ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមប្រឹក្សា​ធម្មនុញ្ញ​សម្រេច​មិនឱ្យ​​គណបក្សភ្លើង​ទៀន​ឈរ​ឈ្មោះ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣


ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសសម្រេចបិទផ្លូវតវ៉ា បដិសេធចំពោះគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរដោយលោក អ៊ឹម ឈុនលឹម ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅអគារស វិមានរដ្ឋចំការមន ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ (នឿន ដាវីន/វីអូអេ)
ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសសម្រេចបិទផ្លូវតវ៉ា បដិសេធចំពោះគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរដោយលោក អ៊ឹម ឈុនលឹម ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅអគារស វិមានរដ្ឋចំការមន ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ (នឿន ដាវីន/វីអូអេ)

គណបក្ស​ភ្លើង​ទៀនដែលគេរំពឹង​ថា​ ជាគណបក្ស​ជំទាស់​មួយ​ដែល​អាច​ប្រជែង​ជាមួយ​នឹង​គណបក្ស​គ្រប់​ប្រទេស​ ដណ្តើម​យក​អាសនៈនៅរដ្ឋសភា​នឹង​ខកខាន​មិន​បានចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ខែ​កក្កដា​ ខាង​មុខ​ ក្រោយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​ បាន​សម្រេច​មិន​ឱ្យ​គណបក្ស​នេះ​ បាន​ចុះ​បញ្ជី​គណបក្ស​ និង​បេក្ខ​ជននៅ​គណៈកម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)​។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មាន​សមាជិក​៩រូប មាន​សិទ្ធិ​ពិនិត្យ​និង​សម្រេច​អំពី​ករណី​វិវាទ​កម្ម​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​ និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា​។​ ប្រធាននៃ​ស្ថាប័ន​ធម្មនុញ្ញ​កំពូល​នេះ គឺជា​សមា​ជិក​គណៈ​កម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក្រៅ​ពីច្រាន​ចោល​ពាក្យ​បណ្តឹង​របស់​គណ​បក្ស​ភ្លើង​ទៀន​ ស្ថាប័នច្បាប់​មួយនេះ​ ​ក៏​បាន​បដិសេធចោល​ពាក្យ​បណ្តឹង​របស់​គណ​បក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ​ ដែល​ត្រូវបាន​គ.ជ.ប​ បដិសេធ​ចុះបញ្ជី ដោយ​សារ​តាម​អ្វី​ដែល​គ.ជ.ប​ ថា​ គណ​បក្សមួយនេះ​ មិន​បាន​បំពេញ​ទម្រង់​បែបបទ​ត្រឹមត្រូវកំណត់​ដោយ​គ.ជ.ប​។

ថ្លែង​ក្នុង​សិន្និសីទព័ត៌មាន​នៅវិមាន​រដ្ឋចម្ការមន​ នាទីក្រុង​ភ្នំពេញ​កាលពីព្រឹកថ្ងៃ​ព្រហស្បតិ៍ អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​លោក ​ព្រហ្ម​ វិចិត្រ អក្ខរា​ ប្រាប់​អ្នក​កាសែតថា​ ការអនុវត្ត​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ បដិសេធ​ចោល​នូវ​បណ្តឹង​របស់​គណបក្ស​ភ្លើង​ទៀននោះ គឺ​ធ្វើ​ឡើងដោយ​ផ្អែក​លើ​ការថ្លឹង​ថ្លែង​ទៅ​លើ​កម្ម​វត្ថុ​បណ្តឹង​គណបក្ស​ និង​ការអនុវត្ត​របស់​ គ.ជ.ប។

​លោក​ថ្លែង​ថា៖«អ៊ីចឹង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃ​នេះ​ គឺ​បាន​ពិនិត្យ​ទៅ​លើ​ក្រប​ខ័ណ្ឌ​មាត្រា​២៧ និង​មាត្រា​៣១ នៃ​ច្បាប់​ស្តី​ពី​ការជ្រើស​តាំង​តំណាង​រាស្រ្ត​ហ្នឹង​ ថា​តើ​ គ.ជ.ប បាន​ចេញ​សេចក្តី​សម្រេច​ស្រប​តាម​មាត្រា​ហ្នឹង​ហើយ​ឬនៅ​។អ៊ីចឹង​នៅ​ក្នុង​ការប្រជុំ​នៅ​ថ្ងៃ​នេះ​ ការប្រជុំ​ពេញ​អង្គ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក្នុង​សំឡេង​ ៩លើ​៩ ជាឯកច្ឆន្ទ​ គឺ​បាន​សម្រេច​ថា​ ការអនុវត្ត​របស់​ គ.ជ.ប កន្លង​មក​ទៅ​លើ​គណបក្ស​ទាំង​ពីរ​គឺ​ស្រប​តាម​មាត្រា​២៧ និង​មាត្រា​៣១ នៃ​ច្បាប់​ស្តី​ពី​ការបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ហើយ​»។

លោក​បាន​ផ្តល់​សេចក្តីពន្យល់​បន្ថែមថា​ គ.ជ.ប បាន​អនុវត្ត​ស្រប​តាម​មាត្រា​២៧ និង​មាត្រា​៣១នៃ​ច្បាប់​ស្តី​ពី​ការបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​គឺ​ ផ្តោត​ទៅ​លើ​លក្ខ​ខណ្ឌ​ទម្រង់​រដ្ឋបាល​១០ ចំណុច​ ដែល​គណបក្ស​នយោបាយ​ទាំង​អស់ចូល​រួម​ការ​ប្រកួត​ត្រូវ​ដាក់​បំពេញ​ភ្ជាប់​ជា​មួយ​និង​ពាក្យ​សុំ​ចុះ​បញ្ជី​ ដាក់​ជូន​មក​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ លោក​បន្ថែមថា ​សម្រាប់​គណបក្ស​ភ្លើង​ទៀន​ និង​គណ​បក្ស​សាមគ្គី​ជាតិ​ខ្មែរ​ មិន​បាន​បំពេញ​ឯកសារ​ទាំង​អស់​នោះ​បាន​គ្រប់​ចំនួន​នោះ​ឡើយ​។

លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
លោក គីមសួរ ភិរិទ្ធ អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)


ទោះ​ជាយ៉ាងណា​ក្តី​ គណបក្ស​ភ្លើង​ទៀន​មិន​អស់​សង្ឈឹម​ទេ​ ហើយ​នឹង​បន្ត​ដើរ​ទៅ​មុខ​ទៀត​ បើ​ទោះ​បី​ជា​មាន​ឧបសគ្គ​ដែល​ត្រូវ​ជួប​ជា​ច្រើន​ក៏ដោយក្តី។ នេះបើតាម​លោក​គីម​សួរ ភិរិទ្ធ។

អនុ​ប្រធាន​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរលោក ហ៊ាង គឹមស្រឿន មិន​បាន​បង្ហាញ​ការ​ខកចិត្ត​ទៅនឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទេ​ ដោយលោក​ចាត់​ទុក​ថាការ​បដិសេធនេះ​ជា​បទ​ពិសោធន៏​មេរៀន​សម្រាប់​គណបក្ស​ត្រូវ​រៀបចំ​ឯកសារ​ឱ្យ​បាន​គ្រប់​គ្រាន់​មុន​នឹង​យក​ទៅ​ដាក់​នៅ​គ.ជ.ប។

ខណៈក្រុមប្រឹក្សា​ធម្មនុញ្ញបានច្រាន​ចោល​ពាក្យ​បណ្តឹង​របស់គណបក្ស​ភ្លើងទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ គ.ជ.ប​បាន​ទទួល​ស្គាល់​គណបក្ស​១៨​ ឱ្យ​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៧​ ឆ្នាំ២០២៣​។

ស្ថាបនិក​គណបក្ស​កែ​ទម្រង់​កម្ពុជា​ លោក​អ៊ូ ច័ន្ទរ័ត្ន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​អាច​នឹង​ស្រុត​ចុះ​កាន់​តែ​ខ្លាំង​ នៅ​ពេល​គ្មាន​វត្តមាន​របស់គណបក្ស​ភ្លើង​ទៀន​ក្នុង​ពេល​បោះឆ្នោត​។​
លោក​បញ្ជាក់​ថា​៖«បើសិន​ជា​ គណបក្ស​កាន់​អំណាច​លោក​នៅ​តែ​បន្ត​កាន់​អំណាច​ម្នាក់​ឯង​នៅ​ក្នុង​សភា​ក៏​បក្ស​តែ​មួយ​ រដ្ឋាភិបាល​បក្ស​មួយ​ ទាំង​តុលាការ​ក៏​ចេញ​ពី​មន្ត្រី​បក្ស​មួយ​ ជឿ​ថា​ប្រជាធិបតេយ្យ​នៅ​ក្នុង​កម្ពុជា​ ស្រុត​ចុះ​ខ្លាំង​ សឹង​តែ​ពិបាក​នឹង​កែ​ខៃ​នៅ​ពេល​ខាង​មុខ​ ដែល​ខ្ញុំ​មើល​ឃើញ​»​។

បើ​សិន​ជា​ដំណើរការ​បោះឆ្នោត​នៅ​តែ​បន្ត​បែប​នេះ​ ទៅ​មុខ​ទៀត​នោះ​ ប្រជា​ពលរដ្ឋ​អាច​នឹង​លែង​ខ្វល់​ខ្វាយ​ពី​រឿង​ធ្វើ​នយោបាយ​ ហើយ​វប្បធម៌​នយោបាយ​នៅ​កម្ពុជា​អាច​នឹង​មាន​ការផ្លាស់ប្តូរ​ច្រើន។ នេះបើតាម​លោក​អ៊ូ ច័ន្ទរ័ត្ន។

លោក​ សំ គន្ធាមី​ នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ Nicfec ​បង្ហាញ​ការ​សោកស្តាយ​ដែល​គណបក្ស​ប្រឆាំង​ទាំង​ពីរ​មិន​បាន​ចូលរួម​បោះឆ្នោត​។

លោកប្រាប់​វីអូអេ​បន្ថែម​ថា៖​«សិទ្ធនយោបាយ​ សិទ្ធិពលរដ្ឋ​ វា​ប៉ះពាល់​ហើយ​ ប្រជា​ធិប​តេយ្យ​ជាពិសេស ​ខាង​គណបក្ស​នយោបាយ​គាត់​ខកខាន​ការ​ចូលរួម​ដែល​គេ​បដិសេធ​ចឹង​ វា​ប៉ះពាល់​ប្រជាធិបតេយ្យ​ ព្រោះ​យើង​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​ យើង​ប្រកាន់​របបហ្នឹង​ ហើយ​យោង​ទៅ​តាម​កតិកាសញ្ញា ​អនុ​សញ្ញា​អន្តរជាតិ សេចក្តី​ប្រកាស​ជា​សកល​ស្តីពីសិទ្ធិមនុស្ស ​គឺមានសិទ្ធ​ធ្វើនយោបាយ​ សិទ្ធិអ្វីៗ​ទាំងអស់ហ្នឹង»។​

ក៏​ប៉ុន្តែ​ អ្នក​នាំ​ពាក្យ​គ.ជ.ប ​លោក​ ហង្ស ពុទ្ធាប្រាប់​វីអូអេ ​មុនការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ថា​ ទោះ​បី​ជា​មាន​ក៏​ដោយ​ឬ​មិនមានគណបក្ស​ជំទាស់​ក៏ដោយ​ ក៏​ការ​បោះ​ឆ្នោត​នឹង​ដំណើរការទៅ​ជាប្រក្រតី​។ លោក​បន្ថែម​ដោយ​ស្នើរ​ឱ្យ​អ្នក​បញ្ចេញ​មតិ​ទាំង​ឡាយ​សិក្សា​ឱ្យ​បាន​ច្បាស់​អំពី​ទិដ្ឋភាព​ច្បាប់​ និង​នយោបាយ​ ចៀស​វាង​មាន​ការ​ភាន់​ច្រឡំ​។

លោក​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប.)​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធអំពី​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាលទី​៤​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការកណ្តាល​របស់​គ.ជ.ប. រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។(ទុំ ម្ល
លោក​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប.)​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធអំពី​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាលទី​៤​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការកណ្តាល​របស់​គ.ជ.ប. រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។(ទុំ ម្ល

លោក​ថ្លែង​ថា​៖ «អ៊ី​ចឹង​ចំពោះ​អវត្តមាន​គណបក្ស​ណាមួយ ឬច្រើន​ដែល​មាន​ចុះ​បញ្ជី ក្នុង​ក្រសួង​មហាផ្ទៃ​ហើយ​នោះ​ គឺ​មិន​មាន​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ ឬក៏​ដល់​ដំណើរ​ការ​នៃ​ការ​រីក​ចម្រើន​នៃលទិ្ធ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ ចឹង​អ្នក​បញ្ចេញ​មិតិ​ទាំង​ឡាយ​គឺសូម​ឱ្យសិក្សា​ឱ្យ​បាន​ច្បាស់​អំពី​ទិដ្ឋភាព​ច្បាប់​ ហើយ​និង​ទិដ្ឋភាព​នយោបាយ​ កុំ​យក​ទិដ្ឋភាព​បច្ចេក​ទេស​ទាញ​ទៅ​រក​តែ​ទិដ្ឋភាព​នយោបាយ ធ្វើ​ឱ្យ​មាន​ការភាន់​ច្រឡំ​ចំពោះ​សាធារណៈមតិ​ឬក៏​បើមាន​បញ្ហា​សុំឱ្យ​ធ្វើ​ការ​សាក​សួរ​មក​ខាង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត»។

គណ​បក្ស​ភ្លើង​ទៀន​ជា​គណ​បក្ស​ជំទាស់​ដ៏​ធំមួយ និង​ធ្លាប់​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រជា​ពល​រដ្ឋ​ជាង​១​លាន ​៦​សែន​នាក់ ​កាល​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​កាលពីខែ​មិថុនា ឆ្នាំ​២០២២​។

កាល​ពី​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​ មាន​គណបក្ស​នយោបាយ​ចំនួន​២០​ដែល​បាន​ឈរ​ឈ្មោះ​បោះឆ្នោត​។ ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ជំទាស់​ធំ​មួយ​ មិន​បាន​ស្ថិត​នៅ​សន្លឹក​ឆ្នោត​នាពេលនោះ​ទេ​ ព្រោះ​គណ​បក្សធ្លាប់​ទទួល​៥៥​កៅ​អី នៅ​សភា​ជាតិ​ ត្រូវបាន​តុលាការ​កំពូល​រំលាយចោល​ បន្ទាប់​ពី​អាជ្ញាធរកម្ពុជា​សង្ស័យ​ថា​ គណបក្ស​នេះ​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ ដោយ​មាន​បរទេស​នៅ​ពីក្រោយ​៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG