អ្នកបង្កើតមហាក្រុមហ៊ុនទូរគមនាគមន៍ Huawei របស់ចិនកំពុងច្រានចោលសេចក្តីសម្រេចដោយសហរដ្ឋអាមេរិក ដែលដាក់ក្រុមហ៊ុននោះចូលក្នុងបញ្ជីខ្មៅដោយសំអាងហេតុផលថា ក្រុមហ៊ុននេះគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។
ក្នុងកិច្ចសម្ភាសន៍ជាបន្តបន្ទាប់ជាមួយបណ្តាញព័ត៌មានរដ្ឋកាលពីថ្ងៃអង្គារ លោក Ren Zhengfei បាននិយាយថា ចំណាត់ការរបស់រដ្ឋបាលប្រធានាធិបតី ត្រាំ បានមាក់ងាយសមត្ថភាពពិតប្រាកដរបស់ក្រុមហ៊ុនលោក ក្នុងការបន្តកិច្ចប្រតិបត្តិការនិងអភិវឌ្ឍន៍បច្ចេកវិទ្យាទូរស័ព្ទចល័តជំនាន់ក្រោយ ដែលគេស្គាល់ជាទូទៅថា 5G។
បទបញ្ជាកាលពីសប្តាហ៍មុននឹងរាំងខ្ទប់ការផ្ទេរនៅពេលអនាគតនូវឧបករណ៍ កម្មវិធី និងសេវាផ្សេងៗទៀតរបស់ក្រុមហ៊ុន Huawei ដែលអាចកម្រិតការពង្រីកទូទាំងសាកលលោករបស់ក្រុមហ៊ុន Huawei ហើយនិងការខំប្រឹងប្រែងរបស់ក្រុមហ៊ុននោះដើម្បីតាមឲ្យទាន់ក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូងជាក្រុមហ៊ុនផលិតទូរស័ព្ទចល័តធំបង្អស់របស់ពិភពលោក។
ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនធំលំដាប់ទី២របស់ពិភពលោកនេះ មានបញ្ហាដ៏ធំមួយកាលពីថ្ងៃចន្ទនៅពេលដែលមហាក្រុមហ៊ុន Google ដែលប្រតិបត្តិការម៉ាស៊ីនស្រាវជ្រាវមួយរបស់សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងរឹតត្បិតក្រុមហ៊ុន Huawei មិនឲ្យប្រើប្រព័ន្ធប្រតិបត្តិការដ៏មានប្រជាប្រិយភាពគឺ Android ដើម្បីអនុវត្តតាមបទបញ្ជានេះ។
ព័ត៌មានទាក់ទង៖ ក្រុមហ៊ុន Google រឹតត្បិតក្រុមហ៊ុន Huawei មិនឲ្យប្រើប្រព័ន្ធប្រតិបត្តិការ Androidសេវាកម្ម Google បានត្រូវគេហាមឃាត់រួចទៅហើយនៅក្នុងប្រទេសចិន ដូច្នេះពួកអ្នកវិភាគនិយាយថា ឥទ្ធិពលនៃការទប់ស្កាត់ការលក់បច្ចេកវិទ្យា អាចមានប្រសិទ្ធិ ភាពច្រើនលើការលក់របស់ក្រុមហ៊ុន Huawei នៅអន្តរជាតិប៉ុណ្ណោះទេ ដោយធ្វើឲ្យទូរស័ព្ទរបស់ក្រុមហ៊ុននោះមានការទាក់ទាញតិចតួចដល់អតិថិជន បើទូរស័ព្ទទាំងនេះ មិនមានកម្មវិធី Google នោះ។ កាលពីឆ្នាំទៅ ក្រុមហ៊ុន Huawei បានលក់ទូរស័ព្ទចល័តរបស់ខ្លួននៅក្រៅប្រទេសជិតពាក់កណ្តាលនៃទូរស័ព្ទចល័តទាំងអស់ចំនួន ២០៨ លានគ្រឿង ហើយនៅសល់ពីនោះលក់ក្នុងប្រទេសចិន។
ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានផ្តល់អាជ្ញាប័ណ្ណចំនួន ៩០ ថ្ងៃដល់ក្រុមហ៊ុន Huawei ដើម្បីបន្តផ្តល់បច្ចុប្បន្នភាពកម្មវិធីដល់ទូរស័ព្ទទំនើបរបស់ក្រុមហ៊ុន Huawei ដែលកំពុងដំណើរការហើយនឹងរក្សាបណ្តាញដែលមានស្រាប់។
ក្រុមហ៊ុនចិនបានស្ថិតនៅក្នុងជម្លោះពាណិជ្ជកម្មដែលបន្តមានឡើងរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងប៉េកាំង។ សហរដ្ឋអាមេរិកពោលអះអាងថា បច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei អាចត្រូវគេប្រើដើម្បីស៊ើបយកការណ៍លើពលរដ្ឋអាមេរិកាំង។ ការចោទប្រកាន់នេះត្រូវបានក្រុមហ៊ុន Huawei ច្រានចោលម្តងហើយម្តងទៀត។
ជម្លោះរបស់សហរដ្ឋអាមេរិកជាមួយក្រុមហ៊ុន Huawei ក៏បានទាក់ទិនទៅនឹងលោកស្រី Meng Wanzhou ដែលជាកូនស្រីរបស់លោក Ren Zhengfei ដែលធ្វើជាប្រធានទទួលបន្ទុកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។
លោកស្រី Meg បានត្រូវចាប់ខ្លួនកាលពីខែធ្នូឆ្នាំទៅ នៅក្នុងទីក្រុង Vancouver ប្រទេសកាណាដា ដោយសារដីកាចាប់ខ្លួនរបស់សហរដ្ឋអាមេរិកដែលបានចោទប្រកាន់លោកស្រី ពីការរំលោភការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ នេះជាចំណាត់ការមួយដែលបានធ្វើឲ្យប្រទេសចិនខឹងសម្បា ហើយបាននាំឲ្យមានការចាប់ខ្លួនពលរដ្ឋកាណាដា២នាក់ ដែលទំនងជាការសងសឹកប្រឆាំងនឹងកាណាដា។
ចិននិងសហរដ្ឋអាមេរិកបានធ្វើការចរចាពាណិជ្ជកម្មច្រើនខែ ដោយប្រទេសមានសេដ្ឋកិច្ចធំបង្អស់២ក្នុងពិភពលោកនេះ បានបង្កើនការយកពន្ធគយគ្នាទៅវិញទៅមកលើទំនិញនាំចេញដែលមានតម្លៃរាប់រយពាន់លានដុល្លារ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន