គណបក្សភ្លើងទៀនដែលមិនត្រូវបានចុះឈ្មោះសម្រាប់ចូលរួមការបោះឆ្នោតថ្នាក់ជាតិ បានប្រកាសថា ខ្លួនគ្រោងជួបជុំសមាជិក និងអ្នកគាំទ្រប្រមាណមួយម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យ នាចុងសប្តាហ៍នេះ ដើម្បីតស៊ូមតិទាមទារឱ្យស្ថាប័នពាក់ព័ន្ធអនុញ្ញាតឱ្យគណបក្សនេះបានចូលរួមការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខ។
គណបក្សជំទាស់មួយនេះបានជំរុញឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញ ពិចារណាសេចក្តីសម្រេចរបស់ខ្លួនឡើងវិញ។
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ប្រាប់វីអូអេនៅថ្ងៃចន្ទថា គម្រោងប្រមូលផ្តុំសមាជិក និងអ្នកគាំទ្រប្រមាណមួយម៉ឺននាក់នេះ ជាការសម្រេចចិត្តរបស់គណៈកម្មាធិការនាយកគណបក្សភ្លើងទៀន ដែលបានប្រជុំសម្រេចនៅទីស្នាក់ការគណបក្សភ្លើងទៀន កាលពីថ្ងៃអាទិត្យ ទី២៨ ខែឧសភា។ លោកបន្ថែមថា គណបក្សភ្លើងទៀននឹងដាក់លិខិតស្នើសុំទៅក្រសួងមហាផ្ទៃដើម្បីស្នើសុំការជួបជុំដោយសន្តិវិធី។
កាលពីថ្ងៃទី១៣ ខែឧសភា លោក ហ៊ុន សែន ចេញបញ្ជាឱ្យអាជ្ញាធរត្រៀមកម្លាំងដើម្បីចាប់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដាក់ពន្ធនាគារ បើសិនជាអ្នកណាហ៊ានចេញប្រមូលផ្តុំ។
លោក រ៉ុង ឈុន ដែលធ្លាប់ជាប់ពន្ធនាគារ កាលពីឆ្នាំ២០២០ ពីបទញុះញង់ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោកលើការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម បញ្ជាក់ថា លោកមិនព្រួយបារម្ភអំពីការចាប់ខ្លួនដាក់ពន្ធនាគារម្តងទៀតនោះទេ។ លោកថាការគ្រោងប្រមូលផ្តុំនេះធ្វើឡើងដោយស្របច្បាប់ ហើយមានការដាក់លិខិតទៅក្រសួងមហាផ្ទៃ។
លោកថ្លែងថា៖ «គ្មានអ្វីដែលត្រូវមានចំណាត់ការទេ លុះត្រាតែយើងដើរមិនមានជូនដំណឹង មិនបានធ្វើទៅតាមនីតិវិធី ហើយយើងប្រមូលផ្តុំគ្នាតែម្តង។ អាហ្នឹងអាជ្ញាធរគេនឹងមានវិធានការមកលើយើងហើយ។ ប៉ុន្តែបើសិនជាយើងធ្វើតាមនីតិវិធី អាជ្ញាធរម៉េចបានមានវិធានការមកលើយើង? ដូច្នេះយើងមិនមានការព្រួយបារម្ភអ្វីទេ ព្រោះបំណងយើងទាមទារសិទ្ធិក្នុងការចូលរួមការបោះឆ្នោតនៅថ្ងៃ២៣ កក្កដា ខាងមុខ»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ប្រាប់វីអូអេនៅថ្ងៃចន្ទថា ការទាមទាររបស់គណបក្សភ្លើងទៀនឱ្យស្ថាប័នគ.ជ.ប ពិនិត្យ និងសម្រេចឡើងវិញគឺមិនអាចទៅរួចទេ។
លោកថ្លែងថា៖ «មិនមាននីតិវិធីណាមួយដែលគ.ជ.បអាចធ្វើការសម្រេចឡើងវិញ ពាក់ព័ន្ធនឹងអ្វីដែលជាដំណើរការទៅមុខសម្រាប់ការរៀបចំបោះឆ្នោតនោះទេ»។
បញ្ហាតែមួយគត់ដែលគណបក្សភ្លើងទៀនមិនត្រូវបានចុះបញ្ជីចូលរួមការបោះឆ្នោត គឺដោយសារគណបក្សមួយនេះបាត់ប្រកាសលេខ១៩៣ ស្តីពី«ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ»។ ស្ថាប័នគ.ជ.បតម្រូវឱ្យថតចម្លងប្រកាសលេខ១៩៣ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌចំនួនមួយច្បាប់។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា បើសិនគណបក្សភ្លើងទៀនបាត់ប្រកាសលេខ១៩៣ គណបក្សត្រូវទៅសុំពីក្រសួងមហាផ្ទៃ។ ប៉ុន្តែគណបក្សភ្លើងទៀនថា ខ្លួនបានស្នើសុំពីក្រសួងមហាផ្ទៃ ប៉ុន្តែមិនទទួលបានលិខិតបញ្ជាក់ដែលស្ថាប័នគ.ជ.បតម្រូវឡើយ។
ក្រសួងមហាផ្ទៃបានចេញលិខិតបញ្ជាក់មួយថា គណបក្សភ្លើងទៀនបានចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។ ប៉ុន្តែគ.ជ.បបញ្ជាក់ថា លិខិតនេះមិនអាចជំនួសឱ្យប្រកាសលេខ១៩៣ ដែលមានបញ្ជាក់នីត្យានុកូលកម្មនោះទេ។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បដិសេធមិនធ្វើការអត្ថាធិប្បាយ។
លោកថ្លែងថា៖ «ទីមួយ ខ្ញុំមិនមែនជាអ្នកនាំពាក្យក្រសួងមហាផ្ទៃទេ អ៊ីចឹងខ្ញុំមិនអាចទៅនាំពាក្យ នាំអីទេ ព្រោះអាហ្នឹងគេបែងចែកភារកិច្ច។ ហើយទីពីរ រឿងនេះ ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចអស់ហើយ។ អ៊ីចឹង បងចង់ដឹងអី សួរក្រុមប្រឹក្សាធម្មនុញ្ញទៅ! មកសួរខ្ញុំ ខ្ញុំមិនមានសមត្ថកិច្ចក្នុងការបញ្ជាក់រឿងហ្នឹងទេ ព្រោះវាពាក់ព័ន្ធជាមួយរឿងក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាអំណាចកំពូលរបស់រដ្ឋ»។
នៅពេលសួរថា ហេតុអ្វីបានជាក្រសួងមហាផ្ទៃមិនបញ្ជាក់ច្បាប់ដើមនៃប្រកាសលេខ១៩៣ឱ្យគណបក្សភ្លើងទៀន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថា ក្រសួងបានចេញ«លិខិតបញ្ជាក់»មួយច្បាប់ឱ្យគណបក្សភ្លើងទៀន ហើយបើយកទៅប្រើប្រាស់បាន ឬប្រើប្រាស់មិនបានគឺជារឿងរបស់គណបក្សភ្លើងទៀន។
លោកថ្លែងថា៖ «លិខិតបញ្ជាក់ហ្នឹងមានចេញ។ ឧទាហរណ៍ក្រសួងមហាផ្ទៃក្តី ឬពូក្តីធ្វើការបញ្ជាក់ បានបញ្ជាក់ហើយតើ! ពូបានចេញសំបុត្រកំណើត ហើយយកទៅប្រើប្រាស់តាមការដែលអាចប្រើបានតើ! ប្រើបាន ឬប្រើមិនបាន វារឿងផ្សេង! ទៅយកលេស យកអីដល់ណាទៀតហ្នឹង? ហើយចង់បង្កលក្ខណៈស្អីបន្តទៀត ទៅមិនរួចទេ! កុំមកចង់បះបោរ បះអី។ គេដឹង[ទម្លាប់]អាក្រក់របស់ពួកមេដឹកនាំនោះ ដាច់ក្បាល ដាច់កន្ទុយឱ្យវាស្រឡះទៅ!»
លោក ខៀវ សុភ័គ បន្ថែមថា ក្រសួងមហាផ្ទៃនឹងមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនប្រមូលផ្តុំអ្វីនោះទេ ព្រោះលោកថា ក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នកំពូលរបស់រដ្ឋ បានសម្រេចបិទផ្លូវតវ៉ារួចរាល់ហើយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញលោក ព្រហ្ម វិចិត្រអក្ខរា បាននៅឡើយទេ។
ដោយឡែកលោក រ៉ុង ឈុន បញ្ជាក់ថា ប្រកាសលេខ១៩៣ ដែលជាច្បាប់ដើម ដើម្បីអាចយកទៅបញ្ជាក់នីត្យានុកូលកម្មដែលស្ថាប័នគ.ជ.ប តម្រូវ គឺបាត់ពិតប្រាកដមែន។
លោក រ៉ុង ឈុន បន្តថា បើសិនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា គណបក្សភ្លើងទៀនមានល្បិចកលមិនចង់ចូលរួមការបោះឆ្នោតខាងមុខ ដូច្នេះលោក ហ៊ុន សែន គួរតែសម្រួលឱ្យគណបក្សបានចុះបញ្ជី ហើយរង់ចាំមើលថា គណបក្សចូលរួមការបោះឆ្នោត ឬយ៉ាងណា៕