ហាងលក់សៀវភៅជាច្រើននៅក្នុងប្រទេសមួយចំនួនលើពិភពលោក បានបើកដំណើរការនៅពាក់ណ្តាលខែកក្កដា ដើម្បីស្វាគមន៍អ្នកទិញសៀវភៅ ដែលតម្រង់ជួររង់ចាំទិញសៀវភៅថ្មីមួយរបស់អ្នកស្រី Harper Lee មានចំណងជើងថា Go Set a Watchman។
សៀវភៅ Watchman នេះ ត្រូវបានផ្សព្វផ្សាយយ៉ាងលើសលុប និងទន្ទឹងរង់ចាំជាយូរមកហើយ ដែលជាសៀវភៅទីពីររបស់អ្នកស្រី Lee។ អ្នកស្រីជាអ្នកនិពន្ធសៀវភៅដ៏មានកេរ្ត៍ឈ្មោះម្នាក់ តាមរយៈសៀវភៅមួយក្បាលមានចំណងជើងថា To Kill a Mockingbird ដែលត្រូវបានបោះពុម្ពលើកដំបូងនៅឆ្នាំ១៩៦០។
នៅក្នុងអក្សរសាស្ត្រអាមេរិក សៀវភៅ To Kill a Mockingbird គឺជាសៀវភៅជាទីពេញនិយមចូលចិត្តមួយដែលមានសាច់រឿងនិយាយអំពីមេធាវីស្បែកសដ៏ល្អម្នាក់ឈ្មោះ Atticus Finch បានការពារក្តីឲ្យជនស្បែកខ្មៅម្នាក់ដែលរងការចោទប្រកាន់ខុសពីបទចាប់រំលោភសេពសន្ថវៈ។ ទោះបីជាសៀវភៅ To Kill the Mockingbird ផ្តោតខ្លាំងទៅលើការចាប់រំលោភ និងភាពមិនស្មើរគ្នាដោយសារការប្រកាន់ពូជសាសន៍ក៏ដោយ សៀវភៅនេះក៏បង្ហាញអំពីភាពទន់ភ្លន់និងភាពផ្អែមល្ហែមល្វីងជូរចត់ផងដែរ ដែលស្តែងឡើងចេញពីការយល់ឃើញរបស់កូនស្រីលោក Finch អាយុ៦ឆ្នាំ ឈ្មោះ Scout។
ក្នុងការសរសេរសៀវភៅនេះ អ្នកស្រី Harper Lee បានរៀបចំ និងកំណត់តួអង្គដោយផ្អែកលើការសង្កេតទៅលើក្រុមគ្រួសាររបស់អ្នកស្រីនិងអ្នកជិតខាង រួមទាំងអ្នកនិពន្ធសៀវភៅដ៏ល្បីល្បាញម្នាក់គឺលោក Truman Capote ដែលបានធំដឹងក្តីនៅក្នុងស្រុកកំណើតរបស់អ្នកស្រីផងដែរ។ ខ្សែរឿងនេះត្រូវបានយកចេញពីព្រឹត្តិការណ៍មួយ ដែលបានកើតឡើងនៅទីនោះ នៅក្នុងឆ្នាំ១៩៣៦ នៅពេលអ្នកស្រីមានអាយុ១០ឆ្នាំ។
អ្នកស្រី Lee ដែលបច្ចុប្បន្នមានអាយុ89ឆ្នាំ បានបន្ទាបខ្លួនគេចចេញពីការពាក់ព័ន្ធផ្សេងៗកើតចេញពីការនិពន្ធសៀវភៅ និងខ្សែភាពយន្តរបស់អ្នកស្រីដែលទទួលបានពានរង្វាន់ Oscar នៅក្នុងឆ្នាំ១៩៦២។ អ្នកស្រីបានបន្តគេចចេញពីការចាប់អារម្មណ៍របស់សាធារណជន ហើយមិនបានបោះពុម្ពផ្សាយសៀវភៅនោះជាថ្មីម្តងទៀតឡើយរហូតដល់ពេលបច្ចុប្បន្ន។
«ចាប់តាំងពីបានមករស់នៅក្នុងទីក្រុង Atlanta រួចមក នាងបានសម្លឹងមើលទៅខាងក្រៅតាមបង្អួចរថយន្តដែលមានបម្រើសេវាអាហារដោយភាពសប្បាយរីករាយ។ នៅពេលញ៉ាំកាហ្វេពេលព្រឹក នាងមើលកូនភ្នំតូចៗចុងក្រោយនៃរដ្ឋ Georgia ដែលរសាត់បាត់ឆ្ងាយទៅនៅពេលផ្ទៃភពផែនដីពណ៌ក្រហមលេចឡើង ព្រមជាមួយនឹងផ្ទះដំបូលសំណប៉ាហាំង នៅចំកណ្តាលទីធ្លាបោសស្អាត។ ហើយនៅកណ្តាលទីធ្លាទាំងនោះ មានដុះទៅដោយដើម Verbena និងហ៊ុមព័ទ្ធទៅដោយកង់ឡានពណ៌ស»។
នេះជាចំណុចចាប់ផ្តើនៃសៀវភៅ Go Set a Watchman។ នៅក្នុងរឿងនេះ Scout បានធំដឹងក្តីហើយកំពុងត្រឡប់មកលេងផ្ទះដើម្បីសួរសុខទុក្ខឪពុករបស់នាង ក្រោយពីនាងបានរស់នៅក្នុងទីក្រុងញូវយ៉កអស់រយៈពេល២០ឆ្នាំ ហើយនាងត្រូវបានគេពណ៌នាថា ជាមនុស្សរឹងត្អឹងប្រកាន់ជ្រុល។ វាគឺជាទិដ្ឋភាពខ្មៅងងឹតរបស់មនុស្សពេញវ័យ ដែលអ្នករិះគន់បានចាត់ទុកថា ជាចំណុច «គួរឲ្យទុក្ខសោក» និង «គួរឲ្យរំខាន»។
.ប៉ុន្តែរឿង Watchman ក៏បានបង្ហាញពីគំនិតនៃការសរសេររឿង Mockingbird ផងដែរ ដែលត្រូវបានសរសេរឡើងមុនសៀវភៅដ៏ល្បីមានជាប់ទាក់ទងគ្នានេះ។ ក្រោយពីបានអានសៀវភៅ Mockingbird រួចមក ភ្នាក់ងាររបស់អ្នកស្រី Harper Lee បានណែនាំឲ្យអ្នកស្រីត្រឡប់ទៅសរសេរសៀវភៅនេះម្តងទៀត ដោយយកតាមទស្សនៈយល់ឃើញរបស់ក្មេងស្រីឈ្មោះ Scout នោះ។
សម្រាប់អ្នកសង្កេតផ្នែកអក្សសាស្ត្រវិញ រឿង Watchman នឹងក្លាយជាបណ្តុំនៃគន្លឹះសំខាន់ៗសម្រាប់ជាគំរូដល់ការសរសេររឿងប្រភេទនេះ។ សៀវភៅទាំងពីរនេះបង្ហាញតួអង្គ និងការរៀបចំឈុតឆាករួមគ្នា ហើយក៏មានការប្រើប្រាស់ពាក្យពេចន៍មួយចំនួនរួមគ្នាផងដែរ។
នៅស្រុកកំណើតរបស់អ្នកស្រី Lee គឺនៅ Monroeville នៃរដ្ឋ Alabama សៀវភៅ Go Set a Watchman ចំនួន៧.០០០ក្បាល ត្រូវបានត្រៀមបញ្ជូនទៅកាន់ហាងលក់សៀវភៅឈ្មោះ Ol' Curiosities & Book Shoppe មុនពេលសៀវភៅនេះត្រូវបានចេញផ្សាយជាសាធារណៈ នៅពាក់កណ្តាលអធ្រាត្រនាថ្ងៃទី១៤ ខែកក្កដា កន្លងទៅ បើទោះបីជាចំនួនមនុស្សនៅក្នុងក្រុងនេះមានតិចជាង៦.៥០០នាក់ ក៏ដោយ។
ប៉ុន្តែ ក្រុង Monroeville លែងជាទីក្រុងតូចមួយនៅក្នុងរដ្ឋ Alabama ទៀតហើយ ចាប់តាំងពីការបោះពុម្ពផ្សាយសៀវភៅ To Kill a Mockingbird នេះមក។ វាបានក្លាយជាក្រុងគំរូមួយដោយសារ Maycomb ដែលជាទីកន្លែងនៃសាច់រឿងនៅក្នុងសៀវភៅទាំងពីរនេះ ហើយបានក្លាយជាកន្លែងទេសរណ៍អក្សរសាស្រ្តជាច្រើនទសវត្សរ៍មកហើយ។
នៅយប់ថ្ងៃទី១៣ ខែកក្កដា នៅក្រុង Monroeville នៃរដ្ឋ Alabama ប្រជាជនរាប់រយនាក់បានតម្រង់ជួរនៅហាងលក់សៀវភៅ នៅក្បែរទីធ្លាក្នុងទីក្រុងដើម្បីទិញសៀវភៅនេះ ដែលហាងទាំងនោះបើកលក់សៀវភៅនេះនៅពាក់កណ្តាលអធ្រាត្រ។ អ្នកដែលចេញពីហាងមុនគេជាមួយនឹងសៀវភៅនោះគឺនាង Julia Stroud ដែលមានទឹកមុខញញឹមរីករាយ។ នាងបានធ្វើដំណើរត្រឡប់មកស្រុកកំណើតរបស់នាងវិញដើម្បីទិញសៀវភៅនេះ។
បន្ទាប់ពីនោះមក ការប្រារព្ធពិធីអបអរសាទរបានចាប់ផ្តើម នៅខណៈដែលអ្នកស្រី Harper Lee ដែលជាស្ត្រីនៅក្នុងការចាប់អារម្មណ៍របស់សាធារណជន បានចំណាយពេលដ៏ស្ងាត់ស្ងៀមនៅក្នុងមណ្ឌលថែទាំមនុស្សចាស់ ជាកន្លែងដែលអ្នកស្រីរស់នៅសព្វថ្ងៃ៕
ប្រែសម្រួលដោយ ផន បុប្ផា