មជ្ឈមណ្ឌលគ្រប់គ្រងការរីករាលដាលជំងឺ (The Centers for Disease Control) បានដាស់តឿនដល់វេជ្ជបណ្ឌិតទាំងឡាយថា ការចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដែលមានជាតិញៀនច្រើនពេក អាចនាំទៅរកការញៀនថ្នាំ និងការស្លាប់ដោយការប្រើប្រាស់លើសកំណត់។ ស្ថាប័នសុខាភិបាលនេះបានស្នើសុំឲ្យវេជ្ជបណ្ឌិត និងអ្នកជំងឺទាំងឡាយពិចារណាឡើងវិញនូវការប្រើប្រាស់ថ្នាំទាំងនេះ និងស្វែងរកវិធីផ្សេងៗដើម្បីកាត់បន្ថយការឈឺចាប់។
មជ្ឈមណ្ឌលគ្រប់គ្រងការរីករាលដាលជំងឺ ឬ CDC និយាយថា ការចេញវេជ្ជបញ្ជាប្រើប្រាស់ថ្នាំដែលមានជាតិញៀននៅសហរដ្ឋអាមេរិក បានបណ្តាលឲ្យករណីញៀនថ្នាំបំបាត់ភាពឈឺចាប់ និងការស្លាប់ដោយសារប្រើប្រាស់ហួសកម្រិតកើនឡើងយ៉ាងឆាប់រហ័ស។
CDC កំពុងលើកទឹកចិត្តឲ្យវេជ្ជបណ្ឌិត និងអ្នកជំងឺស្វែងរកវិធីផ្សេងៗដើម្បីកាត់បន្ថយការឈឺចាប់។ នៅវិទ្យាស្ថានក្រុមស្រាវជ្រាវសុខភាព (Group Health Research Institute) នៅទីក្រុង Seattle អ្នកស្រាវជ្រាវបានសិក្សាឥទ្ធិពលនៃចិត្តក្នុងការកាត់បន្ថយការឈឺចាប់។ លោក Daniel Cherkin ជាអ្នកដឹកនាំស្រាវជ្រាវម្នាក់ដែរ។
«ការយល់ដឹងថ្មីៗដែលសំខាន់បំផុតមួយនៃការឈឺចាប់រ៉ាំរ៉ៃ និងការឈឺចង្កេះរ៉ាំរ៉ៃ គឺថាកត្តាចិត្តសាស្រ្តមានតួនាទីសំខាន់ណាស់»។
មនុស្ស៣០០នាក់ដែលឈឺចង្កេះរ៉ាំរ៉ៃ បានស្ម័គ្រចិត្តក្នុងការស្រាវជ្រាវនេះ។ លោក Cherkin និយាយថា មួយភាគបីនៃអ្នកចូលរួមទាំងនេះ បានចូលរួមក្នុងវិធីព្យាបាលតាមរយៈការផ្លាស់ប្តូរការគិត។
«ការព្យាបាលតាមរយៈការផ្លាស់ប្តូរការគិតនេះ សង្កត់ធ្ងន់លើការជួយឲ្យមនុស្សសិក្សាអំពីរបៀបផ្លាស់ប្តូរគំនិតចំពោះការឈឺចាប់របស់ពួកគាត់ និងជួយលើកទឹកចិត្តពួកគាត់ឲ្យមានសកម្មភាពជាក់ស្តែងដែលនាំឲ្យមានការគ្រប់គ្រងការឈឺចាប់បានល្អជាងមុន»។
នេះជាការអនុវត្តការប្រើប្រាស់ចិត្តគំនិតមួយបែបទៀត ដែលយកចេញពីការធ្វើសមាធិ និងការហាត់យូហ្គា (yoga)។
«ការប្រើប្រាស់ចិត្តគំនិតអាចជួយមនុស្សឲ្យផ្លាស់ប្តូរការយល់ដឹង បង្កើនការយល់ដឹងនៃការឈឺចាប់របស់ពួកគេ និងអាចទទួលយកការឈឺចាប់ជាងមុន ហើយប្រមូលស្មារតី និងថាមពលរបស់ពួកគេក្នុងការស្វែងរកមធ្យោបាយគ្រប់គ្រងវា»។
អ្នកផ្សេងៗទៀត ធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិតប្រចាំរបស់ពួកគេ។ ក្រុមដែលប្រើប្រាស់ចិត្តគំនិត មានការកាត់បន្ថយការឈឺចាប់ខ្លាំងជាងគេ និងយូរជាងគេ។
«ផលប្រយោជន៍នៃការកាត់បន្ថយការឈឺចាប់ និងការរីកចម្រើននៃមុខងារអាចមានប្រសិទ្ធិភាពរហូតដល់មួយឆ្នាំពេញ។ នេះមិនមែនជាករណីទូទៅក្នុងចំណោមការព្យាបាលការឈឺចាប់រ៉ាំរ៉ៃទេ»។
លោក Cherkin និយាយថា លោករំពឹងថា ការព្យាបាលដោយចិត្តគំនិត និងវិធីព្យាបាលតាមរយៈការផ្លាស់ប្តូរការគិតអាចជួយអ្នកជំងឺដែលមានការឈឺចាប់រ៉ាំរ៉ៃប្រភេទផ្សេងៗទៀត។ ការស្រាវជ្រាវនេះត្រូវបានចេញផ្សាយនៅក្នុងព្រឹតិ្តប័ត្រ JAMA ដែលជាព្រឹត្តិប័ត្រស្រាវជ្រាវរបស់សមាគមវេជ្ជសាស្រ្តអាមេរិក (the Journal of the American Medical Association)៕
ប្រែសម្រួលដោយ វិញ សុជាតា