ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សៀវភៅ​ថ្មី​មួយ​បង្ហាញ​ពី​កេរដំណែល​របស់​លោក Steve Jobs


ឯកសារ៖ Steve Jobs​ ​សហស្ថាបនិក​​និង​ជា​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Apple បង្ហាញ​ទូរស័ព្ទ​ iPhone ថ្មី​មួយ​ក្នុង​​សន្និសីទ​បច្ចេកវិត្យា Apple Worldwide Developers Conference នៅ​ទី​ក្រុង​សាន់ហ្វ្រាន់ស៊ិស្កូ។
ឯកសារ៖ Steve Jobs​ ​សហស្ថាបនិក​​និង​ជា​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Apple បង្ហាញ​ទូរស័ព្ទ​ iPhone ថ្មី​មួយ​ក្នុង​​សន្និសីទ​បច្ចេកវិត្យា Apple Worldwide Developers Conference នៅ​ទី​ក្រុង​សាន់ហ្វ្រាន់ស៊ិស្កូ។

«ជា​បិតា​បដិវត្តន៍​នៃ​ប្រព័ន្ធ​ឌីជីថល​ ដែល​ប្រកប​ដោយ​ចក្ខុវិស័យ​និងដ៏​អស្ចារ្យ‍»​ ទាំង​នេះ​ជា​បែបផែន​ដែល​គេ​ប្រើ​សម្រាប់​ពិពណ៌នា​អំពី​លោក​ Steve Jobs​ ​សហស្ថាបនិក​ក្រុមហ៊ុន​ Apple​ ដែល​លោក​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​មាន​ឥទ្ធិពល​ក្នុង​វិស័យ​បច្ចេកវិទ្យា​និង​វិស័យ​តន្ត្រីចម្រៀង។​ នៅ​ជាង​បីឆ្នាំ​ក្រោយ​ពេល​ដែល​លោក​ទទួល​មរណភាព ​អ្នក​បង្កើត​ថ្មី​និង​ជា​ពាណិជ្ជករ​មួយ​រូប​នេះ​ ជា​កត្តា​ជំរុញនូវ​ការ​សរសេរ​សៀវភៅ​ថ្មី​មួយ​ដែល​មាន​ចំណងជើង​ថា​ Becoming​ Steve Jobs:​ The​ Evolution​ of​ a​ Reckless​ Upstart​ into​ a​ Visionary​ Leader ឬ «ក្លាយ​ខ្លួន​ជា Steve Jobs៖ ការ​វិវត្ត​ពី​ដើម​កំណើត​ធ្វេស​ប្រហែល​ទៅ​ជា​មេដឹកនាំ​ប្រកប​ដោយ​ទស្សនវិស័យ»។​ តាម​រយៈ​ការ​សម្ភាស​ជាមួយ​អ្នក​ដែល​ស្គាល់​លោក Jobs​ ជិតដិត​ សៀវភៅ​បាន​បង្ហាញ​ពី​រូបភាព​នៃ​បុគ្គល​ធម្មតា​ម្នាក់​ដែល​ទទួល​បាន​ជោគជ័យ​ដែល​នឹក​ស្មាន​មិន​ដល់។​ ​

កាល​ពី​ឆ្នាំ​២០០៩​ នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​លោក​ Tim​ Cook​ បាន​ចូល​ទៅ​សាកសួរ​លោក​ Steve​ Jobs​ ដែល​ត្រូវ​ជា​ចៅហ្វាយ​ ជា​អ្នក​ណែនាំ​ និង​ជា​មិត្ត ភក្តិ​ដែល​មាន​ជំងឺ ​និង​កំពុង​រង់ចាំ​ទទួល​ការ​វះកាត់​ប្តូរ​ថ្លើម​របស់​គាត់។ លោក Cook មាន​អំណោយ​មួយ​ដល់​លោក Steve Jobs។​

«ជា​ការ​ពិត​ទៅ​លោក​បាន​ស្ម័គ្រ​ចិត្ត​ប្តូរ​ថ្លើម​របស់​លោក​ជាមួយ​លោក​ Steve​ Jobs​ ប៉ុន្តែ​លោក​ Jobs ​បដិសេធ»។‍​

លោក Tim Cook
លោក Tim Cook

នេះ​ជា​សៀវភៅ​មួយ​ក្នុង​ចំណោម​សៀវភៅ​មួយ​ចំនួន​ដែល​លោក​ Rick Tetzeli ​អ្នក​រាយការណ៍​អំពី​រឿង​បច្ចេកវិទ្យា ​បាន​ចែក​រំលែក​ក្នុង​សៀវភៅ​ Becoming​ Steve​ Jobs​ ដែល​លោក​បាន​សរសេរ​ជាមួយ​លោក​ Brent​ Schlender​ ដែល​ជា​អ្នក​សារព័ត៌មាន​ពាណិជ្ជកម្ម​មួយ​រូប។​

«លោក​ Cook បាន​ប្រាប់​ពួក​យើង​ពី​រឿង​នេះ ពី​ព្រោះ​លោក​បាន​គិត​ថា ​នេះ​ជា​រឿង​មួយ​ដែល​បង្ហាញ​ថា​ លោក​ Jobs​ មិន​មែន​ជា​មនុស្ស​អាត្មានិយម​នោះ​ទេ​ ក៏​ប៉ុន្តែ​នេះ​ជា​រឿង​មួយ​ដែល​បាន​បង្ហាញ​ពី​ទំនាក់​ទំនង​ដ៏​ជិតដិត​រវាង​លោក​ Jobs​ និង​អនុ​ប្រធាន​សំខាន់ៗ​របស់​គាត់‍»។​

តាម​រយៈ​រឿង​ទាំង​នេះ​ លោក​ Tetzeli​ ថ្លែង​ថា​ លោក​និង​លោក​ Schlender​ បាន​ព្យាយាម​ក្នុង​ការ​ស្វែង​យល់​ពី​អត្តចរិត​របស់​លោកJobs។​ លោក​ជា​ទូទៅ​ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​មនុស្ស​ម្នាក់​ដែល​ពិបាក​យល់​ និង​ជា​មនុស្ស​ដែល​ងប់​នឹង​ភាព​ល្អិតល្អន់​នៃ​ការ​ច្នៃ​មូដ​ផលិត​ផល​របស់​លោក។​

«ប្រសិន​បើ​យើង​ធ្វើ​ការ​ជិត​ដិត​នឹង​លោក​ Steve Jobs​ អ្នក​ត្រូវ​តែ​ហ៊ាន​ប្រឈម​មុខ​នឹង​លោក។​ លោក​បញ្ឈប់​ការងារ​អ្នក​ដែល​មិន​ប្រឆាំង​តបត​ដើម្បី​ការពារ​គំនិត​របស់​ខ្លួន។​ ដូច្នេះ​លោក​មាន​ការ​ឈ្លោះ​ប្រកែក​ជាមួយ​ប្រធាន​គ្រប់គ្រង​ជិត​ស្និត​របស់​លោក​ទាំងអស់។​ ការ​តបត​យោបល់​នេះ​ហើយ​ដែល​ជាវិធី​មួយ​ដែល​លោក​គិត​ថា​ អាច​ឲ្យ​បង្កើត​បាន​នូវ​ផលិតផល​ដ៏​ឥត​ខ្ចោះ​មួយ។​ ដូច្នេះ​ហើយ​លោក​អាច​ពិបាក​ធ្វើ​ការ​ជាមួយ ប៉ុន្តែ​លោក​មាន​ចំណាប់​អារម្មណ៍​ចំពោះ​ជីវិត​ផ្ទាល់​ខ្លួន​របស់​អ្នក​ដទៃ​ ហើយ​លោក​មាន​សមត្ថភាព​ក្នុង​ការ​ជំរុញ​ទឹក​ចិត្ត​មនុស្ស។​

