ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក ហាម​ការលក់ដូរ​អាវុធ និង​សម្ភារៈយោធា​ដល់​កម្ពុជា​ដោយ​បារម្ភ​ពី​ឥទ្ធិពល​ចិន


រូបឯកសារ៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​អ្នកស្រី Gina Raimondo ថ្លែង​នៅឯ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។

ដោយ​បារម្ភ​អំពី​កំណើន​ឥទ្ធិពល​ចិន​ក្នុង​ប្រទេស​កម្ពុជា​ សហ​រដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​៨ ​ខែ​ធ្នូ​ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ ដោយ​ហាម​មិន​ឲ្យ​នាំ​ចេញ​អាវុធ ​និង​សម្ភារៈ​យោធា​ចូល​ប្រទេស​កម្ពុជា។ ​នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​របស់​សហ​រដ្ឋ​អាមេរិក​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។​

ទណ្ឌកម្ម​នេះ​ ត្រូវ​បាន​ប្រកាស​ដោយ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ ដោយ​លើក​ហេតុផល​ថា​ មាន​អំពើ​ពុក​រលួយ ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​កំណើន​ឥទ្ធិពល​យោធា​ចិន​ក្នុង​ប្រទេស​កម្ពុជា។​

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក ​អ្នកស្រី ​Gina Raimondo ​ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖​ «យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ធ្វើ​ឲ្យ​មាន​វឌ្ឍន​ភាព​ប្រកប​ដោយ​អត្ថន័យ​ក្នុង​ការ​ដោះ​ស្រាយ​អំពើ​ពុក​រលួយ​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​កាត់​បន្ថយ​ឥទ្ធិ​ពល​របស់​យោធា​ចិន​នៅ​កម្ពុជា​ ដែល​វា​គំរាម​កំហែង​ដល់​សន្តិសុខ​តំបន់ ​និង​ពិភព​លោក»។​

វា​មិន​ច្បាស់​នៅ​ឡើយ​ទេ​ចំពោះ​ឥទ្ធិពល​នៃ​ទណ្ឌកម្ម​នេះ ​ដោយ​សារ​អាមេរិក​មិន​មែន​ជា​ប្រទេស​ផ្គត់ផ្គង់​គ្រឿង​សព្វាវុធ ​និង​សម្ភារៈ​យោធា​ដល់​កម្ពុជា​ឡើយ។​ នេះ​បើ​តាម​របាយ​ការណ៍​ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ ​(International Peace Research Institute) ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស្តុកខុល ​(Stockholm) ​ប្រទេស​ស៊ុយអែត។​

លោក​ ផៃ ស៊ី​ផាន ​អ្នក​នាំពាក្យ​រដ្ឋាភិបាល ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​ដាក់​ទណ្ឌកម្ម​នេះ​ ដោយ​បង្វែរ​សំណួរ​ទៅ​ក្រសួង​ការ​បរទេស ​និង​ក្រសួង​ការពារ​ជាតិ​កម្ពុជា​វិញ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​កុយ​ គួង ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ និង​លោក​នាយ​ឧត្តម​សេនីយ៍ ​ឈុំ សុជាត​ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​នៅ​ឡើយ​ទេ។​

ទណ្ឌកម្ម​រឹតត្បិត​ការ​នាំ​ចេញ​សព្វាវុធ​នេះ​មក​កម្ពុជា​នេះ​ ធ្វើ​ឡើង​ក្រោយ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ កាល​ពី​ដើម​ខែ​ធ្នូ ​ឆ្នាំ​២០២១​ បាន​ប្រកាស​ថា ​រដ្ឋាភិបាល​កម្ពុជា​លែង​ឲ្យ​មាន​ការ​ចូល​ទៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ដែល​កន្លង​ទៅ​អាមេរិក​បារម្ភ​ថា ​អាច​ជា​ទីតាំង​ឈរ​ជើង​របស់​ទាហាន​ចិន។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១​ អាមេរិក​ បាន​ដាក់​ទណ្ឌកម្ម​លើ​ឧត្តម​សេនីយ៍​កំពូល​ពីរ​រូប ​គឺ​នាយ​ឧត្តម​សេនីយ៍ ​ចៅ ភិរុណ​ អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​សម្ភារៈ​បច្ចេក​ទេស​ និង​នាយ​ឧត្តមនាវី​ ទៀ វិញ ​មេបញ្ជាការ​កងទ័ព​ជើងទឹក​ ឲ្យ​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ។ ​ចំណាត់​ការ​របស់​សហរដ្ឋ​អាមេរិកនេះ​ គឺ​យោង​ទៅ​លើ​ការ​អភិវឌ្ឍ​តំបន់​កងទ័ព​ជើង​ទឹក​រាម​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ដែល​សហ​រដ្ឋ​អាមេរិក​មិន​សប្បាយ​ចិត្ត​នឹង​ការ​វាយ​បំផ្លាញ​ចោល​អគារ​ជំនួយ​របស់​សហ​រដ្ឋ​អាមេរិក​ដល់​យោធា​កម្ពុជា។​

សហ​រដ្ឋ​អាមេរិក​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​«មាន​តម្លាភាព​ពេញ​លេញ»​អំពី​គម្រោង​នៃ​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ និង​តួនាទី​របស់​យោធា​ចិន​ក្នុង​ការ​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ដែល​លោក​ថា ​វា​មាន​សារៈ​ប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា​ ប្រទេស​ជិត​ខាង​ និង​ប្រទេស​ជា​សមាជិក​អាស៊ាន​ផង​ដែរ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG