ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកជំនាញ​កសិកម្ម​ថា កម្ពុជា​គួរ​សិក្សា​ពី​លទ្ធភាព​យក​ទឹក​ក្រោមដី​សម្រាប់​វិស័យ​កសិកម្ម


ដី​ប្រេះ​ដោយ​សារ​តែ​កង្វះ​ទឹក​នៅ​ក្នុង​វាល​ស្រែ​មួយ​ ក្នុង​ភូមិ​តាណង​ ស្រុក​អណ្តូង​មាស​ ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃ​ទី​១​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។​ (នូវ​ ពៅ​លក្ខិណា​/VOA)

លោក កែ សំអឿន លើកឡើង​ថា រដ្ឋាភិបាល​ ចាំបាច់​ត្រូវ​សិក្សា​ពី​លទ្ធភាព​យក​ទឹក​ក្រោម​ដី​មក​ប្រើប្រាស់​ឬ​យក​ទឹក​ពី​ទន្លេ​ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ទឹក​នេះ នៅ​ពេល​អនាគត​ដ៏​វែង​ឆ្ងាយ​ទៀត។

អ្នក​ជំនាញ​ការ​ខាង​វិស័យ​កសិកម្ម​ លើកឡើង​ថា ប្រទេស​កម្ពុជា​ គួរ​តែ​ចាប់ផ្ដើម​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​យក​ទឹក​ក្រោម​ដី មក​ប្រើប្រាស់​សម្រាប់​វិស័យ​កសិកម្ម​របស់​ខ្លួន ខណៈ​ប្រទេស​នេះ កំពុង​ជួប​ប្រទះ​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​៥០​ឆ្នាំ​ចុងក្រោយ​នេះ។


លោក​ កែ សំអឿន អ្នក​សិក្សា​ខាង​វិស័យ​កសិកម្ម​ក្នុង​កម្មវិធី​អាហារូបករណ៍​ Hubert Humphrey Fellowship នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​កម្មវិធី «Hello VOA» កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី ៩ ខែ​ឧសភា​នេះ៖

«ការ​យក​ទឹក​ក្រោម​ដី​មក​ប្រើប្រាស់​ហ្នឹង យើង​ត្រូវ​តែ​សិក្សា​មើល​ថា​តើ​យើង​អាច​យក​មក​ប្រើប្រាស់​បាន​ឬ​អត់។ ចំពោះ​ខ្ញុំ ខ្ញុំ​មាន​សុទ្ធិ​និយម​ថា យើង​អាច​យក​មក​ប្រើ​បាន។ សំខាន់​យើង​ សិក្សា​វា​ឲ្យ​ច្បាស់​កន្លែង​ហ្នឹង»។

អ្នក​ជំនាញ​ដែល​បាន​ធ្វើការ​សិក្សា​ខាង​វិស័យ​កសិកម្ម​រយៈ​ពេល​១០​ខែនៅ​ក្នុង​រដ្ឋកាលីហ្វ័រញ៉ា​ក្នុង​សហរដ្ឋ​អាមេរិក​នេះ​ បាន​មើល​ឃើញ​ពីបទពិសោធន៍​នៃ​ការ​យក​ទឹក​ក្រោម​ដី​មក​ប្រើប្រាស់​សម្រាប់​រដ្ឋ​ប៉ែកខាង​លិច​សហរដ្ឋ​អាមេរិក​នេះ។

«ការ​ដែល​គេ​យក​ទឹក​ក្រោម​ដី​ យក​មក​ស្រោចស្រព​បាន គឺ​អ្នក​បច្ចេកទេស​ ដើរ​តួនាទី​សំខាន់​ណាស់។ គាត់​ដើរ​តួ​ជា​ខួរក្បាល​សម្រាប់​រដ្ឋាភិបាល ដែល​ចេញ​ថា​តើ​គាត់​មាន​គោលនយោបាយ​បែប​ណា ហើយ​ប្រើប្រាស់​យ៉ាងម៉េច ដើម្បី​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​អី​ផ្សេងៗ»។

លោក កែ សំអឿន លើក​ឡើង​ថា ការ​យក​ទឹក​ក្រោម​ដី​ មក​ប្រើប្រាស់​សម្រាប់​ស្រោច​ស្រព​ដំណាំ​កសិកម្ម​នេះ ប្រាកដ​ជា​មាន​ផល​ប៉ះពាល់​ខ្លះៗ​ហើយ ប៉ុន្តែ លោក​ថា អ្នក​ជំនាញ​ការ​និង​អ្នក​បច្ចេកទេស​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល​ព្រមទាំង​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅ​តាម​សាកលវិទ្យាល័យ​ ចាំបាច់​ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា​ ដើម្បី​ពិនិត្យ​មើល​ពី​ផល​ប៉ះពាល់ ដែល​អាច​កើត​មាន​ឡើង ដើម្បី​ត្រៀម​រក​ដំណោះស្រាយ​រយៈពេល​វែង​ចំពោះ​ដោះស្រាយ​បញ្ហាខ្វះទឹក​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​នេះ។

ប្រទេស​កម្ពុជា មាន​ផ្ទៃ​ដី​ដាំ​ដុះ ប្រមាណ​៣លាន​ហិកតារ ហើយ​ពលរដ្ឋ​ប្រមាណ​៨០​ភាគរយ​គឺ​ជា​កសិករ ដែល​ភាគច្រើន​ពឹងផ្អែក​លើ​ទឹកភ្លៀង​ ដើម្បី​ធ្វើ​ស្រែ​ចម្ការ​របស់​ពួកគេ។

​ប៉ុន្តែ ដោយសារ​គ្រោះ​រាំងស្ងួត​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​តំបន់​និង​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​នៅ​ក្នុង​ប្រទេស កសិករ​ខ្មែរ ត្រូវ​រងគ្រោះ​ដោយសារ​ការ​ខ្វះ​ទឹក​ប្រើប្រាស់​នេះ។

ស្ថានភាព​កង្វះ​ទឹក​នៅ​ឆ្នាំ​នេះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​មែន​ទែន​ រហូត​ដល់​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ ប្រកូកប្រកាស​បើក​យុទ្ធនាការ​ចែក​ចាយ​ទឹក​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ដើម្បី​ដោះស្រាយ​បន្ទាន់​ចំពោះ​បញ្ហា​កង្វះ​ទឹក​នេះ។

លោក កែ សំអឿន អ្នក​សិក្សា​ខាង​វិស័យ​កសិកម្ម​ក្នុង​កម្មវិធី​អាហារូបករណ៍​ Hubert Humphrey Fellowship នៅ​សាកល​វិទ្យាល័យ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ថត​នៅ​ក្រោយ​កម្មវិធី Hello VOAនៅការិយាល័យ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី០៩ ខែ​ឧសភា ឆ្នាំ​២០១៦។ (សាយ មុន្នី/VOA)
លោក កែ សំអឿន អ្នក​សិក្សា​ខាង​វិស័យ​កសិកម្ម​ក្នុង​កម្មវិធី​អាហារូបករណ៍​ Hubert Humphrey Fellowship នៅ​សាកល​វិទ្យាល័យ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ថត​នៅ​ក្រោយ​កម្មវិធី Hello VOAនៅការិយាល័យ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី០៩ ខែ​ឧសភា ឆ្នាំ​២០១៦។ (សាយ មុន្នី/VOA)

លោក កែ សំអឿន លើកឡើង​ថា រដ្ឋាភិបាល​ ចាំបាច់​ត្រូវ​សិក្សា​ពី​លទ្ធភាព​យក​ទឹក​ក្រោម​ដី​មក​ប្រើប្រាស់​ឬ​យក​ទឹក​ពី​ទន្លេ​ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ទឹក​នេះ នៅ​ពេល​អនាគត​ដ៏​វែង​ឆ្ងាយ​ទៀត។

«យើង​សិក្សា ថា​តើ​យើង​យក​ទឹក​ក្រោម​ដី​ហ្នឹង​ យើង​ចាយ​អស់​ប៉ុន្មាន ហើយ​បើ​យើង​កាត់​ប្រឡាយ​យក​ទឹក​ពី​ទន្លេ​មក យើង​ចំណាយ​អស់​ប៉ុន្មាន? អញ្ចឹង យើង​មើល​ថា​តើ​មួយ​ណា​អស់​តិច​ជាង យើង​យក​អា​ហ្នឹង​ទៅ»៕

XS
SM
MD
LG