ក្រិក​ព្យាយាម​ទប់ទល់​នឹង​លំហូរ​ចូល​នៃ​ជន​ចំណាក​ស្រុក

ជនភៀសខ្លួន​ស៊ីរី​ចាកចេញ​ពី​កប៉ាល់​របស់​ក្រិក​ បន្ទាប់ពីបាន​មក​ដល់​កំពង់ផែ​ Piraeus នៅជិត​ទីក្រុង​អាថែន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥។

ជន​ចំណាកស្រុក​កាន់​តែច្រើន​ឡើង​កំពុង​តែធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​សមុទ្រ​ Aegean ពី​ប្រទេស​តួកគី​ឆ្ពោះ​ទៅកាន់​កោះ​ជាច្រើន​នៅ​មិន​ឆ្ងាយ​ពី​តំបន់​ឆ្នេរ​របស់​ប្រទេស​ក្រិក។ ពួកគេ​ព្យាយាម​ធ្វើ​ដំណើរ​ចេញ​ពី​ទី​នោះ​ឆ្លងកាត់​ប្រទេសក្រិក​ឆ្ពោះ​ទៅ​ប្រទេស​មួយ​ចំនួន​ក្នុង​សហភាព​អឺរ៉ុប​ដែល​មាន​សេដ្ឋកិច្ច​ស្តុកស្តម្ភ​ រួមមាន​ប្រទេស​អាល្លឺម៉ង់ អេស្ប៉ា​ញ​ និង​ចក្រភពអង់គ្លេស​ជាដើម។ កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​សហភាព​អឺរ៉ុប​ដើម្បី​បញ្ឈប់​នូវ​លំហូរនៃ​ជន​ចំណាក​ស្រុក​ទាំង​នោះ​ បាន​ជួប​ឧបសគ្គ​ ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​នៅ​ប្រទេស​ក្រិក។

វិបត្តិ​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ក្រិក​មាន​ថវិកា​កាន់តែ​តិច​ជាង​មុន​ សម្រាប់​ការ​យាមល្បាត​ព្រំដែន​របស់ខ្លួន​ ការ​សម្រិតសម្រាំង​ជន​ចំណាក​ស្រុក​ដែល​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ ការ​ផ្តល់​ជំនួយ​សុខាភិបាល​ និង​ជំនួយ​មនុស្សធម៌​សម្រាប់មជ្ឈមណ្ឌល​ឃុំឃាំង​នានា​ដែល​មាន​ភាព​កកកុញ។

សម្រាប់​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ​ ចំនួន​នៃ​ជន​ចំណាកស្រុក​ដ៏​ច្រើននេះ​បាន​បង្ហាញ​ឡើង​នូវ​បញ្ហា​មួយ។ ជន​ចំណាកស្រុក​ចំនួន​១៥៥.០០០​នាក់​បាន​មក​ដល់​ប្រទេសក្រិក​នៅ​ឆ្នាំ​នេះ ​ដែល​ក្នុង​នោះ​ស្ទើរ​តែ​ពាក់កណ្តាលនៃពួកគេ​បាន​ធ្វើ​ដំណើរ​តាម​សមុទ្រ។

នាង​ Laura Padoan អ្នក​នាំ​ពាក្យ​ឧត្តម​ស្នងការ​ជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ជនភៀសខ្លួន​ UNHCR ​បាន​និយាយ​ថា ​មនុស្ស​រហូត​ដល់​ទៅ​១.០០០​នាក់​ក្នុង​មួយ​ថ្ងៃ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រជុំ​កោះ​នៃ​តំបន់ឆ្នេរ​ប្រទេស​ក្រិក។ ពួក​គេ​ភាគ​ច្រើន មក​ពី​ប្រទេស​ស៊ីរី អ៊ីរ៉ាក់ និង​អាហ្វហ្គានីស្ថាន។ ប្រហែល​១០ភាគរយ​ក្នុង​ចំណោម​ពួក​គេ​ មក​ពី​ប្រទេសអេរីត្រេ​ ស៊ូដង់ ឬ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​នៅ​តំបន់​អាហ្រ្វិក​ខាងកើត និង​មជ្ឈិមបូព៌ា។ ពួកគេ​ធ្វើ​ដំណើរ​ចាកចេញពី​តំបន់​ឆ្នេរ​ប្រវែង​៦០០គីឡូម៉ែត្រ​ដែល​ពិបាក​យាម​ល្បាត​ក្នុង​ទឹកដី​នៃ​ប្រទេស​តួកគី ដើម្បី​ឆ្ពោះ​ទៅ​កាន់កោះ​នានា​ដែល​អាច​ស្នាក់​អាស្រ័យ​បាន​នៅ​ក្នុង​ដែន​សមុទ្រ​ Aegean។

នាងPadoan ដែល​ត្រូវ​បាន​ទាក់ទង​បាន​តាម​ទូរស័ព្ទ​បាន​និយាយ​ពី​លើ​កោះ​ Lesbos ថា​ ក្រុម​ឈ្មួញ​រត់ពន្ធមនុស្ស​បានទារ​ថ្លៃ​ពួក​ជន​ចំណាកស្រុក​រហូត​ដល់​ទៅ​១.២០០​ដុល្លារ​ក្នុង​មួយ​នាក់​ សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​ទូក​តូច​ចង្អៀត​មួយ​ទៅ​កាន់​ប្រទេស​មួយ​នៃ​សហភាព​អឺរ៉ុប។

«ខ្ញុំ​បាន​និយាយ​ជាមួយ​ជនភៀស​ខ្លួន​ជា​ច្រើននាក់​ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​ដែន​ដោយ​ជោគជ័យ។ ជន​ម្នាក់​ក្នុង​ចំណោម​ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា​ បន្ទាប់​ពី​បាន​ចុះទូក​ទៅ​ក្នុង​សមុទ្រ​បាន​២០​នាទី​នា​ពេល​យប់​ ទឹក​ចាប់​ផ្តើម​ជ្រាបចូល​ក្នុង​ទូក។ ពួកគេ​ភ័យខ្លាំង​ណាស់​ ហើយ​ពេលនោះ​គឺងងឹត​ស្លុង។ ពួកគេ​ត្រូវលើក​ក្មេងៗឲ្យ​ផុត​ពី​ទឹក​ ដើម្បី​រក្សា​សុវត្ថិភាព​ដល់​ពួកគេ។ នៅ​ចុង​បញ្ចប់ ឆ្មាំ​សមុទ្រ​ក្រិកបាន​រក​ឃើញ​និង​បាន​សង្គ្រោះ​ពួកគេ»។

នាង​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ មាន​គ្រែ​សម្រាប់​ជន​ចំណាក​ស្រុក​ប្រហែល​ជា៧០​ប៉ុណ្ណោះ ​នៅ​មជ្ឈមណ្ឌល​ឃុំឃាំង​លើ​កោះ​នោះ។ ក៏ប៉ុន្តែ​ នៅ​ពេល​ដែល​ជនភៀសខ្លួន​កាន់​តែ​ច្រើន​កំពុង​មក​ដល់​កោះ ​Lesbos ​លទ្ធភាព​ក្នុង​ការ​ផ្តល់​ទី​ស្នាក់​អាស្រ័យ​មាន​កាន់​តែ​ចង្អៀត​ទៅ ហើយប្រព័ន្ធ​ទាំង​មូល​កំពុង​តែ​ទន់ទោរ​ទៅៗ។

«ឥឡូវ​នេះ ​មាន​មនុស្ស​ប្រហែល១.០០០​នាក់​កំពុង​បោះ​ជំរុំ​នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល​ ហើយ​រដ្ឋាភិបាល​បាន​កំណត់កន្លែង​ផ្សេងមួយ​ទៀត​សម្រាប់​ពួកគេ។ ​មនុស្ស​ប្រមាណ​ជា​៣.០០០​នាក់​ កំពុង​តែ​បោះ​ជំរុំ​នៅ​ទីនោះ​ ជាមួយ​នឹង​សេវា​ផ្គត់ផ្គង់​ផ្សេងៗ​មាន​កម្រិត និង​ស្ថានភាព​លំបាក​លំបិន​ដូចជា​ ​ ទឹក​សម្រាប់​ប្រើប្រាស់​មាន​កម្រិត​ ​ បន្ទប់​ទឹក​ខ្វះ​អនាម័យ​ ក៏​ដូច​ជា​តម្រូវ​ការ​ជំនួយ​សុខាភិបាល​ជា​បន្ទាន់​ផង​ដែរ»។

សម្រាប់​មនុស្ស​ជាច្រើន​ដែល​បាន​មក​ដល់​កោះ​ Lesbos​ ដំណាក់​កាល​បន្ទាប់​គឺ​ការ​ធ្វើ​ដំណើរ​ចម្ងាយ​ ៧០គីឡូម៉ែត្រ ទៅ​កាន់​កំពង់​ផែ​នៅ​ជិត​បំផុត​មួយ​ ដើម្បី​ចុះឈ្មោះ​ជាមួយ​នឹង​ក្រុម​អាជ្ញាធរ​ ហើយ​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន។ កា​រធ្វើដំណើរ​នេះ​មាន​ភាព​លំបាកខ្លាំង​ ជា​ពិសេស​សម្រាប់ស្រ្តី​មានផ្ទៃពោះ​ និង​កុមារ។

