ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ភ្លើងទៀន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ពាក់ព័ន្ធ​ការចូលរួម​បោះឆ្នោត​ជាតិ​ឆ្នាំ២០២៣


រូបឯកសារ៖ ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

គណបក្ស​ភ្លើង​ទៀន​ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ បន្ទាប់​ពីគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា​ (គ.ជ.ប) ច្រាន​ចោល​សំណើ​សុំ​ចុះ​ឈ្មោះ​របស់​គណបក្ស​ ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោតជាតិនៅ​ខែ​កក្កដា​ខាង​មុខ​។

កាល​ពី​ថ្ងៃ​ទី​១៥ ខែឧសភា​ គ.ជ.ប បាន​បដិសេធ​ការចុះ​បញ្ជី​គណបក្ស​ និង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​ភ្លើងទៀន​ដោយ​អះអាង​ថា​ គណបក្ស​ភ្លើង​ទៀន​មិន​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​ការ​ប្រកាស​ស្តី​ពី​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​ ដែល​មាន​បញ្ជាក់​នីត្យានុ​កូលកម្ម​ ដោយ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ និង​រដ្ឋបាល​ខេត្តក្រុង​ពាក់​ព័ន្ធ​ នៅ​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ ឱ្យ​បាន​ត្រឹម​ត្រូវ​ ស្រប​តាម​កថា​ខណ្ឌ​ទី២​ និង​ចំណុច​ទី​១ ក្នុង​មាត្រា​ ២៧ នៃ​ច្បាប់​ស្តី​ពី​ការបោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្រ្ត។

អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន​លោក​ គឹមសួរ​ ភិរិទ្ធ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ គណ​បក្ស​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​ ដើម្បី​ទាម​ទារ​ឱ្យ​មានដំណោះស្រាយ​ និង​បើក​ផ្លូវ​ឱ្យ​គណបក្ស​ជំទាស់មួយ​នេះ​ បាន​ចូលរួមក្នុង​ដំណើរ​ការ​បោះឆ្នោត​ដែល​កំពុង​តែ​ខិត​ចូលមក​ដល់​។

លោក​ថ្លែង​ថា​៖ «ហ្នឹង​ហើយ​យើង​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​រួច​ហើយ​ កាល​ពី​ថ្ងៃ​ទី​១៩ ហើយ​យើង​[គណបក្ស​ភ្លើង​ទៀន]កំពុង​តែ​បន្ត​នីតិ​វិធី​ឱ្យ​មេធាវី​ដាក់​សារណា​ផ្តល់​ជា​ ទឡ្ហីករណ៍​ដល់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​។ រីឯ​លទ្ធផល​យើង​អត់​ដឹង​ទេ​ ព្រោះ​អាហ្នឹង​គេ​ចាត់​ទុក​ថា​ ជា​ស្ថាប័ន​ឯករាជ្យ​។ ប៉ុន្តែ​យ៉ាង​ណា​ ក៏​យើង​សង្ឃឹម​ថា​ យើង​នៅ​តែ​មាន​លក្ខណៈ​ស្រប​ច្បាប់​ ជា​គណបក្ស​ស្រប​ច្បាប់​ដែល​អាច​ចូលរួម​ក្នុង​ការប្រកួត​ប្រជែង​ក្នុង​ការបោះឆ្នោត​ខាង​មុខ​នេះ​»។

លោក​បាន​បន្ថែម​ថា​ ប្រសិន​បើ​មាន​ការ​បដិសេធ​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែលមិន​ព្រម​ឱ្យ​គណបក្ស​បានចូល​រួមឈរ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​ដែល​ជា​គណបក្ស​ជំទាស់​នឹង​នៅ​តែ​បន្ត​រក​វិធីដោះស្រាយ​ ទៅ​តាម​គោល​ការណ៍​នៃ​ការ​សម្រេច​ចិត្ត​របស់​ថ្នាក់​ដឹកនាំ​គណបក្ស។

អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​លោក ​ព្រហ្ម​ វិចិត្រ អក្ខរា​ ថ្លែង​ថា​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ឃើញ​ និង​ទទួល​ពាក្យ​បណ្តឹង​របស់​គណបក្ស​ភ្លើង​ទៀន​រួចហើយ។​ លោកបន្ថែម​ថា អ្នកជំនាញ​ច្បាប់​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹងត្រូវ​ប្រើ​ពេល​១០​ថ្ងៃ​ ដើម្បី​ធ្វើ​ការ​ពិចារណា​ និង​ឆ្លើយ​តប​លើ​ពាក្យ​បណ្តឹង​នោះ។

លោក​លើកឡើង​ថា​៖ «បាទ​ពាក្យ​បណ្តឹង​បាន​ទទួល​ហើយ​ ហើយ​ចំណាត់ការ​កំពុង​តែ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។ ជា​គោលការណ៍​ច្បាប់​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មាន​រយៈពេល​១០​ថ្ងៃ​សម្រាប់​ដោះ​ស្រាយ​ អ៊ីចឹង​ក្នុង​អំឡុង​ពេល​នេះ​អាច​លឿន​អាច​ឆាប់​ តែ​មិន​ឱ្យ​ហួស​រយៈពេល​១០​ថ្ងៃ​ហ្នឹង​ទេ​»។

ពាក្យ​បណ្តឹង​ដែល​គណបក្ស​ភ្លើង​ទៀន​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ធ្វើ​ឡើង​បន្ទាប់​ពី​គ.ជ.ប បដិ​សេធ​សំណើ​សុំ​ចុះ​ឈ្មោះ​របស់​គណបក្ស​ភ្លើង​ទៀន​ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​។​ ​នីតិវិធី​នៃ​ការចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត​ និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ត្រូវ​បាន​បិទ​បញ្ចប់កាល​ពីថ្ងៃ​ទី​៨ ​ខែ​ឧសភា​ ឆ្នាំ​២០២៣។

បន្ទាប់​ពី​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ គណបក្ស​ភ្លើង​ទៀន​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពីថ្ងៃ​ចន្ទម្សិល​មិញ​ ដោយ​ច្រានចោល​លិខិត​ចំហ​មួយ​ចុះថ្ងៃទី​១៤​ ខែឧសភា និង​ផ្តល់​ការ​បំភ្លឺ​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ​ថា​ គណ​បក្ស​ភ្លើង​ទៀន​មាន​ឆន្ទៈ​យ៉ាង​មុត​មាំ​ក្នុង​ការ​ចូល​រួម​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ បើទោះបី​ជា​នៅ​ដំណាក់​កាល​ចុះ​បញ្ជី​គណបក្ស​នយោ​បាយ​ឈរ​ឈ្មោះ​បោះឆ្នោត​ និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ ត្រូវបាន​គ.ជ.ប បដិសេធ​ក៏ដោយ​។​

លោក​ហ៊ុន សែន​ បាន​ទទួល​យក​ការបំភ្លឺ​របស់​គណបក្ស​ភ្លើង​ទៀន​នោះ​ តែលោក​ថា​ នៅ​សល់​បញ្ហា​ ទាក់​ទិន​បុគ្គល​ឈ្មោះ​ ជា ប៉ូច​។ នេះ​បើ​តាម​សារ​នៅ​ក្នុងប្រព័ន្ធ​ទំនាក់​ទំនង​តេឡេ​ក្រាម​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។

មុន​ពេល​គណបក្ស​ភ្លើងទៀន​ចេញ​សេចក្តី​ថ្លែង​ការណ៍​កាល​ពីថ្ងៃ​ទី​២២​ ខែឧសភា​ លោក​ ជា ប៉ូច​ ដែល​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ភ្លើង​ទៀន​ និង​ជា​អតីត​សមាជិក​អតីត​គណបក្ស​សង្គ្រោះជាតិ​ បាន​ចេញ​លិខិត​ចំហ​មួយ​ជូន​លោក ​ហ៊ុន​ សែន​ ដោយ​ផ្តល់​ការបដិសេធ​ចំពោះការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Fresh News កាល​ពីរាត្រី​ថ្ងៃទី​១៣ ​ខែឧសភា​ ដែល​មាន​ភ្ជាប់​ឃ្លីប​វីដេអូ​កាត់​តរយៈពេល​២២​វិនាទី​ថា​ «គោល​ដៅ​ខ្ញុំ​គឺត្រូវ​ទម្លាក់​ ហ៊ុន​ សែន ឱ្យបាន»។

