ប្រជាជនដែលកំពុងតែរងសភាពទ្រុឌទ្រោមដោយសារជំងឺអេដស៍ ឬស្លាប់ដោយសារជំងឺគ្រុនចាញ់ អាចនឹងក្លាយជាអ្វីមួយដែលកាន់តែមានលក្ខណៈធម្មតា នៅក្នុងរយៈពេល២៥ឆ្នាំខាងមុខ ដោយសារតែការផ្តល់ជំនួយថវិកាសម្រាប់ផ្នែកសុខាភិបាលសកលលោក កំពុងតែខ្សត់ខ្សោយ។
ការវាយតម្លៃដ៏អាប់អួរនេះ ត្រូវបានលើកឡើងនៅក្នុងរបាយការណ៍ថ្មីចំនួនពីរ របស់លោក Joseph Dieleman ដែលជាសេដ្ឋវិទូ នៅវិទ្យាស្ថានវាយតម្លៃ និងកំណត់ស្តង់ដារផ្នែកឱសថ (Institute for Medical Metrics and Evaluation) ក្នុងក្រុង Seattle នៃរដ្ឋវ៉ាស៊ីនតោន ដែលរបាយការណ៍ទាំងពីរនេះត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីThe Lancet ។
ក្រុមអ្នកជំនាញនិយាយថា ប្រទេសក្រីក្រមិនបានប្រុងប្រយ័ត្នក្នុងការរក្សាថវិកាជំនួយដែលចាំបាច់សម្រាប់ផ្នែកសុខាភិបាលសាកលលោកនោះឡើយ នៅខណៈពេលដែលជំនួយអន្តរជាតិកំពុងបន្តនៅនឹង។
បច្ចុប្បន្ន រដ្ឋាភិបាល និងអង្គការដែលជាម្ចាស់ជំនួយ បានផ្តល់ថវិកាចំនួន៣៦ពាន់លានដុល្លារ ទៅលើផ្នែកសុខាភិបាលក្នុងមួយឆ្នាំ។ យោងតាមលោក Dieleman បានឲ្យដឹងថា ចំនួនថវិកានេះនឹងបន្តកើនឡើង ប៉ុន្តែនៅតែមិនអាចបំពេញតាមតម្រូវការផ្នែកសុខាភិបាល។
បញ្ហាកំណើនចំណាយនេះ កើតមានដូចគ្នាចំពោះប្រទេសដែលមានចំណូលទាប ដែលបានកើនឡើងប្រហែល៤ភាគរយ។
«ប៉ុន្តែជាក់ស្តែង ការកើនឡើងនៃចំណាយ៤បួនភាគរយនេះ ស្ថិតនៅក្នុងកម្រិតមួយទាបរួចទៅហើយ។ ទោះបីជាវាជាកំណើនមួយ និងមានន័យថា មានការផ្គត់ផ្គង់ធនធានកាន់តែច្រើនសម្រាប់សុខភាព ជាពិសេសនៅក្នុងមជ្ឈដ្ឋានចំណូលទាបក្តី វានៅតែជាគម្លាតដ៏ធំមួយនៅឡើយ»។
អ្នកស្រាវជ្រាវមួយចំនួន បានប្រើប្រាស់ការស្រាវជ្រាវពីមុន ដែលប៉ាន់ប្រមាណនូវការចំណាយលើការថែទាំសុខភាពសម្រាប់មនុស្សម្នាក់ នៅក្នុងប្រទេសដែលមានចំណូលទាប គឺមានប្រហែល ៨៦ដុល្លារអាមេរិកក្នុងម្នាក់។
លោក Dieleman និយាយថា ប្រទេសក្រីក្របំផុត អាចនឹងខ្វះខាតក្នុងការចំណាយ៨៦ដុល្លារសម្រាប់មនុស្សម្នាក់ ក្នុងគម្រោងចំណាយទៅលើផ្នែកសុខាភិបាលដែលតម្រូវចាំបាច់សម្រាប់សេវាផ្នែកនេះគ្រោងនៅឆ្នាំ២០៤០។
វិបត្តិនេះអាចនឹងប៉ះពាល់ដល់ប្រទេសដែលមានចំណូលមធ្យម និងប្រទេសចំណូលទាបចំនួន៣៥។ ភាគច្រើនប្រទេសទាំងនេះស្ថិតនៅអនុតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិក ដែលរងការកើតមានជំងឺច្រើនជាងគេ។
ការវិភាគរបស់លោក Dieleman និងសហការីទៅលើប្រទេសចំនួន១៨៤ បានរកឃើញថា ប្រជាជន១៥លាននាក់ ដែលប្រើថ្នាំប្រឆាំងការរីករាលដាលវីរុសអេដស៍ អាចទទួលរងការប៉ះពាល់ពីការខ្វះខាតថវិកាសម្រាប់ផ្នែកសុខាភិបាល។
ជាឧទាហរណ៍ លោក Dieleman លើកឡើងថា ជំនួយថវិកាសម្រាប់ព្យាបាលជំងឺអេដស៍ បានកើនឡើងយ៉ាងខ្លាំង នៅចន្លោះឆ្នាំ២០០០ និង២០០៩ គឺបានកើនឡើង២៤ភាគរយជារៀងរាល់ឆ្នាំ។
ដូច្នេះ នេះជាកំណើនគួរឲ្យកត់សម្គាល់។ ប៉ុន្តែនាពេលថ្មីៗនេះ អត្រាកំណើនប្រចាំឆ្នាំ ២៤ ភាគរយ បានធ្លាក់ចុះដល់មួយរយ។ ដូច្នេះ នេះជាការធ្លាក់ចុះយ៉ាងខ្លាំង ទៅផ្នែកបរិមាណធនធាន និងទៅលើអត្រាដែលកំពុងកើនឡើង។
យោងតាមការប៉ាន់ប្រមាណតាមរយៈការស្រាវជ្រាវថា ការចំណាយជាមធ្យមលើផ្នែកសុខាភិបាលសម្រាប់មនុស្សម្នាក់នឹងមានជាមធ្យមចាប់ពី១៦៤ដុល្លារ ក្នុងប្រទេសដែលមានចំណូលទាប រហូតដល់៩.០០០ដុល្លារ សម្រាប់ប្រទេសអ្នកមាន។
ការចំណាយប្រចាំឆ្នាំទៅលើផ្នែកសុខាភិបាលត្រូវបានព្យាករណ៍ថា នឹងមានខ្ពស់បំផុតនៅសហរដ្ឋអាមេរិក ដែលមានដល់ទៅជាង១៦.០០០ដុល្លារសម្រាប់មនុស្សម្នាក់។
ក្នុងរយៈពេល២៥ឆ្នាំ ចំនួនថវិកាតិចបំផុតសម្រាប់ផ្នែកសុខាភិបាលនៅប្រទេសសូម៉ាលី អាចមានត្រឹមតែ៣៤ដុល្លារប៉ុណ្ណោះសម្រាប់មនុស្សម្នាក់។
យោងទៅតាមក្រុមអ្នកជំនាញ ដំណោះស្រាយមួយ គឺឲ្យប្រទេសទាំងឡាយបង្កើនការប្រមូលពន្ធពីអ្នកមាន និងបន្ថយការផ្តល់អាទិភាពទៅលើកម្មវិធីមួយចំនួន ដូចជាការផ្តល់ជំនួយថវិកាដល់ការទិញប្រេង។
ការវាយតម្លៃមួយទៅលើការចំណាយលើផ្នែកសុខភាពសាធារណៈនាពេលអនាគត ត្រូវបានបង្ហាញឡើងនៅក្នុងការប្រជុំរបស់ធនាគារពិភពលោក ស្តីអំពីសុខាភិបាលសាកលលោក៕
ប្រែសម្រួលដោយ៖ សើ សាយ្យាណា