ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប បដិសេធ​សំណើ​សុំ​ចុះ​ឈ្មោះ​របស់​គណបក្ស​ភ្លើងទៀន​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត


រូបភាព​ឯកសារ៖ ទីស្នាក់ការ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី​១៩​ ខែមករា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
រូបភាព​ឯកសារ៖ ទីស្នាក់ការ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី​១៩​ ខែមករា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា ​គ.ជ.ប នៅ​ថ្ងៃ​ចន្ទ​នេះ បាន​បដិសេធ​សំណើ​សុំ​ចុះ​ឈ្មោះ​របស់​គណបក្ស​ភ្លើង​ទៀន​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ​។

គណ​បក្ស​ភ្លើង​ទៀន​ជា​គណ​បក្ស​ជំទាស់​ដ៏​ធំមួយ​ និងធ្លាប់​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រជា​ពល​រដ្ឋជាង​១​លាន ​៦​សែន​នាក់ កាល​ពីការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នា​ខែ​មិថុនា ឆ្នាំ​២០២២។ ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ ហេតុ​អ្វី​បាន​ជា​គណ​បក្ស​មួយ​នេះ​អា​ចចូលរួម​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​បាន​កាល​ពី​ឆ្នាំ​មុន ដោយ​ស្ថាប័ន​គ.ជ.ប មិន​ទាមទារ​ឯកសារ​ដើម ដែល​ជា​ប្រធាន​បទ​ចម្រូង​ចម្រាស​នៃ​ការ​ខ្វែង​គំនិត​គ្នា​រវាង​គណបក្ស​ភ្លើង​ទៀន​ និង​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត ដែល​រង​ការ​រិះគន់​ថា ​ដឹកនាំ​ដោយ​អ្នក​ដែល​មាន​អតីត​ភាព​ជាមួយ​គណ​បក្ស​កាន់​អំណាច។

​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ គ.ជ.ប បញ្ជាក់​ថា៖ «បដិសេធ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នី​តិកាល​ទី​៧ ឆ្នាំ​២០២៣ ​របស់​គណ​បក្ស​ភ្លើងទៀន​ ដែល​មាន​២៥​មណ្ឌល​រាជធា​នី​ខេត្ត ដោយ​មូលហេតុគណបក្ស​ភ្លើង​ទៀន​មិន​បាន​ភ្ជាប់​មក​ជា​មួយ​នូវ​ប្រកាស​ស្តីពី​ការចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោ​បាយ​នៅ​ក្រសួងមហាផ្ទៃ​ដែល​មាន​បញ្ជាក់​នីត្យា​នុកូល​កម្ម»។

រូបឯកសារ៖ អ្នកគាំទ្រ​គណបក្ស​ភ្លើង​ទៀន​ដង្ហែ​ក្បួន​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​បញ្ចប់​នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២២។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ អ្នកគាំទ្រ​គណបក្ស​ភ្លើង​ទៀន​ដង្ហែ​ក្បួន​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​បញ្ចប់​នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២២។ (ស៊ុន ណារិន/វីអូអេ)

កាល​ពី​ពេល​កន្លង​ទៅ ​គ.ជ.ប បាន​ទាម​ទារ​ឱ្យ​គណ​បក្ស​ភ្លើង​ទៀន​ដាក់សេចក្តី​ចម្លង​លិខិត​បញ្ជាក់​ការ​ចុះ​បញ្ជី​គណ​បក្ស​នយោ​បាយ​នៅ​ក្រសួង​មហាផ្ទៃ​ ដែល​បញ្ជាក់​នីត្យា​នុ​កូលកម្ម​ ដោយ​រដ្ឋ​បាល​រាជធានី ខេត្ត​ ក្រុង​ ស្រុក ខណ្ឌ ចំនួន​មួយ​ច្បាប់។ ហើយឯក​សារ​ចុះ​បញ្ជី​គណបក្ស​នយោ​បាយ​ដើម ​ដែល​ស្ថាប័ន​ គ.ជ.ប ​ទាមទារ​ គឺ​បាន​បាត់​អំឡុង​ពេល​តុលាការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ។ នេះ​បើ​តាម​អ្នកនាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន។

​លោក ​គីមសួរ ​ភិរិទ្ធ អ្នក​នាំ​ពាក្យ​គណ​បក្ស​ភ្លើង​ទៀន​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ​គណបក្ស​បាន​ព្យាយាម​ស្នើ​សុំ​សេច​ក្តី​ចម្លង​លិខិត​បញ្ជាក់​ការ​ចុះ​បញ្ជី​គណ​បក្ស​នយោ​បាយ ពី​ក្រសួង​មហា​ផ្ទៃ ដោយ​បាន​ទៅ​ជួប​ជាមួយរដ្ឋលេខាធិ​ការ​ក្រសួង​មហាផ្ទៃ លោក ប៊ុន ហ៊ុន កាល​ពី​ថ្ងៃទី​១២ ខែ​ឧសភា ប៉ុន្តែ​រដ្ឋ​លេខាធិការ​រូប​នេះ​ថា​ ក្រសួង​មហាផ្ទៃ​មិនអាចបញ្ជាក់​លិខិត​មាន​នីត្យា​នុកូល​កម្ម​ ដែល​គ.ជ.ប ​ទាម​ទារ​នោះ​ឱ្យ​មក​គណ​បក្ស​បាន​ទេ​ និង​បញ្ជាក់​ថា ​លិខិត​ដែល​ក្រសួង​មហា​ផ្ទៃ​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី៥​ ខែ​ឧសភា​ គឺ​ស្រប​ច្បាប់ និង​អាច​យក​ទៅ​ប្រើ​ប្រាស់​តាម​តម្រូវ​ការបាន។ ប៉ុន្តែ​ស្ថាប័ន​គ.ជ.ប មិន​ព្រម​ទទួល​។

​លោក គីមសួរ ​ភិរិទ្ធ ​បន្ថែម​ថា​ ក្រសួង​មហាផ្ទៃ ​មិន​បាន​បញ្ជាក់​មូល​ហេតុជាក់​លាក់​ថា​ ហេតុអ្វីបាន​ជា​ក្រសួងមិន​អាច​ចម្លង​ច្បាប់​ដើម​ ​ដែល​មាន​នីត្យា​នុកូល​កម្ម​ ទៅ​តា​ម​អ្វី​ដែល​ស្ថាប័ន​គ.ជ.ប ទាម​ទារ​នេះ​ទេ ​ដោយ​គ្រាន់​តែ​ថា ក្រសួង​មហាផ្ទៃ​មិន​លូក​លាន់ចូល​ក្នុង​សមត្ថ​កិច្ច​របស់​ស្ថាប័ន​គ.ជ.ប ​នោះ​ទេ។

​លោក​ថ្លែង​ថា​៖​ «​យើង​បាន​ទទូច​សុំ​ម្តង​ទៀត ​ប៉ុន្តែ​គេ​[ក្រសួង​មហាផ្ទៃ​]​ថា ​គេ​អត់​អាច​ចម្លង​ច្បាប់​ដើម​ហ្នឹង​ឱ្យបាន​ទេ​។ គេ​ថា​លិខិត​ដែល​គេ​ចេញ​បញ្ជាក់​ហ្នឹង​គឺ​ វា​មាន​អត្ថ​ន័យ​គ្រប់គ្រាន់​តាម​ផ្លូវ​ច្បាប់​ ពី​ព្រោះ​យើង​អាច​យក​ទៅ​ប្រើ​ប្រាស់​ តាម​អ្វី​ដែល​ត្រូវការ​ ដែល​ស្រប​ច្បាប់។​ អ៊ីចឹង​គេប្រាប់យើង​ថា​លិខិត​ហ្នឹង​ ប៉ុន​ហ្នឹង​ បើសិនជា​យើង​យក​ទៅ​ប្រើ​ គឺ​គ្រប់​គ្រាន់​ហើយ​ ដោយ​សារ​យើង​គណបក្ស​ដែល​បាន​ចុះ​បញ្ជី​ ដែល​ក្រសួង​មហា​ផ្ទៃ​ទទួល​ស្គាល់»។

​វីអូអេមិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ​ ​លោក ប៊ុន ហ៊ុន បាន​នៅឡើយ​ទេ។

លោក ប៊ុន ហ៊ុន ​កាលពី​ថ្ងៃ​ទី​៥ខែឧសភា​ បាន​ចេញ​លិខិត​បញ្ជាក់​ថា ​ក្រសួង​មហាផ្ទៃ​សូម​ការ​បញ្ជាក់​ថា ​គណបក្ស​ភ្លើងទៀន​បាន​ចុះ​បញ្ជី​គណ​បក្ស​នៅក្រសួង​មហាផ្ទៃ ស្របតាម​ច្បាប់​ស្តីពី​គណ​បក្ស​នយោបាយ ដែលមាន​លោក ទាវ វណ្ណុល ជាប្រធាន​គណ​បក្ស និង​មាន​អាសយ​ដ្ឋាន​ទីស្នាក់​ការ​កណ្តាល​បច្ចុប្បន្ន​នៅ​ផ្ទះ​លេខ​៣២០ ​អឺសេរ៉ូ ផ្លូវ​លេខ១០​ ម៉ែត្រ​ថ្មី​(បុរីពិភពថ្មី)​ ភូមិ​បាយ៉ាប ​សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ ​រាជ​ធានី​ភ្នំ​ពេញ។

​អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក គីមសួរ​ ភិរិទ្ធ​ ថ្លែង​ថា ​គណ​បក្សនឹង​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​តាម​នីតិ​វិធី​បន្ត​ទៀត​។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ហង្ស ពុទ្ធា លោក ឌឹម សុវណ្ណរុំ ​និង​លោក ខន កែវ​មនោ ​ដែល​ជា​អ្នក​នាំ​ពាក្យ​គ.ជ.ប ​បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ។

​កាល​ពី​សប្តាហ៍​មុន គណបក្ស​ភ្លើង​ទៀន បាន​ប្រកាស​ប្រមូល​ផ្តុំ​ដើម្បី​តស៊ូ​មតិ ប្រសិន​បើ​គណ​បក្ស​ជំទាស់​មួយ​នេះ​មិន​ត្រូវ​បាន​ចុះ​ឈ្មោះ​ដោយ​គ.ជ.ប ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជាតិ​ នា​ថ្ងៃ​ទី​ ២៣ ខែ​កក្កដា ឆ្នាំ២០២៣។

ក្រោយ​ការ​ប្រកាស​នេះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏​ព្រ​មាន​ចាប់​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ភ្លើង​ទៀន​ដាក់​ពន្ធនាគារ ​និងប្រើ​ប្រាស់​វិធាន​ការ​ច្បាប់ ប្រសិន​បើ​នៅតែ​មាន​ការ​ប្រមូល​ផ្តុំ​តវ៉ា​ណា​មួយ​ នៅ​ពេល​ស្ថាប័ន​គ.ជ.ប ​សម្រេច​មិន​អនុ​ញ្ញាត​ឱ្យ​គណ​បក្ស​ប្រឆាំង​មួយ​នេះ​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត៕

XS
SM
MD
LG