ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការវាយប្រហារ​បាន​កើត​មាន​ឡើង​នៅ​មហាវិទ្យាល័យក្រុង​ Garissa ប្រទេសកេនយ៉ា


មន្រ្តីយោធា​ធ្វើ​ដំណើរ​នៅ​ក្នុង​រថយន្ត​មួយ​តាម​ដង​វិថី​នៅ​ក្រុង​ Garissa ទី​ដែល​មនុស្ស​យ៉ាងហោចណាស់​១៤នាក់​ ត្រូវ​បាន​សម្លាប់​នៅ​ពេល​ដែល​ក្រុម​សកម្មប្រយុទ្ធ​សម្រុក​ចូល​ក្នុង​បរិវេណ​មហាវិទ្យាល័យ។

ខ្មាន់កាំភ្លើង​របស់​ក្រុម Al-Shabab ​បាន​វាយ​ប្រហារ​សាកល​វិទ្យា​ល័យ Garissa ​ក្នុង​តំបន់​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កេនយ៉ា​នៅជិត​ព្រំ​ដែន​ជាមួយ​ប្រទេស​សូម៉ាលី ​ដោយ​បាន​សម្លាប់​មនុស្ស​១៤​នាក់​ និង​ធ្វើ​ឲ្យ​មនុស្ស​៦០​នាក់​ទៀត​រង​របួស។ក្រុម​ជន​សកម្ម​ប្រយុទ្ធ ​បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការ​វាយ​ប្រហារ​បាន​ចាប់​ផ្តើមនៅ​ថ្ងៃ​ព្រហស្បត៍​នេះ​នៅ​ក្នុង​ប្រទេស​សូម៉ាលី។

ក្នុង​សេចក្តី​ថ្លែងការណ៍ ​ក្រុមal-Shabab ​បាន​និយាយ​ថា ​ការវាយ​ប្រហារ​នេះ​ ​ជាការ​សងសឹក​ដល់​ការ​វាយ​ប្រហារ​របស់​កងទ័ព​កេនយ៉ា​នៅ​ក្នុង​ប្រទេស​សូម៉ាលី។ អ្នក​នាំ​ពាក្យ​ឲ្យ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ ​បាន​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន Reutersថា ​ក្រុមអ្នក​ប្រយុទ្ធ​របស់​ខ្លួន ​កំពុង​ចាប់​ចំណាប់​ខ្មាំងគ្រឹស្តសាសនា​នៅកន្លែង​ស្នាក់​នៅក្នុង​សា​កលវិទ្យាល័យ ក៏ប៉ុន្តែ​បាន​ដោះលែង​ក្រុម​អ្នកកាន់​សាសនា​អ៊ី​ស្លាម​ទាំងអស់។

អ្នក​នាំ​ពាក្យ​ម្នាក់​ទៀត ​បាន​ប្រាប់​ទី​ភ្នាក់​ងារព័ត៌មាន​បារាំង AFPថា ​បេសកកម្ម​របស់​ក្រុម​នោះ ​គឺ​សម្លាប់​ជន​ណា​ដែល​ប្រឆាំង​នឹង​ក្រុម al-Shabab។

សេចក្តី​រាយការណ៍​ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ការវាយ​ប្រហារ​នៅ​សាកល​វិទ្យា​ល័យ​បាន​ចាប់​ផ្តើម​បន្ទាប់​ពី​ម៉ោង​៥​ព្រឹក​ដោយ​មាន​ការ​ផ្ទុះ​នៅក្លោង​ទ្វាចូល​បរិវេណ​សាកល​វិទ្យាល័យ។​ឆ្មាំការពារ​សន្តិសុខ​២​នាក់ ​បាន​ត្រូ​វគេ​រាយការណ៍​ថា ​បាន​ត្រូវ​សម្លាប់។

​កាកបាទ​ក្រហម​កេនយ៉ា ​និយាយ​ថា ​អ្នក​រង​របួស​ភាគ​ច្រើន​ដោយ​សារ​គ្រាប់​កាំភ្លើង​ ​បាន​ត្រូវ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​មូលដ្ឋាន។អ្នក​របួស​៤​នាក់ ​មាន​ស្ថាន​ភាព​ធ្ងន់​ធ្ងរ។​ កាកបាទ​ក្រហមនោះ ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​ទាហាន​២​នាក់​និង​ជន​ស៊ី​វិល​ម្នាក់ ​បាន​ត្រូវ​ដឹក​តាម​យន្តហោះ​ទៅ​កាន់​រដ្ឋ​ធានី Nairobi៕

XS
SM
MD
LG