ក្រុម​អ្នកគាំទ្រ​បក្ស​សង្គ្រោះជាតិ​នៅខេត្ត​សៀមរាប​ត្រេកអរ​ពេល​ឃើញ​​ប្រធាន​បក្ស​គណបក្ស

  • វង់ តារា

លោក​សម រង្ស៊ី បាន​ទៅ​ដល់​​ខេត្ត​សៀម​រាប​​​និងត្រូវ​ស្វាគមន៍​​ដោយ​អ្នក​គាំទ្រ​ច្រើន​ម៉ឺននាក់។​

សកម្មជន​និង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​សៀមរាប​ច្រើន​ម៉ឺននាក់​នៅ ថ្ងៃពុធទី​២៤ខែ​កក្កដានេះ​បាន​ប្រមូល​ផ្តុំគ្នា​ឃោសនា​រកសំឡេង​ឆ្នោត​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំចុង​ក្រោយ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្រ្ត​អាណត្តិ​ទី៥​នេះ ​ដោយ​មាន​ការ​ចូលរួម​ដឹកនាំ​ដង្ហែ​ក្បួន​ដោយ​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​នេះ​ និង​លោក​កឹម សុខា​ អនុ​ប្រធាន​របស់​លោក។​

សកម្មជន​គណបក្ស​នេះ​ និង​ក្រុម​អ្នកគាំទ្រ​បាន​សម្តែង​នូវ​ក្តីរីកាយ​នៅ​ពេល​ឃើញ​វត្តមាន​មេដឹកនាំ​របស់​ខ្លួន​មក​ដល់​ទឹកដី​ខេត្ត​នេះ​ ហើយ​បាន​ធ្វើការ​ស្វាគមន៍​យ៉ាង​កង​រំពង​ខ្ទរ​ពេញ​ក្រុង​សៀមរាប។​

លោក​សម រង្ស៊ី ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅថ្ងៃ​ពុធទី​២៤ខែ​កក្កដា​នេះ​បាន​ចូលរួម​ដឹក​នាំ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​លើក​ចុង​ក្រោយ​នៅក្នុង​ខេត្ត​សៀមរាប​ ដែល​ទាក់ទាញ​ឲ្យ​មាន​ការ​ចូលរួម​ពី​សកម្មជន​របស់​គណបក្ស​ និង​អ្នក​គាំទ្រ​នៅ​ក្នុង​ខេត្ត​នេះ​ប្រមាណ​ច្រើនម៉ឺន​នាក់។​

ក្រុម​អ្នក​គាំទ្រ​ទាំង​ចាស់​ទាំង​ក្មេង​ ដែល​ខ្លះ​កាន់​បដា​ដែល​សរសេរ​ពី​គោល​នយោបាយ​បក្ស​ ខ្លះ​បិទ​ស្លាក​សញ្ញា​គណបក្ស​លើមុខ ​លើ​ម៉ូតូ​មក​ពី​ស្រុក​នានា​នៅ​ក្នុង​ខេត្ត​នេះ​ បាន​ស្រែក​ហ៊ោ​កញ្ជ្រៀវ​និង​សម្តែង​កាយ​វិការ​ស្វាគមន៍​មេ​ដឹកនាំ​របស់ខ្លួន​នៅពេល​ដែលគាត់​បាន​ធ្វើ​ដំណើរ​មក​កាន់​ក្បួន​ដង្ហែរ​ដែល​រៀបចំ​រួចជា​ស្រេច​មើលដាច់​កន្ទុយ​ភ្នែក។​

លោក​សម រង្ស៊ី​ បាន​ថ្លែង​ការ​នឹក​រឭក​ទៅកាន់​អ្នក​គាំទ្រ​របស់​លោក​ប្រមាណ​ជា​៣០នាទី​មុនពេល​ដឹកនាំ​ក្បួន​ដង្ហែ​ចេញ​ពីផ្លូវ​៦០ម៉ែត្រ​ទៅកាន់​តំបន់​ប្រជុំជន​នានា​នៅក្នុង​ខេត្ត​នេះ។​

លោក​សម រង្ស៊ី​ថ្លែង​ថា៖ «ខ្ញុំ​ សម រង្ស៊ី​ សូម​ជម្រាប​សួរ​អ្នក​សៀមរាប​ជាទី​នឹក​រឭក​ ខ្ញុំបាន​បែក​ពី​បងប្អូន​ជាច្រើន​ឆ្នាំ​ណាស់​មក​ហើយ។​ ខ្ញុំ​នឹក​បង​ប្អូនក្រៃលែង ​នឹក​រាល់ថ្ងៃ​ តែ​ឥឡូវ​ខ្ញុំ​បាន​មក​ជួប​បងប្អូន​វិញ​ហើយ។​ នៅ​សៀមរាប​មើល​ឃើញ​បងប្អូន​ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​កុះករ​ មើល​ដាច់​កន្ទុយ​ភ្នែក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។​ ក្នុង​ឋានៈ​ខ្ញុំ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​មក​ដល់​ទឹកដី​អង្គរ​ ខ្ញុំសូម​ប្តេជ្ញា​ថា ​នឹង​រៀបចំ​ប្រទេស​ឡើង​វិញ ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​មហានគរ​ដូច​សម័យ​អង្គរ»។​

លោក​ម៉ើ សាវឿង​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ មកពី​ឃុំ​ស្រែណូយ​ ស្រុក​វ៉ារិន​ ចម្ងាយ​ប្រមាណ​៦០​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​សៀមរាប។​

លោក​បានថ្លែង​នៅ​មុខ​អង្គរវត្ត​ ទីដែល​ក្បួន​បាន​ឈប់​សម្រាក​ពេល​ថ្ងៃត្រង់។ លោក​ថ្លែង​ថា​ វត្តមាន​របស់​លោក​សម រង្ស៊ី​ នៅក្នុង​ទឹកដី​ខេត្ត​សៀមរាប​នៅ​ពេល​នេះ​គឺជា​ការ​លើក​ទឹកចិត្ត​បន្ថែម​ទៀត​ដល់​សមាជិក​ ក៏​ដូចជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ឲ្យ​កាន់តែ​មាន​សង្ឃឹម​ថែម​ទៀត​លើ​ជ័យ​ជំនះ​នៅ​អាណត្តិ​នេះ។​

លោក​ម៉ើ សាវឿង​និយាយ​ថា៖​«សព្វ​ថ្ងៃ​ រស់ក្នុង​គណបក្ស​ប្រជាជន​គឺ​ពិបាក​ណាស់​ អស់ដី​ អស់ធ្លី ​យួនចូល​ពេញស្រុក​ទៀត។​ ត្រូវតែ​ពួក​ខ្ញុំរួម​ទាំងកូន​ក្មេង​ផង​បងប្អូន​ទាំងអស់​គ្នានេះ​ចូលរួម​ជុំ​គណបក្ស​សង្គ្រោះ​ជាតិ​ ទើបរំដោះ​បាន»។​

លោក​ចាន់ សារិទ្ធ​ មកពី​ឃុំ​ព្រះ​ដាក់​ ស្រុក​បន្ទាយ​ស្រី​ក៏​បាន​សម្តែង​នូវក្តី​អំណរ​ប្រហាក់​ប្រហែល​នឹង​លោក​ម៉ើ សាវឿង​ដែរ​ ហើយ​បាន​ប្តេជ្ញា​គាំទ្រ​គណបក្ស​នេះ​ ដោយ​មិនមាន​ការ​ផ្លាស់​ប្តូរចិត្ត​ទេ​ បើទោះបី​ជា​ការ​មក​ចូល​រួម​ដង្ហែ​ក្បួន​នេះ​ លោក​ត្រូវ​ចំណាយ​ការ​ចាយវាយ​ខ្លួន​ឯង​ក៏ដោយ។​

លោក​ចាន់ សារិទ្ធ​ និយាយ​ថា៖​ «អារម្មណ៍​ខ្ញុំ​រីករាយ​ដែល​បាន​ឃើញ​សកម្មជន​សកម្ម​នារី​ទាំងអស់​ ដែល​បាន​ចូលរួម​នៅក្នុង​ក្បួន​ហែ​ទទួល​លោក​ប្រធាន​សម ​រង្ស៊ី​ដែល​គាត់​បាន​ចុះមក​ក្នុង​ខេត្តនេះ។​ ពួក​ខ្ញុំ​សប្បាយ​រីករាយ​និង​គាំទ្រ​ឲ្យ​អស់​ទំហឹង»។​

លោក​សោម សូរិយា​ ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ​ ខេត្ត​សៀមរាប​ក៏​បាន​សម្តែង​នូវ​ក្តី​រីករាយ​ក្រៃលែង​ នៅ​ពេល​ដែល​មាន​វត្តមាន​របស់​លោក​សម រង្ស៊ី​នៅ​ក្នុង​ក្បួន​យុទ្ធនាការ​ឃោសនា​នៅថ្ងៃ​ចុង​ក្រោយ​នេះ។​

លោក​បាន​ថ្លែង​ថា​ យុវជន​នៅ​ក្នុង​ខេត្ត​សៀមរាប​ប្រមាណ​ពី​៧០​ទៅ​៨០​ភាគ​រយ​បាន​ងាក​មក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ បន្ទាប់​ពី​មាន​ការ​អំពាវនាវ​របស់​លោក​សម ​រង្ស៊ី​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក។​

លោក​បាន​និយាយ​ថា​ ការ​នេះ​បណ្តាល​មកពី​គោល​នយោបាយ​ច្បាស់លាស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ក្នុង​ការ​ខិតខំ​ជ្រោម​ជ្រែង​ជួយ​យុវជន​នៅក្នុង​ប្រទេស​ឲ្យ​មាន​អនាគត។​

លោក​សោម ​សូរិយា​និយាយ​ថា៖​«ខ្ញុំ​សង្ឃឹម​ថា​នៅ​ពេល​ដែល​គណបក្ស​ សង្គ្រោះ​ជាតិ​ជាប់​ឆ្នោត​ យុវជន​ទាំងអស់​ គាត់​នឹង​មាន​ការងារ​ធ្វើ​ត្រឹមត្រូវ​ មាន​ប្រាក់​ខែ​សមរម្យ ​មិនមែន​ដូច​រដ្ឋាភិបាល​សព្វ​ថ្ងៃ​បាន​ធ្វើ​ឲ្យ​យុវជន​មួយ​ចំនួន​ធំ​បាន​ធ្វើ​ចំណាក​ស្រុក»។​

នៅក្នុង​សេចក្តី​ថ្លែង​របស់​លោក​ទៅ​កាន់​អ្នក​គាំទ្រ ​លោក​សម រង្ស៊ី​ ​ក៏​បាន​ធ្វើ​ការ​រិះគន់​ឥត​សំចៃ​ផង​ដែរ​ ទៅ​លើ​របៀប​គ្រប់គ្រង​របស់​អាជ្ញាធរ​អប្សរា​សព្វ​ថ្ងៃ​នេះ។​

ខេត្ត​សៀមរាប​ ដែល​ជា​ខេត្ត​ទេសចរណ៍​ប្រវត្តិ​សាស្រ្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​និង​នៅ​ទូទាំង​សកល​លោក​នោះ​មាន​អសនៈ​ចំនួន​៦​ ហើយ​មាន​គណបក្ស​៧​បាន​ដាក់​បេក្ខ​ភាព​របស់​ខ្លួន​ចូលរួម​ប្រកួត​ប្រជែង។​ ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​អាណត្តិ​ទី៥​នៅ​ថ្ងៃ​ទី២៨​ ខែ​កក្កដា​នេះ​ ដែល​មាន​គណបក្ស​ចំនួន​៨​ចូល​រួម​ប្រកួត​ប្រជែង៕​