បន្ទាប់ពីកិច្ចប្រជុំរយៈពេល ២ ថ្ងៃនៅរដ្ឋធានីវ៉ាស៊ីនតោន បានបញ្ចប់មក ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានចេញសេចក្ដីប្រកាសមួយកាលពីថ្ងៃទី ១៤ ខែកុម្ភៈកន្លងទៅនេះ ដោយបញ្ជាក់ថា ក្រុមបច្ចេកទេស និងក្រុមផ្នែកច្បាប់មកពីប្រទេសទាំងអស់សម្រេចបានដំណើរវិវឌ្ឍមួយចំនួនឆ្ពោះទៅកាន់ការសម្រេចបាននូវកិច្ចព្រមព្រៀងចុងក្រោយមួយ ដែលនឹងត្រូវពិនិត្យដោយថ្នាក់ដឹកនាំនៃប្រទេសនីមួយៗ។
លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានថ្លៃងថា៖ «ដោយមានកិច្ចគាំទ្រផ្នែកបច្ចេកទេសពីធនាគារពិភពលោក សហរដ្ឋអាមេរិកបានយល់ព្រមសម្របសម្រួលការរៀបចំកិច្ចព្រមព្រៀងចុងក្រោយដើម្បីឲ្យរដ្ឋមន្ត្រី និងប្រមុខរដ្ឋនានាពិនិត្យដើម្បីសម្រេចនៅចុងខែនេះ»។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ដែលកាលពីពេលថ្មីៗនេះបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសអង់ហ្គោឡា អេត្យូពី និងសេណេហ្គាល់ បាននិយាយថា លោកកំពុងតាមដានយ៉ាងដិតដល់លើកិច្ចពិភាក្សានេះ។
លោកបាននិយាយថា លោកចង់លើកទឹកចិត្តប្រទេសស៊ូដង់ អេហ្ស៊ីប និងអេត្យូពីឲ្យបន្តពិភាក្សាលើបញ្ហានេះ ដើម្បីឲ្យប្រាកដថា ប្រទេសនីមួយៗទទួលបានទឹកដែលខ្លួនត្រូវការ»។
ទំនប់ Grand Ethiopian Renaissance Dam ដែលមានទឹកប្រាក់វិនិយោគ ៤ ពាន់លានដុល្លារនេះ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំជាងគេបង្អស់មួយនៅក្នុងប្រវត្តិសាស្ត្រនៃទ្វីបអាហ្វ្រិក។ ប្រទេសអេត្យូពីរំពឹងថា នឹងបញ្ចប់ការសាងសង់ទំនប់នេះនៅឆ្នាំ ២០២២ ហើយជឿថា ទំនប់នេះនឹងផលិតថាមពលអគ្គិសនីបាន ៦ ពាន់មេហ្គាវ៉ាត់ ដែលថាមពលខ្លះអាចលក់ចេញទៅក្រៅប្រទេសបានទៀតផង។
ប៉ុន្តែប្រទេសអេហ្ស៊ីប និងស៊ូដង់ មានការព្រួយបារម្ភថា ទំនប់នេះអាចបង្កការប៉ះពាល់ដល់លំហូរទឹក។ ប្រទេសអេហ្ស៊ីបពឹងផ្អែកលើទន្លេនីលរហូតដល់ ៩០ ភាគរយសម្រាប់តម្រូវការទឹករបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងធារាសាស្ត្រ និងធនធានទឹកនៃប្រទេសស៊ូដង់ លោក Yasser Abbas បាននិយាយថា ប្រទេសរបស់លោកមានសុទិដ្ឋិនិយម ក្រោយពីការប្រជុំនេះ។
លោកថ្លែងប្រាប់ VOA ថា៖ «ខ្ញុំអាចនិយាយបានថា យើងមានការរីកចម្រើនច្រើនចាប់ពីពេលនោះមក ហើយការប្រជុំនេះភាគច្រើនផ្ដោតលើរបៀបចាក់បំពេញទំនប់នៅដំណាក់កាលដំបូង និងរបៀបដំណើរការទំនប់នោះ។ នៅប្រទេសស៊ូដង់ យើងយល់ឃើញថា ទំនប់នេះជាឱកាសសក្ដានុពលមួយសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់»។
Abbas និយាយថា ទំនប់នេះមានផលប៉ះពាល់ទាំងវិជ្ជមាន និងអវិជ្ជមានសម្រាប់ប្រទេសស៊ូដង់។ ចំណុចវិជ្ជមាននោះគឺថា វានឹងសម្រួលដល់លំហូរទឹក ដែលធ្វើឲ្យកម្រិតទឹកនៅចំណុចទន្លេ Blue Nile មានកម្រិតប្រហាក់ប្រហែលគ្នា។ លោកបានបន្តថា ចំណុចអវិជ្ជមានវិញនោះគឺទំនប់នេះអាចបង្កផលប៉ះពាល់ដល់កសិករដែលធ្វើកសិកម្មនៅតាមមាត់ទឹកនៅតាមតំបន់ណាដែលទឹកឡើងផុតពីច្រាំងទន្លេនីល។
ចំណុចប្រទាញប្រទង់គ្នាខ្លាំងគឺនៅត្រង់ថាតើប្រទេសអេត្យូពីនឹងចាក់បំពេញទំនប់នោះបានលឿនប៉ុណ្ណា។ លោក Abbas និយាយថា៖ «ក្ដីបារម្ភចម្បងរបស់យើងគឺថា យើងចង់ឲ្យប្រទេសទាំង ៣ យល់ស្របគ្នាលើការចាក់បំពេញដីនៅដំណាក់កាលដំបូងថាតើវានឹងចំណាយពេលប៉ុន្មានឆ្នាំដើម្បីចាក់បំពេញរួចរាល់ ហើយថាតើប្រតិបត្តិការនោះនឹងដំណើរការយ៉ាងម៉េចនៅពេលបន្ទាប់មក»។
ទំនប់នេះនឹងមានសមត្ថភាពទប់ទឹកបាន ១០ លាន ២ សែនម៉ែត្រគូប។ ប្រទេសអេត្យូពីបានស្នើកាលពីលើកដំបូងៗឲ្យមានការចាក់បំពេញទំនប់នោះក្នុងរយៈពេលពី ៤ ទៅ ៧ ឆ្នាំ ប៉ុន្តែប្រទេសអេហ្ស៊ីបបានស្នើឲ្យមានដំណើរការយឺតជាងនេះ ក្នុងស្ថានការណ៍ដែលមានគ្រោះរាំងស្ងួត ឬក៏កង្វះទឹក។
នៅក្នុងកិច្ចសម្ភាសមួយជាមួយ VOA ផ្សាយជាភាសា Amharic ដែលជាភាសាមួយនៃប្រទេសអេត្យូពី ឯកអគ្គរដ្ឋទូតអេត្យូពីប្រចាំសហរដ្ឋអាមេរិកលោក Fitsum Arega បាននិយាយថា កិច្ចចរចាបានពិនិត្យមើលលើសេណារីយ៉ូផ្សេងៗដែលអាចកើតមាន ដូចជាការធ្លាក់ចុះនៃកម្រិតទឹកដោយសារតែការប្រែប្រួលអាកាសធាតុ ការរាំងស្ងួតជាច្រើនឆ្នាំបន្តបន្ទាប់គ្នាជាដើម។
ក្រុមបច្ចេកទេសកំពុងព្យាយាមសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងអំពីអ្វីដែលត្រូវធ្វើក្នុងករណីនីមួយៗខាងលើ។ លោក Fitsum និយាយថា កិច្ចខិតខំប្រឹងប្រែងកាលពីពេលថ្មីៗនេះដើម្បីចរចាពីបញ្ហាទាំងនេះត្រូវបានរំខានដោយប្រទេសមួយចំនួនដែលបានលើកឡើងនូវបញ្ហាមិនជាក់លាក់មួយចំនួនដែលប្រទេសអេត្យូពីចាត់ទុកថាមិនជាប់ពាក់ព័ន្ធនឹងរឿងទំនប់នេះ និងការប្រើប្រាស់ទឹក។
លោក Fitsum ថ្លែងប្រាប់ VOA យ៉ាងដូច្នេះថា៖ «នៅពេលយើងឃើញអ្វីដែលប្រទេសទាំង ៣ បាន បង្ហាញឡើង យើងឃើញថាប្រទេសទាំង ៣ នោះមានការរំពឹងទុកផ្សេងៗគ្នា។ សម្រាប់ប្រទេសអេត្យូពី យើងគ្រាន់តែចង់ផ្ដោតទៅលើគម្រោងទំនប់ Grand Ethiopian Renaissance នេះ តែប៉ុណ្ណោះ។ នេះជារឿងតែមួយគត់ដែលយើងចង់ពិភាក្សា»។
ប្រភពនៃការជជែកដេញដោលមួយផ្សេងទៀតនោះគឺថាតើប្រទេសស៊ូដង់ និងអេហ្ស៊ីបទទួលបានថាមពលអគ្គិសនីដែលទំនប់នេះផលិតបានក្នុងកម្រិតណា។ លោកឯកអគ្គរដ្ឋទូត Mohamed Higazy ដែលជាអតីតឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអេហ្ស៊ីប បាននិយាយថា លោកចង់ឃើញទំនប់នេះក្លាយជាយានសម្រាប់ការធ្វើសមាហរណកម្មក្នុងតំបន់ ដែលរួមមានទាំងសមាហរណកម្មលើថាមពលអគ្គិសនីរបស់ប្រទេសទាំង ៣ ផងដែរ។
លោកបានថ្លែងប្រាប់ VOA ថា៖ «ប្រទេសអេហ្ស៊ីប និងស៊ូដង់ ជិតសម្រេចបាននូវការតភ្ជាប់បណ្ដាញអគ្គិសនីហើយ។ ហេតុអ្វីមិនភ្ជាប់អគ្គិសនីនេះទៅនឹងទំនប់ Renaissance ដែលអគ្គិសនីផលិតបានពីទំនប់នេះអាចប្រើប្រាស់បាននៅប្រទេសស៊ូដង់ និងអេហ្ស៊ីប ហើយបន្ទាប់មកអាចនាំចេញទៅលក់ឲ្យទីផ្សារនៅឯតំបន់ឈូងសមុទ្រ ឬក៏ទៅដល់ទ្វីបអឺរ៉ុបតាមរយៈបណ្ដាញអគ្គិសនីរបស់ប្រទេសអេហ្ស៊ីបនោះ?»។
លោក Higazy បានបន្ថែមថា លោកមានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នអំពីកិច្ចពិភាក្សានេះ ប៉ុន្តែលោកសង្ឃឹមថា ភាគីទាំងអស់នឹងសម្លឹងមើលលើទិដ្ឋភាពទូលំទូលាយជាងនេះនៃការរីកចម្រើនក្នុងតំបន់ និងការគ្រប់គ្រងលើបរិស្ថាន ជាជាងសម្លឹងមើលលើតែប្រយោជន៍ផ្ទាល់ខ្លួនដ៏ចង្អៀតចង្អល់នោះ។
លោកលើកឡើងដូច្នេះថា៖ «ប្រសិនបើយើងចង់ជួយដល់ប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេ ប្រសិនបើយើងចង់ជួយដល់ប្រជាជន និងសេដ្ឋកិច្ចនៃប្រទេសទាំង ៣ យើងត្រូវតែចាប់ផ្ដើមនូវគម្រោងថ្នាក់តំបន់មួយ ដោយផ្ដោតលើបញ្ហាសន្តិសុខទឹកជារួមដើម្បីប្រយោជន៍តំបន់ទាំងមូល មិនមែនដើម្បីប្រយោជន៍របស់ប្រទេសជាតិណាមួយនោះទេ»៕
ប្រែសម្រួលដោយ នៀម ឆេង