ប្រជាពលរដ្ឋមកពីឃុំចំនួនបួននៅខេត្តកោះកុងជាង៣០០នាក់នៅថ្ងៃសុក្រនេះ បានហែរក្បួនដោយម៉ូតូដើម្បីយកញ្ញត្តិ ទៅដាក់នៅសាលាស្រុកស្រែអំបិល និងសាលាស្រុកបទុមសាគរ ដើម្បីសុំឲ្យអាជ្ញាធររកដំណោះស្រាយដល់ជម្លោះដីធ្លីរបស់ខ្លួនដែលបានអូសបន្លាយពេល១០ឆ្នាំមកនេះ។ នេះបើយោងទៅតាមការបញ្ជាក់ពីតំណាងអ្នកតវ៉ា និងមន្ត្រីសិទ្ធិមនុស្សនៅក្នុងខេត្តកោះកុងដែលមានព្រំប្រទល់ជាប់ប្រទេសថៃ។
ការហែរក្បួននេះ ធ្វើឡើងដោយការជិះម៉ូតូចំនួនជាង២៥០គ្រឿង។ ប្រជាពលរដ្ឋបានចេញដំណើរពីផ្ទះតំណាងប្រជាពលរដ្ឋម្នាក់ គឺ អ្នកស្រី ឆាយ វី នៅក្នុងស្រុកស្រែអំបិល ទៅកាន់សាលាស្រុកស្រែអំបិល និងសាលាស្រុកបទុមសាគរ។ ពួកគេកំពុងមានទំនាស់ដីធ្លីទំហំ ២.២៣៨,៧ហិកតា ជាមួយក្រុមហ៊ុនផលិតស្ករសចំនួនពីរ។ ចំនួនប្រជាពលរដ្ឋដែលកំពុងជាប់គាំងនៅក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុន គឺមានជាង៥២៦គ្រួសារ។
អ្នកស្រី ឆាយ វី វ័យ ៥០ឆ្នាំ តំណាងប្រជាពលរដ្ឋមកពីភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិលខេត្ត កោះកុង មានប្រសាសន៍ប្រាប់ VOA ថា ប្រជាពលរដ្ឋបានប្រគល់ញ្ញត្តិជូនអភិបាលស្រុកទាំងពីររួចហើយនៅថ្ងៃសុក្រនេះ ហើយប្រជាពលរដ្ឋជាប់គាំងក្នុងជម្លោះដីធ្លីនេះ ត្រូវរង់ចាំមួយសប្តាហ៍ទៀតសម្រាប់ការបញ្ជូនលិខិតរបស់ពួកគេពីអាជ្ញាធរស្រុកទៅអភិបាលខេត្តកោះកុង។
«គាត់សន្យាថា រយៈពេលមួយអាទិត្យ គាត់នឹងរុញទៅ ទៅឲ្យខេត្ត»។
តំណាងប្រជាពលរដ្ឋរូបនេះ បញ្ជាក់ទៀតថា អាជ្ញាធរមានសមត្ថកិច្ចខេត្តកោះកុង មិនបានធ្វើសកម្មភាពរារាំងក្រុមអ្នកហែរក្បួនដាក់ញ្ញត្តិនោះទេ តែថា អភិបាលស្រុកបុទុមសាគរ បានបង្ហាញចេតនាមិនចង់ទទួលយកញ្ញតិ្តនេះ។ អ្នកស្រីនិយាយថា៖
«ពួកប្រជាពលរដ្ឋយើងខ្ញុំនាំគ្នាថាឲ្យ ថាឲ្យខ្លាំងៗណាស់។ គ្រាន់តែថា បើលោកឯងអសមត្ថភាពទេ ចេញទៅឲ្យគេធ្វើវិញទៅណ៎ា។ ថាពីរបីសារ ថាជាប់ពីរម៉ោងជាង គាត់ទ្រំាមិនបាន គាត់ចេញមកបណ្តោយ»។
ទំនាស់ដីធ្លីនេះបានកើតឡើងតាំងពីខែសីហា ឆ្នាំ ២០០៦ គឺនៅក្នុងពេលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរឹបអូសដីប្រជាពលរដ្ឋនៅក្នុងស្រុកស្រែអំបិល និងស្រុកបុទុមសាគរឲ្យទៅក្រុមហ៊ុនផលិតស្ករអំពៅចំនួនពីរ គឺក្រុមហ៊ុន កោះកុងស៊ូហ្គើរ និងកោះកុងផ្លេនថេស៊ិន អ៊ិនដាស្ទ្រីខមភេនីលីមីធីត។ នេះបើយោងទៅតាមការបញ្ជាក់ពីលោក អ៊ិន គង់ជិត អ្នកសម្របសម្រួលសិទ្ធិនៃអង្គការលីកាដូប្រចាំខេត្តកោះកុង។
លោក អ៊ិន គង់ជិត បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលបានហែរក្បួនក្នុងការដាក់ញ្ញត្តិនោះ មិនមានរងការគំរាមកំហែង ពីអាជ្ញាធរមានសមត្ថកិច្ចទេ តែថាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋក្នុងការទទួលបានដំណោះស្រាយពីអាជ្ញាធរខេត្តគឺមានតិចតួចបំផុត។ លោកថ្លែងថា៖
«យើងមានការសង្ឃឹមតិចតួច ដោយសារអភិបាលស្រុកទាំងពីរហ្នឹង លោកបានឆ្លើយថា លោកពុំមានសមត្ថកិច្ច ឬក៏ហួសពីសមត្ថកិច្ចក្នុងការដោះស្រាយករណីនេះ គាត់ គាត់បានអញ្ចឹងណ៎ា។ គាត់ថា ហួសពីសមត្ថកិច្ច ប៉ុន្តែគាត់អាចពាំនាំយកញ្ញត្តិហ្នឹងទៅជូន លោកអភិបាលខេត្តដើម្បី ជជែកពិគ្រោះគ្នា»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បន្តថា ក្រុមហ៊ុនទាំងពីរបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលចំនួន១៩.១០០ ហិកតា។ ផ្ទៃដីទំហំ២.២៣៨,៧ ហិកតា ដែលប្រជាពលរដ្ឋមកពីស្រុកទាំងពីរកំពុងទាមទារនេះ គឺស្ថិតនៅក្នុងដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលបានប្រគល់ជូនទៅឲ្យក្រុមហ៊ុន។
លោកទួន សិលា អភិបាលស្រុកស្រែអំបិល និងលោកអន ភារៈ អភិបាលស្រុកបទុមសាគរបានមានប្រសាសន៍ប្រាប់ VOA ថា មន្ត្រីសាលាស្រុក បានទទួលយកញ្ញត្តិពីប្រជាពលរដ្ឋនៅព្រឹកថ្ងៃសុក្រនេះ ។ ក៏ប៉ុន្តែ អភិបាលស្រុកទាំងពីរ និយាយថា អាជ្ញាធរពុំមានសមត្ថកិច្ចនៅក្នុងការដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនេះទេ។ អភិបាលស្រុកទាំងពីរបញ្ជាក់ថា ញ្ញត្តិរបស់ប្រជាពលរដ្ឋនឹងត្រូវបញ្ជូនទៅសាលាខេត្តកោះកុង។
លោក ទួន សិលា អភិបាលស្រុកស្រែអំបិល បានឲ្យដឹងថា លោកទទួលបានញ្ញត្តិពីតំណាងប្រជាពលរដ្ឋហើយ។ លោកបញ្ជាក់ថា អាជ្ញាធរពុំមានលទ្ធភាពនៅក្នុងការដោះស្រាយជម្លោះដីធ្លីនេះទេ។ លោកនិយាយថា៖
«ព្រោះរឿងនេះ ចង់និយាយថា ខ្ញុំនិយាយថា រឿងវាផុតពីដៃអាជ្ញាធរ ព្រោះកន្លងមក មានគណៈកម្មការអន្តរក្រសួង ដើម្បីធ្វើការដោះស្រាយ ហើយកន្លងមកក្រុមហ៊ុន គាត់បានដោះស្រាយខ្លះហើយ អញ្ចឹងណ៎ា។ អញ្ចឹងចំពោះសំណូមពររបស់គាត់ហ្នឹងអាជ្ញាធរ ធ្វើរបាយការណ៍រាយការណ៍ជូន ឯកឧត្តមអភិបាលខេត្ត ដើម្បីលោកចាត់វិធានការសម្របសម្រួលយ៉ាងម៉េចៗណ៎ា អាហ្នឹងជាសិទ្ធិរបស់លោក»។
រីឯលោក អន ភារៈ អភិបាលស្រុកបទុមសាគរ ច្រានចោលការចោទប្រកាន់របស់តំណាងប្រជាពល រដ្ឋ ចំពោះការស្ទាក់ស្ទើរចិត្តរបស់លោក នៅក្នុងការទទួលយកញ្ញត្តិពីក្រុមអ្នកតវ៉ា។ លោក និយាយថា ក្រុមហ៊ុនបានដោះស្រាយទំនាស់នេះជាបន្តបន្ទាប់មកហើយ ហើយថាការតវ៉ានៅពេលនេះ អាចនឹងពិបាករកផ្លូវដោះស្រាយ ដោយជម្លោះនេះមានអាយុកាលយូរឆ្នាំ ហើយអាជ្ញាធរក៏មិនដឹងថា ដីធ្លីរបស់ប្រជាពលរដ្ឋស្ថិតនៅកន្លែងណាដែរ។ លោកបញ្ជាក់ថា៖
«ទេ កន្លងមកហ្នឹង ក្រុមហ៊ុនឃើញគេដោះស្រាយ ហូរហែររហូតតើ ហើយរឿង១០ ឆ្នាំហើយបាន បានមកនេះទៀត ហើយមិនដឹងដីនៅកន្លែងណា អីកន្លែងណា យើងម៉េចដឹង»។
យ៉ាងណាក៏ដោយ តំណាងប្រជាពលរដ្ឋក្នុងវិវាទដីធ្លីនេះ និយាយថា ពួកគេនឹងបន្តយុទ្ធនាការផ្សេងៗបន្ថែមទៀត ដើម្បីស្វែងរកដំណោះស្រាយ ប្រសិនបើអាជ្ញាធរខេត្តនៅតែមិនអាចរកផ្លូវបំបែកសំណុំរឿងដីធ្លីរបស់ពួកគេបាននោះ។
យុទ្ធនាការទាំងនោះ រួមមានការរៀបចំវេទិកាសាធារណៈរវាងអ្នកតំណាងរាស្ត្រ និងជនរងគ្រោះដីធ្លី ហើយនឹងការលើកគ្នាមកតវ៉ានៅរាជធានីភ្នំពេញជាដើម។
ពួកគេថា ទំនាស់នេះ គឺផ្ដើមឡើងដោយជំនួញរកស៊ីរបស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សគ្រប់គ្រងប្រទេស។ សមាជិកព្រឹទ្ធសភារូបនេះ ត្រូវក្រុមតំណាងប្រជាពលរដ្ឋឲ្យដឹងថា បានដើរចេញពីជំនួញស្ករអំពៅរបស់លោក និងបានបន្សល់ទុកជម្លោះដីធ្លីនេះ។ VOA ពុំទាន់អាចទាក់ទងលោកឧកញ៉ាលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សគ្រប់គ្រងប្រទេស និងតំណាងក្រុមហ៊ុនបានទេ នៅថ្ងៃសុក្រនេះ៕