ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​ឧត្តម​សេនីយ៍​យោធា​កម្ពុជា​ពីររូប​គឺ​លោក ​ចៅ ភិរុណ​ និងលោក​ ទៀ វិញ


រូបឯកសារ៖ នាយ​ឧត្តមសេនីយ៍ ​ចៅ ភិរុណ ខាងឆ្វេង និងនាយ​ឧត្តមនាវី​ ទៀ វិញ ខាងស្តាំ។ (Facebook/General Department of Materials and Techniques/General Tea Vinh)
រូបឯកសារ៖ នាយ​ឧត្តមសេនីយ៍ ​ចៅ ភិរុណ ខាងឆ្វេង និងនាយ​ឧត្តមនាវី​ ទៀ វិញ ខាងស្តាំ។ (Facebook/General Department of Materials and Techniques/General Tea Vinh)

បើយោង​ទៅតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​ឡែក​ពីគ្នា​នៅថ្ងៃ​ពុធនេះ​ ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ និងក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​បញ្ចូល​ឈ្មោះ​ឧត្តមសេនីយ៍​កំពូលពីររូបទៀត​គឺ ​នាយ​ឧត្តមសេនីយ៍ ចៅ ភិរុណ ​អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​សម្ភារបច្ចេក​ទេស និង​នាយ​ឧត្តមនាវី​ ទៀ វិញ ​មេបញ្ជាការ​កងទ័ព​ជើងទឹក​ ឲ្យស្ថិតនៅ​ក្នុងបញ្ជី​ខ្មៅនៃ​ទណ្ឌកម្មរបស់​សហរដ្ឋ​អាមេរិក​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។

ចំណាត់ការ​របស់​សហរដ្ឋ​អាមេរិក​លើ​ឧត្តម​សេនីយ៍​យោធា​ទាំងពីរ​រូប​នេះ គឺ​យោងទៅ​លើការ​អភិវឌ្ឃ​តំបន់​កងទ័ព​ជើង​ទឹក​រាម​ក្នុង​ខេត្ត​ព្រះសីហនុ ​ដែល​សហរដ្ឋ​អាមេរិក​មិន​សប្បាយ​ចិត្ត​នឹងការ​វាយ​បំផ្លាញ​ចោល​អគារ​ជំនួយ​របស់សហរដ្ឋ​អាមេរិក​ដល់​យោធា​កម្ពុជា។ ហើយ​សហរដ្ឋអាមេរិក​កបាន​ចោទ​ប្រកាន់​កម្ពុជា​ថា បាន​អនុញាត​ឲ្យមាន​មូលដ្ឋាន​យោធាចិន​ ខណៈកម្ពុជា​ប្រកែក​ដាច់​អហង្ការថា​មិនមាន​ទៅវិញ​នោះ។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​អាមេរិក​បានឲ្យ​ដឹងថា ​ឧត្តមសេនីយ៍​យោធាទាំងពីរ​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ ដែល​បំផ្លាញ​នីតិរដ្ឋ​ ទំនុកចិត្ត​សាធារណជន​លើ​ស្ថាប័នរដ្ឋាភិបាល​ខ្លួន​ ដោយការ​ប្រើ​អំណាច​នយោបាយ​ និង​អំណាច​ជាមន្ត្រី​ ដើម្បី​រៀបចំ​គម្រោង​សម្ងាត់ទាញ​យក​ប្រយោជន៍​ផ្ទាល់ខ្លួន។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការ​បរទេស​បាន​បញ្ជាក់ថា៖ «វិធានការ​ថ្ងៃនេះ​គឺ​បញ្ជាក់​ពីការ​ប្តេជ្ញា​របស់​សហរដ្ឋ​អាមេរិក​ ដើម្បី​គាំទ្រ​ពលរដ្ឋ​កម្ពុជា​ និងស្មារតីរបស់​ពួកគេ​ដើម្បី​សុខ​សន្តិភាព​ភាព​ចម្រើន​រុងរឿង​ ប្រជាធិបតេយ្យ​ និង​អនាគត​ប្រកប​ដោយសមធម៌។ សហរដ្ឋ​អាមេរិក​ឈរ​ជាមួយ​ពលរដ្ឋ​កម្ពុជា​ទាំងអស់ ​ដែល​ធ្វើកិច្ចការ​ដើម្បី​ការ​ឈាន​ទៅរកការ​កែទម្រង់​ឲ្យប្រសើរ​ ហើយ​ក្រសួង​ការបរទេស​នឹងបន្ត​ប្រើប្រាស់​សិទ្ធិអំណាច​របស់ខ្លួន​ក្នុងការ​លើក​កម្ពស់​ការទទួល​ខុសត្រូវ​ចំពោះ​ពួកជន​ពុករលួយ​ក្នុងតំបន់​និង​ពិភពលោក»។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ថែម​ទៀតថា​ ក្នុងអំឡុង​ឆ្នាំ២០២០​ដល់ឆ្នាំ​២០២១ ​លោក​នាយ​ឧត្តម​សេនីយ៍​ ចៅ ភិរុណ​ និងមន្ត្រី​មួយចំនួន​ទៀត​បាន​រៀបចំ​ផែនការ​សម្ងាត់​ដើម្បី​កេងយកផល​ចំណេញ​ផ្ទាល់ខ្លួន​ពីសកម្មភាព​សាងសង់ ​និងការ​ធ្វើទំនើបកម្ម​ចំពោះ​សំណង់​អគារ​នៅមូលដ្ឋាន​យោធា​ជើង​ទឹករាម។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​វិញ​បាន​បន្ថែម​ថា នាយ​ឧត្តមសេនីយ៍​ទាំងពីរ​គឺស្ថិត​ក្នុងបញ្ជី​ឈ្មោះ​ដែល​ត្រូវ​អនុវត្ត​តាម​បទបញ្ជា​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លេខ​ ១៣៨១៣​ ដែល​បន្ថែម​ទៅលើ​ការ​អនុវត្ត​ច្បាប់​ Global Magnitsky​ ដែល​ផ្តន្ទាទោស​លើជន​រំលោភ​សិទ្ធិមនុស្ស​ និង​ប្រព្រឹត្តអំពីពុករលួយ​ធ្ងន់ធ្ងរ​ក្នុង​ពិភពលោក។