លុយកាក់​មាន​សារៈសំខាន់​ ហើយ​អ្នក​ដែល​ធ្វើ​ការ​ឲ្យ​លោក​ជិត​ដិត​នោះ​រក​បាន​ប្រាក់​ចំណូល​បាន​យ៉ាង​ច្រើន​ ប៉ុន្តែ​លោក​ផ្តោត​សំខាន់​ទៅ​លើ​គុណភាព​ការងារ​ ដែល​អ្នក​អាច​ធ្វើ​ទៅ​បាន។​

ហើយ​សូម្បី​តែ​អ្នក​ដែល​ត្រូវ​បាន​លោក​បណ្តេញ​ចេញ​នោះ​ឬ​អ្នក​ដែល​បញ្ចប់​ទំនាក់​ទំនង​ជាមួយ​គាត់​ សុទ្ធ​សឹង​តែ​បាន​និយាយ​ថា​ ពួកគេ​បាន​ធ្វើការ​ល្អ​ជាង​គេ​អស់​ពី​សមត្ថភាព​ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ធ្វើការ​ឲ្យ​លោកJobs។​

អ្នក​និពន្ធ​បាន​សម្ភាស​លោក​ Bill​ Gate ​ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​ Microsoft​ អ្នក​បង្កើត​ថ្មី​ ម្នាក់​ដែល​ស្រឡាញ់​មនុស្សធម៌។​ Tetzeli​ និយាយ​ថា​ទំនាក់ទំនង​រវាង​សហគ្រិន​បច្ចេកវិទ្យា​ទាំង​ពីរ​នាក់​នេះ​មាន​ការ​ផ្លាស់​ប្តូរតាំង​ពី​ពួកគេ​ទាំងពីរ​នៅ​ជា​ដៃ​គូ​ប្រកួត​ប្រជែង​រហូត​ក្លាយ​ជា​មិត្តភក្តិ។​

«មាន​ការ​ប្រកួត​ប្រជែង​ជា​ច្រើន ​ហើយ​ពួក​គេ​ទាំង​ពីរ​ថែម​ទាំង​បាន​និយាយ​ពាក្យ​មិន​ល្អ​អំពីគ្នា​ទៅវិញ​ទៅ​មក​ក្នុង​អំឡុង​ជីវិតអាជីព​របស់​ពួកគេ​ ប៉ុន្តែ​កុំ​ភ្លេច​ថា លោក​ Bill Gate​ បាន​ដើរ​ចេញ។​ លើក​ចុង​ក្រោយ​បំផុត​ដែល​លោក​នៅ​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Microsoft នោះ​គឺកាល​ពី​ឆ្នាំ២០០០។​ គាត់​លែង​ជា​ដៃ​គូ​ប្រជែង​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន​ Apple ​ក្នុង​រយៈ​ពេល​១១​ឆ្នាំ​ចុង​ក្រោយ​នៃ​ជីវិត​លោក​ Jobs​ ទៀត​ឡើង។​ ក្នុង​ពេល​នោះ​ ចាប់​តាំង​ពី​ពួក​គេ​បញ្ចប់​ការ​ប្រកួត​ប្រជែង​ដោយ​ផ្ទាល់​នោះ​មក​ ពួកគេ​ចាប់​ផ្តើម​សរសើរ​គ្នា​ច្រើន​ជាង​កាល​ពី​អតីតកាល​ទៅ​វិញ‍»។​

