ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប៖ សម័យកាល​ថ្មី​មួយ​ដ៏​គ្រោះថ្នាក់​​ជាមួយ​កំណត់ត្រា​ជន​ភៀសខ្លួន​៦០​លាន​នាក់


អ.ស.ស​និយាយថា​ នេះ​ជា​សម័យកាល​ថ្មី​មួយ​ដ៏​គ្រោះថ្នាក់​​ជាមួយ​កំណត់ត្រា​ជន​ភៀសខ្លួន​៦០​លាន​នាក់
អ.ស.ស​និយាយថា​ នេះ​ជា​សម័យកាល​ថ្មី​មួយ​ដ៏​គ្រោះថ្នាក់​​ជាមួយ​កំណត់ត្រា​ជន​ភៀសខ្លួន​៦០​លាន​នាក់

យោង​តាម​របាយការណ៍ប្រចាំ​ឆ្នាំ​ចុង​ក្រោយ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុកជន​ភៀស​ខ្លួន​ ពិភពលោក​កំពុង​ជួប​ប្រទះ​នឹង​វិបត្តិ​ជនភៀស​ខ្លួន​យ៉ាង​អាក្រក់​បំផុត​មួយ​នៅ​ក្នុង​សម័យកាល​ទំនើប ហើយ​ការ​ឆ្លើយ​តប​ពី​សំណាក់​អន្តរជាតិ​ នៅ​មានចន្លោះ​ប្រហោង​យ៉ាង​ខ្លាំង។ ក្រុម​អង្គការ​មនុស្ស​ធម៌​កំពុង​អំពាវនាវ​ឲ្យ​មាន​កិច្ចប្រជុំ​អន្តរជាតិ​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ។

ដោយ​អស់​កម្លាំង រង​ការ​រលាក​កម្តៅ​ថ្ងៃ ខ្សោះ​ជាតិ​ទឹក និង​មិន​មាន​កាន់​អ្វី​ក្នុង​ដៃ​ក្រៅ​ពី​សំពាយ​ខោអាវ​នោះ ជន​ភៀស​ខ្លួន​ស៊ីរី​ ឈ្មោះ Sameh រួម​ទាំង​កូន​ប្រុស​ និង​ភរិយា​របស់​លោក​ធ្វើ​ដំណើរ​សន្សឹមៗ​ឆ្លង​កាត់​ផ្លូវ​ផែ​មួយ​នៅ​ក្នុង​ទីក្រុង Catania ប្រទេស​អ៊ីតាលី​ បន្ទាប់ពី​ចេញ​ពី​នាវា​របស់​កង​កម្លាំង​ជើង​ទឹក​អៀរឡង់ (Ireland)។

ពួកគេ​ និង​មនុស្ស​រាប់​រយ​នាក់​ទៀត​ត្រូវ​បាន​ជួយ​សង្រ្គោះ​នា​សប្តាហ៍​នេះ​ពី​ទូក​កៅ​ស៊ូ​នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ។

លោក Sameh បាន​និយាយ​ថា៖ «រាល់​មនុស្ស​ដែល​រស់​នៅ​លើ​ភព​ផែន​ដី​នេះ​ស្រឡាញ់​ប្រទេស​កំណើត​របស់​ពួកគេ។ ប៉ុន្តែ​ស្ថានភាព​នៅ​ប្រទេស​ស៊ីរី​បានជំរុញ​ឲ្យ​មនុស្ស​ម្នា​ស្វែង​រក​កន្លែង​សុវត្ថិភាព​ និង​ប្រទេស​សុវត្ថិភាព​ជ្រក​កោន​ សម្រាប់​ខ្លួន​ពួកគេ​ផ្ទាល់​ សម្រាប់​ភរិយា​របស់​ពួកគេ និង​សម្រាប់​កូន​របស់​ពួកគេ»។

លោក Sameh និង​គ្រួសារ​របស់​លោក​ ជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់​ទីលំនៅ​យ៉ាង​ធំ​មហិមា។ អ.ស.ប​និយាយ​ថា​ នៅ​ចុង​ឆ្នាំ​២០១៤ ​មនុស្ស​ជាង​៦០​លាន​នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ។ នេះ​ជា​ការ​ផ្លាស់​ទី​ជម្រក​របស់​មនុស្ស​លោក​យ៉ាង​ធំ​បំផុត​មួយ​ដែល​ត្រូវ​បាន​កត់ត្រា​ទុក។

បើ​គិត​មក​ត្រឹម​ឆ្នាំ​នេះ ជន​ភៀសខ្លួន​ជាង​១០០.០០០​នាក់​ហើយ​បាន​ឆ្លង​កាត់​សមុទ្រ​មេឌីទេរ៉ាណេ​ឆ្ពោះ​ទៅ​កាន់​ទ្វីប​អឺរ៉ុប។ មនុស្ស​ជិត​២.០០០នាក់​ក្នុង​ចំណោមពួកគេ​បាន​ស្លាប់។ វិបត្តិ​របស់​ទ្វីប​អឺរ៉ុប​ គឺ​ផ្នែក​តូច​មួយ​នៃ​បញ្ហា​ទាំង​មូល នេះ​បើ​យោង​ទៅ​តាម​សម្តី​របស់​លោក Andrej Mahecic​ មន្រ្តី​ទីភ្នាក់ងារ​ជនភៀស​ខ្លួន​អ.ស.ប។

«បញ្ហា​នៅ​តំបន់​សមុទ្រ​មេឌីទេរ៉ាណេ​គឺ​ប្រហែល​គ្រាន់​តែ​ជា​ផលវិបាក​ដែល​ត្រូវ​បាន​មើល​ឃើញ​នៃ​អ្វី​ដែល​យើង​កំពុង​កើត​មាននៅ​លើ​ពិភពលោក​តែ​ប៉ុណ្ណោះ។ សូម​កុំ​ភ្លេច​ថា ជន​ភៀស​ខ្លួន៨៦​ភាគរយ​នៅ​លើ​ពិភពលោក​ត្រូវ​បាន​ទទួល​ឲ្យ​ស្នាក់​នៅ​ដោយ​ប្រទេស​កំពុង​អភិវឌ្ឍ។ ជា​ឧទាហរណ៍​ ប្រទេស​ស៊ីរី គឺ​ជា​ប្រទេស​ធំ​ជាង​គេ ដែល​ជំរុញ​ចាក​ចេញ​ពី​ទី​ជម្រកនៅ​ក្នុង​រយៈពេល​បួន​ឆ្នាំ​កន្លង​មក​នេះ។ ប្រជាជន​ស៊ីរី​ភាគ​ច្រើន​បាន​មក​ជ្រក​កោន​នៅ​តាម​បណ្តា​ប្រទេស​ជិត​ខាង​ ដែល​ចំនួន​សរុប​មានជិត​បួន​លាន​នាក់​នៃ​ជន​ភៀសខ្លួន​ស៊ីរី​ទាំង​អស់»។

រូបភាព​ដ៏​គួរ​ឲ្យ​សង្វេគ​នា​សប្តាហ៍​នេះ​បាន​បង្ហាញ​ពី​ជន​ភៀសខ្លួន​ស៊ីរី​ដែល​រត់ចេញ​ពី​ការ​វាយប្រហារ​គ្នា​រវាង​ក្រុម​រដ្ឋអ៊ីស្លាម និង​កងកម្លាំង​កុលសម្ព័ន្ធ Kurde ​ដែល​ជន​ភៀស​ខ្លួន​ទាំង​នោះ​បាន​ព្យាយាម​ទម្លាយ​របង​ការពារ​ព្រំដែន​ ដើម្បី​ឆ្លង​ទៅ​កាន់​ប្រទេស​តួកគី (Turkey)។ បណ្តា​ប្រទេស​ជិតខាង​របស់​ស៊ីរីកំពុង​ព្យាយាម​បញ្ឈប់​លំហូរ​នៃ​ជនភៀសខ្លួន​ទាំង​នេះ។ អ្នកស្រី​ Anna Shea នៃអង្គការ​លើកលែង​ទោស​អន្តរជាតិ​ (Amnesty International) និយាយថា​ ជន​ភៀសខ្លួន​ទាំង​នោះ​ទទួល​បាន​ការ​គាំទ្រ​តិចតួច​ប៉ុណ្ណោះ​ពី​សំណាក់​សហគមន៍​អន្តរជាតិ។

«នៅ​ប្រទេស​លីបង់ មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្សប្រាំ​នាក់​ ឥឡូវ​នេះ​គឺ​ជា​ជន​ភៀសខ្លួន។ ប្រទេស​តួកគី​មានជនភៀស​ខ្លួន​ស៊ីរី​ច្រើន​ជាង​គេ​បំផុត​ ដែល​មាន​ចំនួន​ជាង​១,៧ លាន​នាក់។ ដូច្នេះ​ នៅ​ចំពោះ​មុខ​លំហូរ​មនុស្ស​យ៉ាង​ច្រើន​នៅ​ក្នុង​រយៈពេល​ខ្លី​បែប​នេះ​ បណ្តា​ប្រទេស​ផ្សេងៗ​បាន​ងាក​ទៅ​រក​វិធានការ​ផ្សេងៗ​ប្រកប​ដោយ​បញ្ហា»។

អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​ពិពណ៌នា​ជន​ភៀសខ្លួន​នៅ​ទ្វីប​អាហ្វ្រិក​ថា ​ជា​វិបត្តិ​ពិភពលោក​មួយ​ដែល​ត្រូវ​បាន​គេ​បំភ្លេច​ចោល។ មាន​ជន​ភៀសខ្លួន​ចំនួន​ជាង​បី​លាន​នាក់​នៅ​ក្នុង​តំបន់ភាគ​ខាង​ត្បូង​វាល​ខ្សាច់​សាហារ៉ា (Sub-Saharan)។

«អ្វី​ដែល​ពិត​ជា​គួរ​ឲ្យ​បារម្ភ​នោះ គឺ​ថា​ ប្រទេស​ជា​ច្រើន​គឺ​ជា​ប្រភព ​និង​ជា​គោលដៅ​សម្រាប់ជនភៀស​ខ្លួន។ ដូច្នេះ​ បណ្តា​ប្រទេស​ផ្សេងៗ​ ដែល​កំពុង​តែ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​ប្រជាជន​របស់​ខ្លួន​ និង​ទី​ដែល​ប្រជាជន​កំពុង​រង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ផ្សេងៗ​ដែរ​នោះ​ ក៏​ជា​ប្រទេស​ដែល​ស្វាគមន៍​ជន​ភៀស​ខ្លួន​ផងដែរ»។

អ្នក​ស្រី Shea បាន​និយាយ​ថា ​កង្វះ​ខាត​ការ​ឆ្លើយតប​ពី​សំណាក់​អន្តរជាតិ​ ត្រូវ​បាន​គេ​កត់សម្គាល់ ​កាល​ពី​ខែ​មុន​ នៅ​ពេល​ដែល​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា (Rohingya) រាប់​ពាន់​នាក់​ពី​ប្រទេស​មីយ៉ាន់ម៉ា ត្រូវ​បាន​ទុក​ឲ្យ​ស្ថិត​នៅ​លើ​ដែន​សមុទ្រ​ Andaman អស់​រយៈពេល​រាប់​សប្តាហ៍​ ដោយ​សារ​តែ​គ្មាន​ប្រទេស​ណា​មួយ​ព្រម​ទទួល​យក​ពួកគេ។ ប្រទេស​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី​បាន​ត្រឹម​តែ​ផ្តល់​ទី​ជម្រក​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ​នា​ពេល​បច្ចុប្បន្ន​នេះ។

លោក​ Andrej Mahecic នៃ​អ.ស.ប.​បាន​មាន​ប្រសាសន៍​ថា ពិភពលោក​កំពុង​តែ​ឈាន​ចូល​ទៅ​ក្នុង​សម័យកាល​យ៉ាង​គ្រោះថ្នាក់​មួយ ដែល​ការ​ឆ្លើយ​តប​ផ្នែក​មនុស្សធម៌​កំពុង​រង​ការ​បិទបាំង​ដោយសារ​ទំហំ​នៃ​វិបត្តិ​ជន​ភៀសខ្លួន។

«អស់​រយៈពេល​ប្រាំ​ឆ្នាំ​កន្លង​មក​នេះ ​មាន​ជម្លោះ​ចំនួន​១៥​បាន​កើត​ឡើង​នៅ​តាម​តំបន់​ផ្សេងៗ​នៅ​លើ​ពិភពលោក។ នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​តែ​មួយ ​មាន​ជម្លោះ​ចំនួន​៨​បាន​កើត​មាន​ឡើង។ ជម្លោះ​បី​ផ្សេង​ទៀត​ស្ថិត​នៅ​តំបន់​មជ្ឈិមបូព៌ា ដែល​រាប់​យ៉ាង​តិច​មាន​ប្រទេស​ស៊ីរី អ៊ីរ៉ាក់ និង​យេម៉ែន។ ជម្លោះ​មួយទៀត​កើត​ឡើង​នៅ​ទ្វីប​អឺរ៉ុប គឺ​នៅ​ប្រទេស​អ៊ុយក្រែន។ នេះ​ជា​ការ​បាត់បង់​ទី​ជម្រក​ដ៏​ធំ​មួយមិន​ធ្លាប់មាន​ពី​មុន​មក ដែល​ត្រូវ​ការ​ការ​ឆ្លើយ​តប​ដែល​មិន​ធ្លាប់​កើត​មាន»។

លោក​ Mahecic បាន​បន្ត​ថា ក្តី​សង្ឃឹម​រយៈពេល​វែង​តែ​មួយ​គត់​នោះ​ គឺ​ដំណោះស្រាយតាម​ផ្លូវ​នយោបាយ។ ក៏ប៉ុន្តែ ជម្លោះ​មួយ​ចំនួន​កំពុង​តែ​មាន​ភាព​ធ្ងន់ធ្ងរ​ឡើងៗ ហើយ​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​រត់​គេច​ពី​សេចក្តីស្លាប់​កំពុង​បន្ត​កើន​ឡើង៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG