​កេនយ៉ា​​វាយ​ប្រហារ​តាម​អាកាស​លើ​ក្រុម​ al-Shabab ក្នុង​ប្រទេស​សូម៉ាលី

នៅ​ឯ​ពិធីបុណ្យ​សពមួយកាល​ពីថ្ងៃ​ទី៤ ខែ​មេសា ឆ្នាំ២០១៥ ស្រ្តី​ពីរនាក់​បាន​យំ​សោក​សៅ​ ក្រោយពេល​​សាច់ញាតិ​របស់​ខ្លួន​​ត្រូវ​បាន​​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​លើ​​សាកលវិទ្យាល័យ​មួយ​ក្នុង​ក្រុង​ Nairobi កាល​ពីថ្ងៃ​ព្រហស្បតិ៍​។

កង​យន្តហោះ​ចម្បាំង​នៃ​ប្រទេស​កេនយ៉ា​ (Kenya)​ បាន​វាយ​ប្រហារ​លើ​ទីដៅ​នៅ​ក្នុង​ប្រទេស​សូម៉ាលី​នៅ​ជិត​ខាង​ តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ពួក​ជន​ប្រដាប់​អាវុធ​នៃ​ក្រុម​ជន​សកម្មប្រយុទ្ធ​សូម៉ាលី​ al-Sbabab ​បាន​សម្លាប់​មនុស្ស​១៤៨​នាក់​នៅ​ក្នុង​សាកលវិទ្យាល័យ​មួយ។

កង​កម្លាំង​ការពារ​ប្រទេស​នៃ​ប្រទេសកេនយ៉ា​និយាយ​ថា​ ការ​វាយ​ប្រហារ​តាម​អាកាស​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​សំដៅទៅ​លើ​ជំរុំរបស់​ពួក​ al-Shabab​ ពីរ​នៅ​ក្នុង​តំបន់​ Gedo នា​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​សូម៉ាលី។

លោក ​David Obonyo​ អ្នកនាំ​ពាក្យ​នៃ​កង​កម្លាំង​ការពារ​ប្រទេស​កេនយ៉ា​ បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ជំរុំ​ទាំង​ពីរ​នេះត្រូវ​បាន​បំផ្លាញ​ហើយ​ ទោះណា​ជា​លោក​មិន​បាន​ប្រាប់​អំពី​ចំនួន​មនុស្ស​ស្លាប់ក៏ដោយ។

អ្នក​ស្រុក​ម្នាក់​នៅ​ក្នុងក្រុង​ Gandon Dhawe ​និយាយ​ថា​ ការ​វាយ​ប្រហារតាម​អាកាស​នោះ​បាន​បណ្តាលឱ្យ​សត្វពាហនៈ​ងាប់​និង​បាន​បំផ្លាញ​ផ្ទះ​សម្បែង​ ក៏ប៉ុន្តែ​លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ពួកអ្នក​ស្រុក​«មិន​បាន​ឃើញ​មនុស្ស​ស្លាប់ទេ»។

លោក​ប្រធានាធិបតី​កេនយ៉ា​ Uhuru Kenyatta​ បាន​សន្យា​ថា​នឹង​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​របស់​ពួក​ al-Shabab​ នៅ​ក្នុង​សាកលវិទ្យាល័យ Garissa ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​កេនយ៉ា៕