ក្រោយការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាដែលបដិសេធចោលបណ្តឹងរបស់គណបក្សភ្លើងទៀន ទាក់ទងនឹងការចុះបញ្ជីឈ្មោះគណបក្សនិងបេក្ខជននៅស្ថាប័នរៀបចំការបោះឆ្នោតជាតិកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនោះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រតិកម្មភ្លាមៗ ដោយស្នើឱ្យអាជ្ញាធរកម្ពុជាកែប្រែសេចក្តីសម្រេចរបស់ខ្លួន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលវីអូអេបានទទួល។
ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នរដ្ឋកំពូលមួយរបស់កម្ពុជា បានសម្រេចមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀន និងគណបក្សនយោបាយមួយទៀតដែលគេមិនសូវស្គាល់ ចូលរួមការបោះឆ្នោតខែកក្កដាខាងមុខ ដោយលើកហេតុផលថា ពាក្យបណ្តឹងរបស់គណបក្សទាំងពីរធ្វើឡើងដោយខុសនឹងគតិច្បាប់។
សេចក្តីប្រកាស ចុះថ្ងៃទី ២៥ ខែឧសភា របស់អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller បានលើកឡើងថា៖ «សហរដ្ឋអាមេរិកមានកង្វល់យ៉ាងជ្រាលជ្រៅ ដោយអាជ្ញាធរកម្ពុជាធ្វើការហាមប្រាមគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា មិនឱ្យចូលរួមក្នុងការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ ២០២៣»។
សេចក្តីថ្លែងការណ៍របស់លោក Matthew Miller ក៏បានឱ្យដឹងពីជំហររបស់សហរដ្ឋអាមេរិក ដែលនឹងមិនបញ្ជូនមន្ត្រីមកឃ្លាំមើលការបោះឆ្នោតនៅខែកក្កដានោះទេ ដែលជាផ្នែកមួយនៃដំណើរការបោះឆ្នោត ដែលអ្នកជំនាញឯករាជ្យកម្ពុជា និងអ្នកតាមដានអន្តរជាតិជាច្រើនវាយតម្លៃថា «គ្មានសេរីភាព និងយុត្តិធម៌»។
សេចក្តីថ្លែងការណ៍សង្កត់ធ្ងន់ថា៖ «យើងទទូចសុំយ៉ាងខ្លាំងឱ្យអាជ្ញាធរកម្ពុជាធ្វើការកែប្រែ ដើម្បីឱ្យពលរដ្ឋរបស់ខ្លួនអាចចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យពហុបក្ស និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ហើយអាចអនុវត្តសិទ្ធិរបស់គេដោយសេរី ដែលរួមមានផងដែរនូវសិទ្ធិក្នុងការចងក្រងជាក្រុម សមាគម សិទ្ធិក្នុងការធ្វើការប្រមូលផ្តុំគ្នាដោយសន្តិវិធី និងសិទ្ធិក្នុងការបញ្ចេញមតិដោយគ្មានការភ័យខ្លាចនឹងការសងសឹក»។
វីអូអេបានទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក អាន សុខខឿន តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមកាលពីព្រឹកថ្ងៃសុក្រ តែអ្នកនាំពាក្យរូបនោះមិនផ្តល់ការអត្ថាធិប្បាយភ្លាមៗទេ ទៅនឹងប្រតិកម្មរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបញ្ហារបស់គណបក្សភ្លើងទៀន និងការបោះឆ្នោតជាតិឆ្នាំ ២០២៣។
លោកថា ក្រសួងនឹងចេញសេចក្តីថ្លែងការណ៍ព័ត៌មានមួយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះ។
ក្រសួងការបរទេសកម្ពុជាធ្លាប់ប្រតិកម្មម្តងហើយទៅនឹងអ្នករិះគន់ និងស្ថានទូតប្រទេសប្រជាធិបតេយ្យមួយចំនួនប្រចាំនៅកម្ពុជា ទាក់ទិនការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀនចុះបញ្ជីចូលរួមប្រកួតប្រជែងការបោះឆ្នោត ដោយក្រសួងអះអាងថា នេះជាកំហុសរបស់គណបក្សជំទាស់មួយនេះ មិនមែនជាការប្រព្រឹត្តលម្អៀងរបស់ គ.ជ.ប ទៅគណបក្សណាមួយឡើយ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី ១៦ ខែឧសភា បានសរសេរថា៖ «អវត្តមានរបស់គណបក្សនយោបាយមួយពីដំណើរការបោះឆ្នោត ដោយសារការធ្វេសប្រហែសមិនគោរពច្បាប់ ពុំបានប៉ះពាល់ដល់ភាពសេរី ពហុបក្ស និងប្រជាធិបតេយ្យរបស់កម្ពុជាឡើយ ព្រោះអ្នកបោះឆ្នោតនៅតែអាចជ្រើសរើសដោយសេរី នូវគណបក្សនយោបាយមួយក្នុងចំណោមគណបក្សប្រកួតប្រជែងគ្នា យ៉ាងតិចចំនួន ១៨»។
សជិកគណៈកម្មាធិការនាយករបស់គណបក្សភ្លើងទៀនលោក គង់ រ៉ៃយ៉ា នៅតែចង់ឃើញវត្តមានរបស់គណបក្សជំទាស់នៅក្នុងការបោះឆ្នោតនាខែកក្កដាខាងមុខព្រោះលោកជឿថា គណបក្សនេះអាចជួយធានាបាននូវការរស់រានមានជីវិតនៃលទ្ធិប្រជាធិតេយ្យនៅកម្ពុជា។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំៗយល់ថា គណបក្សភ្លើងទៀនគឺជាគណបក្សប្រឆាំងធំជាងគេនៅក្នុងប្រទេសកម្ពុជា ហើយការចូលរួមរបស់គណបក្សភ្លើងទៀននៅក្នុងការបោះឆ្នោតឆ្នាំ ២០២៣ ដែលជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រហ្នឹង គឺវាពិតជាមានសារ:សំខាន់ខ្លាំងណាស់ ដើម្បីធានាឱ្យបាននូវការគោរពលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។
ព្រឹទ្ធបុរសរងនៃកម្មវិធីថ្នាក់បរិញ្ញាបត្រ និងការអភិវឌ្ឍនៃសាកលវិទ្យាល័យ Arizona State University លោក អ៊ា សុផល ប្រាប់វីអូអេតាមសារអ៊ីមែលនៅថ្ងៃសុក្រនេះថា សេចក្តីថ្លែងការណ៍នេះគឺតិចតួចបំផុតដែលអាមេរិកអាចធ្វើបាន ហើយថា មានតែការធ្វើសកម្មភាពទេ ទើបមានឥទ្ធិពលខ្លាំងជាងពាក្យសម្តី។ លោកបន្ថែមថា អាមេរិកអាចធ្វើបានច្រើនលើសពីនេះ ហើយអ្វីដែលត្រូវតែធ្វើនោះគឺ «ការដាក់ទណ្ឌកម្មឱ្យចំគោលដៅ និងទណ្ឌកម្មផ្សេងៗទៀត»។
លោកបានអត្ថាធិប្បាយជាភាសាអង់គ្លេសនិងត្រូវប្រែសម្រួលជាខេមរភាសាតាមន័យដើមថា៖ «គណបក្សភ្លើងទៀនក៏ដូចជាគណបក្សប្រឆាំងដទៃទៀតមិនត្រូវអស់សង្ឃឹមទេ ចំពោះអនាគតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើយ។ ប្រជាធិបតេយ្យកំពុងឆ្ពោះមកកាន់កម្ពុជាហើយ។ វាមិនអាចមកដល់នៅក្នុងខែកក្កដាខាងមុខនេះទេ ប៉ុន្តែអ្នកទោសថ្ងៃនេះអាចក្លាយជានាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត។ គណបក្សភ្លើងទៀនគួរតែបន្តរកការគាំទ្រ មិនថាពីខាងក្នុងប្រទេសឬក្រៅប្រទេសឡើយ»។
លោកបន្ថែមថា គណបក្សភ្លើងទៀនគួរតែរក្សាគំនិតគិតថា សូម្បីតែសហភាពសូវៀត ក៏បានរលត់រលាយទៅ ហើយបានសល់នៅត្រឹមតែអតីតកាលរបស់ខ្លួនប៉ុណ្ណោះ៕