ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហភាព​អឺរ៉ុប​ព្រមព្រៀង​គ្នា​ទទួល​យក​ជន​ចំណាក​ស្រុក​៦០០០០នាក់


នាយក​រដ្ឋ​មន្រ្តី​អ៊ីតាលី Matteo Renzi (រូប​ឆ្វេង) និយាយ​ជាមួយ​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel កំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​តុ​មូល​នៅ​កិច្ច​ប្រជុំ​កំពូល​របស់​សហភាព​អឺរ៉ុប​នៅ​ក្នុង​ទីក្រុង​ព្រុចសែស (Brussels) កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥។

មេដឹកនាំ​សហភាព​អឺរ៉ុប​បាន​ព្រមព្រៀង​គ្នា​លើ​ផែនការ​ស្ម័គ្រ​ចិត្ត​មួយ​នៅឯ​សន្និសីទ​កំពូល​ក្នុង​ទីក្រុង​ព្រុចសែល (Brussels) ​ដើម្បី​ទទួល​យក​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​ចំនួន​៦​ម៉ឺននាក់​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​ជន​ចំណាក​ស្រុក​របស់​ទ្វីប​នោះ។

មេដឹកនាំ​ទាំង​នោះ​បាន​និយាយ​ថា ​ជន​ចំណាក​ស្រុក​៤ម៉ឺន​នាក់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីតាលី​ និង​ប្រទេស​ក្រិក​នឹង​ត្រូវ​តាំង​ទីលំនៅ​ថ្មី​នៅ​ប្រទេស​នានា​នៅ​អឺរ៉ុប​ក្នុង​រយៈ​ពេល​២ឆ្នាំ​ក្រោយ។ ក្រុម​មន្រ្តី​បាន​និយាយ​ថា​ ជន​ចំណាក​ស្រុក​២​ម៉ឺន​នាក់​ទៀត នៅ​ពេល​បច្ចុប្បន្ន​នេះ ដែល​កំពុង​រស់​នៅ​ខាង​ក្រៅ​សហភាព​អឺរ៉ុប​នឹង​ត្រូវ​តាំង​ទី​លំនៅ​ថ្មី។

រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​នៃ​បណ្តា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ត្រូវ​គេ​រំពឹង​ថា នឹងធ្វើ​កិច្ច​ព្រមព្រៀង​ចុងក្រោយនៅ​ចុង​ខែ​កក្កដា។

ប្រទេស​អ៊ីតាលី​ និង​ក្រិកដែលជាសមាជិក​សហភាព​អឺរ៉ុប​កំពុង​ទទួល​ខុសត្រូវ​យ៉ាង​ខ្លាំង​នៅ​ពេល​បច្ចុប្បន្ននេះ នៅពេល​ដែល​ជន​ចំណាក​ស្រុក​រាប់​ពាន់​នាក់​កំពុង​រត់​គេច​ចេញ​ពី​ភាព​ក្រីក្រ​ និង​សង្គ្រាម​ពី​តំបន់​អាហ្វ្រិក​ខាង​ជើង​ និង​តំបន់​មជ្ឈឹមបូព៌ាត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​កប៉ាល់​ដ៏​ទ្រុឌទ្រោមនៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេនៅ​ជិត​ឆ្នេរសមុទ្រ​របស់​ប្រទេស​ទាំង​២។ រដ្ឋាភិបាល​ក្រិក ​និង​អ៊ីតាលី​បាន​សន្យា​ជួយ​ជន​ចំណាក​ស្រុក​ទាំង​នោះ។

លោកស្រី​អធិការបតី Angela Merkel នៃ​ប្រទេស​អាល្លឺម៉ង់​បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​ជឿ​ជាក់​ថា បញ្ហា​នៃ​ជន​ចំណាក​ស្រុក​ជាបញ្ហា​ដ៏​ធំ​បំផុតដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្នុង​កិច្ចការ​អឺរ៉ុប​ចាប់​តាំង​ពី​ខ្ញុំ​ចូល​កាន់​តំណែង​មក‍»៕

XS
SM
MD
LG