ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បោះ​ពុម្ភ​សៀវភៅ​ប្រវត្តិសាស្ត្រ​សហគមន៍​អន្លង់វែង


គម្រប​សៀវភៅ ​«ប្រវត្តិសាស្ត្រ​នៃ​សហគមន៍​អន្លង់វែង៖ទី​តាំង​ចុងក្រោយ​នៃ​ចលនា​ខ្មែរ​ក្រហម‍»។
គម្រប​សៀវភៅ ​«ប្រវត្តិសាស្ត្រ​នៃ​សហគមន៍​អន្លង់វែង៖ទី​តាំង​ចុងក្រោយ​នៃ​ចលនា​ខ្មែរ​ក្រហម‍»។

មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា នឹងបោះ​ពុម្ភ​ផ្សាយសៀវភៅ​ថ្មី​មួយ នៅ​ចុង​ខែ​មករា​ ដែល​មាន​ចំណង​ជើងជា​ភាសា​អង់គ្លេស​ថា ៖ A History of the Anlong Veng Community, the Final Stronghold of the Khmer Rouge Movement ឬ «ប្រវត្តិសាស្ត្រ​នៃ​សហគមន៍​អន្លង់វែង៖ទី​តាំង​ចុងក្រោយ​នៃ​ចលនា​ខ្មែរ​ក្រហម‍»។​មជ្ឈ​មណ្ឌលនេះ សង្ឃឹម​ថាសៀវភៅ​នេះ នឹង​ជួយ​ដល់​ការ​ផ្សះ​ផ្សារ​ជាតិ សម្រាប់​ប្រទេស​កម្ពុជា និង​ប្រទេស​ឯ​ទៀត​ក្នុង​ពិភពលោក​ ដែល​ជួប​ប្រទះ​និង​ការប្រល័យ​ពូជ​សាសន៍​ដែរ។

ស្ថិត​នៅ​ចម្ងាយ​ប្រហែល​មួយ​ម៉ោង​កន្លះ​តាម​រថយន្ត ពី​ទី​រួម​ខេត្ត​សៀមរាប អន្លង់​វែង​ជាទី​លំនៅ​របស់​អតីតមេ​ដឹក​នាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់ រួម​មាន ប៉ុល ពត នួន​ជា និង​ តាម៉ុក​។ ​បច្ចុប្បន្ន​ស្រុក​នេះមាន​ប្រជា​ពលរដ្ឋ​ជាង​៩​.០០០ ពាន់​គ្រួសារ ស្មើនឹង ៤២.០០០នាក់។

ទោះ​ជា​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​នៅ​ថ្ងៃ​ទី​៧មករា​ឆ្នាំ​១៩៧៩ ក៏​ដោយ ក៏​អន្លង់វែងនៅ​តែជា​កន្លែង​តស៊ូ​របស់ក្រុម​នេះ ជិត​២០​ឆ្នាំ​ថែម​ទៀត រហូត​ដល់​ឆ្នាំ​១៩៩៨ នៅ​ពេល​ដែល​តំបន់​នេះ ធ្វើ​សមាហរណកម្ម​ជាមួយ​រដ្ឋាភិបាល។

គម្រប​សៀវភៅ ​«ប្រវត្តិសាស្ត្រ​នៃ​សហគមន៍​អន្លង់វែង៖ទី​តាំង​ចុងក្រោយ​នៃ​ចលនា​ខ្មែរ​ក្រហម‍»។
គម្រប​សៀវភៅ ​«ប្រវត្តិសាស្ត្រ​នៃ​សហគមន៍​អន្លង់វែង៖ទី​តាំង​ចុងក្រោយ​នៃ​ចលនា​ខ្មែរ​ក្រហម‍»។

លោក យឹម ផាន់ណា បច្ចុប្បន្ន​ជា​អភិបាល​ស្រុក​អន្លង់​វែង។ លោក​ថ្លែង​ថា​លោក​បាន​ចូល​រួម​ក្នុង​ចលនា​តស៊ូ​របស់​ខ្មែរ​ក្រហម កាល​ពី​ឆ្នាំ ១៩៧១ នៅ​ពេល​លោក​មាន​អាយុ ១៧​ឆ្នាំ តាម​ការ​អំពាវនាវ​របស់ សម្តេច​នរោត្តម​ សីហនុ នៅ​ពេលនោះ ឲ្យ​ជួយ​ទម្លាក់​របប​គ្រប់​គ្រង​លោក លន់ ណុល និង បណ្តេញ​អាមេរិក ចេញ​ពី​កម្ពុជា។

«ឃើញ​ការ​អំពាវនាវ​របស់សម្តេច​ព្រះ​ករុណា​ព្រះ​មហាក្សត្រ ដែល​លោក​អំពាវ​នាវ​ទៅ ក៏​រត់​ចេញ​ពី​សាលារៀន​ទៅ​ធ្វើ​កង​ទ័ព ជាមួយ​គេ​ជាមួយ​ឯងទៅ‍»។

លោក យឹម ផាន់ណា ថ្លែង​ថា​លោក​មាន​វិប្បដិសារី​ដោយ​សារ​បាន​ឃើញ​ការ​កាប់​សម្លាប់ និង ការ​រងគ្រោះ​របស់​ប្រជា​ពលរដ្ឋទូទាំង​ប្រទេស។

«សោក​ស្តាយ​ណាស់​បង ព្រោះឱកាស​ដែល​យើង​ធ្វើ​ទៅ​វា​ខាត​ មាន​ការ​កាប់​សម្លាប់​ជន​ជាតិ​ខ្មែរ​គ្នា​ឯង‍»។

ការ​សោក​ស្តាយ​បែប​នេះ ប្រហែ​ល​ជា​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​គិត​មិន​ដល់ ពី​ព្រោះ​គេ​ប្រហែល​គិត​ថា អតីត​ខ្មែរ​ក្រហម​ទាំង​អស់ ជា​មនុស្ស​អាក្រក់។

ដើម្បី​ឲ្យមាន​ការ​ស្វែង​យល់​អំពី​សហគមន៍​នេះ និង ដើម្បីជួយ​អភិវឌ្ឍ​តំបន់​នេះ ឲ្យ​ទៅ​ជា​តំបន់​ទេសចរ ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជាក៏​បាន​និពន្ធ​សៀវ​ភៅ​ប្រវត្តិ​សាស្ត្រ​អន្លង់វែង ដោយ​មាន​សហប្រតិបត្តិការ​ជាមួយ និង​ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា និង​គណកម្មការ​អន្តរក្រសួង សម្រាប់​ថែ​រក្សា​និង​អភិវឌ្ឍតំបន់​អន្លង់​វែង ​។

លោក ឌី ខាំ​បូលី អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៃ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា និងជា​សហអ្នក​និពន្ធ​ម្នាក់ នៃ​សៀវ​ភៅ​ប្រវត្តិសាស្ត្រអន្លង់​វែង។ លោកថ្លែង​ថាសៀវ​ភៅ​នេះ​មានបំណងចាប់​ផ្តើម​ឲ្យ​មាន​ការយោគ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​រវាងអតីត​ខ្មែរ​ក្រហម​និង​ជន​រង​គ្រោះ។

«ហើយ​ការ​ចាប់​ផ្តើម​នេះ គឺ​តាម​រយៈ​ការ​ស្វែង​យល់អំពី​សហគមន៍​មួយៗ អំពី​សាច់​រឿង​របស់​បុគ្គល​ម្នាក់ៗ ឲ្យ​បាន​ច្បាស់​លាស់ ដើម្បី​ស្វែង​យល់ និង​យោគយល់​គ្នា​ទៅ​វិញ​ទៅមក ទើប​យើង​អាច​ទប់​ស្កាត់ តាមរយៈ​ការ​រៀន​សូត្រ‍»។

លោក ឌី​ ខាំ​បូលី​ ថ្លែង​ថា​គោល​បំណងមួយ​ទៀត​របស់​សៀវភៅ​នេះ គឺ​ការ​កត់​ត្រា​របប​ខ្មែរ​ក្រហម​ទាំង​ស្រុង។

«វា​មាន​សារៈ​សំខាន់​ក្នុង​ការ​កត់​ត្រាឲ្យ​បាន​ចប់​ចុង​ចប់​ដើម​ នូវ ចលនា​មួយ​ ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ស្លាប់​ប្រជា​ជន​កម្ពុជា ជិត​២​លាន​នាក់ ពី​ឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ​១៩៧៩‍»។

លោក Chris Dearing ជា​សហ​អ្នកនិពន្ធ​ម្នាក់​ទៀត។ លោក​ថ្លែងថាអ្វី​ដែល​ជា​ការ​រក​ឃើញ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​អន្លង់​វែង​នេះ គឺថា​គេ​មិន​អាច​សន្មត់​ថា អតីត​ខ្មែរ​ក្រហ​ម​ទាំង​អស់ ជា​មនុស្ស​អាក្រក់​ទេ ពី​ព្រោះ​មាន​អ្នក​ខ្លះ​ជា​ជន​រង​គ្រោះ​នៃ​របប​នេះ​ដែរ។

