គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រកាសកៀរគរគណបក្សនយោបាយដទៃទៀត ដើម្បីពិភាក្សាក្នុងការតស៊ូមតិរួមគ្នាដើម្បីជំរុញឱ្យស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប ធានាដំណើរការបោះឆ្នោតនៅកម្ពុជា អាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលធ្វើឡើងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គណបក្សមួយចំនួន ដូចជាគណបក្សភ្លើងទៀន គណបក្សកម្ពុជានិយម គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចាត់ទុកការបោះឆ្នោតនៅឆ្នាំនេះជា«ការបោះឆ្នោតអាក្រក់បំផុត» «មិនមានភាពសេរី និងយុត្តិធម៌» និង«មិនឆ្លុះបញ្ចាំងពីឆន្ទៈ» ។ ពួកគេ បញ្ជាក់ពីភាពមិនប្រក្រតីមួយចំនួននៅក្នុងថ្ងៃបោះឆ្នោត ដូចជាការបិទទ្វារការិយាល័យនៅពេលរាប់សន្លឹកឆ្នោត ការកត់ឈ្មោះពលរដ្ឋពីសំណាក់អាជ្ញាធរភូមិឃុំ ករណីមេឃុំចៅសង្កាត់ពីគណបក្សកាន់អំណាចឈរនៅក្បែរការិយាល័យ ឬមណ្ឌលបោះឆ្នោត និងការខកខានរបស់ស្ថាប័នរៀបចំការបោះឆ្នោតក្នុងការបំពេញតាមសិទ្ធិរបស់ភ្នាក់ងារគណបក្សជាដើម។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃពុធនេះ បានប្រកាសជាសាធារណៈក្នុងការប្រមែប្រមូលបញ្ហារួម ជាមួយគណបក្សនយោបាយផ្សេងទៀតដែលបានជួបប្រទះ ដើម្បីយកទៅជជែកជាមួយស្ថាប័ន គ.ជ.ប និងរដ្ឋាភិបាល ក្នុងការកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចុះនៅថ្ងៃទី៨ ខែមិថុនានេះ។
លោក ឡឹក សុធារ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រាប់វីអូអេបន្ថែមថា បញ្ហាដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋានប្រឈមក្នុងពេលបោះឆ្នោតនេះ នៅតែជាក្តីកង្វល់ក្នុងដំណើរការបោះឆ្នោតនាពេលខាងមុខ ដែលជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣។
លោកបញ្ជាក់ថា៖ «ការបោះឆ្នោតឆ្នាំនេះ គឺអាក្រក់បំផុត» ដោយទាមទារឱ្យមានការកែប្រែសមាសភាព គ.ជ.ប កែប្រែនីតិវិធីមួយចំនួន ការធានាអព្យាក្រឹតភាព និងសុចរិតភាពរបស់មន្រ្តី គ.ជ.ប និងត្រូវដោះស្រាយបញ្ហាមួយចំនួនទៀត ដើម្បីកាត់បន្ថយភាពមិនប្រក្រតីទាំងនោះ និងធ្វើឱ្យប្រព័ន្ធបោះឆ្នោតនៅកម្ពុជាមានភាពល្អប្រសើរ។
លោកបញ្ជាក់ថា៖ «គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រកាសជាចំហសម្រាប់ការសហការជាមួយគណបក្សនយោបាយផ្សេងៗ ដែលមើលឃើញពីបញ្ហាដូចគ្នាដែរ ដើម្បីកែប្រែប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ឱ្យសេរី យុត្តិធម៌ ត្រឹមត្រូវ»។
លោកបន្ថែមថា៖ «សមាភាពគ.ជ.ប នៅពេលនេះ វាមិនស្របតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ដែលបានចែងនោះទេ ហើយបើយើងនិយាយអំពីនីតិវិធីទៀតសោត គ.ជ.ប បានផ្លាស់ប្តូរនីតិវិធីជាច្រើន ហើយធ្វើលើសនីតិវិធីជាច្រើននោះផងដែរ។ ឧទាហរណ៍ដូចជា ការមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅក្នុងមណ្ឌលបោះឆ្នោតដើម្បីពិនិត្យតាមដាន ការព្រងើយកន្តើយវត្តមានរបស់អាជ្ញាធរមូលដ្ឋាន មន្រ្តីភូមិឃុំ មន្ត្រីថ្នាក់ស្រុក នៅក្នុងការិយាល័យបោះឆ្នោតជាដើម ទាំងអស់នេះសុទ្ធតែ ជារឿងយើងត្រូវតស៊ូមតិ»។
លោក ឡឹក សុធារ ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងតស៊ូមតិលើការបំពេញការងារមិនបានល្អរបស់មន្ត្រីការិយាល័យបោះឆ្នោត ទាក់ទងការមិនបានបិទផ្សាយទម្រង់១១០២ នៅតាមការិយាល័យមួយចំនួនផងដែរ។
បើតាមលោក ឡឹក សុធារ មកដល់ថ្ងៃពុធនេះ គណបក្សមិនតិចជាង៥ទេ ដែលបានទាក់ទងចង់ចូលរួមពិភាក្សាបញ្ហាប្រឈមរួមគ្នា ប៉ុន្តែលោកថាពេលវេលា គឺមិនទាន់បានកំណត់ជាក់លាក់នៅឡើយទេ។ លោកបន្តថាបញ្ហាប្រឈមរបស់គណបក្សនយោបាយ គឺមិនពិបាកដោះស្រាយនោះទេ ប្រសិនបើ គ.ជ.ប មានឆន្ទៈពិតប្រាកដ។
ចំណែកលោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម បញ្ជាក់ប្រាប់ថា គណបក្សលោកនឹងចូលរួមជាមួយបក្សដទៃ ដើម្បីលើកឡើងបញ្ហាប្រឈមរបស់គណបក្សក្នុងពេលបោះឆ្នោត។ លោកថា គណបក្សកម្ពុជានិយមចង់ទាមទារឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កែសម្រួលនីតិវិធីមួយចំនួនឱ្យបានល្អប្រសើរ ដែលរួមមានការបិទទ្វារការិយាល័យបោះឆ្នោត ការកត់ត្រាឈ្មោះប្រជាពលរដ្ឋដោយមន្ត្រីមូលដ្ឋាន ដែលលោកថា នេះជាការគាបសង្កត់ និងបំភ័យសិទ្ធិពលរដ្ឋ។
លោកថ្លែងថា៖ «ចំពោះកម្ពុជានិយមយើងយល់ឃើញថាគ.ជ.ប ត្រូវតែកែសម្រួលនីតិវិធី និងបទបញ្ជាក្នុងការរៀបចំការបោះឆ្នោត ដោយយកបទពិសោធន៍ ភាពខ្វះខាត ភាពអវិជ្ជមាន ភាពអសកម្មទាំងប៉ុន្មានហ្នឹង ត្រូវទទួលយកមកពិចារណា ហើយត្រូវកែសម្រួល»។
លោក យ៉ែម បុញ្ញឫទ្ធិ លើកឡើងថា គួរតែសើរើពិនិត្យពីសមាសភាពថ្នាក់ដឹកនាំគ.ជ.ប ដោយកំណត់យកតែបុគ្គល ដែលមិនមានពាក់ព័ន្ធជាមួយអ្នកនយោបាយ១០ឆ្នាំ និងជាមនុស្សឯករាជ្យ មិនពាក់ព័ន្ធនឹងបក្សនយោបាយណាមួយ។
ដោយឡែក លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បញ្ជាក់ថាគណបក្សកំពុងតែមមាញឹកក្នុងការរៀបចំពាក្យបណ្តឹងដាក់ទៅគ.ជ.ប លើភាពមិនប្រក្រតីនៃការបោះឆ្នោត ដូច្នេះលោកថាគណបក្សភ្លើងទៀនមិនទាន់សម្រេចចិត្តថាចូលរួមពិភាក្សាជាមួយគណបក្សដទៃឬយ៉ាងណានោះទេ។
លោកថា៖ «យើងកំពុងតែមមាញឹក រវល់នឹងរឿងពាក្យបណ្តឹង និងលទ្ធផលដែលការងារច្រើន យើងមិនទាន់បាន [ឬ]មិនអាចដកឃ្លា ធ្វើកិច្ចការផ្សេងនៅឡើយទេ។ ដូច្នេះយើងផ្តោតតែរឿងលទ្ធផលនៃការបោះឆ្នោតនេះសិន»។
លោក សោម សូរីដា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រាប់វីអូអេថាការមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលក្នុងបរិវេណការិយាល័យបោះឆ្នោត នៅពេលរាប់សន្លឹកឆ្នោត និងបន្ទប់រាប់សន្លឹកឆ្នោតមួយចំនួនបិទទ្វារ គឺដើម្បីគិតគូរពីសុវត្ថិភាពនានា ការបង្ការកុំឱ្យមានចលាចលណាមួយកើតឡើង និងការទប់ស្កាត់ការពារសន្លឹកឆ្នោតកុំឱ្យទទឹកទឹកភ្លៀងជាដើម។
លោកថ្លែងថា៖ «ការលើកឡើងរបស់គណបក្សមួយចំនួនដែលថាមានភាពមិនប្រក្រតីពាក់ព័ន្ធការបិទទ្វារការិយាល័យរាប់សន្លឹកឆ្នោត មិនឱ្យមានប្រជាពលរដ្ឋទៅតាមដានពិនិត្យមើល ការអនុវត្តការរាប់សន្លឹកឆ្នោត តាមការិយាល័យនោះ គឺជាការចោទប្រកាន់មួយ ដែលមិនមានទម្ងន់ខាងផ្លូវច្បាប់»។
លោកបន្ថែមថា គ.ជ.ប គឺជាស្ថាប័នអនុវត្តច្បាប់ ដោយបំពេញតួនាទីទៅតាមច្បាប់ប្រព្រឹត្តទៅរបស់គ.ជ.ប និងច្បាប់ស្តីពីការបោះឆ្នោត ដែលមានជាធរមានតែប៉ុណ្ណោះ៕