ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានអះអាងថាសេចក្តីស្នើច្បាប់ស្តីពី«លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» នឹងមិនជាប់គាំងនៅព្រឹទ្ធសភាអាមេរិកនោះទេ ហើយសហរដ្ឋអាមេរិកនឹងចាត់វិធានការខ្លាំងក្លានៅពេលនេះ។
ការលើកឡើងបែបនេះ ខណៈសមាជិកសភានិងព្រឹទ្ធសភាអាមេរិកមួយចំនួនបានបង្ហាញការគាំទ្រលើសេចក្តីស្នើច្បាប់នេះ ដែលនឹងអនុញ្ញាតឲ្យមានការបង្កកទ្រព្យសម្បត្តិដល់មន្ត្រីកម្ពុជាដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សនិងការមិនផ្តល់ទិដ្ឋាការឬវីហ្សាចូលទឹកដីសហរដ្ឋអាមេរិក ប្រសិនបើសេចក្តីស្នើច្បាប់នេះក្លាយជាច្បាប់។
សេចក្តីស្នើច្បាប់ស្តីពី«លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» (Cambodia Democracy Act) ដែលសំដៅលើការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានអនុម័តជាឯកច្ឆន្ទ ដោយគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក កាលពីចុងខែកក្កដា។ ចំណែកកាលពីថ្ងៃទី៥ ខែសីហា សមាជិកព្រឹទ្ធសភា៣រូប រួមមាន លោក Edward J. Markey លោក Marco Rubio និងលោក Dick Durbin បានបង្ហាញការគាំទ្រលើសេចក្តីស្នើច្បាប់នេះ និងថានឹងណែនាំទៅព្រឹទ្ធសភាអាមេរិក។
អ្នកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាជំហររបស់អាមេរិកមិនផ្លាស់ប្តូរនោះទេ គឺចង់ឲ្យគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ រស់ឡើងវិញ។ អ្នកស្រីបញ្ជាក់ថាចំណាត់ការរបស់សមាជិកសភា និងព្រឹទ្ធសភាអាមេរិក មាន«ល្បឿនលឿន» ហើយអ្នកស្រីសង្ឃឹមថានឹងឈានដល់ការចុះហត្ថលេខារបស់ប្រធានាធិបតីអាមេរិកលើសេចក្តីស្នើច្បាប់នេះ។
អ្នកស្រី មូរ សុខហួរ បន្ថែមថាការស្នើច្បាប់លើកនេះ មើលទៅ «មិនគាំង» នៅព្រឹទ្ធសភានោះទេ។ អ្នកស្រីបញ្ជាក់ថា៖ «បើសិនជាគេមានការផ្លាស់ប្តូរ គឺទីមួយ ក៏គេមិនដាក់សំណុំរឿងហ្នឹងពង្រាងច្បាប់ហ្នឹងសារឡើងវិញដែរ។ ហើយក៏មិនមានល្បឿនខ្លាំងដល់ប៉ុណ្ណឹងដែរ»។
អ្នកស្រីបន្ថែមថាដោយសារការបន្តធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ចំណាត់ការបន្តបន្ទាប់របស់អាមេរិក ក៏នឹងអាចប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មជាមួយអាមេរិកដោយមិនបង់ពន្ធ ហៅថាប្រព័ន្ធអនុគ្រោះពន្ធ GSP (Generalized System of Preferences)។
នៅលើគេហទំព័ររបស់សមាជិកព្រឹទ្ធសភា Edward J. Markey លោកបានសរសេរបង្ហាញការគាំទ្រលើសេចក្តីស្នើច្បាប់នេះ។
លោកបញ្ជាក់ថា៖ «ក្រោមការដឹកនាំរបស់លោក ហ៊ុន សែនគណបក្សប្រជាជនកម្ពុជាដែលដឹកនាំប្រទេសបានរក្សាការគ្រប់គ្រងរដ្ឋាភិបាលឯកបក្ស រំលោភបំពានរដ្ឋធម្មនុញ្ញកម្ពុជា តាមរយៈអំពើពុករលួយ ការហាមឃាត់គណបក្សប្រឆាំង ការធ្វើទុក្ខបុកម្នេញនយោបាយការបង្កើតច្បាប់ដែលមានលក្ខណៈគាបសង្កត់ និងការបង្រ្កាបលើការបញ្ចេញមតិដោយសេរី និងប្រព័ន្ធផ្សព្វផ្សាយសេរី»។
លោក Edward ដែលជាប្រធានអនុគណៈកម្មាធិការកិច្ចការបរទេសប្រចាំតំបន់អាស៊ីខាងកើតបានបញ្ជាក់ថាប្រជាជនកម្ពុជាគួរទទួលបាននូវ«ការសន្យាសម្រាប់ពួកគេក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១» ដែលធានាប្រជាធិបតេយ្យមួយដែលតំណាងដោយពលរដ្ឋ។
លោកបញ្ជាក់ថាសេចក្តីស្នើច្បាប់នេះ គឺច្បាស់ណាស់ថាសហរដ្ឋអាមេរិក«នឹងមិនឈរទៅខាងលោក ហ៊ុន សែន និងបក្សពួករបស់លោក»ឡើយ។
សហរដ្ឋអាមេរិកជាប្រទេសហត្ថលេខីមួយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ក្នុងចំណោម១៨ប្រទេសហត្ថលេខី។ កិច្ចព្រមព្រៀងនេះបានភ្ជាប់ការសន្យារបស់កម្ពុជាថានឹងធានាការដើរតាមគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
កាលពីថ្ងៃទី៥ ខែសីហា លោក សម រង្ស៊ីមេដឹកនាំបក្សប្រឆាំងបានសរសេរនៅលើហ្វេសប៊ុករបស់លោកថាសហរដ្ឋអាមេរិក«ឈានទៅដាក់ទណ្ឌកម្មកាន់តែខ្លាំងមកលើបក្ខពួក លោកហ៊ុន សែន» តាមរយៈការផ្តួចផ្តើមរបស់សភាសហរដ្ឋអាមេរិកពីតំណាងរាស្ត្រលោក Steve Chabot មកពីគណបក្សសាធារណរដ្ឋ និងលោក Alan Lowenthal មកពីគណបក្សប្រជាធិបតេយ្យ។
លោក សម រង្ស៊ី បញ្ជាក់ថា៖ «ដំណឹងនេះ ធ្វើឲ្យមានការជ្រួលច្របល់ក្នុងជួរគណបក្សប្រជាជនកម្ពុជាពីព្រោះមានមន្ត្រីគណបក្សនេះជាច្រើនដែលមានក្រុមគ្រួសាររស់នៅសហរដ្ឋអាមេរិកហើយបានយកទ្រព្យសម្បត្តិជាច្រើនរបស់ខ្លួនទៅលាក់នៅសហរដ្ឋអាមេរិក។ ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកមកលើបក្ខពួក ហ៊ុន សែន នឹងរាលដាលទៅដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលមានផលប្រយោជន៍ជាច្រើននៅសហរដ្ឋអាមេរិក»។
កាលពីថ្ងៃទី១ ខែសីហា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានថ្លែងថាលោកមិនចង់អត្ថាធិប្បាយចំពោះការតាក់តែងសេចក្តីស្នើច្បាប់ស្តីពី«ប្រជាធិបតេយ្យកម្ពុជា»របស់តំណាងរាស្រ្តអាមេរិកនោះទេ នៅពេលលោកត្រូវបានសួរដោយអ្នកសារព័ត៌មានក្នុងស្រុក Freshnews ដែលស្និទ្ធនឹងរដ្ឋាភិបាល។
លោកថ្លែងថា៖ «ព្រោះអាហ្នឹងអាមេរិកអ្នកធ្វើ អាមេរិកឆ្លើយខ្លួនឯង ទៅសួរទៅ។ ប៉ុន្តែកុំចាត់ទុកថាជារដ្ឋាភិបាលអាមេរិក។ គឺជាតំណាងរាស្រ្តប៉ុន្មាននាក់។ ហើយសូមទៅសួរទៅ ខ្ញុំមិនមានសិទ្ធិឆ្លើយជំនួសពួកអាមេរិកទេ។ គេចង់ធ្វើក្បាលអី គេធ្វើស្រេចតែគេ ប៉ុន្តែសម្រាប់កម្ពុជា គឺកម្ពុជា។ រឿងអីដែលជារបស់កម្ពុជា ខ្ញុំឆ្លើយបាន។ តែរឿងរបស់គេ ខ្ញុំឆ្លើយអត់បានទេ ទៅសួរគេចុះ»។
លោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភាមួយរូប បានថ្លែងថាការធ្វើសេចក្តីស្នើច្បាប់នេះ ជាសិទ្ធិរបស់តំណាងរាស្រ្តអាមេរិកដែលលោកថាអ្នកធ្វើ«ប៉ុនប៉ងយូរហើយ តែមិនទាន់បានសម្រេច»។ លោកចាត់ទុកថាការធ្វើសេចក្តីស្នើច្បាប់នេះ មាន«ចរិតនយោបាយ»គាំទ្របក្សប្រឆាំង និងមិនឆ្លុះបញ្ចាំងការពិតនៅកម្ពុជាឡើយ។
លោកថ្លែងថា៖ «យើងនៅតែមានទំនាក់ទំនងដដែល។ ត្រង់ថាភាគីដៃគូ គាត់មានគោលបំណងយ៉ាងណា គាត់មាននយោបាយយ៉ាងណា អាហ្នឹងជារឿងរបស់គាត់។ ក៏ប៉ុន្តែកម្ពុជាអត់មានធ្វើឲ្យប៉ះពាល់ទៅដល់មិត្តភាពទេ ពីព្រោះកម្ពុជាមិនមែនអ្នកធ្វើអ្នកបង្កហេតុទេ។ អ្នកផ្សេងជាអ្នកបង្កហេតុ»។
លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាធ្លាប់បានប្រាប់វីអូអេកាលពីកន្លងទៅថា៖ «សហរដ្ឋអាមេរិកនៅតែព្រួយបារម្ភពីការធ្លាក់ចុះសិទ្ធិមនុស្ស និងការធ្វើឲ្យចុះខ្សោយស្ថាប័នគាំទ្រលទ្ធិប្រជាធិបតេយ្យនានានៅកម្ពុជា»។
គួរបញ្ជាក់ថាសេចក្តីស្នើច្បាប់ស្តីពី«លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»នេះ ត្រូវឆ្លងការបោះឆ្នោតគាំទ្រពីកិច្ចប្រជុំសភាពេញអង្គមុនត្រូវបញ្ជូនបន្តទៅព្រឹទ្ធសភា ដើម្បីពិភាក្សានិងអនុម័ត។ ហើយចុងក្រោយដាក់ទៅការិយាល័យរបស់ប្រធានាធិបតីអាមេរិក ដើម្បីចុះហត្ថលេខាប្រកាសឲ្យប្រើប្រាស់៕