ក៏ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​សហគមន៍​មួយ​ចំនួន​នៅ​តាម​បណ្ដា​ខេត្ត​ និង​ទីក្រុង​ ជា​ពិសេស​ក្រុង​ព្រះ​សីហនុ​នោះ​ បាន​ឲ្យ​ដឹង​អំពី​ការ​ផ្ដើម​បំពាន​យក​ដីធ្លី​របស់​ពួកគេ ដើម្បី​ប្រយោជន៍​របស់​អ្នក​វិនិយោគ​ចិន។

ក្រុម​សកម្មជន​ដីធ្លី​នៅ​ប្រទេស​កម្ពុជា​ ​បាន​ផ្ដល់​ការ​កត់​សម្គាល់​របស់​ពួកគេនៅ​ក្នុង​សិក្ខា​សាលា​មួយ​ស្ដីពី​បញ្ហា​ដីធ្លី​ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ ដែល​បាន​រៀបចំ​ឡើង​រយៈពេល​ពីរ​ថ្ងៃ​ដោយ​សមាគម​មួយ​កាល​ពី​ថ្ងៃ​ទី២២ និង​២៣ ​ខែ​តុលា​ថា​ វត្តមាន​របស់​ជន​ជាតិ​ចិន​ ​ក៏​ដូច​ជា​វិនិយោគ​ចិន​ ​បាន​ក្លាយ​ជា​បន្ទុក​មួយទៀត​មក​លើ​សង្គម​កម្ពុជា​ ​ដែល​កំពុង​ប្រឈម​វិបត្តិ​ដីធ្លី​ ​ដែល​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​រួច​ផង​នោះ។​

លោក​ ​យូ វាសនា​ ​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​ និង​ជា​សមាជិក​របស់​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ​ហៅ​កាត់​ថា​ (CCFC)​ ​បាន​ប្រាប់​អ្នកចូលរួម​សិក្ខាសាលា​នោះ​ ថា​មាន​បាតុភាពទន្ទ្រាន​យក​ដី​បឹង​មួយ​កន្លែង​ដែល​ធ្លាប់​ជា​ប្រភព​ទឹក​សម្រាប់​ប្រើប្រាស់​របស់​ពលរដ្ឋ​ ក្នុង​ពេល​មាន​វត្តមាន​ជនជាតិ​ចិន​កាន់​តែ​ច្រើន​ឡើង​ នៅ​ខេត្ត​ដែល​ជាប់​មាត់​សមុទ្រ​មួយ​នេះ។​

លោក​បាន​ពណ៌នា​ថា៖

«បឹង​ព្រែក​ទប់​នៅ​ខេត្ត​ព្រះសីហនុ​នៅ​សង្កាត់​លេខ​បី​ ​ក្រុង​ព្រះសីហនុ​ ​ខេត្ត​ព្រះសីហនុ​ គឺ​នៅ​ជិត​អូតែល​ប្រាំពីរ​ជាន់​ បងប្អូន​ដែល​ឃើញ​ទេ​ ខេត្ត​ព្រះសីហនុ​បាទ។​ ​នៅ​ពីមុន​អនុក្រឹត្យ​បាន​ចេញ​ទុក​ជា​សម្បត្តិ​រដ្ឋ​នៅ​១៦.៤៥​ ​ហិក​តា​ តែ​ពេល​នេះ គេ​ក្លែង​មក​សល់​តែ​បួន​ហិកតា​ទេ​ បាត់​១២​ហិកតា​ហើយ។​ ​ក្នុង​សម័យ​នេះ​ នៅ​មួយ​ការ៉េ​ បើ​តាម​ខ្ញុំ​ដឹង​ជិត​១ម៉ឺន​ដុល្លារ​ នែ!​ កណ្ដាល​ក្រុង​ បាទ។ ហើយ​តើ​គេ​ធ្វើ​ម៉េច​បាន​ ស.ជ.ណ​ ចេញ​មក​ហើយ​ណា៎! ទើប​តែ​ពីរ​ឆ្នាំ​មុន​ទេ​ ស.ជ.ណ​ ​ធ្លាក់​មក​នេះ។ ឃើញ​ទេ​ ថា​ទុក​១៦ហិកតា​ ​ទុក​ជា​សម្បត្តិ​រដ្ឋ​ តែ​បែរ​ជា​ពីរ​ឆ្នាំ​ក្រោយ ​ចិន​ឡើង​យ៉ាង​គំហុក​នេះ​ ចង់​បាត់​១២​ហិកតា​ទៅ​ណា​ទៀត។​ ​អា​នេះ​ ជា​បញ្ហា​ធំ​ក្នុង​ខេត្ត​ព្រះសីហនុ»។

សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​រូប​នេះ​ បាន​ឲ្យដឹង​ទៀត​ថា​ ​ការ​លោភ​បំពាន​ដីធ្លី​នៅ​ខេត្ត​ព្រះ​សីហនុ មិន​មែន​កើតឡើង​តែ​ទៅ​លើ​ ដី​ដែល​ជា​សម្បត្តិ​រដ្ឋ​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​បាន​កើត​ឡើង​ទៅ​លើ​ដី​របស់​ពលរដ្ឋ​នៅ​តំបន់​ជើងភ្នំ​ និង​ក្នុង​ទីប្រជុំជន​ទៀត​ផង។

លោក​អះអាង​ថា មាន​ករណី​ដែល​មិន​គួរ​ឲ្យ​ជឿ​នោះ​ គឺ​មាន​ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ថ្មី​ រំលោភ​លើ​ប្លង់​កម្មសិទ្ធិ​ចាស់​លក់​ទៅ​ឲ្យ​ឈ្មួញ​ចិន​ផង​ដែរ។

​លោក​និយាយ​ថា៖​

«សូម្បី​តែ​ដី​ហ្នឹង​ មាន​ប្លង់​ជាង​២០ឆ្នាំ​ទៅ​ហើយ​ រស់នៅ​ប្លង់​រឹង​ កន្លែង​ហ្នឹង​ជា​តំបន់​ត្រូវប៉ាន់​បំផុត​ ដែល​ចិន​គេ​ចង់​បាន​ អ៊ីចឹង​គេ​ធ្វើប្លង់​មួយទៀត ជាន់​ចំ​ពី​កន្លែង​ហ្នឹង​ទៀត​ ឥឡូវ​ក្នុង​សព្វថ្ងៃ​នេះ​ គេ​អនុវត្តន៍​បាត់​ទៅ​ហើយ​ដី​ហ្នឹង​ ២០[គុណ​នឹង​]៣០​ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ នៅ​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះសីហនុ។​ អា​ហ្នឹង​ប្លង់​រឹង​ផង​ ក្នុង​ខេត្ត​ព្រះសីហនុ​ ប្រើ​ប្លង់​រឹង​ផង​ មិនបាច់​ចាំ​ប្លង់​ទន់​ ដូច​យើង​ទទួល​តែ​ភូមិ​ឃុំ​ផង​ ឃើញ​ទេ​ គេ​យក​បាន​បាត់​ទៅ​ហើយ​ ហើយ​យើង​មិន​ដឹង​ថា​គេ​យក​តាម​របៀប​ណា​ទេ​ ឥឡូវនេះ​ កំពុងតែ​ប្ដឹងផ្ដល់​គ្នា​ទៀត»។​

រូបឯកសារ៖ នៅលើអេក្រង់ នាយក​រដ្ឋមន្រ្តី​ខ្មែរ​លោក ហ៊ុន សែន ថ្លែង​សុន្ទរកថា នៅ​ឯ​វេទិកា​វិនិយោគ​ពិភពលោក​ក្នុង​ទីក្រុង​ហ្ស៊ឺណែវ ប្រទេស​ស្វីស នៅ​ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៨។ (សុខ ខេមរា/VOA)
រូបឯកសារ៖ នៅលើអេក្រង់ នាយក​រដ្ឋមន្រ្តី​ខ្មែរ​លោក ហ៊ុន សែន ថ្លែង​សុន្ទរកថា នៅ​ឯ​វេទិកា​វិនិយោគ​ពិភពលោក​ក្នុង​ទីក្រុង​ហ្ស៊ឺណែវ ប្រទេស​ស្វីស នៅ​ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៨។ (សុខ ខេមរា/VOA)

សិក្ខាសាលា​សហគមន៍​ថ្នាក់​ជាតិ​ ដែល​បាន​រៀបចំឡើង​កាលពី​ថ្ងៃ​ទី​២២ និង​២៣​តុលា​នោះ​ មាន​ការ​ចូលរួម​របស់​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​មកពី​ខេត្ត​ព្រៃវែង​ ​ស្វាយរៀង​ ​ត្បូងឃ្មុំ​ កំពត ​ព្រះសីហនុ​ កោះកុង​ កំពង់​ស្ពឺ​ ព្រះវិហារ​ និង​រាជធានី​ភ្នំពេញ។​

តាម​ទិន្នន័យ​ដែល​ប្រមូល​បាន​ចុងក្រោយ​របស់​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ​(CCFC)​ ​មាន​ពល​រដ្ឋ​ប្រមាណ​ជិត២​ម៉ឺន​គ្រួសារ​ បាន​ជួបប្រទះនឹង​ជម្លោះដីធ្លី រាប់​គិត​ចាប់តាំង​ពី​ឆ្នាំ​២០០៣​មក។​ ​មាន​ករណី​ជម្លោះ​ដីធ្លី​ជាច្រើន​ត្រូវ​បាន​រដ្ឋាភិបាល និង​ភាគី​ពាក់​ព័ន្ធ​ដោះ​រួចរាល់​ ​ហើយ​ជម្លោះ​ខ្លះ​នៅ​បន្តរ៉ាំរ៉ៃ​ ​ដោយ​ជម្លោះ​ដែល​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​ទាំង​អស់​នោះ​ មាន​អាយុកាល​មិន​តិច​ជាង​១០​ឆ្នាំ​នោះ​ទេ។​ ​ជម្លោះ​រ៉ាំរ៉ៃ​ទាំងនោះទៀត​សោត​ ​គឺ​មួយ​ចំនួន​មាន​ជាប់​ពាក់​ព័ន្ធ​និង​ក្រុម​ហ៊ុន​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ខ្មែរ​និង​ចិន។​

លោក​ ​សំ សុភី តំណាង​ពលរដ្ឋ​ម្នាក់​មក​ពី​ឃុំ​តានូន​ ​ស្រុក​បុទុមសាគរ​ ខេត្ត​កោះកុង​ ​បាន​លើក​ឡើង​ថា​ក្រុម​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​លោក​កំពុង​មាន​ទំនាស់​ជាមួយ​ ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ​ Union Development Group (UDG)​ ​ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​មាន​ចំនួន​ដល់​ទៅ​ជាង​បួន​ម៉ឺន​ហិកតា។

លោក​បាន​រៀបរាប់​ថា​ អាជ្ញាធរ​មូលដ្ឋាន​ មិនដែល​ជម្រាប​ពលរដ្ឋ​ក្នុង​ឃុំ​ឲ្យដឹង​ពី​គម្រោង​វិនិយោគ​របស់​ខ្លួន​នោះ​ទេ​ ហើយ​ដី​មួយ​ផ្នែក​ដែល​បាន​ផ្ដល់​ជូន​ក្រុមហ៊ុន​នេះ​ គឺ​ជាន់​គ្នា​លើ​ដី​របស់​ពលរដ្ឋ។ ​

លោក​បាន​បន្ថែម​ថា​ តាំង​ពី​ការ​ចូល​មក​ដល់​របស់​ក្រុមហ៊ុន​នេះ ក្នុង​ឆ្នាំ​២០១០​នោះ​មក​ ជម្លោះ​ជា​ច្រើន​បាន​កើត​ឡើង​ ហើយ​នៅតែ​មិនទាន់​អាច​រក​ដំណោះ​ស្រាយ​បាន​នៅឡើយ។ ​

​លោក​បាន​ពណ៌នាអំពី​ការ​កកើត​ជម្លោះ​យ៉ាង​ដូច្នេះ៖​

«គាត់​ចូល​មក​វិនិយោគ​ហ្នឹង​ អត់​មាន​បាន​ជជែក​ជាមួយ​ប្រជាពលរដ្ឋ​ទេ​ គាត់​អត់​មាន​ថា ហៅ​តំណាង​ប្រជាពលរដ្ឋ​ ឬ​ក៏​តំណាង​សហគមន៍​ ឬ​ក៏​ជាមួយ​នឹង​រាជរដ្ឋាភិបាល​ មិន​ដឹង​គាត់​និយាយ​ភាសា ពី​ភាសា​អី​ទេ តែ​គ្រាន់​ថា​ ឲ្យ​ពួក​ខ្ញុំ​ហ្នឹង​ចុះ​បញ្ជី​ក្បាល​ដី​ ចុះ​ជាមួយ​ខាង​ក្រុមហ៊ុន​ហ្នឹង​ ដល់​ពេល​ចុះ​ បញ្ជី​ផ្ទៃ​ដី​ហើយ​ រួចហើយ​ ស្រាប់​តែ​ហៅ​ ប្រជាពលរដ្ឋ​ហ្នឹង​ទៅ​វាស់​វែង​ មិន​ដឹង​ មិន​ដឹង​ ម៉េច​គាត់​ ហៅ​ទៅ​ចុះ​វាស់​វែង​ វាស់​វែង​ហើយ​ ចោទ​ប្រជាពលរដ្ឋ​រស់នៅ​លើ​ដី​ក្រុមហ៊ុន​ទៀត»។

លោក​ថ្លែង​បន្ថែម​ថា៖​

«ហេតុអ្វី​បាន​ថា​ អ៊ីចឹង ​ឡើង​រស់​នៅ​លើ​ដី​ក្រុមហ៊ុន​ តាំងពី​ប្រជាពលរដ្ឋ​ហ្នឹង​អត់មាន​សិទ្ធិ​នៅ​ទេ​ កន្លែង​ហ្នឹង​ ដី​ហ្នឹង​ប្រជា​ពលរដ្ឋ​រស់នៅ​តាំង​ពី​ដូនតា​ម្ល៉េះ»។

មក​ទល់​សព្វថ្ងៃ​នេះ​ លោក​ ​សំ សុភី​ ​និង​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ផ្សេងទៀត​ នៅ​បន្ត​រក​ដំណោះស្រាយ​ពី​ក្រុម​ហ៊ុន​ចិន​នេះ​នៅ​ឡើយ ហើយ​បើ​ទោះ​ជា​មាន​ការ​សន្យា​ពី​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ថា​ នឹង​បញ្ចប់​រឿង​នេះ​ ក៏​ពលរដ្ឋ​នៅតែ​ប្រឹងប្រែង​មក​តវ៉ា​នៅ​ទីក្រុង​ភ្នំពេញ​ដដែល។

ក្រុម​ហ៊ុន​ចិន​ ​UDG​ ​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទំហំ​ជាង​៤ម៉ឺន​ហិកតា​ តាំង​ពី​ឆ្នាំ​២០០៨​ដើម្បី​សង់​ទីក្រុង​ទេសចរណ៍​ធំ​មួយ​គិតជា​ទឹក​ប្រាក់​ជិត​៤​ពាន់​លាន​ដុល្លារ​អាមេរិក។​ គម្រោង​នេះ​កំពុង​ធ្វើ​នៅ​ក្នុង​ស្រុក​ចំនួន​ពីរ​គឺ​ស្រុក​គីរីសាគរ​ និង​បុទុមសាគរ​ ដែល​នៅ​ចំ​កណ្ដាល​សួន​ឧទ្យាន​ជាតិ​បុទុមសាគរ​ ខេត្ត​កោះកុង។

​លោក​ ​ថេង សាវឿន ​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC)​ ​ ប្រាប់ VOA​ ​ថា​ការ​ចូល​មក​វិនិយោគ​របស់​ចិន​ ដោយ​ការជួល​ឬ​ទិញ​ដីធ្លី​នេះ​ គឺជាបញ្ហា​ប្រឈម​មួយ​បន្ថែម​ទៀត​ ដល់​ពល​រដ្ឋ​ខ្មែរ​ម្ចាស់​ស្រុក។​

លោក​ថា​ បញ្ហា​ប្រឈម​នោះ​ នឹង​ជាន់​ទៅ​លើវិបត្តិ​ដីធ្លី​ដែល​កើត​មាន​ជា​យូរ​មក​ហើយ​នៅ​កម្ពុជា។​

​លោក​និយាយ​ថា៖​

«នេះ​គឺ​ចំណុច​មួយ​ ឬ​ក៏​ជា​បញ្ហាមួយ​ប្រ​ឈម​ដែរ។ កសិករ​ហ្នឹង​ អាច​ប្រឈម​ហ្នឹង​បញ្ហា​ថ្មី​ ខណៈ​ដែល​ចិន​មក​តម្រូវ​ការ​ដីធ្លី​សម្រាប់​ធ្វើ​កសិកម្ម​ ដីធ្លី​សម្រាប់​វិនិយោគ​ ហើយ​អាច​នឹង​រុញ​ឲ្យ​ប្រជាពលរដ្ឋ​ ​កាន់តែ​រង​ផល​ប៉ះពាល់។ មួយវិញទៀត​ គឺ​ថា​ដូច​តំបន់​មួយ​ចំនួន​នៅ​ព្រះសីហនុ​អ៊ីចឹង​ នៅ​ពេល​ដែល​ចិន​មក​អ្នក​រំលោភ​ដី​ប្រជា​ពលរដ្ឋ​អាច​អះអាង​ថាដី​របស់​ខ្លួន​ហើយ​លក់ឲ្យ​ចិនអ៊ីចឹង​ អ៊ីចឹង​វិវាទ​ពេលនោះ​ គឺ​វិវាទ​ប្រជា​ពលរដ្ឋ​ គឺ​កាន់​វា​មាន​តង់​តទៅ​ទៀត​ហើយ​ មាន​ខ្សែ​បណ្ដាញ​ទៅ​ គឺ​ត្រូវ​វិវាទ​ជាមួយ​ចិន​ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​វិញ​ម្ដង​ហើយ»។​

ការ​ធ្វើ​បទ​បង្ហាញ​របស់​ប្រធាន​សមាគម​រូប​នេះ​ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​តុលា គឺ​ក្នុង​ពេល​នៃ​ការ​ធ្វើ​សិក្ខា​សាលា​ស្ដីពី​បញ្ហា​ដីធ្លី​ និង​ការ​អភិវឌ្ឍ​កន្លង​ទៅនោះ​ បាន​ឲ្យ​ដឹង​ថា​ ជម្លោះ​ដីធ្លី​ដែល​បានក្លាយ​ជា​វិបត្តិ​នោះ មាន​ឫសគល់​មក​ពី​ការ​ផ្ដល់​ដីសម្បទាន​របស់​រដ្ឋាភិបាល​ និង​ការ​អភិវឌ្ឍ​វិនិយោគ​មិន​ស្រប​តាម​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

