លោក ហ៊ុន សែន ព្រមាន​ហាមឃាត់​ចូល​ប្រទេស​កម្ពុជា​ដូចគ្នា បើ​សេចក្តី​ព្រាង​ច្បាប់​ទណ្ឌកម្ម​លើ​«លទ្ធិប្រជាធិបតេយ្យ»​របស់​អាមេរិក ត្រូវ​អនុម័ត

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធស្ពានស្ទឹងត្រង់ឆ្លងកាត់ទន្លេមេគង្គ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុក/ទំព័រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន)

ស្រប​ពេល​ដែល​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ កំពុង​ស្ថិត​ក្នុង​ដៃ​ព្រឹទ្ធ​សភា​អាមេរិក ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​បាន​ព្រមាន​មិន​ឲ្យ​មន្រ្តី​អាមេរិក​ចូល​មក​កម្ពុជា​ដូច​គ្នា​ ជា​ប្រតិកម្ម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ ​ដែល​ហាម​ឃាត់​មន្រ្តី​កម្ពុជា​ចូល​ទឹក​ដី​អាមេរិក។​

ក្នុង​ពិធី​ចុះ​ត្រួត​ពិនិត្យ​ការដ្ឋាន​សាង​សង់​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ​ថ្មី ​ក្នុង​ខេត្ត​កណ្តាល​លោក ហ៊ុន សែន​ បញ្ជាក់​ថា​ លោក​មិន​ខ្វល់​ពី​សេចក្តី​ព្រាង​ច្បាប់​លទ្ធិ​ប្រជា​ធិបតេយ្យ​កម្ពុជា ​ដែល​រដ្ឋសភា​អាមេរិក​បាន​អនុម័ត​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២១​នោះ​ទេ។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ខ្ញុំ​ផ្តាំ​ផ្ញើ​ទៅ! បើ​ច្បាប់​អនុម័ត​ឲ្យ​អនុម័ត​ទៅ!​ ហើយ​រឿង​តែ​មួយ​ទេ ។​ វា​គ្មាន​អីក្រៅ​ពី​ហ្នឹង​ទេ។ ​ អ្នក​ឯង​បិទ​ទ្វារ។ ​ខ្ញុំ បិទ​ទ្វារ​មាន​ន័យ​ថា​ អ្នក​ឯង​ក៏​ចូល​មិន​បាន។ ​ ខ្ញុំ​ក៏​ចេញ​មិន​រួច​តែ​ប៉ុណ្ណឹង!​ ​វា​មាន​ស្អី!​ វា​មិន​មែន​មាន​តែ​ម្ខាង​ឯណាៗ! ​កុំ​ឲ្យ​វា​ពិបាក​ពេកៗ»។​

ក្រោយ​ពី​អនុម័ត​ដោយ​រដ្ឋសភា​អាមេរិក ​សេចក្តី​ព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​ការ​ធ្លាក់​ចុះ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ចំណាត់​ការ​បន្ទាប់​របស់​ព្រឹទ្ធ​សភា ​មុន​នឹង​ដាក់​ឲ្យ​ប្រធានាធិបតី​អាមេរិក​ប្រកាស​ឲ្យ​ប្រើប្រាស់។ ​

ប្រសិន​បើ​ក្លាយ​ជា​ច្បាប់​ វា​នឹង​បើក​ផ្លូវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ អាច​បង្កក​រាល់​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​ទាំង​នោះ​នៅ​សហ​រដ្ឋ​អាមេរិក​ រឹត​ត្បិត​ប្រតិបត្តិការ​ហិរញ្ញ​វត្ថុ​ជាមួយ​សហ​រដ្ឋ​អាមេរិក​ និង​ហាមឃាត់​មិន​ឲ្យ​ជាន់​លើ​ទឹក​ដី​សហ​រដ្ឋ​អាមេរិក​ចំពោះ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​ យោធា ​និង​កងកម្លាំង​សន្តិសុខ​នៅ​កម្ពុជា​ដែល​រដ្ឋាភិបាល​អាមេរិក​ចាត់​ទុក​ថា​ បាន​ធ្វើ​ឲ្យ​ខូច​លទ្ធិ​ប្រជា​ធិបតេយ្យ​ដោយ​ផ្ទាល់ ​និង​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​កម្ពុជា។​

លោក​ ហ៊ុន សែន​ ថែម​ទាំង​បាន​ជំរុញ​ឲ្យ​មាន​ការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​កម្ពុជា​ណា ​ដែល​ទុក​ប្រាក់​នៅ​បរទេស។ ​លោក​បញ្ជាក់​ថា ​រូប​លោក​ផ្ទាល់​ក៏​មិន​មាន​ប្រាក់​ ឬ​ទ្រព្យ​សម្បត្តិ​នៅ​អាមេរិក​ដែរ។​

លោក ​ហ៊ុន សែន​ បញ្ជាក់​ថា៖​ «អ៊ីចឹង​ដក​ផេះ​អី! ​ខ្ញុំ​សួរ ​ដក​ផេះ​អី?​ បើ​ពួក​អស់​ទាំង​ហ្នឹង​អត់​ដែល​មាន​ទ្រព្យ​សម្បត្តិ​ក្នុង​ប្រទេស​ទាំង​នោះ​ផង​ហ្នឹង!​ ទោះ​បី​ប្រកាស​៥០០​ដង​ទៀត ហើយ​ចាំ​៥០០​ជាតិ​ ក៏​ពួក​ហ្នឹង​ក៏​អត់​មាន​លុយ​ផង​ដែរៗ។​ ដាក់​ហ្នឹង​វាគ្រាន់​តែ​ជា​សញ្ញា​នយោបាយ​តែ​ប៉ុណ្ណឹង​ទេ»។​

បើ​តាម​លោក ​ហ៊ុន សែន​ លោក​នឹង​ទៅ​សហ​រដ្ឋ​អាមេរិក ​ក្នុង​ខែ​កុម្ភៈ ​ឆ្នាំ​២០២២​ ដើម្បី​ប្រជុំ​អាស៊ាន​ជាមួយ​អាមេរិក​ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន ​និង​ជា​សហ​ប្រធាន​ជា​មួយ​ប្រធានាធិបតី​អាមេរិក។​

អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ ​លោក ​Chad Roedemeier ​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​ថា​ សហ​រដ្ឋ​អាមេរិក ​នៅ​តែ​បន្ត​បារម្ភ​អំពី​ការ​ធ្លាក់​ចុះ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​កម្សោយ​នៃ​ស្ថាប័ន​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។ ​ទាក់​ទង​នឹង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ប្រជា​ធិបតេយ្យ​កម្ពុជា ​លោក​ស្នើ​ឲ្យ​សួរ​ទៅ​ខាង​រដ្ឋសភា​អាមេរិក​វិញ។​

រូបឯកសារ៖ លោក​ Alan Lowenthal​ កំពុង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កិច្ចពិភាក្សា​អំពី​ស្ថាន​ភាព​នយោបាយ​ប្រទេស​កម្ពុជា​ និង​ តួនាទី​របស់​សហរដ្ឋ​អាមេរិក​ នៅ​ទីក្រុង​ Annandale​ រដ្ឋ​វឺជីនៀ នៅ​ថ្ងៃ​ទី​ ៣​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧​។ (វីអូអេ)

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​«លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា»​ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​លោក ​Steve Chabot​ សមាជិក​រដ្ឋសភា​មួយ​រូប​នៃ​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ ​Ohio ​និង​លោក ​Alan Lowenthal ​សមាជិក​គណបក្ស​ប្រជា​ធិបតេយ្យ​មក​ពី​រដ្ឋ​California ​និង​ជា​សហ​ប្រធាន​ក្រុម​សមាជិក​សភា​ចម្រុះ​គណបក្ស​ដែល​គិត​គូរ​ពី​បញ្ហា​កម្ពុជា ​(The Congressional Caucus of Cambodia)។​

លោក​ Steve Chabot ​ធ្លាប់​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​លើ​គេហ​ទំព័រ​ផ្លូវការ​របស់​លោក​កាល​ពី​កន្លង​ទៅ​ថា៖ ​«លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ និង​បក្ខពួក​ ត្រូវ​តែ​ប្រឈម​នឹង​ចំណាត់​ការ​ធ្ងន់ធ្ងរ​ពី​សហ​រដ្ឋ​អាមេរិក​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចាប់​ខ្លួន​លោក ​កឹម សុខា​ និង​ការ​រំលាយ​គណ​បក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ​២០១៧ ​ដែល​ជា​ការ​បង្រ្កាប​មួយ ​ហើយ​ដែល​បាន​បន្ត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ»។​

រូបឯកសារ៖ លោក Steve Chabot សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​មក​ពីរដ្ឋ​ អូហៃយ៉ូ ចូលរួម​ថ្លែងការណ៍​ក្នុង​ពិធី​ប្រារព្ធ​ខួបលើក​ទី២៨ នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​វិមាន​រដ្ឋសភា​អាមេរិក​កាលពី​ថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩។ (សុខ ខេមរា/វីអូអេ)

លោក Steve Chabot ​បន្ត​ថា៖ ​«យើង​ត្រូវ​ឈរ​ជាមួយ​នឹង​ពលរដ្ឋ​កម្ពុជា ​ស្រប​ពេល​លោក​ ហ៊ុន សែន​បន្ត​រឹតត្បិត​សិទ្ធិ​របស់​ពួកគេ ​និង​មិន​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌។ ​សំណើ​ច្បាប់​ស្តីពី​លទ្ធិ​ប្រជា​ធិប​តេយ្យ​នេះ​ នឹង​ធ្វើ​ឲ្យ​លោក​ [ហ៊ុន សែន] ​ទទួល​ខុសត្រូវ​ និង​គាំទ្រ​បំណង​ប្រាថ្នា​របស់​ពលរដ្ឋ​កម្ពុជា​សម្រាប់​លទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ»។​

លោក ​ស៊ឹង សែន​ករុណា ​អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ប្រាប់​វីអូអេ​ថា​ សង្គម​ស៊ីវិល​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស ​ដែល​នឹង​អាច​ប៉ះ​ពាល់​ដល់​ប្រជា​ពលរដ្ឋ ​និង​មុខ​មាត់​របស់​ប្រទេស​លើ​ឆាក​អន្តរ​ជាតិ។​

លោក​បន្ត​ថា៖​ «បើ​សិន​វា​មិន​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​ផង​ ហើយ​ប៉ះ​ពាល់​មក​ដល់​មុខ​មាត់​របស់​ប្រទេស​យើង​ផង​ក្នុង​ឆាក​អន្តរ​ជាតិ ​ហើយ​ធ្វើ​ឲ្យ​លោក​សេរី​ទាំង​អស់​ហ្នឹង​គេ​បន្ត​រិះគន់​ បន្ត​ដាក់​សម្ពាធ​ទៅ​តាម​មធ្យោបាយ​រៀងៗ​ខ្លួន»។​

លោក​បន្ត​ថា​ សង្គម​ស៊ីវិល​មិន​ចង់​ឃើញ​ថ្នាក់​ដឹក​នាំ​ប្រទេស​រង​ការ​រឹត​ត្បិត​ ឬ​ការ​ដាក់​សម្ពាធ​ ឬ​ការ​ដាក់​ទណ្ឌ​កម្ម​ពី​បណ្តា​ប្រទេស​ណា​មួយ​នោះ​ទេ។ ​លោក​ទទូច​ទៅ​ថ្នាក់​ដឹក​នាំ​ឲ្យ​ពិចារណា​បើក​លម្ហ​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​ឲ្យ​បាន​ពេញ​លេញ។​

លោក​បញ្ជាក់​ថា៖ ​«ពីព្រោះ​កាល​ណា​យើង​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ អនុវត្ត​ប្រជា​ធិបតេយ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​ពេញ​លេញ ​គឺ​ផល​ប្រយោជន៍​បាន​មក​យើង​ហ្នឹង​ឯង​ហើយ​ភាព​រីក​ចម្រើន​ទាំង​អស់​ក៏​បាន​មក​យើង​ដែរ។​ ហើយ​ប្រទេស​យើង​ក៏​មិន​រង​ការ​រិះគន់​ផ្សេងៗ​ពី​សហគមន៍​អន្តរជាតិ​ ឬ​ក៏​មិន​មាន​ការ​ដាក់​សម្ពាធ​អ្វី​មក​លើ​យើង​វិញ​ដែរ។ ​អ៊ីចឹង​វា​ជា​រឿង​មួយ​ដែរ​ល្អ ​ប្រសើរ​សម្រាប់​ប្រទេស​យើង​ទាំង​អស់​គ្នា»។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០២១ ​ អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ឧត្តម​សេនីយ៍​កំពូល​ពីរ​រូប​ គឺ​នាយ​ឧត្តម​សេនីយ៍ ​ចៅ ភិរុណ ​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​សម្ភារៈ​បច្ចេក​ទេស​ និង​នាយ​ឧត្តមនាវី​ ទៀ វិញ​ មេ​បញ្ជាការ​កង​ទ័ព​ជើងទឹក​ឲ្យ​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ។​

ចំណាត់​ការ​របស់​សហ​រដ្ឋ​អាមេរិក​នេះ​ គឺ​យោង​ទៅ​លើ​ការ​អភិវឌ្ឍ​តំបន់​កងទ័ព​ជើង​ទឹក​រាម​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ដែល​សហ​រដ្ឋ​អាមេរិក​មិន​សប្បាយ​ចិត្ត​នឹង​ការ​វាយ​បំផ្លាញ​ចោល​អគារ​ជំនួយ​របស់​សហ​រដ្ឋ​អាមេរិក​ដល់​យោធា​កម្ពុជា៕