ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin ចង់​ស្តារ​ចំណង​ភាគី​ពេញ​លេញ​ជាមួយ​តួកគីឡើង​វិញ

ប្រធានាធិបតី​រុស្ស៊ី Vladimir Putin (ឆ្វេង) និង​ប្រធានាធិបតី​តួកគី​ Erdogan នៅ​វិមាន​ Konstantin ខាង​ក្រៅ​ក្រុង​ St. Petersburg ​ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃទី​៩ ខែ​សីហា។

លោក​ប្រធានាធិបតីរុស្ស៊ី​ Vladimir Putin ​បាន​យល់​ព្រម​ធ្វើ​ឱ្យ​មាន​ជាថ្មី​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ពេញ​លេញ​ជាមួយ​ប្រទេស​តួកគី​ ក៏​ប៉ុន្តែ​លោក​បាន​និយាយ​ថា​ ការ​កសាង​ចំណង​ទាក់​ទង​គ្នា​ជា​ថ្មី​ខាង​ពាណិជ្ជកម្ម​នឹង​ត្រូវ​ចំណាយ​ពេល​វេលា​យូរ។​

លោក ​Putin បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្រោយ​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី​តួកគី Tayyip Erdogan នៅ​ក្នុង​ក្រុង​ Saint Petersburg ​ថា៖ «នៅ​ខាង​មុខ​យើង​មានការ​ងារដ៏​ពិបាក​ដើម្បី​ធ្វើ​ឱ្យ​មាន​ជា​ថ្មី​ឡើង​វិញ​នូវ​កិច្ច​សហប្រតិបត្តិការ​ខាង​ពាណិជ្ជកម្ម​និង​ខាង​សេដ្ឋកិច្ច។​ ដំណើរ​ការ​នេះ​បាន​ចាប់​ផ្តើម​ធ្វើ​ហើយ ក៏​ប៉ុន្តែ​វា​នឹង​ចំណាយ​ពេល​មួយ​រយៈ»។

លោក​ Erdogan ​បាន​និយាយ​ថា ​ប្រទេស​ទាំង​ពីរ​នឹង​ធ្វើ​ឱ្យ​មាន​ជាថ្មី​ឡើង​វិញនូវ​ទីដៅ​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រចាំ​ឆ្នាំ​ចំនួន​១០០ពាន់​លាន​ដុល្លារ​ និង​ពន្លឿន​ការ​ធ្វើ​ឱ្យ​មាន​ឡើង​វិញ​នូវ​ជើង​ហោះហើរ​នៃ​យន្តហោះ​ឈ្នួល​ពី​ប្រទេស​រុស្ស៊ី​ទៅ​កាន់​ប្រទេស​តួកគី។​

មេដឹកនាំ​តួកគី​ រូបនេះ​ក៏​បាន​ថ្លែង​ដែរ​ថា ​លោក​ប្រុង​ប្រៀប​នឹង​កសាង​បំពង់​ឧស្ម័នធម្មជាតិ​ជា​មួយ​ប្រទេស​រុស្ស៊ី​ និង​ធ្វើ​ការ​ចរចា​អំពី​កិច្ចព្រម​ព្រៀង​មួយ​សម្រាប់​ស្ថាបនា​រោង​ចក្រ​ថាមពល​បរមាណូ​ទី​មួយ​របស់ប្រទេស​តួកគី ​ផងដែរ។

មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នេះ​ក៏​បានយល់​ស្រប​គ្នា​ថា ​នឹង​ជួបគ្នា​ទៀត​ដើម្បី​ស្វះ​ស្វែង​ឱ្យ​មាន​ការ​យល់​ឃើញ​ដូចគ្នា​អំពី​វិធី​ដោះ​ស្រាយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី។ប្រទេស​តួកគី ​និង​ប្រទេស​រុស្ស៊ី​បាន​គាំទ្រ​ភាគី​ប្រឆាំង​គ្នា​នៅ​ក្នុង​ប្រទេស​ស៊ីរី។

លោក ​Erdogan​ បាន​ងាក​ទៅ​រក​ប្រទេសរុស្ស៊ី​នៅ​ក្រោយ​មាន​ការ​រិះគន់​ពី​ក្រុម​បស្ចឹម​ប្រទេស​នៅ​ក្រោយ​រដ្ឋប្រហារ​ និង​នៅ​ក្នុង​កិច្ច​ខិត​ខំប្រឹង​ប្រែង​មួយ​ដើម្បី​កែ​លម្អ​ទំនាក់​ទំនង​ជា​មួយ​ប្រទេសរុស្ស៊ី​ នៅ​ក្រោយ​ប្រទេស​តួកគី ​បាន​បាញ់​ទម្លាក់​យន្តហោះ​ប្រយុទ្ធ​មួយ​គ្រឿង​របស់​រុស្សី​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ប្រទេស​ស៊ីរី​ កាល​ពី​ឆ្នាំ​ទៅ​មិញ។

លោក​ Putin ​បាន​និយាយ​ប្រាប់​លោក Erdogan ថា៖ «ទស្សនកិច្ច​របស់​លោក​នៅ​ថ្ងៃ​នេះ​ ទោះ​ណាជា​មាន​ស្ថានការណ៍​ពិបាក​ខ្លាំង​ទាក់​ទិន​នឹង​នយោបាយ​ក្នុង​ប្រទេស​ក៏​ដោយ​ ក៏​វា​បញ្ជាក់​ថា​ យើង​ទាំង​អស់​គ្នា​ចង់​ធ្វើ​ឱ្យ​មាន​ការ​ចរចា​គ្នា​ជា​ថ្មី​ឡើង​វិញ​ និង​ធ្វើ​ឱ្យ​មាន​ជា​ថ្មី​ឡើង​វិញនូវ​ការទាក់​ទង​រវាង​ប្រទេស​រុស្ស៊ី​ និង​ប្រទេស​តួកគី៕