កសិករ​នៅ​តាម​តំបន់​ជនបទ​ មិន​អាចទទួល​បាន​ព័ត៌មាន​អំពី​ការ​អភិវឌ្ឍ​គម្រោង​របស់​ក្រុមហ៊ុន​ទេ។ ប្រជារាស្ត្រ​ខ្មែរ​ដែល​ជា​កសិករ​ ​បាត់​បង់​ដី​សម្រាប់​ធ្វើ​ស្រែ​និង​ធ្វើ​លំនៅឋាន។​ ​ពួកគេ​ប្រឈម​នឹង​កង្វះ​ស្បៀង​អាហារ ហើយ​ក៏​បាន​ក្លាយ​ជា​កូន​បំណុល​របស់​ធនាគារ​ និង​ក្រោយ​មក​គឺចំណាកស្រុក។ នេះ​បើ​យោង​តាម​អ្នក​តាម​ដាន​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ មាស នី អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​ ដែល​បាន​ចូលរួម​ក្នុង​សិក្ខា​សាលា​រយៈពេល​ពីរ​ថ្ងៃ​នោះ​ បាន​ប្រាប់​ក្រុម​អ្នកកាសែត​ថា ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ ទំនងជា​មិន​អាច​បញ្ចប់​បាន​ឆាប់ៗ​នោះ​ឡើយ នៅ​គ្រា​ដែល​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ នៅ​មិន​មាន​ឯករាជ្យ​ភាព​នៅ​ឡើយ សម្រាប់​មនុស្ស​រាល់គ្នា​នៅ​កម្ពុជា​នោះ។

​«ខ្ញុំ​ទទួល​ស្គាល់​ថា​ រដ្ឋាភិបាល​បាន​ខំប្រឹង​ធ្វើការ​កំណែ​ទម្រង់​ហ្នឹងច្រើន​ ក៏ប៉ុន្តែ​ ការ​កំណែ​ទម្រង់​នេះ​ ខ្ញុំ​គិត​ថា​ នឹង​មានការ​ពិបាក​ ​បើ​សិន​ជា​ ការ​កំណែ​ទម្រង់​ធ្វើ​ឡើង​ មិន​ផ្ដល់​នូវ​ឯករាជ្យភាព​ដល់​ប្រព័ន្ធ​យុត្តិធម៌​ ទុក​បណ្ដោយ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​នៅតែ​មិន​អាច​បំពេញ​តួនាទី​ ដោយ​ឯករាជ្យ​ខ្លួនឯង​បាន​ទេ​ ពេលនោះ គឺ​អ្នកមាន​អំណាច​ហ្នឹង​តែងតែ​យក​ប្រព័ន្ធ​យុត្តិធម៌​ មក​ប្រើប្រាស់ ហើយ​ពេល​នោះ​ហើយ ដែល​ពលរដ្ឋ​ជា​អ្នក​ដែល​ត្រូវ​រងគ្រោះបាទ។ ហើយ​ការ​កំណែទម្រង់ ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​ណាមួយ​នោះ វា​អាស្រ័យ​ទៅលើ​ការ​ពង្រឹង​ប្រព័ន្ធ​ដែល​ពាក់​ព័ន្ធ​ជាមួយគ្នា​ហ្នឹង​ ជាជាង​ការ​ផ្ដោត​ការ​យក​អំណាច​ហ្នឹង​យក​មក​ដាក់​ដោះស្រាយ​នៅ​ថ្នាក់​កណ្ដាល​ ដូចជា​ការ​បង្កើត​គណៈ​កម្មការ​ដោះស្រាយ​ដីធ្លី​ អី​ហ្នឹង​ ខ្ញុំ​គិត​ថា​ មិន​មាន​ប្រសិទ្ធភាព​ បើ​មាន ​ក៏​មានតែ​មួយ​ប្រាវ​អ៊ីចឹង​ទៅ​រួច​ហើយ​ក៏​ស្ងាត់​ទៅវិញ»​។

ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​ អ្នកវិភាគ​រូប​នេះ​ កត់​សម្គាល់​ឃើញ​ថា​ ការ​អនុវត្ត​ច្បាប់​ដែល​មិន​ប្រាកដប្រជា​របស់​រដ្ឋាភិបាល​ខ្មែរ​ បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ចិន​មួយ​ចំនួន​ចាកចេញ​ពី​កម្ពុជា​ផង​ដែរ។​

​ក្នុង​បញ្ហា​វិបត្តិ​ដីធ្លី​នេះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ​សុខ​ ឥសាន​ ប្រាប់​ VOA ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ រដ្ឋាភិបាល​បាន​ខិត​ខំ​បញ្ចប់​ជម្លោះ​ដីធ្លី​ដែល​មាន​ដល់​ទៅ​ជិត​២ម៉ឺន​ករណី​នោះ​ ស្ទើរ​ជិត​អស់​ទៅ​ហើយ​ដែរ​ ហើយ​ថា​ បញ្ហា​ដែល​មាន​សេសសល់​នោះ គឺ​បណ្ដាល​មក​ពី​ចរន្ត​នៃ​ក្រុម​ចាប់​យក​ដី​អនាធិបតេយ្យ។​

លោក​មាន​ប្រសាសន៍​ថា៖

«ចំពោះ​បងប្អូន​នៅ​ដី​មូលដ្ឋាន​នោះ​ពី​ខេត្ត​នានា​ មិនមែន​ខ្វះ​ដី​ទេ​ វា​តែ​ជា​គេ​ហៅថា​ ចរន្ត​ ជា​បាតុភាព​ដែល​បង្កើត​ឡើង​ ដោយ​ជន​អនាធិបតេយ្យ​ មាន​មេ​ខ្យល់ អ្នកដឹកនាំ​ហ្នឹង​ ចាប់​ដី​កន្លែង​នោះ​បាន​ ដោយ​យក​គោល​ គោលនយោបាយ​បាន​លុយ​ទៅ​ចាប់​កន្លែង​ផ្សេង​ទៀត។ អ៊ីចឹង​អា​ការ​ដោះស្រាយ​នេះមិន​ងាយ​នឹង​ចប់​ទេ។ អ៊ីចឹង​បាន​រាជរដ្ឋាភិបាល​លោក​មានការ​ម៉ឺងម៉ាត់​ ក្នុង​ការ​ដោះ​ស្រាយ។ បើ​ប្រជាជន​ ដែល​អត់​ដីធ្លី​ពិត​ប្រាកដ​ អា​ហ្នឹង​ប្រគល់​ដី​សង្គម​កិច្ច​ សម្បទាន​សង្គម​កិច្ច​ឲ្យ​ ក៏ប៉ុន្តែ​សុំ​កុំ​ឲ្យ​លក់!​ ក៏ប៉ុន្តែ​មាន​បងប្អូន​មួយ​ចំនួន​បានហើយ​ អា​ហ្នឹង​ទៅ ទៅ​លក់​យក​លុយ​ចាយ​អស់​ទៅ​ ទៅ​កន្លែង​ផ្សេង​ទៀត​ វា​បង្កើត​បញ្ហា​ទៀត»។

​ចំណែក​ឯ​រឿង​វត្តមាន​ជនជាតិ​ចិន​នៅ​កម្ពុជា​នោះ​ មេដឹកនាំ​កម្ពុជា​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លំហូរ​របស់​ជនជាតិ​ចិន​មក​កម្ពុជា​ គឺ​ដោយសារ​តែ​គម្រោង​សាងសង់​នានា​របស់​អ្នក​វិនិយោគ​ចិន​ខ្វះ​កម្មករ​ដែល​មាន​ជំនាញ​ខ្ពស់។

លោក​បាន​ប្រាប់​ក្រុម​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុកុំ​ឲ្យ​មាន​ការ​បារម្ភ​ចំពោះ​កំណើន​ជនជាតិ​ចិន​នៅ​ទី​នោះ។ លោក​ថា​ ក្រុម​ជនជាតិ​ចិន​ទាំង​នោះ​ នឹង​ចាក​ចេញ​ពី​ខេត្ត​ព្រះសីហនុ​ នៅ​ពេល​ពួកគេ​បញ្ចប់​ការងារ​ឬ​គម្រោង​វិនិយោគ​របស់​ពួកគេ។ ក៏ប៉ុន្តែ​លោក ហ៊ុន សែន​ មិន​បាន​ថ្លែង​ដល់​វិវាទ​ដីធ្លី​ណាមួយ​ ដែល​មាន​ក្រុមហ៊ុន​ចិន​ពាក់ព័ន្ធ​នោះ​ឡើយ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG