ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាជន​ក្រិក​ក្រីក្រ​​ព្រួយបារម្ភ​ពី​ជីវិត​រស់​នៅ​ច្រើន​ជាង​អនាគត​​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូ


ក្រុមបាតុករ​ប្រឆាំង​នឹង​បណ្តា​ប្រទេស​ប្រើ​ប្រាក់​អឺរ៉ូប​ដើរ​តាម​ដង​ផ្លូវ​នៅ​អំឡុង​ពេល​ហែ​ក្បួន​ប្រឆាំង​នឹង​វិធានការ​​រឹតត្បិត​សេដ្ឋកិច្ច​នៅក្រុង​អាថែន​ ប្រទេស​ក្រិក។ ប្រជាជន​ក្រិក​ក្រីក្រ​​ព្រួយបារម្ភ​ពី​ជីវិត​រស់​នៅ​ច្រើន​ជាង​អនាគត​​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូ។
ក្រុមបាតុករ​ប្រឆាំង​នឹង​បណ្តា​ប្រទេស​ប្រើ​ប្រាក់​អឺរ៉ូប​ដើរ​តាម​ដង​ផ្លូវ​នៅ​អំឡុង​ពេល​ហែ​ក្បួន​ប្រឆាំង​នឹង​វិធានការ​​រឹតត្បិត​សេដ្ឋកិច្ច​នៅក្រុង​អាថែន​ ប្រទេស​ក្រិក។ ប្រជាជន​ក្រិក​ក្រីក្រ​​ព្រួយបារម្ភ​ពី​ជីវិត​រស់​នៅ​ច្រើន​ជាង​អនាគត​​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូ។

នៅ​ខណៈ​ដែល​អ្នក​នយោបាយ​អឺរ៉ុប​បន្ត​ជជែក​ដេញ​ដោល​គ្នា​ពី​អនាគតប្រទេស​ក្រិក​នៅក្នុង​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូ​ គេ​សង្កេត​ឃើញ​ថា ​ការ​តតាំង​គ្នា​ដោយ​ផ្តោត​លើ​បញ្ហា​សេដ្ឋកិច្ចនេះ ​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​ពី​ប្រជាជន​ក្រិក​ដ៏​ច្រើន​ដែល​កំពុងរស់​នៅ​ក្នុង​ភាព​ក្រីក្រ។​ ការ​កាត់​បន្ថយ​ការ​ចំណាយ​រយៈ​ពេលប្រាំ​ឆ្នាំ​របស់​រដ្ឋាភិបាល​ បានធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​សេវា​សាធារណៈ​ ហើយ​មេដឹកនាំ​អឺរ៉ុប​ក៏​ទំនង​ជា​នឹង​ទាមទារ​ឲ្យ​មាន​ការ​ត្បិតត្បៀត​ការ​ចំណាយ​បន្ថែម​ទៀត​នៅ​ក្នុងប្រទេស​នេះ ​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​កិច្ច​ព្រម​ព្រៀង​សង្គ្រោះ​បំណុល​ក្រិក។

កន្លែង​រង់​ចាំ​នៅ​គ្លីនិក​សុខភាព​មិន​គិត​ថ្លៃ​មួយ​ដំណើរ​ការ​ដោយ​អង្គការ វេជ្ជបណ្ឌិត​ពិភពលោក​ (Doctors of the World)​ នៅ​ក្នុង​ទី​ក្រុង​អាថែន ​បាន​ក្លាយ​ជា​ទីតាំង​ប្រមូល​ផ្តុំ​ប្រជាជន​ក្រិក​ក្រីក្រ​យ៉ាង​ច្រើន​ ដែល​មាន​ទាំង​អ្នក​គ្មាន​ផ្ទះ​សម្បែង​ មនុស្ស​ចាស់​ជរា​ អ្នក​គ្មាន​ការងារ​ធ្វើ​ រួម​ទាំង​ក្រុម​ជន​អន្តោប្រវេសន៍​ ដែល​បាន​ផ្សង​ព្រេង​មក​រស់​នៅ​លើ​ទឹក​ដី​ក្រិក​ផង។

នៅ​ក្នុង​គ្លីនិក​សុខ​ភាព​ធ្មេញ​នេះ ក្រុម​វេជ្ជ​បណ្ឌិត​ និង​ពេទ្យ​ធ្មេញ​ស្ម័គ្រ​ចិត្ត​នាំ​គ្នា​ព្យា​បាល​រាល់​អ្នក​ជំងឺ​ទាំង​អស់​ដោយ​គ្មាន​សួរ​នាំ​អ្វី​ឡើយ។ ក៏ប៉ុន្តែ​ ធនធាន​របស់​ពួក​គេ​នៅ​មាន​កម្រិ​ត​ ហើយ​ពួក​គេ​កំពុង​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណា​ដោះ​ស្រាយ​បញ្ហា​នេះ។

លោក​វេជ្ជបណ្ឌិត​ Bettina Krumbholz បាន​ឲ្យ​ដឹង​ថា​ ប្រព័ន្ធ​សុខាភិបាល​ចាប់​ផ្តើម​មាន​បញ្ហា​នៅ​ពេល​ដែល​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​កើត​មាន​ឡើង​ក្នុង​ឆ្នាំ​២០០៨។

«យើង​ធ្លាប់​មាន​ប្រព័ន្ធ​សុខាភិបាល​ដ៏​ល្អ​ប្រសើរ​មួយ​ ហើយ​វា​ពិត​ជា​មាន​ប្រសិទ្ធភាព​ណាស់។ ប៉ុន្តែ​ក្រោយ​ពេល​ដែល​មាន​ការ​កាត់​បន្ថយ​ចំនួន​វេជ្ជបណ្ឌិត​ជា​ច្រើន​នាក់​មក​ ប្រព័ន្ធ​សុខា​ភិបាល​ចាប់​ផ្តើម​ចុះ​អន់​ខ្សោយ​តែ​ម្តង។ នេះ​ក៏​ដោយសារ​តែ​កង្វះ​ខាត​ក្រុម​គិលានុបដ្ឋាយិកា​ និង​ក្រុម​វេជ្ជបណ្ឌិត។ ដូច្នេះ​ហើយ​ ទើប​បាន​ជា​ប្រជាជន​មក​មើល​ជំងឺ​ ត្រូវតម្រង់​ជួរ​រង់​ចាំ​ពី​១០​ទៅ​១២ម៉ោង​ដើម្បី​ចាំ​ទទួល​សេវា​សុខា​ភិបាល»។

លោក​វេជ្ជបណ្ឌិត​ Krumbholz អះ​អាង​ថា​ ការ​រឹត​ត្បិត​ការ​ដក​សាច់​ប្រាក់​រយៈ​ពេលពីរសប្តាហ៍កន្លងមក​នេះ​ បាន​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែ​អាក្រក់​ឡើងៗ។

«ប្រជាជន​ក្រីក្រ​ទាំង​នោះ​គ្មានលុយ​សូម្បី​តែ​ដើម្បី​ទិញ​ថ្នាំ។ ដូច្នេះ​ មាន​ប្រជាជន​ក្រិកដែល​មាន​ជំងឺ​ជា​ច្រើន​នាក់មក​ទីនេះ​ដើម្បី​ចាំ​ទទួល​ថ្នាំ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ។​ យើង​មិន​អាច​ទុក​ពួកគេ​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត​តាម​ចិញ្ចើម​ផ្លូវ​ដោយ​ការ​អត់​ឃ្លាន​ គ្មាន​ថ្នាំ​សង្កូវ​ និង​ដោយ​កង្វះ​វេជ្ជ​បណ្ឌិត​ព្យាបាល​ជំងឺ​ឡើយ»។

«សាមគ្គីភាព» គឺជា​សម្រែក​តស៊ូប្រជាជន​ក្រិក​ ដែល​ប្រឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​ដែល​កំពុង​កើត​មាន​ឡើង ​តាមរយៈ​ការផ្តល់​សេវា​ដោយ​ឥត​គិត​ថ្លៃ​ រួម​មាន​ការ​ផ្តល់​តំហែទាំ​សុខាភិបាល ការ​ប្រឹក្សា​ផ្នែក​ច្បាប់​ និង​ចំណី​អាហារ​ជាដើម។

នៅ​ចំ​កណ្តាល​ទីលាន​ Monastiraki នា​ទី​ក្រុង​អា​ថែន​ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​បន្ទាយ​បុរាណ​ Acropolis ​លោក ​Konstantinos Polychronopoulos ​វ័យ​៥១ឆ្នាំ ​កំពុង​កូរ​សម្លរ​សាច់​មាន់​ក្នុង​ឆ្នាំង​ដ៏​ធំ​មួយ​ ខណៈ​ពេល​ដែល​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ត្រៀម​ចាន ស្លាបព្រា​ និង​សម​រួច​ជា​ស្រេច​នៅ​ក្នុង​ផ្ទះ​បាយ​ដែល​គេ​ដាក់​ឈ្មោះ​ថា​ «ផ្ទះ​បាយ​សង្គម»។

លោក​ Polychronopoulosបាន​បាត់​បង់​ការ​ងារ​ជា​នាយក​ប្រតិបត្តិ​ផ្នែក​ទីផ្សារ​កាល​ពី​៤ឆ្នាំ​មុន​ ហើយ​លោក​ត្រូវ​គេ​ប្រាប់​ដដែលៗ​ក្នុង​ពេល​សម្ភាសន៍​ថា​ លោក​ចាស់​ពេក​ ឬ​មាន​សមត្ថភាព​លើស​ពី​តម្រូវ​ការ​ការងារ។ បច្ចុប្បន្ន​នេះ​ លោក​ចែក​ចាយ​អាហារ​ដោយ​ឥត​គិត​ថ្លៃ​ដល់​មនុស្ស​រាល់​គ្នា​ទាំង​អ្នក​មាន​ និងអ្នក​ក្រ។

«ខ្ញុំ​ចាប់​ផ្តើម​បម្រើការ​នៅផ្ទះ​បាយ​សង្គម​ ចាប់ពី​ពេល​ដែល​ខ្ញុំ​បាន​ឃើញ​ក្មេង​ប្រុស​តូចៗ​ពីរ​នាក់​វាយ​ប្រតាយប្រតប់​គ្នា​ដណ្តើម​យក​អាហារ​បន្តិច​បន្តួច​នៅ​ពី​មុខ​គំនរ​សំរាម។ សកម្មភាព​ក្មេង​ទាំង​ពីរ​នេះ​មិន​បាន​រំខាន​អារម្មណ៍​ខ្ញុំ​ខ្លាំង​ប៉ុន្មាន​ទេ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​កាន់​តែ​ខ្លាំង​នោះ​គឺ ​មនុស្ស​ម្នា​ដើរ​ឆ្លង​កាត់ទីនោះ​ទៅ​មក​ ដោយ​គ្មាន​ចាប់​អារម្មណ៍​អើពើ​អ្វី​ចំពោះ​ក្មេង​ទាំង​ពីរ​នោះ​បន្តិច​សោះ។ ពួក​គេ​ធ្វើ​ដូច​ជា​មិន​បាន​ឃើញ​រឿង​អ្វី​ទាល់​តែ​សោះ»។

បើ​ទោះ​ជា​នឹង​មាន​កិច្ច​ព្រម​ព្រៀង​លើ​ការ​សង្គ្រោះ​បំណុលសម្រាប់​ប្រទេស​ក្រិក​ក៏​ដោយ បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​នឹង​នៅ​តែ​បន្ត​កើត​មាន​សម្រាប់​ប្រជាជន​ក្រិក​ជា​ច្រើន​ ដែល​ជា​ជន​រង​គ្រោះ​នៃ​វិបត្តិ​បំណុល​ដែល​បង្ក​មហន្ត​រាយ​ធំ​ធេង​ដល់​ប្រជាជន​ក្រីក្រ​ក្នុង​ប្រទេស​នេះ៕

ប្រែប្រមួលដោយ សៅ ផលនិស្ស័យ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG