ឧបករណ៍​ថ្មីមួយ​​អាច​​ធ្វើ​តេស្ត​មើល​កម្រិត​សុវត្ថិភាព​ទឹក​ក្នុង​រយៈ​ពេលដ៏​ខ្លី

  • Jessica Berman

ពលរដ្ឋ​កំពុង​ចាក់​ទឹក​​ចេញ​ពី​ឡាន​ទឹក​របស់​សាលា​ក្រុងចូល​ក្នុង​ធុង​ទឹក​របស់​ពួក​គេ​​ នៅ​ក្នុង​ថ្ងៃ​ដ៏​ក្តៅ​មួយ​ក្នុង​ក្រុង Ahmedabad ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ២០១៦។

មនុស្ស​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក ​មិន​មាន​ទឹក​ស្អាត​សម្រាប់​ទទួល​ទាន​ទេ។ ដើម្បី​ធ្វើ​តេស្ត​មើល​គុណភាព​ទឹក មាន​​ឧបករណ៍​​ថ្មី​មួយ​ដែល​ប្រើ​ពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​ ហើយ​អាច​បង្ហាញ​ថា​ តើ​ទឹក​ដែល​យើង​មាន​ មាន​ផ្ទុក​ពពួក​​មី​ក្រុប​សរីរាង្គ​ដែល​បង្ក​ជំងឺ​ឬ​ទេ។

អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា ប្រជាជន​ ៦៦៣ ​លាន​នាក់​មិន​មាន​ទឹក​ស្អាត​និង​មាន​សុវត្ថិភាព​សម្រាប់​បរិភោគ​ទេ។ ប្រជាជន​ ២.៤ ​ពាន់​លាន​នាក់រស់​នៅ​ដោយ​គ្មាន​អនាម័យ​គ្រប់​គ្រាន់​ដែល​ធ្វើ​ឲ្យទឹក​សម្រាប់​ប្រើ​ប្រាស់​ប្រឈម​នឹង​ហានិភ័យ​នៃ​ភាពកខ្វក់​ដោយ​លាមក។

គោល​ដៅ​មួយ​ក្នុង​ចំណោម​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តភាព​របស់​អង្គការ​សហប្រជាជាតិ ​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​មនុស្ស​ទាំង​អស់​អាច​ប្រើប្រាស់​ទឹក​ស្អាត​និង​មាន​តម្លៃ​សមរម្យ​ក្នុង​ឆ្នាំ​២០៣០។

ក្រុម​អ្នក​ជំនាញសង្ឃឹម​ថា ​វិធី​មួយ​ដែល​អាច​សម្រេច​ការងារ​នេះ​បាន​ គឺ​តាម​រយៈ​បច្ចេកវិទ្យា​សាមញ្ញ​មួយ​ ហើយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ ​Birmingham ​ក្នុង​ប្រទេស​អង់គ្លេស​បាន​បង្កើត​ឧបករណ៍​ពិសេស​មួយ​ដើម្បី​កំណត់​មើល​ ថា​តើ​ទឹកដែល​អ្នក​មាន មាន​សុវត្ថិភាព​សម្រាប់​បរិភោគ​ដែរ​ឬ​ទេ ​ដោយ​ប្រើ​រយៈ​ពេល​ប្រហែល​៣០​វិនាទី​ប៉ុណ្ណោះ។

ឧបករណ៍​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ ​Duo Fluor​ អាច​កំណត់​ថា​តើ​ទឹក​នោះ​មាន​ពោរពេញ​ទៅ​ដោយ​សារធាតុ​សរីរាង្គ​ រុក្ខជាតិ​និង​សត្វ​ដែល​ពុក​ផុយ​រលួយ​ និង​បាក់តេរី ​រួម​បញ្ចូល​ទាំងធាតុ​បង្ក​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​អាសន្នរោគ​ រាគ​មួល ​ឬ​ថា​តើ​ទឹក​នោះ​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ប្រើ​ប្រាស់​ដែរ​ឬ​ទេ។

លោក ​John Bridgeman ​មេដឹក​នាំក្រុម​មួយ​នៅ​ដេប៉ាតឺម៉ង់វិស្វកម្ម​សំណង់​ស៊ីវិល​ បាន​និយាយ​ថា ឧបករណ៍​នេះ ​អាច​ប្រើប្រាស់​បាន​នៅ​តាម​មាត់​ទន្លេ។

«វាមិន​តម្រូវ​ឱ្យ​មាន​សារធាតុ​គីមីឬ​សារធាតុ​ដែល​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ណា​មួយ​ទេ ​ហើយ​វា​នឹង​បង្ហាញកម្រិត​គុណភាព​ទឹក​ក្នុង​រយៈ​ពេល​តែប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ។ ​ដូច្នេះ ​វា​ជា​ឧបករណ៍​សម្រាប់​ពិនិត្យ​ទឹក​ជំហាន​ដំបូង​ដែល​អាច​ឲ្យ​អ្នកវាយ​តម្លៃ​ទឹក​លើ​ហានិភ័យ​នៃ​គុណភាព​របស់​វា​ ដ៏​មាន​ប្រសិទ្ធិភាព»។

ឧបករណ៍​ Duo Fluor ​បញ្ចេញ​ពន្លឺ​ហ្វ្រេកង់​ខ្ពស់​ចូល​ទៅ​ក្នុង​សំណាក​ទឹក (ទឹក​ដែល​យក​មក​ធ្វើ​តេស្ត)។ ប្រសិន​បើ​មាន​វត្តមាន​មេក្រុប​នៅ​ក្នុង​ទឹក​នោះ​ ពួក​វា​ស្រូប​យក​សមាសភាគ​ល្អិតៗ​ និង​បញ្ចេញ​ពន្លឺ​ខ្សោយ​ត្រឡប់​មក​វិញ។ ឧបករណ៍​ភ្លើង​ LED ​អុបទិក​ដ៏​ស្តើងនេះ ​អាច​រក​ឃើញ​ការ​បញ្ចេញ​ប្រតិកម្ម​នៃ​បាក់តេរី ​ដែល​បន្ទាប់​មក​ត្រូវ​បាន​វិភាគ​ដោយ​កុំព្យូទ័រ។

លោក Bridgeman​ បាន​និយាយ​ថា​ វិធីសាស្រ្ត​នេះ មាន​ប្រតិកម្ម​យ៉ាង​ឆាប់​រហ័ស​ទៅ​លើ​បញ្ហា​ទាក់​ទង​នឹង​លាមក ហើយ​លទ្ធផល​នឹង​ចេញ​ភ្លាមៗ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ពេល​វេលា ​១២​ម៉ោង​ ដែល​គេ​ត្រូវ​ការ​បច្ចប្បន្ន​នេះ​ ដើម្បី​វិភាគ​លើ​ទឹក​សម្រាប់​ទទួល​ទាន។

«មក​ដល់​ចំណុច​នេះ ​ការវិភាគ​ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បន្ទប់​ពិសោធន៍​ដោយ​ប្រើ​ឧបករណ៍​ស្រាវជ្រាវ​ដែល​មាន​គុណភាព​ខ្ពស់​ និងមាន​តម្លៃរាប់​សិប​ម៉ឺន​ដុល្លារ។ តែ​អ្វីដែល​យើង​បាន​ធ្វើ ​គឺ​បង្កើត​ឡើង​នូវ​ឧបករណ៍​មួយ​ដែល​តូច​ជាង​ ក្រដាស​ស្តង់​ដា​មួយ​សន្លឹក»។

លោក Bridgeman ​ជឿ​ជាក់​ថា ​Duo Fluor​ នឹង​មាន​ប្រយោជន៍​ដ៏​ពិសេស​ នៅ​តំបន់​ដែល​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ ​និង​នៅ​ជំរំ​ជន​ភៀស​ខ្លួន។

ទីភ្នាក់ងារ​ផ្តល់​ជំនួយ​អន្ដរជាតិ គឺអង្គការ​ Oxfam ​កំពុង​សហការណ៍​ជា​មួយ​ក្រុម​របស់​លោក ​Bridgeman​ ដើម្បី​ជួយ​ផ្សព្វផ្សាយ​ និង​ចុង​ក្រោយ​ចែក​ចាយ​ឧបករណ៍​សម្រាប់​ធ្វើ​តេស្ត​ទឹក​នេះ៕

ប្រែ​សម្រួល​ដោយ ឆាយ​ គីម​ហ៊ង