ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​បង្ហាញ​មតិ​ចម្រុះ​ជុំវិញ​ការបដិសេធ​របស់​គ.ជ.ប ចុះ​ឈ្មោះ​គណបក្ស​ភ្លើងទៀន​សម្រាប់​ការបោះឆ្នោត


អគារ​ទីស្នាក់ការ​គណបក្ស​ភ្លើងទៀន​ថត​នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
អគារ​ទីស្នាក់ការ​គណបក្ស​ភ្លើងទៀន​ថត​នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

ប្រជា​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​បាន​បង្ហាញ​មតិ​ចម្រុះ​ជុំវិញ​ការ​បដិសេធ​របស់​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប មិន​ឱ្យគណបក្ស​ភ្លើង​ទៀន​ ចូលរួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នីតិកាល​ទី​៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៣ ខែ​កក្កដា ខាង​មុខ​នេះ។ ពួកគេ​ខ្លះ​យល់​ស្រប​នឹង​ការ​សម្រេច​របស់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត។ ចំណែក​អ្នក​ខ្លះ​ទៀត​អះអាង​ថា​ស្ថាប័ន​គ.ជ.ប គួរ​តែ​អនុញ្ញាត​ឱ្យគណបក្ស​ភ្លើង​ទៀន​បាន​ចូលរួម​ការ​បោះ​ឆ្នោត។

លោក ឈន់ ម៉េងហេង អាយុ​២២​ឆ្នាំ លើក​ឡើង​ថា​ នៅ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត គណបក្ស​គួរ​តែ​មាន​ឯកសារ និង​បំពេញ​លក្ខ​ខណ្ឌ​ត្រឹមត្រូវ​តាម​ច្បាប់​។ លោក​យល់​ថា ​ការ​សម្រេច​របស់ គ.ជ.ប បដិសេធ​ចុះ​បញ្ជី​គណបក្ស​ភ្លើង​ទៀន​ជា​រឿង​ត្រឹម​ត្រូវ។

លោក ឈន់ ម៉េងហេង អាយុ​២២ ឆ្នាំ និស្សិត​ឆ្នាំ​ទី៤ ជំនាញ​នីតិសាស្រ្ត​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច ផ្តល់​កិច្ចសម្ភាសន៍​ដល់​វីអូអេ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
លោក ឈន់ ម៉េងហេង អាយុ​២២ ឆ្នាំ និស្សិត​ឆ្នាំ​ទី៤ ជំនាញ​នីតិសាស្រ្ត​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច ផ្តល់​កិច្ចសម្ភាសន៍​ដល់​វីអូអេ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

លោក​ថ្លែង​ថា៖ «ដើម្បី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មួយ​ត្រូវ​មាន​លក្ខខណ្ឌ​តាម​ច្បាប់ គ្រប់​គ្រាន់​តាម​ច្បាប់​ អ៊ីចឹង​បើ​គណបក្ស​ភ្លើង​ទៀន​គាត់​អត់​មាន​ឯកសារ​គ្រប់​គ្រាន់​តាម​ផ្លូវ​ច្បាប់​ទេ គ.ជ.ប អាច​បដិសេធ​ចោល​ហ្នឹង​ជា​ការ​ត្រឹមត្រូវ»។

និស្សិត​ឆ្នាំ​ទី​៤​ ជំនាញ​នីតិ​សាស្រ្ត​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្រ្ត និង​វិទ្យា​សាស្រ្ត​សេដ្ឋកិច្ច​រូប​នេះ​បន្ត​ថា ​ការ​បដិសេធ​មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ឈរ​ឈ្មោះ​បោះឆ្នោត​មិន​មាន​ប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិប​តេយ្យ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ដោយ​សារ​ច្បាប់​បាន​ផ្តល់​អំណាច​ឱ្យ​គ.ជ.ប ក្នុង​ការ​បដិសេធ​គណបក្ស​នយោបាយ​ណា​ដែល​មិនផ្តល់​ឯកសារ​គ្រប់គ្រាន់​សម្រាប់​ចុះ​បញ្ជី​ឈរ​ឈ្មោះ​បោះ​ឆ្នោត។

