ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជន​ភៀស​ខ្លួន​ស៊ីរី​មិន​ប្រាកដ​ថា​ ពេល​ណា​អាច​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ឡើយ


កុមារ​ជនជាតិ​ស៊ីរី​កាន់​ឪឡឹក​ បន្ទាប់​ពី​មាន​ការ​ចែកចាយ​នៅ​ច្រក​ Akcakale ព្រំដែន​រវាង​តួកគី និង​ស៊ីរី។ ជន​ភៀស​ខ្លួន​ស៊ីរី​មិន​ប្រាកដ​ថា​ ពេល​ណា​អាច​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ឡើយ។

កាល​ពី​សប្តាហ៍​មុន​ជនភៀស​ខ្លួនចេញ​ពី​ព្រំដែនស៊ីរី ដែលត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​ដោយ​កម្លាំង​ប្រដាប់​អាវុធ Kurde ​មិន​ដឹង​ថា​ ពេល​ណា​នឹង​ត្រឡប់​មក​កាន់​ប្រទេស​ខ្លួន​បាន​វិញ​នោះ​ទេ។ ក៏​ប៉ុន្តែ​ ពួកគេ​និយាយ​ថា​ ពួកគេ​ត្រូវ​បាន​បង្ខំ​ឲ្យ​រត់​គេច​ខ្លួន​ពី​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុម​ចម្រុះ និង​ពី​ការ​អះអាង​ដោយ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​ដែលថា ក្រុម​ Kurde ប្រហែល​នឹង​មាន​ភាព​ចលាចល​នៅ​ក្នុង​ក្រុង​នោះ។

Maryam អាយុ​៣៣​ឆ្នាំ​កំពុង​អង្គុយ​នៅ​ក្រោម​ម្លប់​តិចៗ​នៅ​ជិត​ច្រក​ទ្វារ​ព្រំដែន​នៅ​ទីក្រុងភាគ​ខាង​ត្បូង​ប្រទេសតួកគី​មួយ​នេះ ហើយ​កំពុង​រៀបចំ​នឹង​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​នៅ​ Tal Abayad ជា​មួយ​នឹង​កូន​តូចៗ​ពីរ​នាក់​ទៀត​របស់​គាត់។ កូន​ទី​បី​របស់​អ្នកស្រី​ត្រូវ​បាន​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ក្រុម​ចម្រុះ ដែល​បាន​ទម្លាក់​គ្រាប់​ត្រូវ​ផ្ទះ​របស់​គាត់។

​អ្នកស្រី​បាន​និយាយ​ថា​ គាត់​ស្ថិត​ក្នុង​ផ្ទះ​បាយ​ក្នុង​ផ្ទះនៅ​ជិត​ភាគ​កណ្តាល​ក្រុង​ Tal Abayad ដែល​អតីតរដ្ឋគ្រប់គ្រង​ដោយ​ក្រុម​អ៊ីស្លាម ​ពេល​ដែល​មាន​ការ​វាយប្រហារ​តាម​អាកាស​នោះ។​ ឪពុក​ម្តាយ​របស់​គាត់​ និង​កូន​ស្រី​អាយុ​ប្រាំ​មួយ​ឆ្នាំ​ម្នាក់​កំពុង​តែ​នៅ​ក្នុង​បន្ទប់​ដទៃ​ទៀត​ ហើយ​ត្រូវ​បាន​សម្លាប់​ ចំណែក​ឯ​ប្តី​របស់​នាង​ក៏​ត្រូវ​ស្លាប់​ផង​ដែរ ដោយ​សាររបួស​ធ្ងន់ធ្ងរ​ត្រង់​ពោះ។

លោក​គ្រូ​ថ្នាក់​បឋម​សិក្សា​ម្នាក់​ ដែលស្ថិត​ក្នុង​ភាព​ស្រឡាំងកាំង​នៅ​ឡើយ បាន​និយាយ​លើក​ឡើងពី​អ្វី​ដែល​ជន​ភៀស​ខ្លួន​មួយ​ចំនួនក្នុង​ចំណោម​ជន​ភៀស​ ២០.០០០​នាក់​ដែល​បាន​រត់​គេចពី​ក្រុង​ Tal Abayad ​នា​ខែ​នេះ​បាន​ជួប​ប្រទះ​។ ក្រុង​ Tal Abayad ជា​ទីក្រុង​ពួកជន​អារ៉ាប់​ចម្បង​មួយ​ ​ដែល​ត្រូវ​បានគ្រប់គ្រង​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​អស់​ជា​ច្រើន​ខែ​ និង​ជា​ទី​ផ្គត់ផ្គង់​សម្ភារៈ​ដ៏​សំខាន់​មួយ​របស់​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​នោះ។ ជន​ភៀស​ខ្លួន​ទាំង​នោះ​បាន​សង្កត់​ធ្ងន់​ពី​ការ​វាយប្រហារ​តាម​អាកាស​ទៅ​លើ​ទីក្រុង​តូចៗ​ និង​នៅ​ជិត​ភូមិ​នានា​នៅ​ជុំវិញ​នោះ ថា​ជា​ហេតុ​ផល​នៃ​ការ​រត់​ភៀស​ខ្លួនរបស់​ពួក​គេ​ ក៏​ដូចជា​ការ​វាយ​ប្រយុទ្ធ​គ្នា​ជា​ទូទៅ​ផង​ដែរ។