មាន​តែ​ដើម​អូលីវ​ពីរបី​ដើម​បុណ្ណោះ​ដែល​ផ្តល់​ជា​ម្លប់​ដើម្បី​គេច​ពី​កម្តៅ​ថ្ងៃ​ដ៏ហួតហែង​ ហើយ​មិន​មានកន្លែង​សម្រាប់​សម្រាក​នៅពេល​យប់​នោះ​ទេ។ ក៏ប៉ុន្តែ​អ្វី​ដែល​ទទួល​បាន​មក​វិញ គឺ​សាកសម​នឹង​ការ​លះបង់​ទាំង​នោះ។ នៅ​ពេល​ពួក​គេ​ទទួល​បានក្រដាស​ស្នាម​ពី​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទី​មួយ ដែល​ពួកគេ​បាន​ទៅ​ដល់ ពួកគេ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ដទៃ​ទៀត​នៃ​សហភាព​អឺរ៉ុប។

នាង Padoan និយាយ​ថា​ វិបត្តិ​ហិរញ្ញវត្ថុ​បាន​ធ្វើ​ឲ្យ​កម្មវិធី​របស់​អង្គការ​ UNHCR ខ្លះ ​ប្រឈម​នឹង​ហានិភ័យ។ កាលពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ ក្រិក​បាន​គ្រប់គ្រងទៅ​លើ​បរិមាណ​ទឹកប្រាក់​ដែល​អាចដក​ចេញពី​ធនាគារ​របស់​ក្រិក។ នាង​បាន​បន្ត​ទៀត​ថា​ អង្គការត្រូវ​ការ​សាច់ប្រាក់​រួច​រាល់​ជា​ស្រេច​ដើម្បី​ទិញ​ទំនិញក្នុង​ប្រទេស​ក្រិក​ និង​បង់​ប្រាក់​ឲ្យ​ក្រុម​ហ៊ុន​ផ្គត់ផ្គង់​អាហារ​ក្នុង​ស្រុក​សម្រាប់​គ្រឿង​ឧបភោគ​បរិភោគ។ ក្រុម​អង្គការ​មនុស្សធម៌​នានា​បាន​ឲ្យ​ដឹង​ថា​ ប្រទេស​ក្រិក​កំពុង​តែ​ទទួល​រង​បញ្ហា​យ៉ាង​តាន់តាប់ ហើយ​បានអំពាវនាវ​ឲ្យ​យក​ចិត្ត​ទុកដាក់​លើ​តម្រូវការ​ជំនួយ​របស់​ប្រទេស​នេះ។

អង្គការ ​UNHCR ​កំពុង​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប​បង្កើន​ជំនួយ​ដល់​ប្រទេសក្រិក​ និង​ដោះ​ស្រាយ​បញ្ហា​ស្នាក់អាស្រ័យ​របស់​ជនភៀសខ្លួន។

សហភាព​អឺរ៉ុប​និយាយ​ថា​ ខ្លួន​មាន​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ជួយប្រទេស​ក្រិក​លើ​បញ្ហា​លំហូរ​នៃ​ជន​អន្តោប្រវេសន៍​ ហើយ​រដ្ឋ​មួយ​ចំនួន​កំពុង​តែ​ពិចារណា​លើ​ការ​បង្កើន​ចំនួន​ជន​ចំណាក​ស្រុក​ចូល​ក្នុង​ប្រទេស​ពួក​គេ។ ក៏ប៉ុន្តែ​ សមាជិក​សហភាព​អឺរ៉ុប​ភាគច្រើនបាន​ច្រានចោល​នូវ​សំណើ​កូតា ដែល​តម្រូវ​ឲ្យពួកគេ​ទទួលយក​ជនភៀស​ខ្លួន​ក្នុង​ភាគ​រយ​ណាមួយ។ នេះ​ជា​ការ​ពិត​មួយ​ ​ជា​ពិសេស​ចំពោះ​បណ្តា​ប្រទេសនៅអឺរ៉ុប​ភាគខាង​កើត​ ឬ​បណ្តា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​យឺតយ៉ាវ និង​មាន​អត្រា​និកម្មភាព​(ភាព​គ្មាន​ការងារធ្វើ)​ខ្ពស់៕

ប្រែសម្រួលដោយ ហេង វ៉ាន់ហុង