«ខ្ញុំ​គិត​ថាផ្នែក​សំខាន់​មួយ​នៃ​សៀវភៅ​នេះ គឺ​ការ​បង្ហាញ​អំពី​មនុស្ស អំពី​មុខ​មនុស្សដែល​នៅ​ពី​ក្រោយ​ចលនា​នេះ។ ពិត​ជា​មាន​អំពើ​អាក្រក់។ ពិត​ជា​មាន​ឧក្រិដ្ឋជន និង ជន​ដៃ​ដល់​ពិត​ប្រាកដ។ ប៉ុន្តែ​ក៏​មាន​ជន​រងគ្រោះ​ដែរ។ ប្រវត្តិសាស្ត្រ​មិន​មែន​អំពី​ជនរង​គ្រោះ និង អ្នក​ដៃ​ដល់ យ៉ាង​សាមញ្ញនោះ​ទេ‍»។

លោក ឌី ខាំ​បូលី យល់​ស្រប​ជាមួយ សហអ្នក​និពន្ធ​របស់​លោក​ដែរ។ លោក​ថ្លែងថា អតីត​កម្មាភិបាល​ខ្មែរ​ក្រហមខ្លះ ក៏​ត្រូវរង​ទុក្ខ​វេទនា​ដោយ​សារ​របប​ដែល​ពួក​គេ​គាំ​ទ្រ​ដែរ។

‍«អ្នកខ្លះបាន​និយាយ​ថា​គាត់​ចូលក្នុង​ចលនា​នេះ ក៏​មិន​មែន​ដោយសារគាត់​ពេញ​ចិត្ត​និង​ចលនា​នេះ​ទេ ប៉ុន្តែ​ត្រូវ​បាន​គេ​គៀង​គរ​ឲ្យ​ចូល​ ឬក៏​ត្រូវ​បាន​បង្ខំ​ឲ្យ​ចូល ឬ​ក៏គ្មាន​ឱកាស​ចេញ​មក​វិញ អញ្ចឹង​ក៏​បន្ត​រស់​នៅជាមួយ​ចលនា​ខ្មែរ​ក្រហម​ លើ​ភ្នំ​ដង​រែក រហូត​ដល់​ចុះ​មក​អន្លង់​វែង រហូត​ដល់​ឆ្នាំ​១៩៩៨‍»។

របប​ខ្មែរ​ក្រហម​ត្រូវ​គេ​ដឹង​ថា​ជារបប​មួយ​ដែល​ពូកែ​លាក់ការណ៍។ ប៉ុន្តែ​ក្នុង​សៀវ​ភៅ​ប្រវត្តិសាស្ត្រ​សហគមន៍​អន្លង់​វែង​នេះ អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​មួយ​ចំនួន បាន​រៀប​រាប់​យ៉ា​ង​ពិស្តារ​ល្អិត​ល្អន់​អំពី​ព្រឹត្តការណ៍​សំខាន់​ៗ ឧទាហរណ៍​ដូច​ជា​ការ​ប្រទាញ​ប្រទង់​គ្នា​រវាង​ថ្នាក់​ដឹក​នាំ​កំពូល​របស់​ខ្មែរ​ក្រហម ជា​ពិសេស​នៅ​ទី​បញ្ចប់។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ចំណាយ​ពេល​ជាង​២​ឆ្នាំ ដើម្បី​សម្ភាសន៍​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​និង​ដើម្បី​ចង​ក្រង​សៀវ​ភៅ​នេះ។ លោក ឌី​ ខាំ​បូលី​ថ្លែង​ថា ការ​និពន្ធ​សៀវ​ភៅ​ប្រវត្តិសាស្ត្រ​សហគមន៍​អន្លង់​វែង​នេះ ​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន​ណាស់ ទំរាំ​បាន​ទទួល​ការ​ទុក​ចិត្ត​។

«ខ្ញុំ​សម្ភាសន៍​អ្នក​ខ្លះ៥ម៉ោង។ ម្នាក់​នោះ​ដល់​ទៅ​៧-៨​ ម៉ោង ទាល់​តែទុក​ចិត្ត​មែន​ទែន បាន​គាត់​ចំណាយ​ពេល​៣​ថ្ងៃ​ ដើម្បី​សម្ភាសន៍​ជាមួយ​ខ្ញុំ‍។ ក្រុម​ការងារទាំង​អស់​ទាំង​ខ្ញុំ​ដែរ​ហ្នឹង ទៅ​អន្លង់វែង​ចំនួន បើ​តាម​ខ្ញុំ​ចាំ ទៅ​៤​ដង ហើយ​ក្នុង​ម្តង​យើង​ចំណាយ​ពេល​ដល់​ទៅ ២​សប្តាហ៍ នៅ​អន្លង់​វែង​ដើម្បី​សុំជួប​គាត់​សម្ភាសន៍‍»។

