ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញការ​ខាងសុខភាព​អំពាវនាវ​ឲ្យ​ប្តូរ​កន្លែង​ប្រារព្ធ​កម្មវិធី​កីឡា​អូឡាំពិក


កម្មករ​សាលាក្រុង​រៀបចំ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដើម្បី​បាញ់​នៅឯ Sambodrome ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល កាល​ពី​ថ្ងៃទី២៦ ខែ​មករា ឆ្នាំ​២០១៦។
កម្មករ​សាលាក្រុង​រៀបចំ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដើម្បី​បាញ់​នៅឯ Sambodrome ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល កាល​ពី​ថ្ងៃទី២៦ ខែ​មករា ឆ្នាំ​២០១៦។

លិខិត​ចំហ​មួយ​ច្បាប់​ ដែល​ចុះ​ហត្ថលេខា​ដោយ​អ្នកជំនាញការ​ខាង​សុខភាព​ចំនួន​១៥០​នាក់​កំពុង​តែ​អំពាវនាវ​ឲ្យ​ពន្យារពេល​ ឬ​ប្ដូរ​កន្លែង​ប្រារព្ធ​កម្មវិធី​កីឡា​អូឡាំពិក​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ទីក្រុង Rio de Janeiro ដោយ​សារ​តែ​ការឆ្លង​រីករាលដាល​មេរោគ​ហ្ស៊ីកា។ ​

អ្នកចុះហត្ថលេខា​ទាំង​នោះ ដែល​រួម​មាន​ទាំង​អ្នកជំនាញការ​មក​ពី​ប្រទេស​ជាង​២០​ដែល​ធ្វើការ​ក្នុង​វិស័យ​មួយ​ចំនួន​ដូចជា វិស័យ​សុខភាព​សាធារណៈ ​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ការបន្ត​ប្រារព្ធ​កម្មវិធី​កីឡា​អូឡាំពិក​នេះ គឺជា​ការមិន​ទទួល​ខុស​ត្រូវ​ និង​គ្មាន​ក្រមសីលធម៌។ ក្នុង​ចំណោម​អ្នក​ដែល​បាន​ចុះ​ហត្ថលេខា​ទាំង​នោះ ក៏​មាន​លោក​បណ្ឌិត Philip Rubin ដែល​ជា​អតីត​ទីប្រឹក្សា​ផ្នែក​វិទ្យាសាស្រ្ត​នៅ​សេតវិមាន​ផង​ដែរ។

លិខិត​នោះ​មាន​សេចក្តីថា៖ «មេរោគ​ហ្ស៊ីកា​នៅ​ក្នុង​ប្រេស៊ីល ផ្តល់​ផល​ប៉ះពាល់​ដល់​សុខភាព ដែល​វិទ្យាសាស្រ្ត​មិន​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក​នៅ​ឡើយ»។​

មេរោគ​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ទារក​នៅ​ពេល​ចាប់កំណើត ដែល​ធ្វើ​ឲ្យ​ទារក​កើត​មក​មាន​ក្បាល​និង​ខួរក្បាល​តូច​ជាង​ធម្មតា។ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យ​ដឹង​ថា ស្ត្រី​មាន​ផ្ទៃពោះ​គួរ​តែ​ចៀសវាង​ទៅ​កាន់​តំបន់​ណា​ដែល​មាន​ការឆ្លងរីករាលដាល​មេរោគ​ហ្ស៊ីកា​នេះ ដោយ​រួម​បញ្ចូល​ទាំង​នៅ​ក្នុងទីក្រុង Rio de Janeiro ដែល​នឹង​ប្រារព្ធ​កម្មវិធី​ប្រកួត​កីឡា​អូឡាំពិក​ផង​ដែរ។​

លិខិត​នោះ​មាន​សេចក្តី​បន្ថែម​ថា៖ «ការប្រឈម​នឹង​គ្រោះថ្នាក់​អាច​នឹង​កើតមាន​ឡើង​នៅ​ពេល​ដែល​ជនបរទេស​ប្រាំ​សែន​នាក់​មក​ពី​បណ្តា​ប្រទេស​ដែល​ចូលរួម​អាច​នឹង​ឆ្លង​មេរោគ​នោះ ហើយ​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួកគេ​វិញ ចម្លង​ទៅ​មនុស្ស​ដទៃទៀត។ ប្រសិន​បើ​ការឆ្លងរាលដាល​នេះ​កើតឡើង​ចំពោះ​ប្រជាជន​នៅ​ក្នុង​ប្រទេស​ក្រីក្រ ដែល​មិន​ទាន់​មាន​ឆ្លង​មេរោគ​នេះ​នៅ​ឡើយ ដូចជា​នៅ​អាស៊ី​និង​នៅ​អាហ្វ្រិក​ជាដើម​ នោះ​ទុក្ខវេទនា​អាច​នឹង​ធំធេង​ខ្លាំង»៕

XS
SM
MD
LG