អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌៖ ចេតនា​បង្កើត​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​មិន​ទាន់​បញ្ចប់​នៅ​ឡើយ

រូបឯកសារ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ និយាយ​ជាមួយ​​​​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​​នៅ​ក្រសួង​យុត្តិធម៌ នៅថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (កាន់ វិច្ឆិកា/វីអូអេ)

លោក ​ជិន ម៉ាលីន ​មាន​ប្រសាសន៍​ថា​ ខ្សែ​បណ្តាញ​របស់​ក្រុម​បដិវត្តន៍​ពណ៌​មាន​គណបក្ស​ប្រឆាំង ​សង្គម​ស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ដើម​ ដែល​លោក​ថា ​ទទួល​បាន​ការ​គាំទ្រ​ពី​បរទេស។

រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ ​និង​ជា​មន្រ្តី​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក ​ជិន ម៉ាលីន ​នៅ​ថ្ងៃ​អង្គារ​នេះ ​អះអាង​ថា ​គម្រោង​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ។​

លោក ​ជិន ម៉ាលីន​ អនុ​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​ថ្លែង​បែប​នេះ​ នៅ​ក្នុង​កម្ម​វិធី​មួយ​ក្រោម​ប្រធាន​បទ​«សន្តិភាព​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិ​មនុស្ស​និង​ការ​អភិវឌ្ឍ» ​ដែល​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​«យុវជន​៧​មករា»។​

លោក ​ជិន ម៉ាលីន ​មាន​ប្រសាសន៍​ថា​ ខ្សែ​បណ្តាញ​របស់​ក្រុម​បដិវត្តន៍​ពណ៌​មាន​គណបក្ស​ប្រឆាំង ​សង្គម​ស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ដើម​ ដែល​លោក​ថា ​ទទួល​បាន​ការ​គាំទ្រ​ពី​បរទេស។ ​ លោក​បន្ត​ថា​ ក្រុម​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​នេះ ​មិន​ទាន់​បាន​បញ្ចប់​ការ​ប៉ុន​ប៉ង​របស់​ពួកគេ​នៅ​ឡើយ​ទេ ​ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ឥឡូវ​កូន​ជឹង​ដៃ​ជើង​របស់​គេ​ហ្នឹង​ យើង​បាន​ធ្វើ​ការ​អនុវត្ត​ច្បាប់ ​ដោយ​ម៉ឺងម៉ាត់​បំផុត។​ អ៊ីចឹង​គេ​នៅ​មិន​សុខ​ចិត្ត​ទេ ។​ គេ​នឹង​ធ្វើ​សកម្មភាព​បន្ត​ទៀត​ដើម្បី​ធ្វើ​ការ​ជួយ​ដល់​កូន​ជឹង​របស់​គេ​ និង​បង្កើត​បណ្តាញ​របស់​គេ​ផ្សេងៗ​ទៀត ​ដោយ​ធ្វើ​សកម្មភាព។ ​ អ៊ីចឹង​ទាល់​តែ​យើង​ធ្វើ​ការ​ប្រុង​ប្រយ័ត្ន​ ប្រុង​ប្រៀប​ខ្លួន​ជាប់​ជានិច្ច​ ដើម្បី​ធ្វើ​ម៉េច​កុំ​ឲ្យ​ពួក​ហ្នឹង ​ វា​សម្រេច​ឧបាយ​កល​បដិវត្តន៍​ពណ៌​របស់​គេ​បាន​ដោយ​ជោគ​ជ័យ​នៅ​កម្ពុជា។ ​គេ​បាន​ទទួល​បរាជ័យ​ហើយ ​ ប៉ុន្តែ​គេ​ចិញ្ចឹម​ចិត្ត​ក្នុង​ការ​អនុវត្ត​វា​ នៅ​ពេល​ណា​ដែល​កាលៈ​ទេសៈ​មក​ដល់»។​

ពាក្យ​បដិវត្តន៍​ពណ៌​កើត​ឡើង ​ស្រប​ពេល​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ ​ដែល​ចោទ​គណ​បក្ស​នោះ​ថា ​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​តាម​រយៈ​ការ​បង្កើត​បដិវត្តន៍​ពណ៌ ​ដោយ​មាន​អាមេរិក​នៅ​ពី​ក្រោយ។ ​ការ​ចោទ​អំពី​បដិវត្តន៍​ពណ៌​នេះ ​ក៏​មាន​ការ​លើក​ឡើង​ពី​រដ្ឋាភិបាល ​ដោយ​ចោទ​លោក​ កឹម សុខា ​មេដឹកនាំ​គណបក្ស​ប្រឆាំងថា​ មាន​គម្រោង​ក្បត់​ជាតិ ​ដោយ​មាន​អាមេរិក​នៅ​ពី​ក្រោយ។​ ទាំង​លោក​ កឹម សុខា ​និង​អាមេរិក ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។​

បើ​តាម​លោក​ ជិន ម៉ាលីន ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ ​ ការ​តវ៉ា​នានា​ទាក់ទង​នឹង​ដី​ធ្លី ​ព្រៃឈើ​ និង​ការ​យក​បញ្ហា​ព្រំដែន​មក​ធ្វើ​ជា​ប្រធាន​បទ​ ដូច​ជា​ករណី​លោក ​រ៉ុង ឈុន​ ជា​ដើម ​ក៏​ជា​ចេតនា​មួយ​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​ប្រទេស​ដែរ។​

លោក​បន្ថែម​ថា៖​ «បញ្ហា​ព្រៃ​ឈើ​ បញ្ហា​យុត្តិធម៌​សង្គម​ បញ្ហា​ដីធ្លី​ គឺ​គេ​រៀបចំ​ក្រុម​របស់​គេ ​ដើម្បី​ធ្វើ​ការ​លើ​បញ្ហា​មួយៗ ​ហើយ​នាំ​គ្នា​បំផុស។ ​បំផុស​ហ្នឹង ​គឺ​ថា​បំផ្លើស​បំភ្លៃ​ព័ត៌មាន​ពាក់ព័ន្ធ​បញ្ហា​ហ្នឹង ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​កាន់​តែ​ខឹង ​ប្រជា​ពលរដ្ឋ​កាន់​តែ​ស្អប់​ ហើយ​ញុះញង់​ប្រជា​ពលរដ្ឋ»។​

ទោះ​ជា​យ៉ាងណា ​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​សីហា ​ លោក​ ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ ​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​ ឬ​កម្លាំង​នគរបាល ​មិន​ត្រូវ​ប្រើប្រាស់​ហិង្សា​ទៅ​លើ​ប្រជា​ពលរដ្ឋ​ ដើម្បី​បញ្ចៀស​បដិវត្តន៍​ពណ៌​ដែល​អាច​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា។ ​លោក​បន្ត​ថា ​ការ​រំលោភ​សិទ្ធិ​ និង​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​នាំ​ឲ្យ​មាន​ការ​តវ៉ា​ គឺ​ជា​សញ្ញា​មួយ​ដែល​អាច​នាំ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ថ្លែង​ថា៖ ​«យើង​ថា​ប្រឆាំង​បំផុត​បដិវត្តន៍​ពណ៌ ​ឥឡូវ​និយម​ន័យ​ពិត​ប្រាកដ​ប្រឆាំង​ដាច់​ខាត​បដិវត្តន៍​ពណ៌​ហ្នឹង ​ធ្វើ​ម៉េច? ​មិន​មែន​យក​កាំភ្លើង​ទៅ​បាញ់​គេ​ទេ!​មិន​មែន​ទេ។ ​ធ្វើ​អ៊ីចឹង​ខុស​ហើយ!​ គឺ​យើង​ទៅ​ប្រឆាំង​ដោយ​ខ្លួន​យើង​ជា​មុន​សិន។​ចង់​និយាយ​ថា ​យើង​ធ្វើ​ល្អ​ជាមួយ​ប្រជា​ពលរដ្ឋ។ ​អាហ្នឹង​ហើយ​ជា​អាវុធ​ដ៏​ធំ​បំផុត។ ​ចុះ​បើ​យើង​អាង​អំណាច​ទៅ​រំលោភ​យក​ដី​ប្រជាជន​ទៅ​រំលោភ​សិទ្ធិ​ ឬ​ក៏​ផល​ប្រយោជន៍​អី​ផ្សេង​ទៀត​របស់​ប្រជាជន​អាហ្នឹង​គេ​ម៉េច​សុខ​ចិត្ត?​ គេ​តវ៉ា ​ តអី ត្រឹម​ត្រូវ​របស់​គេ​ហើយ»។​

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ថ្លែង​ថា​ មិន​មាន​សញ្ញា​ណា​ដែល​ចេញ​ជា​បដិវត្តន៍​នៅ​កម្ពុជា​នោះ​ទេ។ ​លោក​បន្ត​ថា​ មិន​គួរ​មាន​ការ​លាប​ពណ៌​ដាក់​គ្នា​ដើម្បី​បង្កើត​ជា​ភាព​តាន​តឹង​ទេ។​

លោក​ថ្លែង​ប្រាប់​VOA​ថា៖​ «ខ្ញុំ​គិត​ថា​ ដល់​ពេល​នេះ ​ ​វា​គួរ​តែ​លុប​បំបាត់​ចោល​ហើយ​ការ​លាប​ពណ៌​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ​ ពីព្រោះ​អង្គការ​សង្គម​ស៊ីវិល​ គឺ​ជា​ដៃ​គូ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​របស់​រាជ​រដ្ឋាភិបាល​ដែរ​ គឺ​ជា​ដៃ​គូ​មួយ​ដែល​បំពេញ​នូវ​កង្វះ​ចន្លោះ​របស់​រាជ​រដ្ឋាភិបាល​ គឺ​ជួយ​គ្នា​ក្នុង​ការ​អភិវឌ្ឍ»។​

លោក ​អំ សំអាត ​បន្ត​ថា​ អង្គការ​សង្គម​ស៊ីវិល​មាន​ការងារ​របស់​ពួកគេ ​ដែល​ជា​គោល​ដៅ​នៃ​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា៕​