ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋកិច្ច​របស់​តួកគី​រង​ការ​ប៉ះពាល់​ដោយ​វិបត្តិ​នៅ​ប្រទេស​ក្រិក


មនុស្ស​ម្នា​ដើរ​កាត់​ការិយាល័យ​ប្តូរប្រាក់​មួយ​កន្លែង​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥។ តម្លៃរូបិប័ណ្ណ​តួកគី ធ្លាក់ចុះ​យ៉ាង​ខ្លាំង គឺនៅត្រឹម​​២.៨ ​បើធៀប​ទៅនឹង​ប្រាក់​ដុល្លារ​។​
មនុស្ស​ម្នា​ដើរ​កាត់​ការិយាល័យ​ប្តូរប្រាក់​មួយ​កន្លែង​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥។ តម្លៃរូបិប័ណ្ណ​តួកគី ធ្លាក់ចុះ​យ៉ាង​ខ្លាំង គឺនៅត្រឹម​​២.៨ ​បើធៀប​ទៅនឹង​ប្រាក់​ដុល្លារ​។​

ទីផ្សារ​ហិរញ្ញវត្ថុ​តួកគី​ស្ថិត​ក្នុង​ចំណោម​ទីផ្សារ​ដែល​រង​ការ​ប៉ះពាល់​អាក្រក់​បំផុត​ នៅ​ចំពោះ​មុខ​បញ្ហា​របស់​ប្រទេស​ក្រិក ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ខ្លួន។ ផល​ប៉ះ​ពាល់​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​សញ្ញា​មួយ​នៃ​ភាព​ងាយ​រងគ្រោះកាន់​តែ​ខ្លាំង​ឡើង សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​តួកគី​ ដែល​កំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ​រួច​ទៅ​ហើយ​ ពី​ការ​កើន​ឡើង​ការ​ព្រួយ​បារម្ភ​នៅ​តាមព្រំដែន​ជា​មួយ​ប្រទេស​ស៊ីរី​ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ។

ទីផ្សារ​ហិរញ្ញវត្ថុ​តួកគី​បាន​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​នៅ​ប្រទេស​ក្រិក​ ហើយ​អត្រា​ប្រាក់​ lira​ របស់​តួកគី​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​កំណត់ត្រា​ទាប​បំផុត​មួយ។

ការភ័យ​ខ្លាច​ពី​បញ្ហា​ហិរញ្ញវត្ថុ​ដែល​កំពុង​កើន​ឡើង​នេះ​ កើត​ចេញ​ពី​ការ​គួប​ផ្សំជាមួយគ្នា​រវាង​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​និង​អស្ថិរភាព​នៅ​ប្រទេស​ស៊ីរី​ ដែល​ជា​ប្រទេស​ជិត​ខាង។

លោក​ Sinan​ Ulgen​ ​បញ្ញាវន្ត​នៅ​វិទ្យា​ស្ថាន​ Carnegie​ មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ព្រុចសែល​ (Brussels)​ បាន​មាន​ប្រសាសន៍​ថា​ ការ​ធ្វើ​ប្រជា​មតិ​នៅ​ថ្ងៃអាទិត្យ​នេះ​នៅ​ក្នុង​ប្រទេស​ក្រិក​ បាន​បន្ថែម​សម្ពាធ​ហិរញ្ញវត្ថុ​ទៅ​លើ​ប្រទេស​តួកគី​ដែល​មិនមែន​ជា​រដ្ឋ​សមាជិក​នៃ​តំបន់​ចាយ​ប្រាក់​អឺរ៉ូ។

«វា​ពិត​ជា​មាន​ហានិភ័យ​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​តួកគី​ ដោយសារ​តែ​ស្ថានភាព​សន្តិសុខ​នៅ​ក្នុង​តំបន់។ ហើយ​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​ក្រិកនា​ចុង​សប្តាហ៍​នេះ​ ក៏​មានន័យ​ថា ​វា​នឹង​មានភាព​ចលាចល​ក្នុង​កម្រិត​ណា​មួយ​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ»។

ភាព​ងាយ​រង​គ្រោះ​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​របស់​ប្រទេស​តួកគី​ ដោយ​សារ​តែ​វិបត្តិ​ក្នុង​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ កំពុង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​សញ្ញា​នៃ​ភាព​ទន់ខ្សោយ​ផ្នែក​សេដ្ឋកិច្ច​របស់តូកគី។

លោក​ Atilla Yesilada អ្នក​ផ្តល់​ប្រឹក្សា​យោបល់​នៃ​អង្គការ​ Global​ Source​ Partners​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល​ ​និយាយ​ថា​ ប្រទេស​តួកគី​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​សេដ្ឋកិច្ច​ធំៗ​ជា​ច្រើន។

«កំណើន​សេដ្ឋកិច្ច​បាន​ធ្លាក់​ចុះ​យ៉ាង​លឿនពី​ប្រាំពីរ​ភាគរយ​ ទៅ​បី​ភាគរយ។ ឱនភាព​ថវិការបស់​តួកគី​នា​ពេល​បច្ចុប្បន្ន​នេះ ស្ថិត​នៅ​ប្រាំ​ភាគរយ​នៅ​ឡើយ​ ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មួយ​នៅ​ក្នុង​ចំណោម​ប្រទេស​កំពុង​រីក​ចម្រើន។ ព្រម​ជាមួយ​គ្នា​នោះ​ដែរ​ ប្រទេស​តួកគី​មាន​កម្រិត​អតិផរណា​ប្រាំបី​ភាគរយ​ ដែល​ជា​អត្រា​ខ្ពស់​បំផុត​មួយ​ផង​ដែរ​ នៅ​ក្នុង​ចំណោម​ប្រទេស​ធំៗ​ដែល​កំពុង​រីក​ចម្រើន»។

វិស័យ​ទេស​ចរណ៍​ដែល​ជា​ប្រភព​ចំណូលរូបិយប័ណ្ណ​បរទេស​ធំ​បំផុត​របស់​តួកគី​ ក៏​កំពុង​ជួបការ​លំបាក​ផងដែរ។ ទេសចរ​ជនជាតិ​រុស្ស៊ីមាន​ចំនួន​កាន់​តែ​តិច​ជាងមុន ​មក​លេង​កម្សាន្ត​នៅ​ប្រទេស​តួកគី​ ដោយសារ​តែ​ប្រទេស​របស់​ពួក​គេ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​ ហើយ​ចំនួន​ទេសចរ​អឺរ៉ុប​ដែល​មក​លេង​កម្សាន្ត​នៅឆ្នេរ​សមុទ្រ​មេឌីទែរ៉ាណេ​ ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្លាក់ចុះ​ផងដែរ​ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​រមណីយដ្ឋាន​មួយ​នៅប្រទេស​ទុយនេស៊ី៕

ប្រែសម្រួល​ដោយ ហង្ស​ វុទ្ធិកា

XS
SM
MD
LG