លោក​ Andrea M. Gacki​ ប្រធាន​ការិយាល័យ​គ្រប់គ្រង​អចលនទ្រព្យ​បរទេស​នៃ​ក្រសួងរតនាគារ​សហរដ្ឋ​អាមរិក​បាន​បញ្ជាក់​តាមខ្លឹមសារ​ដើមថា៖

«សហរដ្ឋ​អាមេរិក​នឹងមិន​ឈរ​ស្ងៀម ពេល​ដែល​ក្រុមមន្ត្រី​ពុករលួយ​កេងយក​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយធ្វើ​ឲ្យពលរដ្ឋ​កម្ពុជា​រងគ្រោះ​នោះទេ។ រដ្ឋបាលនេះ​នឹងបន្ត​អាទិភាព​លើកិច្ច​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ​ហើយនិង​ធ្វើកិច្ចការ​យ៉ាងខ្លាំង​ក្លា​ដើម្បី​លើក​កម្ពស់​តម្លាភាព»។

សេចក្តី​ប្រកាសព័ត៌មាន​ដដែល​បាន​បញ្ជាក់​ពីទណ្ឌកម្ម​ធ្ងន់ធ្ងរ​ជាច្រើន​ ដោយក្នុង​នោះរួមមាន​ទាំងការ​មិនអនុញាត​ឲ្យ​ឧត្តមសេនីយ៍​កម្ពុជា​ទាំងពីរ​ ក្រុមគ្រួសារសាច់ញាតិ​ទទួល​បានទិដ្ឋការ​ចូលមក​កាន់​សហរដ្ឋអាមរិក​ ហើយ​ទ្រព្យសម្បត្តិ​ដែលមាន​នៅក្នុង​សហរដ្ឋអាមេរិក​ឬគ្រប់គ្រង​ដោយ​បុគ្គលទាំងពីររូប​នេះនៅ​សហរដ្ឋអាមេរិក​នឹង​ត្រូវ​បង្កក​និងត្រូវ​រាយការណ៍​ជូនមកការិយាល័យ​គ្រប់គ្រង​អចលនទ្រព្យ​បរទេស​នៃ​ក្រសួង​រតនាគារ​សហរដ្ឋ​អាមរិក​ផងដែរ។ បន្ថែមពីនេះ​ ជំនួញនានា​ដែល​នាយឧត្តមសេនីយ៍​ទាំងពីរ​មានកាន់កម្មសិទ្ធ​ដោយផ្ទាល់​ឬដោយប្រយោល​ចាប់ពី ៥០ភាគរយ​ឡើង​ទៅ​នឹង​ត្រូវ​បង្កក​ផងដែរ។

ចំណាត់ការ​របស់​សហរដ្ឋ​អាមេរិក​លើកនេះ​គឺនៅ​ជិតមួយ​ខែមុន​ពេលដែល​ពិភពលោក​ប្រារព្ធខួបប្រចាំឆ្នាំ​ទិវា​ប្រឆាំង​អំពើ​ពុករលួយ​ពិភពលោក​នៅដើម​ខែ​ធ្នូខាងមុខ។

វីអូអេ​មិនទទួលបាន​ការឆ្លើយតប ពេលព្យាយាម​ទាក់ទង​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ដើម្បី​សុំ​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​អំពីករណីនាយ​ឧត្តមសេនីយ៍​ ចៅ ភិរុណ ​និង​លោក​នាយ​ឧត្តមនាវី​ទៀ វិញ តាម​ប្រព័ន្ធ​ផ្ញើសារ​តេឡេក្រាម​នៅថ្ងៃនេះ។

តែ​កន្លងមក ក្រុម​មន្ត្រី​ដែល​ធ្លាប់​រងការ​ដាក់ទណ្ឌកម្ម​និង​មន្ត្រី​មួយ​ចំនួន​ក្នុង​ជួររដ្ឋាភិបាល​បាន​អះអាង​ថា ពួកគេ​មិនខ្វល់​ជាមួយ​នឹងទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ទេ។

លោកបណ្ឌិត​ អៀ សុផល ​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា និង​ជា​ព្រឹទ្ធបុរស​រង​ទទួល​បន្ទុក​ផ្នែក​អភិវឌ្ឍន៍​នៅ​សាកលវិទ្យា​ល័យ Arizona State បានថ្លែងថា ​វិធានការ​របស់​សហរដ្ឋ​អាមេរិក​នៅថ្ងៃនេះ ​គឺជាការបង្ហាញ​ថា ក្រុង​វ៉ាស៊ីនតោន​មិនបំភ្លេច​កម្ពុជាទេ​ហើយលោក​ថា​វាអាច​មានមន្ត្រី​ជាច្រើន​រយនាក់​នៅ​ថ្ងៃអនាគត​តែការ​ដាក់ន្ថែម​ពីរនាក់​ទៀត​គឺ​ជានិមិត្តរូប​មួយ។

លោកបណ្ឌិត​ អៀ សុផល ​ថ្លែងថា៖

«ប្រទេស​កម្ពុជា​មិនត្រូវ​គេបំភ្លេច​ទេ​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន ​និងក្រសួង​រតនាគារ​អាមេរិកយកចិត្ត​ទុកដាក់​ចំពោះ​យុត្តិធម៌​នៅកម្ពុជា»។

លោកបាន​បន្តថា ​បុគ្គល​ដែល​បញ្ជា​ការ​បំផ្លាញ​អាគារ​សហរដ្ឋ​អាមរិក​នៅរាម​នឹងត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខច្បាប់​ ដោយសារជំនួយ​ដែល​ស្នើសុំ​ដោយ​រដ្ឋាភិបាល​កម្ពុជា​ត្រូវបំផ្លាញ​ដោយ រដ្ឋាភិបាល​កម្ពុជា៕

XS
SM
MD
LG