លោក​បន្ត​ថា៖ «ចំពោះ​លទ្ធិ​ប្រជា​ធិប​តេយ្យ វា​មិន​ប៉ះពាល់​ទាំង​ស្រុង​ទេ​ចំពោះ​គណ​បក្ស​មួយ។ យើង​ដឹង​ថា​ គណបក្ស​យើង​ត្រូវ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ហើយ តែ​គាត់​អត់​មាន​យក​ឯកសារ​គ្រប់គ្រាន់​ទៅ​ដាក់​ឱ្យ​ គ.ជ.ប ទេ។ អ៊ីចឹង គ.ជ.ប គាត់​មាន​សិទ្ធិ ច្បាប់​មាន​ផ្តល់​អំណាច​ឱ្យ​គាត់​ដើម្បី​បដិសេធ​គណបក្ស​ណា​មួយ​មិន​ឱ្យ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​បាន​»។

កំពុង​អង្គុយ​ចាំ​ភ្ញៀវ​លើ​ Passapp មួយ លោក ថាប់ សុគន្ធា មាន​មតិ​ផ្ទុយ​នឹង​និស្សិត​ខាង​លើ។ លោក​ថ្លែង​ថា​ គណ​បក្ស​ភ្លើង​ទៀន​ធ្លាប់​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ម្តង​រួច​ទៅ​ហើយ កាល​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ កន្លង​ទៅ ដូចេ្នះ​ហើយ​លោក​មាន​ចម្ងល់​ទៅ​លើ​ការ​បដិសេធ​របស់​ស្ថាប័ន​ គ.ជ.ប ដែល​មិន​អនុញ្ញាតឲ្យ គណបក្ស​ភ្លើង​ទៀន​ចុះ​បញ្ជី​។

លោក ថាប់ សុគន្ធា អាយុ​៥០​ឆ្នាំ ជា​អ្នក​បើកបរ Passapp នៅ​ផ្សារ​កណ្តាល​ក្នុង​រាជធានី​ភ្នំពេញ ផ្តល់​កិច្ចសម្ភាសន៍​ដល់​វីអូអេ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
លោក ថាប់ សុគន្ធា អាយុ​៥០​ឆ្នាំ ជា​អ្នក​បើកបរ Passapp នៅ​ផ្សារ​កណ្តាល​ក្នុង​រាជធានី​ភ្នំពេញ ផ្តល់​កិច្ចសម្ភាសន៍​ដល់​វីអូអេ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​ថា៖ «សម្រាប់​ពូ​ជា​ពលរដ្ឋ​សាមញ្ញ ពូ​មិន​ទៅ​ជំទាស់​ផ្លូវ​ច្បាប់​ទេ ប៉ុន្តែ​គ្រាន់​តែ​យើង​ក្រឡេក​ក្រោយ​ថា ​ការ​បោះ​ឆ្នោត​ ២​ដង​កន្លង​ទៅ​ ម៉េច​ក៏​អនុញ្ញាត​ លើក​ហ្នឹង​ហេតុ​អី​មិន​អនុញ្ញាត គ្រាន់​តែ​ប៉ុណ្ណឹង​ពូ​អត់​មាន​ចម្ងល់​អី​ទេ។ បើ​ថា​ច្បាប់​គេ​បដិសេធ​ហើយ ​ពូ​គ្រាន់​តែ​ហួសចិត្ត​តែ​ប៉ុណ្ណឹង​ទេ»។

បុរស​វ័យ ៥០ឆ្នាំ​រូប​នេះ​បន្ថែម​ថា​ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​ប្រកាន់​ខ្ជាប់​លទ្ធិ​ប្រជា​ធិប​តេយ្យ​សេរី​ពហុបក្ស ដូច​បាន​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ ហើយ​លោក​ធ្លាប់​បាន​រំពឹង​ថា ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ​នឹង​មាន​គណ​បក្ស​ប្រឆាំង​មួយ​ ដែល​អាច​ត​ទល់​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច ប៉ុន្តែ​បែរ​ជា​ត្រូវ​សោក​ស្តាយ ក្រោយ​គណបក្ស​ភ្លើង​ទៀន​ត្រូវ​បាន​បដិសេធ​ចុះ​ឈ្មោះ​ដោយ​ គ.ជ.ប។

លោក​ថ្លែង​ថា៖ «ពី​មុន​ពូ​រំពឹង​ដោយ​សារ​តែ​មាន​គណបក្ស​ប្រឆាំង​មួយ​ពិត​ប្រាកដ ដែល​ពូ​គិត​ថា​វា​មិន​សេរី​ពហុ​បក្ស​ ១០០​ភាគ​រយ​មែន ប៉ុន្តែ​យើង​អាច​មាន​គណបក្ស​ប្រឆាំង​ពិត​ប្រាកដ។ ហើយ​ក្រៅ​ពី​នោះ​ជា​គណបក្ស គេ​ឱ្យ​ធ្វើ​ម៉េច​នោះ​ជា​រឿង​របស់​គេ។ សម្រាប់​ពូ​វា​សោក​ស្តាយ គ្រាន់​តែ​ចូល​រួម​សោក​ស្តាយ​តែ​ប៉ុណ្ណឹង​ទេ»។

លោក​ក៏​បញ្ជាក់​ដែរ​ថា​ សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ លោក​នឹង​មិន​ទៅ​បោះ​ឆ្នោត​ទេ ដោយ​សារ​តែ​លោក​យល់​ថា​មិន​មាន​សេរី​ពហុ​បក្ស​ត្រឹម​ត្រូវ។

លោក ជុន ណារ៉ូ អាយុ ២៦ ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ផ្តល់​កិច្ចសម្ភាសន៍​ដល់​វីអូអេ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
លោក ជុន ណារ៉ូ អាយុ ២៦ ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ផ្តល់​កិច្ចសម្ភាសន៍​ដល់​វីអូអេ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ចំណែក​ លោក​ ជុន​ ណារ៉ូ​ អាយុ​ ២៦​ឆ្នាំ​ ជា​បុគ្គលិក​ក្រុម​ហ៊ុន​មួយ​ក្នុង​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ​ការ​បដិសេធ​មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​អាណត្តិ​ទី៧​ ឆ្នាំ​២០២៣​នេះ​ បង្ហាញ​ពី​ភាព​ចុះ​ខ្សោយ​នៃ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា ហើយ​ការ​បោះ​ឆ្នោត​នា​ខាង​មុខ​នេះ​ និង​មិន​មាន​ភាព​ប្រសើរ​ឡើយ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​មិន​ល្អ​សម្រាប់​ប្រជាជន​យើង​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ ហើយ​បែរ​ជាអត់​មាន​គណបក្ស​មួយ​ដែល​អាច​ប្រកួត​ប្រជែង​ជាមួយ​គ្នា​បាន»។

អ្នកស្រី សែម សុភី អាយុ ៤៤ ឆ្នាំ ជា​ជាង​កាត់ដេរ​ម្នាក់​នៅ​ផ្សារ​ទួលគោក​ក្នុង​រាជធានី​ភ្នំពេញ ផ្តល់​កិច្ចសម្ភាសន៍​ដល់​វីអូអេ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)
អ្នកស្រី សែម សុភី អាយុ ៤៤ ឆ្នាំ ជា​ជាង​កាត់ដេរ​ម្នាក់​នៅ​ផ្សារ​ទួលគោក​ក្នុង​រាជធានី​ភ្នំពេញ ផ្តល់​កិច្ចសម្ភាសន៍​ដល់​វីអូអេ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០២៣។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ពលរដ្ឋ​ម្នាក់​ទៀត អ្នក​ស្រី​ សែម​ សូភី​ អាយុ​៤៤​ឆ្នាំ ប្រាប់​វីអូអេ​ថា ​ប្រជាពល​រដ្ឋ​មាន​សិទ្ធិ​ និង​កាតព្វ​កិច្ច​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ណា​មួយ​ដែល​ខ្លួន​ពេញ​ចិត្ត​ បើ​ទោះ​បី​ជា​មិន​មាន​គណបក្ស​ភ្លើង​ទៀន​ក្ដី។

អ្នកស្រី​ថ្លែង​ថា៖ «បង​បោះ​គ្រប់​អាណត្តិ​ ព្រោះ​បង​បំពេញ​តួនាទី​ជា​ប្រជាពលរដ្ឋ​ល្អ បង​ស្រឡាញ់​ខាង​ណា​បង​បោះ​ឱ្យ​ខាង​ហ្នឹង បង​អត់​ដែល​ខាន​ទេ សូម្បី​ភូមិ​ឃុំ​សង្កាត់​ក៏​ដោយ​»។

