ក្រោយ​ចេញ​ពី​ពន្ធនាគារ​លោក ​មាជ សុវណ្ណារ៉ា​ ​អំពាវនាវ​ឱ្យ​លោក​ ​ហ៊ុន សែន​បញ្ឈប់​ការ​ចាប់​ឃុំខ្លួន​អ្នក​នយោបាយ

លោក មាជ សុវណ្ណារ៉ា អតីតមន្រ្តីព័ត៌មាន សមាជិកគណបក្សប្រឆាំងផ្សេងៗ កំពុងផ្តល់ការសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបន្ទាប់ពីត្រូវបានស្រោចទឹករួច នៅក្នុងវត្តចាស់ កាលពីរសៀលថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។(នៅ​ វណ្ណារិន/VOA)

បន្ទាប់​ពី​លោក ​មាជ សុវណ្ណារ៉ា​ ​អតីត​មន្រ្តី​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​សកម្មជន​គណបក្ស​​នេះ​ជាង​១០​នាក់​ផ្សេង​ទៀត​​ត្រូវ​​បាន​ដោះ​លែង​កាល​ពី​យប់​រំលង​អាធ្រាត្រ​ថ្ងៃ​ចន្ទ​ឈាន​ចូល​ថ្ងៃអង្គារ​ ​លោក​ មាជ សុវណ្ណារ៉ា​ ​បាន​ប្រកាស​ពី​គម្រោង​​បន្ត​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ ​ដោយ​ប្រកួត​ប្រជែង​ជាមួយ​​កូនៗ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ដែល​​ជា​ថ្នាក់​ដឹកនាំ​គណបក្ស​កាន់​អំណាច។

នៅ​ថ្ងៃ​អង្គារ​នេះ​ ​លោក​ មាជ សុវណ្ណារ៉ា​ ​អតីត​មន្រ្តី​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ទើប​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ជាមួយ​សកម្មជន​បក្ស​ប្រឆាំង១៣​នាក់​ផ្សេង​ទៀត​ ​បាន​អំពាវ​នាវ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តីបញ្ឈប់​ការ​ចាប់​អ្នក​នយោបាយ​ដាក់​ពន្ធនាគារ​ ​និង​បែរ​មក​ធ្វើ​ការ​ជាមួយ​ពួក​គេដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា។​

លោក​មាជ សុវណ្ណារ៉ាលើក​ឡើង​បែប​នេះ​ ​បន្ទាប់​ពី​លោក​ ​និងសមាជិក​គណបក្ស​ប្រឆាំង​ជាង​១០​នាក់​ផ្សេង​ទៀតត្រូវ​បាន​ព្រះសង្ឃ​នៅ​វត្តចាស់​ ​ក្នុង​សង្កាត់​ជ្រោយ​ចង្វារ​ស្រោច​ទឹក​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ ​ក្រោយ​ត្រូវ​បាន​ដោះ​លែងចេញពី​ពន្ធនាគារ​ទាំង​ពាក់​កណ្តាល​អធ្រាត្រ​ឈាន​ចូលថ្ងៃទី​២៨​ ​ខែ​សីហា​ ​ឆ្នាំ​២០១៨។​ ​លោក​និយាយ​ថា​ ​លោក​នឹង​បន្ត​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដោយ​ប្រកួត​ប្រជែង​គោល​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច​ ​ដែល​មាន​កូនៗ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ជាអ្នកថ្នាក់​ដឹកនាំ​ ​ក៏ប៉ុន្តែ​នៅ​ពេល​នេះ​លោក​ត្រូវ​ការ​ ​ដក​ឃ្លា​សម្រាក​នឹង​វិល​ត្រឡប់​ទៅ​សហ​រដ្ឋ​អាមេរិក​ដើម្បី​ជួបជុំ​គ្រួសារ​របស់​លោក​មួយ​រយៈសិន។​

កម្រងរូបភាព៖ «ការដោះលែងមន្រ្តីគណបក្សជំទាស់ និងសកម្មជនទាំង១៤នាក់»

អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​សញ្ញាតិ​ខ្មែ-អាមេរិកាំង​រូប​ ​បញ្ជាក់​ថា៖​

«យើង​ធ្វើ​នយោបាយ​ខ្ញុំ​មាន​គណបក្ស​ខ្ញុំ​មួយ​ ​គាត់​មានគណបក្ស​គាត់​មួយ។ យើង​ប្រកួត​ប្រជែង​គោល​នយោបាយ​គ្នា​ដើម្បី​ប្រយោជន៍​ជាតិ​ ​ប្រយោជន៍​សេដ្ឋកិច្ច​នយោបាយ​ទៅ​ ​យើង​កុំ​ប្រើ​ហិង្សា​ចាប់​មនុស្ស​ដាក់​គុក។​ ​ចាប់ពី​ពេល​នេះ​ទៅ​ ខ្ញុំ​សូម​អំពាវ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​សូម​ឲ្យ​លោក​ជួយ​មើល​អ្នក​ដែល​ខូច​ហ្នឹង​ ​បញ្ចប់​ទៅ​អាវប្បធម៌​ចាប់​អ្នក​នយោបាយ​ដាក់គុក​ ​ហើយ​កុំ​ឲ្យ​គិត​ថា ​អាពួក​នយោបាយ​តែ​ធ្វើ​នយោបាយ ​បើ​មិន​ជាប់​គុក​ ​ងាប់ ​រត់​ចោល​ស្រុក។​ ​ខ្ញុំ​សូម​អំពាវនាវ​តែ​ប៉ុណ្ណឹង»។

លោក​មាជ សុវណ្ណារ៉ា​បន្ថែម​ថា​ ​លោក​គ្រោង​នឹងស្នើ​សុំ​ចូលគាល់​ព្រះ​មហា​ក្សត្រ​ ​ព្រមទាំងសុំ​ជួបលោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ​និង​លោក​ស ខេង​ ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ​ដើម្បី​រៀបរាប់​ពីបញ្ហា​ និង​អំពើ​ពុក​រលួយ​ដែល​លោក​បាន​ជួប​ប្រទះ​ក្នុង​ពន្ធនាគារ។​

VOA​ ​មិនអាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោកសុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​ ​និង​លោក​ ​ខៀវ សុភ័គ​ ​អ្នក​នាំពាក្យក្រសួង​មហាផ្ទៃ​បាន​ទេ ​រហូត​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ។

​លោក​មាជ សុវណ្ណារ៉ា​ ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៣​នាក់​ផ្សេង​ទៀត​ ​ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស​ ​បន្ទាប់​ពី​ព្រះ​មហា​ក្សត្រ​បង្គាប់​ឲ្យ​លើកលែង​ទោស​ទៅ​តាម​សំណើ​របស់​លោក​នាយករដ្ឋមន្រ្តីហ៊ុន សែន។ អ្នក​ទាំង​១៤ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៧​ដល់​២០​ឆ្នាំ​ពី​បទ​ដឹកនាំ​កុបកម្ម​ ​និង​ចូលរួម​កុបកម្ម​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ចាស់​ក្បែរ​វត្ត​ភ្នំ​ ​ក្នុង​អំឡុង​ខែ​កក្កដា ​ឆ្នាំ​២០១៤។​

លោក មាជ សុវណ្ណារ៉ា អតីតមន្រ្តីព័ត៌មាន សមាជិកគណបក្សប្រឆាំងផ្សេងៗ កំពុងផ្តល់ការសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបន្ទាប់ពីត្រូវបានស្រោចទឹករួច នៅក្នុងវត្តចាស់ កាលពីរសៀលថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។(ទុំ ម្លិះ/VOA)

នៅ​មុន​ការ​ដោះ​លែង​ពួក​គេ​នៅ​កណ្តាល​យប់​ថ្ងៃ​ចន្ទ​ ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​មន្ត្រី​ ​និង​សកម្មជន​ជិត៣០០​នាក់​បាន​ប្រមូល​ផ្តុំ​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស​តាំង​ពី​រសៀល។​ យ៉ាងណា​ក៏​ដោយ ​អ្នក​ទាំង​១៤​រូប​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​របស់​ពន្ធនាគារ​និង​ដោយ​មាន​ការ​ហែរ​ហម​ការ​ពារ​សុវត្ថិភាព​ទៅ​កាន់​គេហដ្ឋាន​របស់​ខ្លួន។​

ក្រោយ​ត្រូវ​បាន​ដោះ​លែង​ភ្លាមៗ​នៅ​យប់​រំលង​អាធ្រាត្រ​ឈាន​ចូលថ្ងៃទី​២៨ ​ខែ​សីហា​ ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ដែល​មាន​សញ្ជាតិ​អាមេរិកាំង​រូបនេះ​និយាយ​ថា​ ​ ការ​ដោះ​លែង​រូប​លោក​ ​និង​សកម្មជនផ្សេង​ទៀត​នេះ​គឺជា​សញ្ញា​នៃការ​ឯកភាព​ជាតិ។​ លោក​មាជ សុវណ្ណារ៉ា​ក៏​បាន​អំពាវនាវ​ឲ្យ​មានការ​ដោះ​លែង​ ​លោកកឹម សុខា​ ​ប្រធាន​គណបក្ស​ប្រឆាំង​ ​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុងផង​ដែរ។​

លោក​និយាយ​ថា៖​

​«ខ្ញុំ​អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ​ហើយ​ខ្ញុំ​អំពាវនាវ​ដោយ​ស្នាម​ញញឹម​ជាមួយព្រះ​ករុណា​ជីវិត​តម្កល់​លើ​ត្បូង​ ​ខ្ញុំ​សង្ឃឹម​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែននឹង​ពិចារណា​ ទោះបី​នីតិវិធី ​នីតិរដ្ឋ​តុលាការ​ក៏​ដោយ​ ​តែ​ខ្ញុំ​សង្ឃឹម​ថា​ ​មេ​គណបក្ស​របស់​ខ្ញុំ​គឺ​លោកកឹម សុខានឹង​ត្រូវ​បាន​ដោះ​លែង​ដោយ​គ្មាន​ការ​ចោទ​ប្រកាន់​ ​ព្រោះ​បើ​ទុក​ទៀត​វែង​ឆ្ងាយ​ណាស់»។​

ក្នុង​រយៈពេល​ពីរ​សប្តាហ៍ចុង​ក្រោយ​នេះ សកម្មជន​ដីធ្លី​ដ៏​លេច​ធ្លោ​មួយ​រូបគឺ​អ្នក​ស្រី​ទេព វន្នី​ និង​ស​កម្មជន​ផ្សេង​ទៀត​ ព្រម​ទាំង​អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​គឺ​លោក​អ៊ួន ឈិន​ ​និង​លោកយាង សុធារិន​ ​ព្រមទាំងលោកគឹម សុខ​ ​អ្នក​វិភាគ​នយោបាយ​ដែល​តែង​រិះគន់​រដ្ឋាភិបាល​លោក​ហ៊ុន សែនមិន​សំចៃ​មាត់​ ​ត្រូវ​បាន​ដោះ​លែង។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ​លោក​សួន សេរីរដ្ឋា​ ​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ជាង​១​ឆ្នាំ​ពី​បទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់​បង្គាប់​មេ​បញ្ជាការ​ ​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព​ ​និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​នោះ​ ​ត្រូវ​បាន​ដោះលែង​ ​ក្រោយ​ពី​លោក​បាន​សរសេរ​លិខិត​សុំ​ទោស​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។​

ចំណែកលោក​អ៊ុំ សំអាន​ ​អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​មណ្ឌល​ខេត្ត​សៀម​រាប ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប ​កាល​ពី​ខែ​មេសា​ ​ឆ្នាំ​២០១៦​ ​ក្រោម​បទ​ចោទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ ​និង​បទ​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង​ ​បន្ទាប់​ពី​លោក​បាន​បង្ហោះ​ឯកសារ​ផែនទី​ស្ដីពី​ព្រំ​ដែន​កម្ពុជា-វៀត​ណាម​ ត្រូវ​បាន​ដោះ​លែង​កាលពី​ថ្ងៃសៅរ៍។​

រូបឯកសារ៖ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ត្រូវបាន​សន្តិសុខ​មន្ទីរ​ឃុំឃាំង​នាំ​ខ្លួន​ទៅ​កាន់​សាលាឧទ្ធរណ៍​នៅរាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ​កាលពី​សប្តាហ៍​មុន ​បានប្រកាស​ថា​ ​ការ​លើកលែង​ទោស​ដល់អ្នកជាប់​ឃុំ​ទាំង​នោះ​ ​គឺ​ដោយសារ​ពួកគេ​បាន​សរសេរ​លិខិត​សុំ​ទោស​លោក។​ ​លោក​ក៏​បាន​ព្រមាន​ថា ​នឹងប្តូរ​ចិត្ត ​ប្រសិន​បើ​មាន​ការ​លើក​ឡើង​ណាមួយដែល​ថា​ ​ការ​លើកលែង​ទោស​នេះ​ធ្វើ​ឡើង​ដោយ​រង​សម្ពាធ​ពី​បរទស។​

លោក​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ​បាន​រិះគន់​ថា​ ​ការ​ដែលលោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែនលើកលែង​ទោស​ដល់​អ្នក​ជាប់​ឃុំទាំង​នោះគឺ​ជា​ការ​ធ្វើ​ដោយ​បង្ខំ​ចិត្ត​ ​ដោយ​មាន​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ។

ក្រោយ​អ្នក​ជាប់ឃុំ​ ដែល​ត្រូវ​បានគេ​ហៅ​ថា​ជា​ចំណាប់​ខ្មាំង​នយោបាយ​ទាំង​នោះ​ ​ត្រូវ​បាន​ដោះ​លែង​ជា​បន្តបន្ទាប់​ ​គេ​ឃើញ​មាន​ការ​រំពឹង​ថា​ ​លោកកឹម សុខា​ ​ប្រធាន​គណបក្ស​ប្រឆាំង​ ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ​នោះ​ ​នឹង​ត្រូវ​បាន​ដោះ​លែង​ផង​ដែរ។​ ​យ៉ាង​ណា​ក៏​ដោយ ​រហូត​មក​ដល់​ពេល​នេះ​មិនទាន់​មាន​តម្រុយ​ណា​មួយត្រូវ​បានបង្ហាញថា​ ​លោក​កឹម សុខា​អាច​នឹង​ត្រូវ​បាន​ដោះ​លែងទេ ហើយ​មានដីកា​កោះ​របស់​ចៅក្រម​សាលា​ដំបូង​រាជធានី​ ​ដែល​បាន​ហៅ​មេធាវី​ការពារ​ក្តី​របស់​លោកកឹម សុខាទៅ​ចូលរួម​សវនាការ​លើ​ការ​បន្ត​ការ​ឃុំ​ខ្លួន​លោក​ ​នា​ថ្ងៃទី​៣០ ខែ​សីហា​ ​ឆ្នាំ​២០១៨នេះ​ប៉ុណ្ណោះ។

លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន កំពុង​ថ្លែង​មុន​នឹងការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ចុងក្រោយ​របស់​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជានៅ​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​កាលពី​ព្រឹក​ថ្ងៃទី​២៧ កក្កដា។

ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​មន្រ្តី​គណបក្ស​ប្រឆាំង​ ​ការ​បង្ក្រាប​លើ​សង្គម​ស៊ីវិល​ ​និង​អ្នក​សារ​ព័ត៌មាន ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ការ​ព្យួរ​សិទ្ធិ​នយោបាយ​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​នេះ​ជាង​១០០​នាក់​ ព្រម​ទាំង​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​នេះ​គឺ​លោក​កឹម សុខា​យក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ​ឯ​ខេត្ត​ត្បួង​ឃ្មុំ​នោះ​ ​គេ​ឃើញ​មជ្ឈដ្ឋាន​អន្តរជាតិ​ធំៗ​នានា​ ​រិះគន់​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន ​និង​ដាក់​ទណ្ឌកម្ម​ចំពោះ​ជន​ដែល​ធ្វើ​ឲ្យ​ខូច​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​ ​ជា​មួយ​គ្នា​នោះ ​សហ​ភាព​អឺរ៉ុប​ ​ដែល​ជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​ឧស្សាហ​កម្ម​កាត់​ដេរ​នៅ​កម្ពុជា​ ​ក៏​បាន​ព្រមាន​ដក​កិច្ច​អនុ​គ្រោះ​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ពី​កម្ពុជា​ ​ក្រោម​កម្មវិធី«អនុ​គ្រោះ​ពន្ធ​លើអី្វៗ​ទំាង​អស់​លើក​លែង​តែ​អាវុធ»​ ​ឬ​ ​Everything But Arms។​

ការ​ដោះលែង​សកម្មជន​នយោបាយ​ ​អ្នក​ការពារ​សិទ្ធិ​ដីធ្លី​ ​អ្នក​សារ​ព័តមានជា​បន្តបន្ទាប់​ដូច្នេះ​ ​ធ្វើ​ឡើង​ក្រោយលទ្ធផល​នៃ​ការ​បោះឆ្នោតជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី​៦​ ​កាលពី​ថ្ងៃទី​២៩​ ​ខែ​កក្កដាកន្លង​ទៅ​ ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ឈ្នះ​ដាច់នឹង​ឈាន​ទៅ​ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស។​

រដ្ឋាភិបាល​ថ្មី​ ​ដែល​នឹង​ដឹក​នាំដោយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​រយៈ​ពេល​៥ឆ្នាំ​ទៀត​នោះ​ ​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ថ្ងៃទី​៦​កញ្ញា​ខាង​មុខ​ ​ក្រោយ​ការ​ប្រជុំ​សភា​ជាតិ​លើក​ដំបូង​នៅ​មុន​នោះ​មួយ​ថ្ងៃគឺ​នៅ​ថ្ងៃ​ទី​៥​កញ្ញា៕