លោក​ ជា ប៉ូច អះអាង​ថា​ ការផ្សព្វ​ផ្សាយ​នោះ​មិន​ពិតទេ ព្រោះ​លោក​គ្មាន​បំណង​ផ្តួល​រំលំរដ្ឋាភិបាល​ឡើយ​ និង​ថា លោក​ប្រកាន់​ខ្ជាប់​គោលការណ៍​អហិង្សា​ក្នុង​ការ​ធើ្វ​នយោបាយជំទាស់​នៅ​កម្ពុជា។ នេះ​បើ​តាម​លិខិត​ចំហ​របស់​លោក ​ជា ប៉ូច ​ធ្វើ​នៅទីក្រុង​បាង​កក​ប្រទេស​ថៃ​ ចុះថ្ងៃទី​១៤​ខែ​ឧសភា​ ឆ្នាំ​២០២៣​។

វីអូអេ​មិនទាន់​អាចសុំការ​អត្ថាធិប្បាយ​ពីលោក ​ជា ប៉ូច បាន​ទេ​ ដោយសារ​លោកនៅ​មាន​បញ្ហា​សុខភាព​។ ​

អ្នក​ឯកទេស​អភិបាល​កិច្ច​ លោក ​ឱក សេរីសោភក្តិ៍ ថ្លែង​ក្នុង​កម្មវិធី​ហេឡូ​វីអូអេមួយថា​ បើ​សិន​គណបក្ស​ភ្លើង​ទៀន​បាន​ចូល​រួម​ក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣​នេះ​ គណបក្សជំទាស់​មួយនេះ​ នឹង​មិន​ត្រូវ​គេរំពឹង​ថា​ អាច​ឈ្នះ​ដាច់​គណបក្ស​កាន់​អំណាច​នោះ​ឡើយ​។ ប៉ុន្តែ​លោក​ជឿ​ថា​ វត្ត​មានរបស់​តំណាងរាស្ត្រ​មក​ពី​គណ​បក្ស​ភ្លើង​ទៀន​នៅ​រដ្ឋសភា​មាន​សារ:សំខាន់ក្នុង​ដំណើរ​ការ​ប្រជាធិប​តេយ្យ​នៅ​ប្រទេស​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «វត្តមាន​របស់​គណបក្ស​ភ្លើង​ទៀន​ ហើយ​ជា​ពិសេស​របស់​តំណាង​រាស្រ្ត​របស់​គណបក្ស​ភ្លើង​ទៀននៅ​ក្នុង​សភា​នោះ​ ទោះ​បី​ជា​មាន​ចំនួន​ប៉ុន្មាន​ក៏​ដោយ​ ២០ក៏​ដោយ​ ៣០​ក៏​ដោយ​ មាន​សារ:សំខាន់​ណាស់​ដើម្បី​កុំ​ឱ្យ​គណបក្ស​កាន់​អំណាច​ហ្នឹង​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​ហ្នឹង​គឺ​ ជិះ​សេះ​លែង​ដៃ​»។

លោក​បញ្ជាក់​ទៀត​ថា​ មាន​មតិ​សាធារណជន​លើក​ឡើង​ថា​ បើ​សិន​ជា​មាន​តំណាង​រាស្រ្ត​របស់​គណបក្ស​ភ្លើង​ទៀន​នៅ​ក្នុង​រដ្ឋសភា​នោះ​ គេ​នឹង​អាច​មើល​ឃើញរបប​នយោ​បាយ​សេរី​ពហុបក្ស​ពិត​ប្រាកដ​មួយ​នៅ​កម្ពុជា៕

XS
SM
MD
LG