ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ភៀសខ្លួន​វៀតណាម​ម្នាក់​ទទួល​បាន​រង្វាន់​ជាន់​ខ្ពស់​ខាង​​អក្សរសាស្រ្ត


ជន​ភៀសខ្លួន​វៀតណាម​ម្នាក់​ទទួល​បាន​រង្វាន់​ជាន់​ខ្ពស់​ខាង​​អក្សរសាស្រ្ត
ជន​ភៀសខ្លួន​វៀតណាម​ម្នាក់​ទទួល​បាន​រង្វាន់​ជាន់​ខ្ពស់​ខាង​​អក្សរសាស្រ្ត

បុរស​វៀតណាម​ម្នាក់​ដែល​មក​កាន់​ប្រទេស​អូស្រ្តាលី​ជា​លើក​ដំបូង​ក្នុង​នាម​ជា​ជនភៀស​ខ្លួន​កាល​ពីជាង​៣០​ឆ្នាំ​មុន​នោះ​ ​ទទួល​បាន​រង្វាន់​អក្សរ​សាស្រ្ត​ជាន់​ខ្ពស់​អូស្រ្តាលី។ ​លោក​ Anh​ Do​ ជា​អ្នក​កំប្លែងនិង​ជា​អ្នក​និពន្ធ​ ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​«ជន​ភៀស​ខ្លួន​ដ៏​រីករាយ​ជាង​គេ»​ ហើយ​ដែល​ទទួល​បាន​រង្វាន់​ចំនួន​បី។ ​សៀវភៅ​នេះ​ប្រាប់​ពី​រឿង​រ៉ាវ​របស់​ក្រុម​គ្រួសារ​ជនភៀស​ខ្លួន​គេច​ពី​សង្រ្គាម​ប្រកប​ដោយ​គ្រោះថ្នាក់​ក្នុង​ប្រទេស​វៀតណាម​ នៅ​ចុង​ទសវត្សរ៍​១៩៧០។

ក្រោយ​ពី​ពួក​ចោរ​សមុទ្រ​វាយ​ប្រហារ​ក្នុង​ពេល​គេច​ខ្លួន​ពី​ការ​កៀប​សង្កត់​ ក្រោយ​សង្រ្គាម​វៀតណាម​ លោក​ Anh Do ​និង​គ្រួសារ​របស់​លោក​បាន​ត្រូវ​នាវា​ជំនួញ​អាល្លឺម៉ង់​មួយ​ជួយ​សង្រ្គោះ​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

ឳពុក​មារ​របស់​លោក​បាន​ចូលរួម​ជាមួយ​ទាហាន​អូស្រ្តាលី​ជា​ច្រើន​ប្រយុទ្ធ​នៅ​ក្នុង​ជម្លោះ​នោះ​ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​ក្លាយ​ជា​មុខ​សញ្ញា​នៃ​ការ​សង​សឹក។

ជាយថាហេតុ ​ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មក​រស់​នៅ​ប្រទេស​អូស្រ្តាលី។​នៅ​ពេល​ក្រុម​គ្រួសារ​របស់​លោក​មក​ប្រទេស​អូស្រ្តាលី​ចាប់​ផ្តើម​ជីវិត​ថ្មី​នៅ​ឆ្នាំ​១៩៨០​នោះ​ លោក​ Do​ ទើប​តែ​មាន​អាយុ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ។

រឿង​នេះ​ត្រូវ​បាន​រៀប​រាប់​ក្នុង​ជីវប្រវត្តិ​របស់​លោក​ក្នុង​សៀវភៅ​«ជន​ភៀស​ខ្លួន​ដ៏​រីករាយ​ជាង​គេ» ​ជា​ភាសា​អង់គ្លេស​ថា​ The Happiest Refugee​ ដែល​បាន​ទទួល​ការ​កោត​សរសើរ​ក្នុង​កម្ម​វិធី​ Australian Book Industry Awards​ នៅ​ទី​ក្រុង​មេប៊ូន។ ​សៀវភៅ​នេះត្រូវ​បាន​គេ​ជ្រើស​រើស​ជា​សៀវភៅ​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ជាតិ​នេះ។

លោក​ Do ​និយាយ​ថា​ សៀវភៅ​នេះ​រៀបរាប់​លម្អិត​ពី​រឿង​រ៉ាវ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​របស់​គ្រួសារ​លោក​ រត់​គេច​ចេញ​ពី​ប្រទេស​វៀតណាម។

«ឳពុកមារ​របស់​ខ្ញុំ​បាន​ចូលរួម​ជា​មួយ​ទាហាន​អូស្រ្តាលី​ប្រយុទ្ធ​ក្នុង​សង្រ្គាម​វៀតណាម។​ ដូច្នេះ​បន្ទាប់​ពី​សង្រ្គាម​ចប់​ គ្រួសារ​របស់​ខ្ញុំ​ត្រូវ​បាន​គេ​ធ្វើ​ទុក្ខ​បុក​ម្នេញ​និង​ឋិត​ក្នុង​សភាព​គ្រោះ​ថ្នាក់។ ​ឳពុកមារ​របស់​ខ្ញុំ​ម្នាក់​ជា​ទាហាន​វិស្វកម្ម​ដែល​សម្អាត​មីន​សម្រាប់​ Anzacs ​គឺ​អង្គភាព​ទាហាន​អូស្រ្តាលី ហើយ​យើង​ត្រូវ​រត់​គេច​ចេញ​ពី​ប្រទេស​វៀតណាម។​ យើង​មាន​គ្នា​៤០​នាក់​ជិះ​ទូក​នេសាទ​មួយ​ប្រវែង​៩​ម៉ែត្រ។ ​យើង​នៅ​លើ​សមុទ្រ​អស់​រយៈ​ពេល​៥​ថ្ងៃ​ គឺ​ជា​ដំណើរ​ផ្សង​ព្រេង​ប្រកប​ដោយ​គ្រោះ​ថ្នាក់។​ យើង​ត្រូវពួក​ចោរ​សមុទ្រ​វាយ​ប្រហារ​ពីរ​ដង»។

លោក​ ដូ​ (Do)​គឺ​ជា​អ្នក​កំប្លែង​ប្រកប​ដោយ​ជោគជ័យ។ ​លោក​គ្រោង​នឹង​ថត​រឿង​ «ជន​ភៀស​ខ្លួន​ដ៏​រីករាយ​ជាង​គេ»​ នេះ​ជា​ខ្សែ​ភាពយន្ត។

ក្នុង​រវាង​ឆ្នាំ​១៩៧៥​ដល់​១៩៩៤​ មាន​ជន​ភៀសខ្លួន​វៀតណាម​ជាង​១១​ម៉ឺន​នាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រស់​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។ ​មាន​ប្រជាពលរដ្ឋ​វៀតណាម​រាប់​ពាន់​នាក់​ទៀត​ត្រូវ​បាន​គេ​ផ្តល់​ទិដ្ឋាការ​ជា​ផ្នែក​មួយ​ក្នុង​កម្ម​វិធី​ជួប​ជុំ​គ្រួសារ​ជា​ថ្មី។

ជា​ញឹក​ញាប់ ​ប្រជាពលរដ្ឋ​អូស្រ្តាលី​ដើម​កំណើត​វៀតណាម​ជា​ច្រើន​ជា​អ្នក​តំណាង​ជាន់​ខ្ពស់​នៅ​ក្នុង​សាកល​វិទ្យាល័យ​ជា​ច្រើន​និង​ធ្វើការងារ​ប្រកប​ដោយ​ជំនាញ​វិជ្ជា​ជីវៈ​ជា​ច្រើន​ ហើយ​ជាទូទៅ​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ផ្នែក​មួយ​ដ៏​ជោគជ័យ​នៃ​វប្បធម៌​ចម្រុះ​នៅ​អូស្រ្តាលី។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​លោក​ដូ​(Do)​និយាយ​ថា​ ប៉ុន្មាន​ឆ្នាំ​នេះ​ប្រទេស​អូស្រ្តាលី​ដែល​ផ្តល់​ជម្រក​ឲ្យ​លោក​នោះ​ មិន​សូវ​ជា​ទទួល​ស្វាគមន៍​អ្នក​ខាង​ក្រៅ​ប៉ុន្មាន​ទេ។

«ឥរិយាបទ​នេះ​ប្រហែល​ជា​ត្រូវ​ផ្លាស់​ប្តូរ​បន្តិច។ ​អ្នក​ដឹង​ទេ​ ខ្ញុំ​គិត​ថា​ សង្រ្គាម​វៀតណាម​ និង​រាល់​រូបភាព​នៃ​សង្រ្គាម​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ស្រុក​កំណើត ក្នុង​អំឡុង​ពេល​សង្រ្គាម​វៀតណាម។ ​ខ្ញុំ​គិត​ថា​ កាល​ណោះ​ប្រទេស​អូស្រ្តាលី​បាន​ទទួល​ស្វាគមន៍​ជន​ភៀស​ខ្លួន​វៀតណាម​ច្រើន​ជាង​ជន​ភៀស​ខ្លួន​ទូទៅ​ បន្ទាប់​មក​ជនភៀស​ខ្លួន​កំពុង​តែ​មាន​សព្វ​ថ្ងៃ»។

រដ្ឋាភិបាល​ប្រទេស​អូស្រ្តាលី​បាន​ផ្តល់​ទិដ្ឋាការ​ដល់​ជន​ភៀស​ខ្លួន​ជាង​១៣០០០​នាក់​ជា​រៀង​រាល់​ឆ្នាំ ​ក្រោមសន្ធិសញ្ញា​អន្តរជាតិ​ជា​ច្រើន។ ​ក្នុង​សប្តាហ៍​នេះ​ រដ្ឋាភិបាល​ក្រុង​Canberra​បាន​ចុះ​ហត្ថលេខា​ក្នុង​កិច្ច​ព្រម​ព្រៀង​ដ៏​ចម្រូង​ចម្រាស​មួយ​ដើម្បី​បញ្ជូន​ប្រជាជន​សុំ​សិទ្ធិ​ជ្រក​កោនរាប់​រយ​នាក់​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ជា​ថ្នូរ​នឹង​ជនភៀស​ខ្លួន​យ៉ាង​យូរ​ចំនួន​៤០០០​នាក់។ នេះ​ជា​ផ្នែក​មួយ​ក្នុង​គោលបំណង​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ដែល​នាំ​ឲ្យ​មាន​ការ​ហូរចូល​នូវ​ជន​អន្តោប្រវេសន្ត​គ្មាន​ការ​អនុញ្ញាត​ដែល​ធ្វើ​ដំណើរ​តាម​ទូក​ពី​ដែន​ទឹក​ភាគ​ខាង​ជើង​ចូល​ប្រទេស​អូស្រ្តាលី៕

ប្រែសម្រួល​ដោយ​ហ៊ុយ សម្ភស្ស

XS
SM
MD
LG