លោក​បាន​និយាយ​ថា​ លោក​ Steve​ Jobs​ ខ្លួន​គាត់​មាន​ការ​ផ្លាស់​ប្តូរ។​ លោក​ Jobs​ ដែល​ត្រូវ​ជា​អ្នក​ដឹក​នាំ​ក្រុមហ៊ុន​ Apple ​កាល​ពី​មុន​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ក្រុមហ៊ុន​កាល​ពី​ឆ្នាំ​១៩៨៥​នោះ​ គឺ​មាន​លក្ខណៈ​ខុស​គ្នា​ច្រើន​ពី​លោក​ Jobs ​បន្ទាប់​ពី​គាត់​បាន​ត្រឡប់​មក​វិញ​នៅ​ឆ្នាំ​១៩៩៧​ ដើម្បី​គ្រប់គ្រង​ក្រុមហ៊ុន​ដដែល​នេះ​ ហើយ​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​ទទួល​បាន​ភាព​ជោគជ័យ​ដែល​ពុំ​ដែល​ធ្លាប់​មាន​ក្រុមហ៊ុន​ណា​នៅ​ក្នុង​ពិភពលោក​អាច​ធ្វើ​ទៅ​បាន។​

គាត់​មិនមែន​ជា​មនុស្ស​ដែល​រស់​នៅ​ក្នុង​អតីតកាល​នោះ​ទេ។​ គាត់​មិន​មើល​ទៅ​អតីតកាល​ច្រើន​នោះ​ទេ​ ប៉ុន្តែ​គាត់​បាន​និយាយ​ថា​ គាត់​ពិត​ជា​សំណាង​ណាស់​ដែល​បាន​ធ្វើការ​នៅ​ក្រុមហ៊ុន ​Apple ​ម្តង​ទៀត។​ គាត់​រៀន​បាន​ច្រើន​ណាស់​ប៉ុន្មាន​ឆ្នាំ​ដែល​លោក​មិន​នៅ​ក្រុមហ៊ុន​នេះ។​ គាត់​បាន​ព្យាយាម​ធ្វើ​អ្វី​ជា​ច្រើន​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ដែល​គាត់​មិន​បាន​ទៅ​ធ្វើការ​នៅ​ Apple ​នោះ ដែល​មិន​បាន​សម្រេច ប៉ុន្តែ​លោក​ក៏​នៅ​បាន​រៀន​សូត្រ​ជា​ច្រើន​ពី​វា‍»។​

បើ​ធ្វើ​ការ​សង្កេត​មើល​ជីវិត​និង​ការងារ​របស់​គាត់​ឲ្យ​បាន​ល្អិត​ល្អន់​នោះ ​លោក​ Tetzeli​ និយាយ​ថា ​យើង​អាច​ចាប់​អារម្មណ៍​ឃើញ​ថា ​លោក​ Steve Jobs ​មាន​ចំណុច​សំខាន់‍​ពីរ។​

