ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែន៖ កង្វះឯកសារ​​ចុះបញ្ជី​ឈរ​ឈ្មោះរបស់​គណ​បក្ស​ភ្លើង​ទៀន​ជា​ឧបាយកលនិង​ជា​ចេតនា​យក​បរទេស​មក​គាប​សង្កត់​កម្ពុជា


រូបផ្គុំនៃទង់តំណាងគណបក្សភ្លើងទៀន (ឆេ្វង) និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។
រូបផ្គុំនៃទង់តំណាងគណបក្សភ្លើងទៀន (ឆេ្វង) និងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះ​ ចាត់ទុក​ថា​ ការ​ខ្វះ​ឯកសារ​របស់​គណបក្ស​ភ្លើង​ទៀនគឺជាឧ​បាយកល និង​ជា​គោលដៅ​រ​បស់​គណបក្ស​ប្រឆាំង​ដោយ​ផ្ទាល់ ដែល​មិន​ចង់​ចូល​រួម​ការបោះឆ្នោត​។ ម្យ៉ាង​ទៀត​លោក ហ៊ុន សែន​ ថា ការណ៍​នេះ​ជា​ចេតនា​ចង់​យក​បរទេស​មក​គាប​សង្កត់​រដ្ឋា​ភិបាល​កម្ពុជា។​

គណបក្ស​ភ្លើងទៀន​ ដែល​គេ​ជឿ​ថាជា​គូ​ប្រជែង​សំខាន់​មួយ​របស់​គណបក្ស​កាន់​អំណាច​នៅក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០២៣ នេះ​ បាន​ចូលរួម​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​កាលពីខែ​មិថុនា ឆ្នាំ​ ២០២២​ និង​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រជា​ពល​រដ្ឋ​ជាង​ ១​លាន ​៦​សែន​នាក់។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ គណបក្ស​ជំទាស់​នេះ​ បាន​បាត់​ឱកាស​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ ២០២៣​ ក្រោយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​ស្ថិតក្រោម​ការ​គ្រប់​គ្រង​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ទទួលសា្គល់ការ​បដិសេធ​របស់​គណៈ​កម្មាធិការ​ជាតិរៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ ដែល​បាន​ច្រាន​ចោល​សំណើសុំ​ចុះបញ្ជីគណបក្ស និង​បេក្ខជន​គណបក្ស​នេះ​ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​ ដោយ​ហេតុថា​គណបក្សនេះ​គ្មាន​ឯកសារ​រដ្ឋបាល​ពាក់​ព័ន្ធ​គ្រប់​គ្រាន់​កំណត់​ដោយ ​គ.ជ.ប​សម្រាប់​ការ​ចុះ​បញ្ជី។

នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​បង​ប្អូន​កម្មករ និយោជិត នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ​រ៉ូយ៉ាល់​គ្រុប ​ភ្នំពេញ​ នៅថ្ងៃសុក្រ​នេះ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានតិះតៀនគណបក្ស​ភ្លើងទៀន​ថា ការ​ខ្វះ​ខាត​ឯក​សារ​ចុះ​បញ្ជី​ឈ្មោះ​របស់​គណបក្ស​ភ្លើងទៀន មិន​មែន​ជារឿង​ចៃដន្យទេ ហើយលោក​យល់​ថា វា​ជា​ឧបាយកល​នយោបាយ​របស់​មេ​ដឹក​នំា​គណបក្ស​ជំទាស់​មួយ​នេះ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «ពិត​ហើយ​គណ​បក្ស​ខ្លះ​ត្រូវ​បាន​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទាត់​ចោល​មិន​ឱ្យ​ឈរ​ឈ្មោះ មាន​គណបក្ស​ពីរ​ក្នុង​ចំណោម​គណបក្ស​ ២០ សំបុត្រ​កំណើត​មួយ​សន្លឹក​ខ្ញុំ​មិន​ជឿ​ថា​បាត់​ទេ។ វា​នៅ​ជាមួយ​នរណា​ម្នាក់​ដែល​ជា​មេ​ដឹកនាំ​ គោលដៅ​របស់​គេ ​ដែល​ខ្ញុំ​វិភាគ​នៅ​កន្លែង​នេះ​ គោលដៅ​របស់​គេ​ គេ​មិន​ចង់​ឱ្យ​គណបក្ស​នេះ​ចូលរួម​បោះ​ឆ្នោត​ទេ ដោយ​គេ​ដឹង​ថា​ វា​ចាញ់​ ប៉ុន្តែ​ដែល​គេ​ចង់​បាន​ គឺ​គេ​យកបរទេស​មក​គាប​កម្ពុជាៗ។ វា​មិន​ដែល​ម៉ែ​អាណា​គ្រាន់​តែ​បញ្ជី​ជាតិ​មួយ​សន្លឹក​ វា​ធ្វើ​ឱ្យ​បាត់ទេ វា​មិន​ដែល»។

លោក​ ហ៊ុន សែន ដែល​បាន​ស្ថិត​ក្នុង​អំណាច​ជិត​បួន​ទសវត្សរ៍​បន្តថា ​ប្រសិន​បើ​មេដឹកនាំ​នយោបាយជំទាស់​ខ្លះ​ដែល​នៅក្រៅ​ប្រទេស​ ហើយ​មាន​ទំនាក់​ទំនង​ជាមួយ​គណបក្ស​ភ្លើងទៀន​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជានា​ពេលនេះ​ ឯកសារ​ដែល​ខ្វះ​ខាត​ទាំង​អស់​នោះ​នឹង​ត្រូវ​បាន​រក​ឃើញ​ភ្លាមៗ។

លោក​បន្ថែមថា៖ «ខ្ញុំ​មិន​យល់​មិន​ដល់​អំពី​ហ្នឹង​ទេ​ ពីព្រោះ​ខ្ញុំ​មិន​មែន​គណៈ​កម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ហើយ​ខ្ញុំ​ក៏​មិន​មែន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ប៉ុន្តែ​គិត​មើល​ខ្ញុំ​គិត​ថា ​ជា​ឧបាយកល​របស់​អ្នកណា​មួយ​ដែល​ធ្វើ​ឱ្យ​បាត់​ វា​មិន​ដែល​អាណា​បាត់​បញ្ជី​ជាតិ​នេះ។ ហើយ​វា​មាន​តែ​អា​មេ​ដឹក​នាំ​សំខាន់ៗ​ហ្នឹង​ គោលដៅ​របស់​គេ​គឺ​ចង់​ឱ្យ​មាន​ការ​ប្រឈម​ជាមួយ​នឹង​បរទេស​ខ្លះ ដែល​ស្រឡាញ់​ពួក​គេ​នោះ។ ឥឡូវ​ប្រសិន​បើ​អ្នក​ទាំង​ហ្នឹង​នៅ​ក្នុង​ស្រុក​ ខ្ញុំ​ថា​ដាក់​ប៉ូលិស​ឆែក​ហ្មង​ បើ​មិន​រក​ឃើញ​ឥឡូវ​ហ្នឹង​ បើ​មិន​រក​ឃើញ វា​គ្មាន​បាត់​ទៅ​ណា​ទេ ​ប៉ុន្តែ​លាក់ វា​មាន​គោល​ដៅ​នយោបាយ​ជាក់​លាក់ៗ»។

ក្រោយ​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​កាលពី​ម្សិលមិញ​ គណបក្ស​ភ្លើង​ទៀន​ បាន​សម្តែង​ការ​សោក​ស្តាយ ​ដែល​ខ្លួន​មិន​មាន​សិទ្ធិ​ចូលរួមការ​បោះឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ​ ដោយ​សារតែ​ គ.ជ.ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ បាន​បដិ​សេធ​មិន​ឱ្យ​គណ​បក្ស​ជំទាស់​នេះ​ចូល​រួម។ ​គណបក្ស​ជំទាស់​ដែល​ធ្លាប់​មាន​ឈ្មោះ​ដើម​ជាគណបក្ស​ សម រង្ស៊ី នេះ​ នៅអះ​អាង​ថា ​គណបក្ស​ខ្លួន​ បាន​រៀប​ចំ​ឯកសារ​ត្រឹម​ត្រូវ និង​ទាន់​ពេល​វេលា ដើម្បីចុះ​បញ្ជី​គណបក្ស​នយោបាយ ដើម្បី​ចូល​រួម​ប្រកួត​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ អាណត្តិ​ទី ៧ នេះ។

អ្នកគាំទ្រគណបក្សភ្លើងទៀនចូលរួមហែក្បួននៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ នៅខេត្តសៀមរាប ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)
អ្នកគាំទ្រគណបក្សភ្លើងទៀនចូលរួមហែក្បួននៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ នៅខេត្តសៀមរាប ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២។ (លាស់ លីបលីប/វីអូអេ)

​គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ចាត់ទុកថា ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញជា​ការ​សម្រេចមិនស្រប​តាមស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងបារីស​ ២៣ តុលា ១៩៩១ មិនស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​ស្តីពីការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ និង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។ នេះបើតាម​សេចក្តី​ថ្លែងការណ៍​គណបក្ស​ភ្លើង​ទៀន​ចេញផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃព្រហស្បតិ៍។

គណបក្ស​ភ្លើង​ទៀន​ ក៏​បាន​ចាត់​ទុក​ថាការ​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ បាន​បង្ក​ផលប៉ះ​ពាល់​ដល់​សិទ្ធិ​ក្នុង​កា​រចូលរួម​ការ​បោះឆ្នោត​របស់​គណបក្ស ​ប៉ះពាល់​ដល់សិទ្ធិ​បោះឆ្នោត និង​សិទ្ធិឈរ​ឈ្មោះ​ឱ្យគេ​បោះឆ្នោត​ និង​ប៉ះពាល់​ដល់​សិទ្ធិនិង​ការ​សម្រេច​ចិត្ត​ក្នុង​កា​រចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្រ្ត​ ស្រប​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ ជាពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណជិត​ ២លាន​នាក់ ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ភ្លើងទៀន​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ ឆ្នាំ​ ២០២២។

អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​ លោក គីមសួរ ភិរិទ្ធ ​ប្រាប់​វីអូអេ​នៅថ្ងៃ​សុក្រនេះថា​ ប្រកាស​លេខ​១៩៣ ដែល​ស្ថាប័ន ​គ.ជ.ប តម្រូវ​ឱ្យមានបញ្ជាក់​នីត្យានុកូលកម្ម​នោះ ពិត​ជា​បាត់​ពិតមែន។ លោក​បន្ថែម​ថា​ គណបក្ស​ភ្លើងទៀន​ ​គ្មាន​គំនិត​គិត​ចង់​បង្ក​បញ្ហា​អ្វី​ដល់​រដ្ឋាភិបាល​នោះ​ទេ​ ហើយ​គណបក្សពិតជា​មាន​បំណង​ចូលរួម​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​មែន ទើប​ព្យាយាម​ស្វែង​រកដំណោះ​ស្រាយ​ជាបន្ត​បន្ទាប់​មក​នោះ។ ​

​លោក​បន្ត​ថា គណបក្ស​ក៏ព្យាយាម​សុំ​ការ​បញ្ជាក់​ប្រកាស​នោះ​ពី​ក្រសួង​មហាផ្ទៃ​ដែរ ​ប៉ុន្តែ​ក្រសួង​មហាផ្ទៃថា មិន​អាច​បញ្ជាក់​ដូច​ដែល ​គ.ជ.ប ចង់​បាន​នោះ​ទេ ដោយ​ចេញ​ត្រឹម​លិខិត​បញ្ជាក់​ទទួល​ស្គាល់​គណបក្ស​ភ្លើងទៀន ថា​ពិតជា​បាន​ចុះបញ្ជី​នៅក្រសួង​មហាផ្ទៃ​តែប៉ុណ្ណោះ។

លោកថ្លែងថា៖ ​«ការ​ដែល​បាត់​ប្រកាសលេខ ​១៩៣ ​ហ្នឹង​ គឺ​ជា​ការ​បាត់​បង់​ពិតប្រាកដ​ គ្មាន​ចេតនា​ចង់​បង្ក​បញ្ហា​អ្វី​ឱ្យ​មាន​ការ​លំបាក​ដ​ល់​រាជ​រដ្ឋាភិបាល​ទេ។ ហើយអ៊ីចឹង​បានយើង​ខិតខំ ស្វះស្វែង​ទៅ​សុំជួប​ក្រសួង​មហាផ្ទៃ​ សុំ​ឱ្យ​គេថត​ចម្លង​ឱ្យលិខិត​ហ្នឹង​ ២ទៅ៣ដង​ ហើយ​ពួកគេក៏​អត់​ថា ​អត់ធ្វើ​បាន​ឱ្យ​យើង។ អ៊ីចឹង​យើង​ពិតជា​មាន​ចេតនា​ចង់​ចូល​រួមការ​បោះឆ្នោត​ហ្នឹង​តាម​បែប​លក្ខណៈ​ប្រជាធិបតេយ្យ​សេរី។ ហើយ​បើ​សិន​ជា​គេឱ្យ​ចូលរួម​ គឺ​យើងអរ​ណាស់​ ឥឡូវហ្នឹង ​អត់មាន​ចេតនា​អីទៅធ្វើ​ឱ្យ​មាន​បញ្ហា​អី​ទេ»។​

ប្រការ​ ៤.៧.៣​ នៃបទ​បញ្ជា និង​នីតិវិធីសម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាល​ទី ៧ ឆ្នាំ ២០២៣ ដែល​ប្រធានគណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​ លោក ប្រាជ្ញ ចន្ទ ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការកាលពី​ថ្ងៃទី​ ២៧ ខែ​ធ្នូ ឆ្នាំ ២០២២ បាន​ចែង​ថា ​ពាក្យ​សុំ​ចុះបញ្ជី​គណ​បក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ ត្រូវ​ភ្ជាប់​មក​ជាមួយសេច​ក្តី​ចម្លង​លិខិត​បញ្ជាក់​ការ​ចុះ​បញ្ជី​គណបក្ស​នយោ​បាយ​នៅ​ក្រសួង​ម​ហា​ផ្ទៃ​មួយ​ច្បាប់​ និង​មាន​តម្រូវ​ឯកសារ​មួយចំនួនទៀត។

​ចំណែក​ស្ថាប័ន​រៀប​ចំការ​បោះឆ្នោត​ គ.ជ.ប​ បាន​តម្រូវ​ឱ្យគណបក្ស​ភ្លើង​ទៀន​ ភ្ជាប់​សេច​ក្តី​ចម្លង​លិខិត​បញ្ជាក់​ការ​ចុះ​បញ្ជី​គណបក្ស​នយោ​បាយ​នៅ​ក្រសួង​ម​ហា​ផ្ទៃ​មួយ​ច្បាប់ ដោយ​មាន​នីត្យានុកូល​កម្ម ដោយ​រដ្ឋបាល​រាជ​ធានី ខេត្ត​ ក្រុង​ ខណ្ឌចំនួន​មួយ​ច្បាប់។

​ការទាម​ទារ​ឱ្យ​គណ​បក្ស​ភ្លើង​ទៀន បំពេញ​ឯក​សារ​ដែល​មាន​នីត្យានុកូល​កម្ម​នេះ ​លោកមេធាវី​ ជូង ជូងី បាន​បង្ហោះ​សារលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​កាល​ពី​ថ្ងៃ​ទី ១៣ ខែ​ឧសភា ថា៖​ «ច្បាប់​មិន​តម្រូវ​ឱ្យមានការ​បញ្ជាក់​នីត្យា​នុ​កូល​កម្ម​ទេ ប៉ុន្តែ​ គ.ជ.ប ​បែរ​ជា​តម្រូវ​ឱ្យ​មានការ​បញ្ជាក់​នីត្យា​នុកូល​កម្ម»។​

​អ្នក​នាំ​ពាក្យគណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត ​(គ.ជ.ប) ​លោក ហង្ស ពុទ្ធា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការ​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ភ្លើង​ទៀន​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ លោកថា​ គ.ជ.ប ​បាន​ធ្វើ​ត្រឹម​ត្រូវ​តាម​ច្បាប់​ បទ​បញ្ជា និង​នីតិ​វិធី​ផ្សេង​ៗ​នៃ​ការ​បោះ​ឆ្នោត។ លោក​ថ្លែង​ថា៖ «យក​ប្រកាសៗ​ហ្នឹង​ឯង​គឺ Photocopy [ថត​ចម្លង] យក​ទៅ​ធ្វើ​នីត្យា​នុកូល​កម្ម បាទ​ហ្នឹង​ជា​អ្វី​ដែល​ចង់​បាន​គឺ​ប៉ុណ្ណឹង ប៉ុន្តែ​គណ​បក្ស​លោក​អត់​មាន​ខ្លួន​ឯង​ណា​បាទ»។

​វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក ប៊ុន ហុន រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ និង​លោក ព្រហ្ម វិចិត្រ អក្ខរា ​អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សាធម្មនុញ្ញ​បាន​នៅ​ឡើយ​ទេ។

ដោយឡែក អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា​ ការ​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក្នុង​ការ​បដិសេដ​ចុះ​បញ្ជី​គណបក្ស​ភ្លើងទៀន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នីតិកាល​ទី ៧ ជា​ការ​បំពាន​សិទ្ធិ និង​អយុតិ្តធម៌​ ព្រម​ទាំង​ជះ​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។

អង្គការ​អន្តរជាតិមួយ​នេះ​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើង​វិញ​ចំពោះ​សេចក្តី​សម្រេច​លើ​គណបក្ស​ភ្លើង​ទៀន និង​ជុំរុញឱ្យ​មាន​ការ​ដោះ​លែង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា និង​អ្នក​ទោស​នយោ​បាយ​ផ្សេងៗ​ទៀត។

សេចក្តី​ប្រកាស​ដដែល​របស់​អង្គការ​ឃ្លាំមើលសិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) បានលើកឡើង​ថា៖ «រដ្ឋាភិបាល​រួម​មាន​សហរដ្ឋ​អាមេរិក ជប៉ុន កូរ៉េ​ខាង​ត្បូង សហភាព​អឺរ៉ុប និង​ប្រទេស​ដែល​ជា​សមាជិក​របស់​ខ្លួន រួម​ទាំង​អូស្ត្រាលី ត្រូវ​តែ​ចាត់​វិធាន​ការ​បន្ថែម​ទៀត​ដើម្បី​ដាក់​សម្ពាធ​ដល់​រដ្ឋា​ភិបាល​ឱ្យ​បញ្ឈប់​ការ​បង្រ្កាប​លើ​សមាជិក​នយោ​បាយ​បក្ស​ប្រឆាំង និង​សកម្មជន​សង្គម​ស៊ីវិល»។

សេចក្តី​ប្រកាស​បន្ថែមថា៖ «ក្រុម​ការងារ​របស់​អង្គការ​សហ​ប្រជាជាតិ និង​ទី​ភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ ត្រូវ​តែ​បញ្ចប់​ភាព​ស្ងៀម​ស្ងាត់​របស់​ពួក​គេ​ដោយ​អចេតនា នៅ​ចំពោះ​មុខ​ការ​បំបាត់​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​ផ្ញើ​សារ​រួម​គ្នា​យ៉ាង​ច្បាស់​ថា ការ​ផុត​ពូជ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ និង​សេរីភាព​ជា​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​មិន​ត្រូវ​បាន​ទទួល​យក​ឡើយ»។ការ​បដិសេធ​របស់ ​គ.ជ.ប ​ក្នុង​ការ​ចុះ​បញ្ជី​របស់​គណបក្ស​ភ្លើង​ទៀន​ ក៏​ត្រូវ​បាន​សហភាព​អឺរ៉ុប​បញ្ជាក់​ថា​ គឺ​ជា​សញ្ញា​បារម្ភ​មួយ​ទៀត​នៃ​ការ​រួម​តូច​នៃ​សេរីភាព​សម្រាប់​គណបក្ស​នយោ​បាយ​ ក្នុង​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នា​ពេល​ខាងមុខ៕

XS
SM
MD
LG