អ្នក​ខ្លះ​លើក​ឡើង​ពី​ការ​ប្រកាស​របស់​ក្រុម​មេដឹក​នាំ​រដ្ឋ​អ៊ីស្លាម​ថា ​ក្រុម​យុទ្ធជន Kurde នឹង​ចូល​លួចចាប់​រំលោភ​ និង​ជំរិត​ស្រ្តី​នៅ​ក្នុង​ក្រុង​នោះ។ មូលហេតុ​ដែល​ជនភៀស​ខ្លួន​លើក​ឡើង​ពីរត់​គេច​ខ្លួន​របស់​ពួកគេ​ គឺ​មាន​សារៈសំខាន់។

មន្រ្តី​តួកគី និង​មេបញ្ជាការ​ក្រុម​ឧទ្ទាម​មួយ​ចំនួន ​ដែល​កំពុង​ប្រយុទ្ធ​ដើម្បី​ផ្តួល​រលំ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ Bashar al-Assad បាន​ចោទ​ប្រកាន់​ក្រុម​យុទ្ធជន​ Kurde ​ ​ដែល​បាន​ដឹកនាំ​កង​កម្លាំង​ដែល​វាយ​ដណ្តើម​យក​ទីក្រុង​នៅ​ព្រំដែន​មក​វិញ កាលពី​ថ្ងៃទី​១៥ ​ខែ​មិថុនា​ ថា ក្រុម​ Kurde កំពុង​ព្យាយាម​បំបាត់​ទី​លំនៅ​ប្រជាជន​អារ៉ាប់​ចេញ​ពី​ទឹក​ដី​ដែល​ពួក​គេ​វាយ​យក​បាន​ពី​ក្រុម​រដ្ឋ​អ៊ីស្លាម។

មេដឹកនាំ​ Kurde បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ ហើយ​ក្រុម​ឧទ្ទាម​នៅ​ស៊ីរី​បាន​អះអាង​ថា ​យុទ្ធជន​នៃ​គណបក្ស​សហជីព​ប្រជាធិបតេយ្យ [Democratic Union Party (PYD)] របស់​ស៊ីរី ដែល​ជា​ក្រុមប្រយុទ្ធ​ជាមួយ​ក្រុម​ Kurdish YPG ចង់​ត្រួសត្រាយ​ផ្លួវ​តាម​បណ្តោយ​ព្រំដែន​ដើម្បី​អាច​ចូល​ទៅ​កាន់​តំបន់​សមុទ្រ​មេឌីទែរ៉ាណេ (Mediterranean) បាន។ ការ​ធ្វើ​ដូច្នេះ​អាច​នឹង​នាំ​ឲ្យ​ពួក​គេ​បង្កើត​នូវ​រដ្ឋ Kurde ស្វយ័ត​មួយ​នៅ​ខាង​ជើង​ប្រទេស​ស៊ីរី និង​ធានា​ថា​តំបន់​នោះនឹង​មិន​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​ដី​ទាំងស្រុង។

កាល​ពី​សប្តាហ៍​មុន​អនុ​ប្រធានាធិបតី​តួកគី​បាន​ចោទ​ប្រកាន់​ក្រុម​ Kurde ​ពី​បទ​ «សម្លាប់​រង្គាល​បំបាត់​ពូជ​សាសន៍​» នៅ​ក្រុង Tal Abyad។

ប៉ុន្តែ​ ជនភៀស​ខ្លួន​ជាង​ដប់​នាក់​ដែល​វីអូអេ​បាន​ធ្វើ​ការ​សម្ភាសន៍​នៅ​ទីក្រុង​ Akcakale ​បាន​ឲ្យ​ដឹង​ថា​រឿង​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​រត់​គេច​នោះ​គឺ​មក​ពី​ក្រុង​ Akcakale​ ជា​ទី​តាំង​ដែល​ត្រូវ​ទទួល​រង​នូវ​ការ​វាយ​ប្រហារ​តាម​អាកាស​ និង​រួម​ទាំង​ការ​វាយ​ប្រយុទ្ធ​ជា​ញឹកញាប់​រវាង​ ក្រុម Kurdish ​YPG​ និង​ ក្រុម​យុទ្ធជន​រដ្ឋ​អ៊ីស្លាម។ ពួកគេ​ក៏​បាន​លើកឡើង​ពី​ពាក្យ​ចចាម​អារាម​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ ហ៊ុយ សម្ផស្ស

XS
SM
MD
LG