«បើ​និយាយ​ពី​បច្ចេកវិទ្យា​ ទូរស័ព្ទ​ iPhone​ គឺ​ជា​ចំណុច​កំពូល​នៃ​អាជីព​របស់​គាត់។​ វា​គឺ​ជា​ឧបករណ៍​សំខាន់​បំផុត​ដែល​លោក​បាន​បង្កើត​ឡើង។​ វា​បាន​ផ្លាស់ប្តូរ​នូវ​ទស្សនៈ​របស់​យើង​ទៅ​លើ​បច្ចេកវិទ្យា។​ វា​បាន​ធ្វើ​ឲ្យ​បច្ចេកវិទ្យា​អាច​ចល័ត​បាន​ដោយ​ងាយ ​ដែល​យើង​ពុំ​ធ្លាប់​បាន​ឃើញ​ពី​មុន​មក។​ វា​ពិត​ជា​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ពី​ពិភពលោក​មួយ​ដែល​បច្ចេកវិទ្យា​មួយ​ដែល​ធ្លាប់​តែនៅ​ជាប់​មួយ​កន្លែង​លើ​តុ។​ ទាក់ទិន​នឹង​កេរដំណែល​របស់​លោក​ ខ្ញុំ​គិត​ថា​គាត់​បាន​ខិតខំ​ធ្វើ​ការ​យ៉ាង​មោះមុត​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ​ដើម្បី​ភាព​ជោគជ័យ​និង​បង្កើត​នូវ​ប្រព័ន្ធ​និង​របៀប​នៃ​ការ​គិត​ដែល​អាច​ដំណើរការ​នៅ​ថ្ងៃ​មុខ​ទៀត​បន្ទាប់​ពី​លោក​បាន​លា​ចាក​លោក​ទៅ​នោះ។​ នៅ​ពេល​ដែល​យើង​រាល់​គ្នា​ចាត់​ទុក​ថា​ ក្រុមហ៊ុន​ Apple​ មាន​ទំហំ​ពីរ​ដង​ធំ​ជាង​នៅ​ពេល​ដែល​លោក​ Jobs ស្លាប់​ទៅ​និង​នៅ​តែ​ស្ថិត​ក្នុង​ស្ថានការណ៍​ប្រថុយប្រថាន​ ក៏​ប៉ុន្តែ​ជាមួយ​នឹង​ឧបករណ៍​ដ៏​ទំនើប​ដូចជា​នាឡិកា​ដៃ​ Apple​ នោះ​ ខ្ញុំ​គិត​ថា​ ដូច​នូវ​អ្វី​ដែល​យើង​បាន​ដឹង​នេះ​ ក្រុមហ៊ុន​ Apple​ ដែល​ជា​ក្រុមហ៊ុន​ដ៏​ខ្លាំងកា្ល​និង​អស្ចារ្យ​នេះ​គឺ​ជា​កេរដំណែល​ដ៏​អស្ចារ្យ​បំផុត​របស់​លោក Steve Jobs។​

លោក​ Tetzeli​ ថ្លែង​ថា ​គាត់​សង្ឃឹម​ថា​អ្នក​បង្កើត​ឧបករណ៍​ថ្មី​ជំនាន់​ក្រោយ​នឹង​សញ្ជឹង​គិត​នូវ​គន្លង​របស់​លោក​ Steve Jobs​ ដើម្បី​ស្វែង​យល់​នូវ​អាថ៌កំបាំង​ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​របស់​លោក។​

អ្នក​គួរ​តែ​ទទួល​យក​នូវ​គំនិត​ពី​គ្រប់​ទិសទី។​ លោក ​Jobs​ មិន​មែន​ជា​មនុស្ស​ដែល​មាន​ទស្សនៈ​តូច​ចង្អៀត​នោះ​ទេ។​ គាត់​គឺ​មនុស្ស​ម្នាក់​ដែល​មាន​ការ​ពិចារណា​ខ្ពស់។​ គាត់​ខិត​ខំ​ក្នុង​ការ​ធ្វើ​ការងារ​ ប៉ុន្តែ​គំនិត​របស់​គាត់​គឺ​មក​ពី​គ្រប់​ទិសទី។​ គាត់​ទទួល​នូវ​គំនិត​ពី​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ គាត់​ទទួល​នូវ​គំនិត​តាម​រយៈ​ការ​ប្រស្រ័យ​ទាក់ទង​នឹង​មនុស្ស​គ្រប់គ្នា​ដែល​ធ្វើការ​ក្នុង​វិស័យ​ផ្សេងៗ​ ហើយ​គាត់​ទទួល​នូវ​គំនិត​ខ្លះ​ពី​អ្វី​ដែល​គាត់​បាន​អាន។​

សហ​អ្នក​និពន្ធ​សៀវភៅ​ Becoming​ Steve ​Jobs​ គឺ​លោក​ Rick​ Tetzeli​ រៀបរាប់​ថា​ នេះ​គឺ​ជា​អ្វី​ដែល​លោក​ចង់​ឲ្យ​អ្នក​អាន​ជំនាន់​ក្រោយ​ទទួល​បាន​ពី​សៀវភៅ​នេះ៕

ប្រែសម្រួល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG