ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ប្រែប្រួល​អាកាស​ធាតុ​ និង​សុខភាព​សាកល​មាន​ទំនាក់​ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ

  • Lisa Schlein

ក្រុម​មនុស្ស​បង្ហាញ​ការ​ប្រឆាំង​តវ៉ា​នឹង​កា​រប្រែប្រួល​អាកាស​ធាតុ​ និង​ការ​វិនិយោគ​ធ្យូង​ថ្ម​ មុន​ពេល​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ហិរញ្ញ​វត្ថុ​នៃ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទាំង៧​ និង​ក្រុម​ប្រឹក្សា​ភិបាល​ធនាគារ​កណ្តាល​ នៅ​ខាង​មុខ​ក្រសួង​ហិរញ្ញវត្ថុ​ ក្នុង​ទី​ក្រុង​តូក្យូ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៩​ ខែ​ឧសភា​ ឆ្នាំ​២០១៦។​

ប្រធាន​ចលនា​នៃ​កិច្ចការ​ប្រែប្រួល​អាកាស​ធាតុ​ និយាយ​ថា​សុខភាព​សាកល​ពឹង​ផ្អែក​លើ​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាស​ធាតុ។​ មន្រ្តី​រូប​នេះ​ បាន​ប្រាប់​ប្រតិភូ​នានា​ដែល​បាន​ចូល​រួម ​សន្និបាត​សុខភាព​ពិភព​លោក​ដែល​ប្រជា​ជាតិ​នានា​កំពុង​ប្រឈម​នឹង​ការណ៍​ដែល​សល់​ពេល​វេលា​តិចតួច​ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ ដែល​ជា​ហេតុ​នាំឲ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ​។

លោកស្រី​ Christiana Figueres ជា​លេខា​ប្រតិបត្តិ​នៃ​អនុ​សញ្ញា​ក្របខ័ណ្ឌ​សហប្រជា​ជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាស​ធាតុ។​ លោកស្រី​ ក៏​បាន​កោត​សរសើរ​លើការ​ដាក់​ឲ្យ​អនុវត្ត​កិច្ច​ព្រមព្រៀង​ការ​ប្រែប្រួល​អាកាស​ធាតុ​ទីក្រុង​ប៉ារីស​ ដែល​មាន​ប្រទេស​១៧៧​ បាន​ចុះហត្ថលេខា​ ហើយ​កិច្ច​ព្រមព្រៀង​នេះ​ ទំនង​ជា​នឹង​ចាប់​មាន​ប្រសិទ្ធ​ភាព​ក្នុង​រយៈ​ពេល​១​ឬ​២​ឆ្នាំ​ខាង​មុខ។​

លោកស្រី​ និយាយ​ថា​ នេះ​ជា​ពេល​វេលា​មួយ​ដ៏មាន​សក្តានុពល​ល្អ​សម្រាប់​ទាំង​កិច្ចការ​អាកាស​ធាតុ ទាំង​កិច្ចការ​សុខភាព​សាកល។​

«ក្នុង​ការ​ដោះ​ស្រាយ​ការ​ប្រែប្រួល​អាកាស​ធាតុ​តាម​រយៈ​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ យើង​បាន​កំពុង​តែ​បង្ការ​ភាព​អាក្រក់​នានា​នៃ​ស្ថានភាព​សុខភាព​ទូទាំង​ពិភព​លោក​ និង​កំពុង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ស្ថានភាព​ផ្សេងៗ​ដែល​ត្រូវ​កែ​លម្អ​តាមរយៈ​វិធាន​នានា​នៃ​អាកាស​ធាតុ​ តួយ៉ាង​ដូច​ជា​ការ​ធ្វើ​ឲ្យ​គុណភាព​ចំណី​អាហារ​ និង​ទឹក​ សន្តិសុខ​ស្បៀង​ និង​សុវត្ថិ​ភាពទឹក​ប្រសើរ​ឡើង។​ យើង​កំពុង​ធ្វើ​ឲ្យ​ស្ថានភាព​សុខភាព​ប្រសើរ​ឡើង»។

លោកស្រី​ Figueres ក៏​បាន​ព្រមាន​ពី​បរាជ័យ​នៃ​ចំណាត់​ការ​នានា​សម្រាប់​ការ​ប្រែប្រួល​អាកាស​ធាតុ​ ដែល​នាំ​ឲ្យ​មាន​ការ​បំផ្លាញ​ផ្ទាល់​ដល់​សុខភាព​ត្រឹម​ឆ្នាំ​២០៣០​ និង​បាន​ចំណាយ​ថវិកា​រវាង​២​ ទៅ​៤​ពាន់​លាន​ដុល្លា​ក្នុង​មួយឆ្នាំ​។ លោក​ស្រី​ កត់​សម្គាល់​ឃើញ​ថា​ មួយ​ភាគ​ប្រាំ​មួយ​នៃ​ជំងឺ​ធ្ងន់​ធ្ងរ​ និង​ពិការភាព​នានា​កើត​ចេញ​ពី​មេរោគ​ចម្លង​ផ្សេង​ៗ​ ហើយ​មេរោគ​ទាំង​អស់​នេះ​ នឹង​កើន​ឡើង​ប្រសិន​បើមិន​មាន​ការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាស​ធាតុ។​ លោក​ស្រី​បាន​បន្ថែម​ថា​ អ្នក​ដែល​រងគ្រោះ​ដោយ​បញ្ហា​នេះ​ភាគ​ច្រើន​ គឺ​ជា​ប្រជាជន​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ។​

លោកស្រី​ Figueres ​និយាយ​ថា​ ប្រទេស​ចំនួន​១៨៩​ បាន​បង្ហាញ​ផែន​ការ​ជាតិ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ របស់​ខ្លួន​ ប៉ុន្តែ​មាន​តែ​១៥​ភាគរយ​នៃ​ផែនការ​ទាំងអស់​នោះ​ បង្ហាញ​ថា ​សុខភាព​ជា​ធាតុ​ដ៏​សំខាន់។​លោក​ស្រី​ ចាត់​ទុក​ការបង្ហាញ​នេះ​ថា​ជា​ចំណុច​ប្រកាស​អាសន្ន។

«ប្រសិន​បើ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ​ យើង​មិន​ផ្លាស់​ប្តូរ​អ្វីដែល​យើង​កំពុង​ធ្វើ​ក្នុង​វិស័យ​ថាមពល​ វិស័យ​ដឹក​ជញ្ជូន​ វិស័យ​សំណង់​ដែល​សុទ្ធ​តែ​ជា​វិស័យ​បញ្ចេញ​ឧស្ម័ន​ពុល​ជា​ដ៏​ច្រើន​លើស​លុប​នោះទេ​នោះ ​យើង​កំពុង​តែ​ស្ថិត​ក្នុង​ចំណុច​របត់​ផ្លាស់ប្តូរ​តូច​មួយ​នៃ​បរិយាកាស​ ដែល​នឹង​ផ្តល់​ផល​អវិជ្ជមាន​ និង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​សុខភាព​ និង​ផែនដី​សម្រាប់​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​បន្តទៀត​»។

លោក​ស្រី​ Figueres ទទូច​ស្នើ​សុំ​អង្គការ​សុខភាព​ពិភពលោក​ ប្រើប្រាស់​តួនាទី​របស់​ខ្លួន​ក្នុង​វិស័យ​សុខា​ភិបាល​ ផ្សព្វផ្សាយ​ដល់​ប្រជាជនឲ្យ​យល់ដឹង​ថាអ្វីៗ​ដែល​ទាក់ទង​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ និង​ជះ​ឥទ្ធិពល​ដល់​សុខភាព​ បើមាន​អ្វីកើត​ឡើងល្អ​ចំពោះ​អាកាស​ធាតុ​ វា​ក៏​នឹង​ធ្វើ​ឲ្យ​សុខភាព​សាកល​ល្អដែរ៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី

XS
SM
MD
LG