ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម Al-shabab សន្យា​ការ​បង្ហូរ​ឈាម​ថ្មី​មួយ​ទៀត​នៅ​កេនយ៉ា


ជនមូស្លីម​កេនយ៉ា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​វាយប្រហារ​ទៅ​លើ​សាកលវិទ្យាល័យ​ក្រុង Garissa។ ក្រុម Al-shabab សន្យា​ការ​បង្ហូរ​ឈាម​ថ្មី​មួយ​ទៀត​នៅ​កេនយ៉ា។

ក្រុម​ជន​សកម្មប្រយុទ្ធ​ al-Shabab ​ដែល​បាន​អះអាង​ទាមទារ​ការទទួល​ខុស​ត្រូវ​ដល់​ការ​សម្លាប់​មនុស្ស​១៤៨​នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​សាកលវិទ្យាល័យ​មួយ​ក្នុង​ប្រទេស Kenya កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បានសន្យា​ថា​នឹង​ធ្វើ​ឲ្យ​មាន​ «ការ​បង្ហូរឈាមមួយលើកទៀត»។

សេចក្តី​ថ្លែងការណ៍​មួយ​របស់​ក្រុម​ al-Shabab នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​ចែងថា​ «គ្មាន​ការប្រុងប្រយ័ត្ន​ ឬ​វិធានការ​សុវត្ថិភាព​ណាមួយ​នឹង​អាច​ធានារ៉ាប់រងសុវត្ថិភាព​អ្នកឯង​បាន​ទេ​ និង​អាចរារាំងការ​វាយ​ប្រហារ ឬ​បញ្ចៀសការ​បង្ហូរឈាម​មួយ​លើកទៀត​នៅ​ក្នុង​ទីក្រុង​របស់​អ្នកឯងបាន​ទេ»។

កាលពី​យប់ថ្ងៃសុក្រ​ រដ្ឋមន្ត្រី​មហាផ្ទៃ​កេនយ៉ា​លោក​ Joseph Nkaissery បាន​និយាយថា​ មាន​ជន​ជាប់សង្ស័យ​យ៉ាង​តិចណាស់​បីនាក់បាន​ត្រូវចាប់ខ្លួន​ក្នុង​ការ​ទាក់ទិន​ជាមួយ​ការ​វាយប្រហារនៅ​ក្នុងសាកលវិទ្យាល័យ​នោះ។​

អាជ្ញាធរ​បាន​ចាប់ផ្តើម​ដឹក​ជញ្ជូន​សាកសព​និស្សិត​ច្រើននាក់​ដែល​បាន​ត្រូវ​សម្លាប់​ដោយ​ក្រុមជន​សកម្មប្រយុទ្ធ​អ៊ីស្លាម​និយម​នៅ​ក្នុង​សាកលវិទ្យាល័យ​ Garissa ទៅ​កាន់​រដ្ឋធានី​ដើម្បី​បញ្ជាក់​អត្តសញ្ញាណ។

គ្រួសារ​ពួក​និស្សិត​បានប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ក្រុង​ Nairobi កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្រោយ​ការ​វាយ​ប្រហារ​ក្នុង​សាកលវិទ្យាល័យ​នោះ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​១៤៨នាក់​បាត់បង់ជីវិត​ ដោយ​មាន​រួមទាំង​អ្នកវាយប្រហារ​បួន​នាក់​ផងដែរ៕

XS
SM
MD
LG