ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​សម រង្ស៊ី​​ប្រកាស​ថា​នឹង​ទាម​ទារ​យក​កោះត្រល់​និង​បូរណភាព​ទឹក​ដី​កម្ពុជា​មក​វិញ

  • ហេង រស្មី

ផែនទី​កោះត្រល់​ខ្មែរ​​ក្នុង​ផែនទី Google ហើយ​​បច្ចុប្បន្ន​ក្នុង​ការគ្រប់គ្រង​របស់វៀតណាម។​​
នៅ​ក្នុង​ពេល​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​នៅ​ក្នុង​ខេត្ត​កែប​ ខេត្ត​កំពត ​និង​ក្រុង​ព្រះ​សីហនុ ​លោក​សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​ទើបវិល​ចូល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ កាល​ពី​ថ្ងៃ​សុក្រ​ បាន​ប្រកាស​ថា​ នឹង​ទាម​ទារ​យក​កោះត្រល់​ និង​បូរណភាព​ទឹក​ដី​ប្រទេស​កម្ពុជា​មក​វិញ បើ​សិន​ណាគណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត។​

លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​និរទ្ទេស​ខ្លួន​ឯង​នៅ​ឯ​បរទេស​អស់​រយៈ​ពេល​ជាង​៤ឆ្នាំ​ ក្រោយ​ពី​តុលាការ​កម្ពុជា​បាន​កាត់​ទោស​លោក​ជុំវិញ​បញ្ហា​បូរណ​ភាព​ទឹក​ដី​ជាមួយ​ប្រទេស​វៀតណាម។​

ក្រោយ​ពី​បាន​វិល​ត្រឡប់​ចូល​កាន់​ប្រទេស​កម្ពុជា​សារ​ជាថ្មី​ លោក​សម រង្ស៊ី​នៅ​តែ​លើ​យក​ប្រធាន​បទ​បូរណ​ភាព​ទឹក​ដី​ ទាំង​ព្រំដែន​គោក ​និង​សមុទ្រ​ថា ​បច្ចុប្បន្ន​ក្រោម​ការ​គ្រប់​គ្រង​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​ បាន​ធ្វើ​ឲ្យដែន​កោះ​ដូច​ជា​កោះ​ត្រល់​ និង​ព្រំ​ដែល​ទឹក​មួយ​ចំនួន​បាន​បាត់​បង់​ទៅ​ប្រទេស​វៀតណាម។​

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ជាច្រើន​នាក់​នៅ​ក្នុង​ខេត្ត​កំពត​នៅ​ថ្ងៃអាទិត្យ​ លោក​សម រង្ស៊ី​បាន​បន្ត​វាយ​ប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ បាន​បណ្តោយ​ឲ្យជន​ជាតិ​រៀតណាម​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់មក​កាន់​ប្រទេស​កម្ពុជា។​

លោក​បាន​លើក​ពី​តំបន់​ឧទ្យានជាតិ​បូគោ​ ដែល​រដ្ឋាភិបាល​បាន​ជួល​ឲ្យក្រុម​ហ៊ុន​មួយ​ ហើយ​ដែល​បាន​ជ្រើស​រើស​យក​បុគ្គលិក​ពី​ប្រទេស​វៀតណាម​មក​បម្រើ​ការ​ងារ​នៅ​កន្លែង​នោះ​ ចំណែកបុគ្គលិកខ្មែរ​មាន​តិច​តួច​ប៉ុណ្ណោះ។​

ក្រោយ​ពេល​បញ្ចប់​ការថ្លែង​សារ​នយោ​បាយ​ លោក​សម រង្ស៊ី​បាន​ផ្តល់​បទ​សម្ភាសន៍​ជា​ពិសេស​មួយ​ជាមួយ​ VOA ​ថា ​លោក​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​ទៅ​តាម​ផ្លូវ​ច្បាប់។​

លោក​មាន​ប្រសាសន៍​ថា៖ «រក​វិធី​ដោយ​អហិង្សា​ សន្តិ​វិធី​ តាម​ផ្លូវ​ច្បាប់​ជាតិ​និង​អន្តរជាតិ​ ដើម្បី​ទាម​ទារ​ទឹក​ដី​ដែល​ប្រទេស​កម្ពុជា​បាន​បាត់​បង់​ ទាមទារ​ឲ្យ​ប្រគល់​សង​ប្រទេស​កម្ពុជា​វិញ»។​

កោះ​ត្រល់​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ខេត្ត​កំពត​ និង​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​និង​ភ្នែក​ ​ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​និយាយ​ថា​ បាន​បាត់​បង់​តាំង​ពី​សម័យ​មុន​លោក​គ្រប់គ្រង។​

គណបក្ស​សង្គ្រោះជាតិ​បាន​ចាប់​យក​បញ្ហា​បូរណភាព​ទឹក​ដី​ និង​បញ្ហា​ការ​ហូរ​ចូល​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ ធ្វើ​ការ​វាយ​បក​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ខក​ខាន​មិន​បាន​ដោះ​ស្រាយ​បញ្ហា​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​

មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជិត​១ម៉ឺន​នាក់​បាន​មក​ស្តាប់​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីប្រជុំ​ជន​ នៅ​ជិត​ផ្សារ​កំពត។​ ក៏ប៉ុន្តែ​សារ​នយោបាយ​របស់​លោក​សម រង្ស៊ី​និង​លោក​កឹម សុខា​មិន​បាន​និយាយ​ជា​សារធារណ​នៅ​ក្នុង​ខេត្ត​កែប​ទេ​ ដោយ​សារ​តែមាន​ភ្លៀង​ធ្លាក់​ជោគជាំ​ពេក​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ។​

ប្រជា​ពលរដ្ឋ​បាន​មក​ចូល​រួម​ស្តាប់​សារ​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​ស្ម័គ្រ​ចិត្ត​ និង​មិន​មាន​ការ​បង្ខិត​បង្ខំទេ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ជា ប៉ូច​ បេក្ខ​ជនតំណាង​រាស្រ្ត​ និង​ជា​ប្រធាន​ក្រុមការ​ងារ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ខេត្ត​កំពត។​

លោក​ជា បូច​និយាយ​ថា៖«ពីព្រោះ​ខ្ញុំ​មើល​ឃើញ​ចរន្ត​ប្រជា​ពលរដ្ឋ​ខ្លាំង​មែន​ទែន​ ជា​ពិសេស អ្នក​នៅ​មូលដ្ឋាន ​គំរាម​អត់​ខ្លាច​ សម្លុត​អត់​ភ័យ ​ទិញ​ក៏​អត់​លក់​ អញ្ចឹង​ហើយ​ខ្ញុំ​ជឿថា ​អាណត្តិ​នេះ​នឹង​មាន​ការ​សង្ឃឹម​ខ្លាំង ​ហើយ​លោក​ប្រធាន​មក​ទៀត​ ប្រហែល​ជា​យើង​នឹង​អាច​ឈាន​ទៅ​រក​ជ័យ​ជំនះ​នៅ​ទូទាំង​ប្រទេស​តែ​ម្តង»។​

កំពុង​ឈរ​ស្តាប់​ដោយ​ជក់​ចិត្ត​ និងដៃ​កាន់​ឈើ​ច្រត់ ​បុរសពិការ ចំណាស់​មួយ​រូប​ នៅ​ក្នុង​ខេត្ត​កំពត ​បាន​រីក​រាយ​នៅ​ពេល​ដែល​ឭ​លោក​សម រង្ស៊ី​និយាយ​លើក​តម្កើង​ដល់​ជន​ពិការ។​ លោក​និយាយ​ថា ​លោក​នឹង​សម្រេចគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​សារ​គណបក្ស​នេះ​មាន​គោល​នយោបាយ​សម្រាប់​ជន​ពិការ​ ដូច​រូប​លោក។​

លោក​និយាយ​ថា៖​«អរគុណ​ណាស់​ ខ្ញុំ​បន់​ឲ្យតែគណបក្ស​ហ្នឹង​ឈ្នះ​នឹង​បាន​ជួយ​ខ្ញុំ។ ​ហើយ​ខ្ញុំ​ចាស់​ហើយ។ ​ឥឡូវ​គ្រាន់​នៅ​បាន​ដើរ​រួច​តិច​តួច។​បន្តិច​ទៀត ​ខ្ញុំ​ចាស់​ហើយ។ ​បន់​ឲ្យតែ​គណបក្ស​ហ្នឹង​ឈ្នះ​ទៅ ​វា​ស្រួល​ឲ្យខ្ញុំ​ហ្នឹង​ធូរ​ ឲ្យជួយ​ដោះ​ស្រាយ​ជី​វភាព​ខ្លួន​ខ្ញុ»។​

គណបក្ស​សង្គ្រោះជាតិ​ ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី​ និង​លោក​កឹម សុខា​ នៅ​ថ្ងៃច័ន្ទ គ្រោង​បើក​យុទ្ធនាការ​នៅ​ក្នុង​ខេត្ត ​បែក​ពាយព្យប្រទេស​វិញ។​

លោក​សម រង្ស៊ី ​នៅ​ថ្ងៃ​អាទិត្យ​ ​បាន​សរសេរ​លិខិត​មួយ​ជូន​លោក​អ៊ឹម សួស្តី​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ដែល​ហៅ​កាត់​ថា​គ.ជ.ប.​ដើម្បី​សុំ​ចុះ​បញ្ជី​ឈ្មោះ​ជា​អ្នក​តំណាង​រាស្ត្រ​ឡើង​វិញ​ ក្រោយ​ពី​ព្រះ​មហាក្សត្រ​ប្រទាន​ការ​លើក​លែង​ទោស។​

លោក​បាន​និយាយ​នៅ​ក្នុង​ខេត្ត​កំពត​ថា​ បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​អាច​មាន​ចេញ​មក​ពី​គណបក្ស​តែពីរ​គត់​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដូច្នេះ​ត្រូវ​តែ​មាន​វត្តមាន​របស់​លោក​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​បេក្ខជន​ដែល​អាច​ឈ្នះ​ឆ្នោត​បាន៕
XS
SM
MD
LG