សហអ្នក​និពន្ធ Chris Dearing​ថ្លែង​ថា​មាន​ការ​និយាយ​បញ្ចុះ​បញ្ចូល​ច្រើន​។

«យើង​និយាយ​ថា​នេះ​ជា​ប្រវត្តិសាស្ត្ររបស់​សហគមន៍ ហើយ​វា​ជា​រឿង​សំខាន់ ដែល​យើង​កត់​ត្រា​ប្រវត្តិសាស្ត្រ​នេះ​ទុក ពីព្រោះ​ក្មេង​ជំនាន់​ក្រោយ មិន​យល់​ប្រវត្តិសាស្ត្រ​នេះ​ទេ។ នេះ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ប្រវត្តិ​សាស្ត្រ​នៃ​ប្រទេស​កម្ពុជា ហើយ​យើង​មិន​ចង់​ឲ្យវា​រលាយ​សាប​សូន្យ​ទេ។ យើង​ចង់​ចងក្រង​ទុក‍»។

លោក ឌី ខាំបូលី​ ថ្លែងថាក្រៅ​ពី​ជា​សៀវភៅប្រវត្តិសាស្ត្រ​បែប​សហគមន៍​មួយ ដែល​ឆ្លុះ​បញ្ចាំង​អំពីជីវិត​រស់​នៅ​របស់​ប្រជាជន​នៅ​ទីនោះ សៀវភៅ​នេះមាន​ប្រយោជន៍​យ៉ាង​សំខាន់មួយ​ផ្សេង​ទៀត។

«សៀវភៅ​នេះ ក៏​ជាគំរូមួយសម្រាប់​សហគមន៍​ផ្សេងៗ​ទៀត ក្នុង​ការ​សម្លឹង​មើល និង​យក​ធ្វើ​ជា​មេរៀន​ដើម្បី​ចង​ក្រង​ប្រវត្តិសាស្ត្រ​សហគមន៍ នៅ​ក្នុង​តំបន់​ផ្សេងៗ​ទៀត ដើម្បី​ជា​ការ​ស្វែង​យល់ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ ថា​តើ​មាន​រឿង​អ្វី​ខ្លះ​កើត​ឡើងនៅ​ក្នុង​សហគមន៍​នេះ‍»។

លោក Chris Dearing បន្ថែមថា​សៀវភៅ​នេះ ជា​គំរូ​មួយ​សម្រាប់​ប្រទេស​នាៗ​ក្នុង​ពិភព​លោក​ដែរ។

«គោល​ដៅ​មួយ​របស់​យើង​ក្នុង​គំរោងនេះ គឺ​ដើម្បី​ប្រើ​ប្រាស់សៀវ​ភៅ​នេះ​ជា​គំរូ​សម្រាប់​សហគមន៍​ឯ​ទៀត មិន​ត្រឹម​តែ​ក្នុង​ប្រទេស​កម្ពុជា​ទេ តែ​សម្រាប់​ប្រទេស​ឯ​ទៀត ដែល​កំពុង​រងគ្រោះ​ដូច​ប្រទេស​កម្ពុជា​ដែរ‍»។

សៀវភៅ​ប្រវត្តិសាស្ត្រ​សហគមន៍​អន្លង់​វែងនេះ មាន​កម្រាស់ ១៧៦​ទំព័រ ​ជា​ភាសា​អង់គ្លេស។ មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា គ្រោងបោះ​ពុម្ភ​ ជាភាសា​អង់គ្លេស ចំនួន​៥​រយ​ក្បាល និង​ជា​ភាសា​ខ្មែរ ចំនួន ៣រយ​ក្បាល ជា​លើក​ដំបូង​នៅ​ចុង​ខែ​មករា​នេះ នេះ​បើ​តាម​សម្តី​របស់​លោក ឌី ខាំ​បូលី។

លោក ឌី ខាំ​បូលី បន្ថែម​ទៀត​ថា សៀវភៅ​ប្រវត្តិសាស្ត្រ​អន្លង់​វែង​នេះ នឹង​ក្លាយ​ទៅជាមូល​ដ្ឋាន​គ្រឹស ដ៏​សំខាន់​មួយ ក្នុង​ការ​បង្កើត​មជ្ឈ​មណ្ឌល​សន្តិភាព​អន្លង់​វែង ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រសួង​ទេស​ចរ នៃ​ប្រទេស​កម្ពុជា សម្រាប់​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ថែម​អំពី​តំបន់​អន្លង់​វែង និង​ដើម្បីថែ​រក្សានិង​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG