ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក៖ ទណ្ឌកម្ម​លើ​ឧត្តម​សេនីយ៍​កម្ពុជា​២រូប​ទៀត ផ្តើម​ចេញ​ពី​ការរំលោភ​សិទ្ធិ​សេរីភាព


នាយឧត្តមសេនីយ៍ ចៅ ភិរុណ ខាងឆ្វេង និង នាយឧត្តមនាវី ទៀ វិញ ខាងស្តាំ ត្រូវបានដាក់ទណ្ឌកម្មសម្រាប់ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារស.រ.អ. សម្រាប់តួនាទីរបស់ពួកគេក្នុងអំពើពុករលួយនៅកម្ពុជា។ (Facebook/General Department of Materials and Techniques/General Tea Vinh)
នាយឧត្តមសេនីយ៍ ចៅ ភិរុណ ខាងឆ្វេង និង នាយឧត្តមនាវី ទៀ វិញ ខាងស្តាំ ត្រូវបានដាក់ទណ្ឌកម្មសម្រាប់ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារស.រ.អ. សម្រាប់តួនាទីរបស់ពួកគេក្នុងអំពើពុករលួយនៅកម្ពុជា។ (Facebook/General Department of Materials and Techniques/General Tea Vinh)

ការដាក់​ទណ្ឌកម្ម​របស់ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក និង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិកមក​លើ​នាយ​ឧត្តមសេនីយ៍​កំពូលៗ​២រូប​របស់​កម្ពុជា មាន​ទំនាក់ទំនង​នឹង​ការវិវឌ្ឍ​ថ្មី​ៗរបស់​កម្ពុជា​ ដែល​មិន​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃសិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​កម្ពុជា។​ នេះ​ ជាការ​បញ្ជាក់​ពីស្ថានទូតសហរដ្ឋ​អាមេរិក​ប្រចាំប្រទេស​កម្ពុជា។

​កាលពី​ថ្ងៃពុធ​ ក្រសួង​រតនា​គារ​សហរដ្ឋ​អាមេរិក​ និងក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​បញ្ចូល​ឈ្មោះចំៗរបស់​ឧត្តមសេនីយ៍​២រូប​បន្ថែម​ គឺ​នាយឧត្តមសេនីយ៍​ ចៅ ភិរុណ​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សម្ភារបច្ចេក​ទេស​ និងនាយឧត្តម​នាវី ​ទៀ វិញ​ មេបញ្ជាការ​កង​ទ័ព​ជើង​ទឹក​ ឲ្យស្ថិត​នៅក្នុងបញ្ជី​ខ្មៅ​នៃទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ។

ចំណាត់ការ​របស់​សហរដ្ឋ​អាមេរិក​លើ​ឧត្តម​សេនីយ៍​យោធា​ទាំងពីរ​រូប​នេះ គឺ​យោងទៅ​លើការ​អភិវឌ្ឃ​តំបន់​កងទ័ព​ជើង​ទឹក​រាម ​ក្នុង​ខេត្ត​ព្រះសីហនុ ​ដែល​សហរដ្ឋ​អាមេរិក​មិន​សប្បាយ​ចិត្ត​នឹងការ​វាយ​បំផ្លាញ​ចោល​អគារ​ជំនួយ​របស់សហរដ្ឋ​អាមេរិក​ដល់​យោធា​កម្ពុជា។ ហើយ​សហរដ្ឋអាមេរិក​ធ្លាប់បាន​ចោទ​ប្រកាន់​កម្ពុជាថា​ នឹងអនុញ្ញាត​ឲ្យមាន​មូលដ្ឋាន​យោធាចិន​ ខណៈកម្ពុជា​ប្រកែក​ដាច់​អហង្ការថា​ មិនមាន​ទៅវិញ​នោះ។

អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំទីក្រុង​ភ្នំពេញ​ លោក Chad Roedemeier បានអត្ថាធិប្បាយ​តាម​សារអ៊ីមែល​មួយ​នៅថ្ងៃ​ព្រហស្បតិ៍នេះ​ថា​ ការវិវឌ្ឍ​នាពេល​ថ្មី​ៗនេះ​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដូច​ជា​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជាលក្ខណៈ​ប្រព័ន្ធ​ ឧក្រិដ្ឋកម្មឆ្លង​ដែន​ ការរំលោភ​សិទ្ធិមនុស្ស​ បានគំរាម​កំហែង​ដល់​ទាំង​ផល​ប្រយោជន៍​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​ និង​សិទ្ធិសេរីភាព​ជាមូល​ដ្ឋាន​របស់​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា។

លោកអធិប្បាយ​ជា​ភាសាអង់គ្លេស​ និងត្រូវបាន​ប្រែសម្រួល​ជា​ខេមរភាសា​តាម​ន័យ​ដើម​ថា​៖ «មន្ត្រី​អាមេរិក បាន​លើក​ក្តីបារម្ភ​អំពីរឿង​ទាំង​អស់នេះ​ជាទៀងទាត់​ជាមួយ​មេដឹកនាំកម្ពុជា​ ប៉ុន្តែ​ជាការ​គួរ​ឲ្យ​សោកស្តាយ​ ដែលគ្មាន​អ្វីប្រែប្រួល​គួរ​ឲ្យ​កត់​សម្គាល់​នោះទេ»។

លោក​បន្ថែម​ថា​៖ «សហរដ្ឋ​អាមេរិក​នៅមាន​ការ​ប្តេជ្ញាចិត្ត​ចំពោះ​ប្រជាជន​កម្ពុជា​ និង​ក្តីប្រាថ្នា​របស់​ពួកគេ​ដែលចង់​បាន​អនាគត​ពោរពេញ​ដោយ​សន្តិភាព​ រុងរឿង​ មានប្រជាធិបតេយ្យ​ និងសមធម៌»។

បើតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​រតនាគារសហរដ្ឋ​អាមេរិក​ រដ្ឋធានីវ៉ាស៊ីនតោន​(Washington) នឹង​មិន​អនុញ្ញាត​ឲ្យ​ឧត្តមសេនីយ៍​កម្ពុជា​ទាំងពីរ​ ក្រុមគ្រួសារ​សាច់ញាតិ​ ទទួល​បានទិដ្ឋាការ​ចូលទឹកដី​សហរដ្ឋអាមរិក​ ហើយ​ទ្រព្យសម្បត្តិ​ដែលមាន​នៅ​ក្នុង​សហរដ្ឋអាមេរិក ​ឬគ្រប់គ្រង​ដោយ​បុគ្គលទាំង​ពីររូប​នោះ នៅ​សហរដ្ឋ​អាមេរិក ​នឹង​ត្រូវ​បង្កក​ និងត្រូវ​រាយការណ៍​ជូន​មក​ការិយាល័យ​គ្រប់គ្រង​អចលនទ្រព្យ​បរទេស​នៃក្រសួង​រតនា​គារ​សហរដ្ឋ​អាមរិក​ផងដែរ។ បន្ថែម​លើ​នោះ​ ជំនួញ​នានា​ដែល​នាយឧត្តមសេនីយ៍​ទាំងពីរ​មានកម្ម​សិទ្ធ​ដោយផ្ទាល់ ​ឬដោយ​ប្រយោល​ចាប់​ពី ៥០%​ ឡើង​ទៅ​ នឹង​ត្រូវ​បង្កក​ផងដែរ។

វីអូអេ​ មិនទាន់​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​ ពី​នាយ​ឧត្តមសេនីយ៍​ ចៅ​ ភិរុណ និង​នាយឧត្តមសេនីយ៍​ ទៀ វិញ ​បាន​ទេ​ ដោយ​លោក​ទាំងពីរ​ មិន​ទទួល​ទូរស័ព្ទ។

លោក កុយ​ គួង​ អ្នកនាំពាក្យ​ក្រសួងការ​បរទេស​កម្ពុជា​ មិន​ឆ្លើយ​សំណួរ​ដែលបាន​ផ្ញើតាម​ប្រព័ន្ធ​ទំនាក់​ទំនង​ WhatsApp នៅថ្ងៃ​ព្រហស្បតិ៍​នេះ។

ចំណែក​កូនប្រុស​មួយរូប​របស់​លោក ទៀ​ វិញ​ គឺលោក​ ទៀ វិចិត្រ​ បានទទួល​ទូរសព្ទ័​រួច​ផ្តាច់​ចោល​វិញ។ វីអូអេ​ ក៏មិន​អាច​សុំការ​អធិប្បាយ​ពីអ្នកនាំពាក្យក្រសួង​ការពារជាតិ​នាយឧត្តមសេនីយ៍ ​ឈុំ​ សុជាត បាន​ដែរ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ និង​ជាអនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ​លោក ​ជិន​ ម៉ាលីន​ ចោទ​សហរដ្ឋ​អាមេរិក​ថា ​កំពុង​មានវិធានការជា​ឯកតោ​ភាគីមក​លើ​កម្ពុជា​ តាម​ការដាក់​ទណ្ឌកម្ម​មន្ត្រីយោធាជាន់​ខ្ពស់​ទាំងពីររូបនោះ​ ហើយថា អាមេរិក​កំពុង​បង្ក​«អំពើអនាធិបតេយ្យ​» ដែលប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​ និង​នយោបាយ​អន្តរជាតិ។

លោក​ប្រាប់វីអូអេ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖ «ទង្វើ​របស់​គាត់​នេះ​ វានាំ​ឲ្យខូច​សណ្តាប់​ធ្នាប់​អន្តរជាតិ​ ជាពិសេស ​គឺ​ច្បាប់​អន្តរជាតិ​ និងនយោ​បាយ​អន្តរជាតិ​ដែល​រដ្ឋ​មួយ​ អាច​រៀប​ចំ​ធ្វើ​ច្បាប់​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ដល់​រដ្ឋ​ និង​ថ្នាក់​ដឹកនាំ​ ដល់​ពលរដ្ឋ​ដទៃ​ទៀតជាឯក​តោ​ភាគី​។ អាហ្នឹង​គឺ​ថា ​វា​ខុស​ពី​គោលការណ៍​ច្បាប់​អន្តរជាតិ​ ខុសពី​គោល​ការណ៍របស់អង្គការ​សហប្រជាជាតិ ហើយវា​នាំ​ឲ្យ​ខូច​ទម្លាប់​ ឬមួយ​ក៏សណ្តាប់​ធ្នាប់​អន្តរជាតិ​ និង​នយោបាយ​អន្តរជាតិ​ ដែល​បង្កើត​ឲ្យ​មាន​ភាព​អនាធិបតេយ្យ»។ ​

លោក​ជឿថា ​ប្រទេស​ចិន​ និងប្រទេស​ជាច្រើន​ទៀត​ នឹង​មាន​វិធានការ​ស្រដៀងគ្នា​ឆ្លើយ​តបទៅ​សហរដ្ឋ​អាមេរិក​វិញ​ ដូចអ្វីដែល​អាមេរិក​ បានធ្វើមក​លើ​កម្ពុជា​នោះ។

លោក​ថ្លែង​ថា៖ «ភាព​អនាធិបតេយ្យ​ដែល​គាត់​បង្កើត​ហ្នឹង​ វា​បាន​ចាប់​ផ្តើមហើយ​ ប្រទេស​ចិន​ក៏គេ​ធ្វើ​ដូច​គាត់​អីចឹង​ដែរ​។ គេ​មាន​ការ​ចេញ​របាយការណ៍​រិះគន់​សិទ្ធិមនុស្ស​នៅ​គាត់​ហ្នឹង​ក៏​មិន​តិច​ដែរ​ មាន​ការ​ដាក់​ទណ្ឌកម្ម​ទៅលើ​ថ្នាក់​ដឹកនាំ​គាត់​ និងពលរដ្ឋ​របស់​គាត់​ ដូច​តែ​គ្នា​ ដូច​អ្វី​ដែល​គាត់​ធ្វើ​ទៅ​លើ​គេ​អីចឹង​។ អាហ្នឹង​វា​ជា​ភាព​អនាធិប​តេយ្យនៃ​នយោបាយ​អន្តរជាតិ​ដែល​ផ្តើម​ឡើង​ដោយ​ប្រទេស​មហា​អំណាច»។

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ លោក ​សុខ​ ឥសាន​ ដែលជា​សមាជិក​ព្រឹទ្ធសភា​មួយរូបផង​នោះ​យល់​ឃើញ​ថា ​វិធានការ​របស់​សហរដ្ឋ​អាមេរិក​ចុងក្រោយ​នេះ​ មិនបង្កើន​សម្ពាធ​ណាមួយ​មក​លើកម្ពុជា​ទេ ហើយ​វិធានការ​ស្រដៀង​គ្នា ​ក៏អាមេរិក​បានដាក់​ទៅលើ​ប្រទេស​ផ្សេង​ទៀត​តាម​សិទ្ធិអំណាច​របស់​ខ្លួន​ដែរ​។

លោកលើក​ឡើង​ទៀត​ថា​ ក្រុមមន្ត្រី​យោធា​កម្ពុជា​ ក៏គ្មានបំណងទៅសហរដ្ឋ​អាមេរិក ដូច្នេះ​ការសុំទិដ្ឋាការ​មិន​មែន​ជារឿង​ចាំបាច់​ទេ ហើយ​អាមេរិក​ក៏មិន​ដឹង​ថា​ នឹង​រឹបអូស​លុយ​បណ្តាក់ទុន​របស់​មន្ត្រី​យោធា​ទាំងនោះ​យ៉ាងណា​ដែរ​ ដោយលើក​ហេតុផល​ថា​ មន្ត្រី​យោធា​ទាំងនោះ មិន​មាន​ការរកស៊ី​នៅអាមេរិក ​ដែលត្រូវ​ឲ្យ​អាមេរិក​រឹបអូស​យកបានទេ​។

លោក​ប្រាប់​វីអូអេថា៖ «ខ្ញុំយល់​ថា​ ការដាក់​យ៉ាងណា​ក៏ដោយ​ វាអត់មាន​ប្រសិទ្ធភាព​អីទេ។ ហើយ​មូលហេតុដែល​ថា ​អត់​ប្រសិទ្ធភាព​ពីព្រោះថា​ [វា]មិន​ឲ្យ​ផ្តល់​ទិដ្ឋាការ​ទៅ​អាមេរិក​ ចុះ​បើ​គេ​អត់​ចង់​ទៅ​អាមេរិក​ផង​ហ្នឹង​ ឃើញ​នែ៎! បាន​ស្អីមាន​ប្រសិទ្ធភាព»។

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​រូបនោះ​បន្ថែម​ថា អាមេរិក​មិន​បាន​ចាត់​វិធានការ​ណា​ទៀត ឬធ្វើឲ្យ​ល្អក់កករ​ដល់​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​រួមទាំង​ពាណិជ្ជកម្ម​កម្ពុជា​អាមេរិក​នោះ​ទេ។

លោកថ្លែងថា៖ «ខ្ញុំយល់​ថា​ តាំងពីដើម​មក​ដូច ​GSP អី​អាមេរិក​ គឺ​តែ​អ្នកនយោបាយឯកជន ជា​ឯកជន​របស់អាមេរិក​ទេ តែ​រដ្ឋាភិបាល​អាមេរិក​លោកមាន​កាត់​ លោកមាន​កង​ឯណា! លោក​នៅតែ​មាន​ទំនាក់​ទំនង​ល្អ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​អីជាមួយ​កម្ពុជា​ដដែល​ហ្នឹង​។ អ៊ីចឹង​អ្នកនិយាយ​ វាមាន​តែ​អ្នកមាន​សតិអារម្មណ៍​មិន​ល្អ​ជាមួយ​នឹង​កម្ពុជាហ្នឹង​ អ្នកនិយាយ»។

ប៉ុន្តែ​នាយករង​ទទួល​បន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការលីកាដូ​ លោក អំ សំអាត លើកឡើង​ថា​ សហរដ្ឋ​អាមេរិក​ មិន​ចង់​បាន​អ្វី​ក្រៅតែ​ពីការ​ចង់​ឃើញ​ ស្ថានភាព​ប្រសើរឡើង​នៃការ​គោរព​សិទ្ធិមនុស្ស​ និងប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ​។

យ៉ាងណាក៏ដោយ​ ​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា និង​ជា​ព្រឹទ្ធបុរស​រង​ទទួល​បន្ទុក​ផ្នែក​អភិវឌ្ឍន៍​នៅ​សាកលវិទ្យា​ល័យ Arizona State លោកបណ្ឌិត​ អៀ សុផល​ បានថ្លែងថា វិធានការ​ខាងលើ​ អាច​នឹងបង្ក​ផល​វិបាក​ច្រើន​ដល់​កម្ពុជា​ ហើយ​អាចមាន​ឈ្មោះ​មន្ត្រីកម្ពុជា​ជាច្រើននាក់​ទៀត​ ដែល​នឹងរង​វិធានការ​ស្រដៀង​គ្នានេះ។ លោកថា​ការដាក់​ទណ្ឌកម្មបន្ថែម​លើមន្ត្រី​យោធា​កំពូល​ៗ២រូប​នោះ​ ជានិម្មិតរូប​ដែលមាន​សារៈសំខាន់។ លោកថ្លែងក្នុង​ន័យដើមថា៖

«ប្រជាជន​កម្ពុជា​ មិនត្រូវបាន​គេបំភ្លេច​ចោលទេ។ រដ្ឋធានីវ៉ាស៊ីនតោន​ និងក្រសួង​រតនាគារ​ជាតិ​អាមេរិក ​ខ្វល់​ខ្វាយ​ពីយុត្តិធម៌នៅ​កម្ពុជា»។

លោក​បន្ថែមថា​ បុគ្គលទាំង​ឡាយ​ណាដែល​នាំ​ឲ្យមានការ​បំផ្លាញ​អគាររបស់​អាមេរិក​នៅមូលដ្ឋាន​កងទ័ព​ជើង​ទឹករាម​ កំពុងត្រូវ​បាន​យក​មក​ឲ្យ​មានការ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​ពួកគេ។

ដោយឡែក​លោក អ៊ូ​ ច័ន្ទរ័ត្ន​ អតីតតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ និង​ជាស្ថាបនិកគណបក្ស​កែទម្រង់​កម្ពុជា​ ថ្លែងថា ​អ្វីដែល​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើនេះ​ គឺមិនមែន​សំដៅតែ​ទៅ​លើ​កម្ពុជា​ទេ តែ​ទៅលើប្រទេស​ទូទៅ​ក្នុងសាកល​លោក​ចំពោះ​បុគ្គល​ណាដែល​គេរក​ឃើញថា​ បាន​បង្កការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ និង​ការ​ធ្វើ​ទុក្ខបុកម្នេញលើការរស់​នៅរបស់​ប្រជាជន។ ក៏ប៉ុន្តែ​លោកជឿថា ​ទណ្ឌកម្មនេះ​ នឹង​មិនធ្វើ​ឲ្យខូច​ទំនាក់​ទំនង​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​ទេ​ ព្រោះកន្លង​មក ​មានការ​ដាក់​ទណ្ឌកម្ម​ប្រហាក់​ប្រហែល​គ្នានេះ ​ទៅលើមន្ត្រី​ និងអ្នក​ជំនួញ​កម្ពុជា​មួយចំនួន​រួច​ដែរ ហើយ​មិនបាន​បង្កភាព​រកាំរកូស​នៃចំណង​មិត្តភាព​អាមរិក​ និងកម្ពុជា​នោះដែរ។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ ​បាន​បន្ថែម​ថា នាយ​ឧត្តមសេនីយ៍​ទាំងពីរ​ គឺស្ថិត​ក្នុងបញ្ជី​ឈ្មោះ​ដែល​ត្រូវ​អនុវត្ត​តាម​បទបញ្ជា​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លេខ​ ១៣៨១៣​ ដែល​បន្ថែម​ទៅលើ​ការ​អនុវត្ត​ច្បាប់​ Global Magnitsky​ ដែល​ផ្តន្ទាទោស​លើជន​រំលោភ​សិទ្ធិមនុស្ស​ និង​ប្រព្រឹត្តអំពីពុករលួយ​ធ្ងន់ធ្ងរ​ក្នុង​ពិភពលោក៕

XS
SM
MD
LG