សម្រាប់​ កញ្ញា​ ជឹម​ សំណាង​ អាយុ​៣៧​ឆ្នាំ ​បាន​លើក​ឡើង​ថា​ ការ​បដិសេធ​របស់​ គ.ជ.ប​ មិន​ចុះ​បញ្ជី​ឈរ​ឈ្មោះ​គណបក្ស​ភ្លើង​ទៀន បង្ហាញ​ពី​ភាព​លម្អៀង​របស់​ គ.ជ.ប ដែល​ដឹកនាំ​ទាំង​ស្រុង​ដោយ​អ្នក​មាន​អតីត​ភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ការ​ខ្លាច​រអា​គូ​ប្រកួត​ប្រជែងទាំង​ដែល​មិន​ទាន់​ឡើង​សង្វៀន​ប្រយុទ្ធ​ផង។ កញ្ញា​មើល​ឃើញ​ថា ​លទ្ធិ​ប្រជា​ធិប​តេយ្យកាន់​តែរួម​តូច​ បន្ទាប់​ពី​មាន​ការ​ប្រើ​ប្រាស់​អំណាច​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​កាល​ពី​ចុងឆ្នាំ​២០១៧។

កញ្ញា​ថ្លែង​ថា៖ «ខ្ញុំ​មើល​ឃើញ​ថា​ រាជ​រដ្ឋា​ភិបាល​របស់​យើង​បច្ចុប្បន្ន​ហ្នឹង​ហាក់បី​ដូចជា​ខ្លាច​រអា ឬ​មួយ​ក៏​មិន​ហ៊ាន​ឱ្យ​គណ​បក្ស​ប្រឆាំង​គាត់​ចូល​រួម​ប្រកួត​ ឱ្យ​បាន​គ្រប់​គណបក្ស​ប្រឆាំង​ទាំងអស់​ ខណៈ​គណ​បក្ស​ប្រឆាំង​ខ្លះ​គាត់​អាច​ចុះ​ឈ្មោះ​បាន​ គណបក្ស​ប្រឆាំង​ខ្លះ​ទៀត​គាត់​អត់​អាច​ចុះ​ឈ្មោះ​បាន​ទេ​ ចឹង​មាន​ន័យ​ថា​ហាក់​ដូច​ជា​គាត់​ខ្លាច​រអា​មុន​ចូល​សង្វៀន​ប្រកួត​ទៀត»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​របស់​គ.ជ.ប បាន​នៅ​ឡើយ​ទេ។

ការ​បដិសេធ​របស់​គ.ជ.ប ក្នុង​ការ​ចុះ​បញ្ជី​គណបក្ស​ភ្លើង​ទៀន​ត្រូវ​បាន​សហភាព​អឺរ៉ុប​បញ្ជាក់​ថា​គឺ​ជា​សញ្ញា​បារម្ភ​មួយ​ទៀត​នៃ​ការ​រួម​តូច​នៃ​សេរីភាព​សម្រាប់​គណបក្ស​នយោបាយ​ក្នុង​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នា​ពេល​ខាងមុខ។

សហភាព​អឺរ៉ុប​បញ្ជាក់​ថា៖ «ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ទាមទារ​ការ​ប្រកួត​ប្រជែង​នយោបាយ​ដោយ​ចំហ មានការ​ចូលរួម​ពី​គ្រប់​ភាគី និង​អាច​ទុក​ចិត្ត​បាន ហើយ​ប្រជាពលរដ្ឋ​ត្រូវ​បាន​អនុញ្ញាត​ក្នុង​ការ​ជ្រើសរើស​តំណាង​ពួកគេ​ដោយ​សេរី»។

គួរ​បញ្ជាក់​ថា ​គណ​បក្ស​ភ្លើង​ទៀន​ជា​គណ​បក្ស​ជំទាស់​ដ៏​ធំមួយ​ និងធ្លាប់​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រជា​ពល​រដ្ឋជាង​១​លាន ​៦​សែន​នាក់ កាល​ពីការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នា​ខែ​មិថុនា ឆ្នាំ​២០២២៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG