ភ្នំពេញ — ប៉ុន្មានថ្ងៃមុនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន ១៧ ស្ថាប័ន ដែលភាគច្រើនធ្វើការក្នុងវិស័យសិទ្ធិមនុស្ស បានប្រកាសជាសាធារណៈថា ពួកគេនឹងដាក់អ្នកអង្កេតការណ៍សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ តែមិនមានការវាយតម្លៃពីលទ្ធផលនៃដំណើរការបោះឆ្នោតនោះទេ ក្រោមហេតុផល «បរិយាកាសនយោបាយ» ដែលមិនមានការប្រែប្រួលណាមួយជាដុំកំភួននៅឡើយនោះ។
អង្គការទាំង ១៧ ដែលសម្រេចថា មិនវាយតម្លៃលើលទ្ធផលនៃដំណើរការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្នាក់មូលដ្ឋាននោះ រួមមានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល (Comfrel) គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោត ដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថានិកហ្វិច (Nicfec) និងអង្គការតម្លាភាពកម្ពុជា និងសមាគមការពារសិទ្ធិមនុស្សអាដហុកជាដើម។
គណបក្សនយោបាយមួយចំនួនដែលបានសម្រេចចូលរួមការបោះឆ្នោតបានសម្តែងការសោកស្តាយក៏ដូចជាការខកចិត្តដែលក្រុមអង្គការឯករាជ្យទាំងនោះ បង្ហាញឆន្ទៈដាក់ត្រឹមតែអ្នកអង្កេតការណ៍ តែមិនវាយតម្លៃពីលទ្ធផលនៃដំណើរការបោះឆ្នោត។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ដែលជាអតីតមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ បានសម្តែងការខកចិត្តចំពោះការណ៍ដែលអង្គការខុមហ្វ្រែល ក៏ដូចជាអង្គការសង្គមស៊ីវិលឯទៀត មិនធ្វើការតាមដាន ពិនិត្យ និងវាយតម្លៃពីលទ្ធផលនៃដំណើរការបោះឆ្នោត និងបានងឿងឆ្ងល់អំពីហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់អង្គការសង្គមស៊ីវិលថា ជាការសម្រេចដោយមានការភ័យខ្លាច ឬក៏រងការដាក់សម្ពាធពីភាគីណាមួយ។
អ្នកនយោបាយជើងចាស់រូបនេះបន្តថា បើសិនក្រុមអង្គការឯករាជ្យទាំងនោះមិនតាមឃ្លាំមើលនិងវាយតម្លៃលទ្ធផលនៃដំណើរការបោះឆ្នោតនោះទេ ភាពស្មុគស្មាញនិងផលវិបាកផ្សេងៗ អាចនឹងលេចឡើងនៅចំពោះមុខគណបក្សរបស់លោកក្នុងការធ្វើសេចក្តីសន្និដ្ឋាន ថាតើការបោះឆ្នោតនោះប្រកបទៅដោយភាពសេរីនិងយុត្តិធម៌ដែរឬក៏អត់នោះ ខណៈបក្សរបស់លោកមិនមានអ្នកអង្កេតការណ៍នៅគ្រប់ការិយាល័យបោះឆ្នោតនោះទេ។
លោកប្រាប់វីអូអេកាលពីថ្ងៃអង្គារថា៖ «ព្រោះយើងមានការស្តាយៗថា បើសិនជាការបោះឆ្នោតខាងមុខនេះមិនមានអង្គការឯករាជ្យតាមឃ្លាំមើលហើយវាយតម្លៃនោះទេ វាជាការលំបាកមួយសម្រាប់ឱ្យគណបក្សនយោបាយសន្និដ្ឋានអំពីលទ្ធផលនៃការបោះឆ្នោតថា តើវាត្រឹមត្រូវ វាអាចទទួលយកបានឬយ៉ាងណា»?
លោក សុន ឆ័យ ដែលជាអតីតប្រធានក្រុមតំណាងរាស្ត្រគណបក្សជំទាស់នៅសភាជាតិផងនោះ ទទូចឱ្យក្រុមអង្គការសង្គមស៊ីវិលទាំងនោះធ្វើការតាមដាននិងវាយតម្លៃពីលទ្ធផលនៃដំណើរការបោះឆ្នោត និងបានស្នើឱ្យអាជ្ញាធរកុំបង្កការគំរាមកំហែង ឬក៏ការធ្វើទុក្ខបុកម្នេញក្នុងទម្រង់ណាមួយទៅលើក្រុមអង្គការក្រៅរដ្ឋាភិបាលទាំងនោះ។
លោកបន្ថែមថា៖ «ប៉ុន្តែរឿងដែលសំខាន់ យើងអំពាវនាវទៅឱ្យស្ថាប័នរដ្ឋដែលជាអ្នកគ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល សូមមេត្តាកុំគាបសង្កត់ កុំធ្វើការបំភិតបំភ័យលើអង្គការទាំងនេះលើកិច្ចការតាមដានការបោះឆ្នោត»។
បើតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ ដែលវីអូអេទទួលបានក្នុងសប្តាហ៍នេះ ការសម្រេចចិត្តរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល ដែលនឹងមិនធ្វើការវាយតម្លៃទៅលើលទ្ធផលនៃដំណើរបោះឆ្នោតនោះ គឺឈរលើសេចក្តីប្រកាសជាសាធារណៈមួយ កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ ដោយអង្គការសង្គមស៊ីវិលចំនួន ៦៤ ស្ថាប័ន ដែលបានពណ៌នាអំពីកម្រិតមិនប្រែប្រួលច្រើននៃ «លក្ខខណ្ឌអប្បបរមាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយសេរី និងយុត្តិធម៌ក្នុងឆ្នាំ ២០២២»។
នៅក្នុងសេចក្តីប្រកាសនោះ ក្រុមអង្គការសង្គមស៊ីវិលពន្យល់ថា លក្ខខណ្ឌមួយចំនួនដូចជា សិទ្ធិនយោបាយ និងសិទ្ធិឈរឈ្មោះបោះឆ្នោត ឆន្ទៈអ្នកបោះឆ្នោត និងសិទ្ធិបោះឆ្នោត សមាសភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ដូចជាឯករាជ្យ និងអព្យាក្រឹតភាពរបស់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងតុលាការ ហើយនិងតួនាទីរបស់អង្គការសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយ គឺមិនមានការផ្លាស់ប្តូរណាមួយជាដុំកំភួននោះទេ ដូចយ៉ាង គ.ជ.ប ត្រូវគេដឹងថា គ្រប់គ្រងដោយមន្ត្រីរបស់គណបក្សកាន់អំណាច ហើយសិទ្ធិសេរីភាពធ្វើនយោបាយក្រុមជំទាស់នៅបន្តស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភដដែល។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ បានកត់សម្គាល់ថា ក្រុមអង្គការមិនមែនរដ្ឋាភិបាលទាំងនោះមានភាពសកម្មនៅក្នុងកិច្ចការបោះឆ្នោតកន្លងមក។
បើតាមលោក ឡឹក សុធារ ភាគីពាក់ព័ន្ធទាំងអស់គួរពិចារណាចូលរួម និងតាមដានឱ្យបានសកម្មក្នុងដំណើរការនៃការបោះឆ្នោត ពីព្រោះថា ការបោះឆ្នោតជាចលករសំខាន់សម្រាប់ការផ្លាស់ប្តូរភាពជាអ្នកដឹកនាំមួយប្រកបដោយសន្តិវិធី។
លោកនិយាយថា៖ «ក្នុងនាមគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលចូលរួម គឺនៅតែទទូច និងស្នើសុំឱ្យបណ្តាអង្គការសង្គមស៊ីវិលទាំងអស់រួមទាំងប្រជាពលរដ្ឋ អ្នកសារព័ត៌មានផងដែរ ចូលរួមសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោតនេះ។ ព្រោះយើងឃើញថា មានតែការបោះឆ្នោតមួយគត់ដែលអាចនាំមកនូវការផ្លាស់ប្តូរដោយសន្តិវិធី ហើយអាចជ្រើសរើសយកមេដឹកនាំល្អ»។
ស្រដៀងគ្នានេះដែរ ប្រធានគណបក្សកម្ពុជានិយម លោក យ៉ែម បុញ្ញឫទ្ធិ បានកត់សម្គាល់ថា អង្គការខុមហ្វ្រែល ក៏ដូចជាអង្គការ Nicfec ដែលជាអង្គការសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោតនៅក្នុងប្រទេស បានធ្វើការងារពាក់ព័ន្ធជាមួយការបោះឆ្នោតយ៉ាងសកម្ម និងបង្ហាញលទ្ធផលជាទីពេញចិត្តចំពោះគណបក្សនយោបាយចូលរួមការបោះឆ្នោតមុនៗ។ លោកបន្ថែមថា ការចូលរួមរបស់ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ គឺជារឿងចាំបាច់ដើម្បីជ្រោមជ្រែងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
លោកបានលើកទឹកចិត្តក្រុមអង្គការសង្គមស៊ីវិលទាំងនោះថា៖ «ដូច្នេះការដាក់ភ្នាក់ងារសង្កេតការណ៍ហើយពុំធ្វើការវាយតម្លៃ យើងមានការសោកស្តាយមែនទែន។ យើងជំរុញ គណបក្សកម្ពុជានិយម សូមជំរុញលើកទឹកចិត្ត ឱ្យអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធជាមួយការបោះឆ្នោតហ្នឹង សូមចូលរួមធ្វើការសង្កេតការណ៍ ហើយធ្វើការវាយតម្លៃទៅលើតថភាពជាក់ស្តែងនៃការប្រព្រឹត្តទៅទាំងមុនពេលបោះឆ្នោត ទាំងអំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត»។
មន្រ្តីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស បានប្រាប់វីអូអេកាលពីថ្ងៃអង្គារថា ក្រុមអង្គការសង្គមស៊ីវិលបានសម្រេចដាក់អ្នកអង្កេតការណ៍ឱ្យគ្រាន់តែបានពិនិត្យ និងតាមដានភាពមិនប្រក្រតីផ្សេងៗ ដែលអាចកើតមានឡើងនៅអំឡុងពេលបោះឆ្នោតប៉ុណ្ណោះ។
អ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះ ពន្យល់បន្ថែមថា បរិយាកាសនយោបាយដែលមិនទាន់ប្រសើរឡើង បានបង្ខំឱ្យក្រុមអ្នកសង្កេតការណ៍បោះឆ្នោត ដកថយមិនធ្វើការវាយតម្លៃលើលទ្ធផលនៃការបោះឆ្នោតខាងមុខនោះទេ។
លោក កន សាវាង្ស ថ្លែងថា៖ «រួមទាំងស្ថានភាពនយោបាយនៅក្នុងការវាយតម្លៃរបស់យើងកន្លងមក យើងបានឯកភាពថា យើងមិនធ្វើការវាយតម្លៃទេ ទាក់ទងទៅនឹងការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ នៅក្នុងការដំណើរការទាំងមូលហ្នឹងគឺថា យើងអត់វាយតម្លៃទេ ប៉ុន្តែយើងនឹងពិនិត្យចំណុចដែលអាចកើតមានឡើងនៅក្នុងដំណើរការហ្នឹង»។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី ៥ ខែមិថុនា ដោយមានគណបក្សនយោបាយចំនួន ១៧ បានចុះឈ្មោះជាផ្លូវការដើម្បីប្រកួតប្រជែងដណ្តើមយកអាសនៈក្រុមប្រឹក្សា ជាង ១១.០០០ អាសនៈ ដែលពេលនេះស្ថិតក្រោមការគ្រប់គ្រងស្ទើរតែទាំងអស់ដោយគណបក្សគ្រប់គ្រងប្រទេសគឺគណបក្សប្រជាជនកម្ពុជា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេថា លោកមិនមានការភ្ញាក់ផ្អើលឬក៏ចាប់អារម្មណ៍ចំពោះសេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលទាំងនោះទេ ហើយថាការចូលរួមឬមិនចូលរួមវាយតម្លៃលើលទ្ធផលនៃដំណើរការបោះឆ្នោតនោះ គឺជាស្វ័យសម្រេចរបស់អង្គការទាំងនោះ ហើយក៏មិនពាក់ព័ន្ធជាមួយនឹងបរិយាកាសនយោបាយផងដែរ។
លោកនិយាយថា៖ «ខ្ញុំដូចជាគ្មានការចាប់អារម្មណ៍អីទេ គឺថា គាត់ចេញសេចក្តីថ្លែងថា ទោះបីថាវាមានលក្ខខណ្ឌស្រាលជាងលើកមុនក៏ដោយ តែអានេះជាសិទ្ធិរបស់គាត់។ នៅត្រង់ថា គាត់តាមដានឬមិនតាមដានណានោះ គឺជាការអនុវត្តតួនាទី និងភារកិច្ចរបស់គាត់ ដែលមានកំណត់នៅក្នុងលក្ខន្តិកៈរបស់គាត់ដែលបានតម្កល់ទុកនៅក្នុងក្រសួងមានសមត្ថកិច្ច»។
ដោយឡែក សហភាពអឺរ៉ុបបានបង្ហាញជំហរស្រដៀងគ្នា និងក្រុមអ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ទាក់ទិនការវាយតម្លៃលើលទ្ធផលនៃការបោះឆ្នោត។
ក្នុងជំនួបជាមួយប្រធាន គ.ជ.ប លោក ប្រាជ្ញ ចន្ទ កាលពីថ្ងៃចន្ទ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាអ្នកស្រី Carmen Moreno បានសុំការអនុញ្ញាតពី គ.ជ.ប. ដាក់មន្ត្រីរបស់ផងខ្លួនឱ្យបានចូលរួមសង្កេត និងពិនិត្យមើលការបោះឆ្នោតជាទូទៅនាពេលខាងមុខនេះដែរ តែសហភាពអឺរ៉ុបនឹងមិនធ្វើរបាយការណ៍វាយតម្លៃពីលទ្ធផលនៃដំណើរការបោះឆ្នោតនោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ចេញផ្សាយកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២។
អ្នកវិភាគនយោបាយ លោក សេង សារី បានប្រាប់វីអូអេនៅថ្ងៃពុធនេះថា ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ គឺតាមមិនទាន់ការវិវត្តស្ថានភាពនយោបាយនៅកម្ពុជា ពោលគឺពួកគេមិននឹកស្មានមានប៉ូលនយោបាយដ៏ធំមួយដែលអាចចូលរួមធ្វើការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចសព្វថ្ងៃនេះទេ។ ហេតុដូច្នេះ ពួកគេក៏មិនអាចត្រៀមខ្លួនទាន់ពេលវេលានោះដែរ មិនថាផ្នែកសម្ភារៈ ឬក៏កិច្ចការរដ្ឋបាលផ្សេងៗនោះទេ។
ទោះជាយ៉ាងណា អ្នកវិភាគរូបនេះស្នើឱ្យក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ផ្តើមការពិភាក្សាជាមួយម្ចាស់ជំនួយដើម្បីអាចកែប្រែនូវលក្ខខណ្ឌមួយចំនួន ដែលអាចបើកផ្លូវឱ្យពួកគេចូលរួមសង្កេតការណ៍ និងផ្តល់ការសន្និដ្ឋានបានគ្រប់ជ្រុងជ្រោយនៅក្នុងដំណើរការបោះឆ្នោតខាងមុខនេះ។
លោកនិយាយថា៖ «ខ្ញុំមើលឃើញថា សូម្បីតែអង្គការក្រៅរដ្ឋាភិបាលក៏ពិបាកនៅក្នុងការបត់បែនទៅតាមស្ថានភាពហ្នឹងដែរហ្នឹងចំណុចទី ១។ ចំណុចទី ២ ខ្ញុំគិតថា យ៉ាងហោចណាស់ក៏មានអង្គការសង្គមស៊ីវិលមានវត្តមាននៅក្នុងហ្នឹងដែរ។ អានេះវាជាការចូលរួមចំណែកមួយដ៏ធំ។ ប៉ុន្តែបើសិនជាអាចធ្វើឱ្យបានចប់ចុងចង់ដើម ហើយគាត់អាចជជែកជាមួយហ្នឹងម្ចាស់ជំនួយមួយចំនួនឱ្យមានការបត់បែនទៅលើការផ្តល់នូវថវិកា ដើម្បីអាចប្រើប្រាស់សម្រាប់ការសង្កេតការណ៍តាំងពីដើមរហូតដល់ចប់។ ខ្ញុំគិតថាវាជារឿងដែលល្អ»។
គួរបញ្ជាក់ផងដែរ អំឡុងពេលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៤ ក្រុមអង្គការសង្គមស៊ីវិលដែលក្នុងនោះមានអង្គការខុមហ្រែ្វល និកហ្វិច និងអង្គការសិទ្ធិមនុស្សមួយចំនួនទៀតបានរួមគ្នាបង្កើតបន្ទប់ស្ថានការណ៍ដើម្បីធ្វើបច្ចុប្បន្នភាពនៃលទ្ធផលបោះឆ្នោត និងវាយតម្លៃស្ថានភាពជាទូទៅលើដំណើរការនៃការបោះឆ្នោត។
ក្នុងពេលនោះ បន្ទប់ស្ថានការណ៍បានលើកឡើងអំពីបញ្ហាមួយចំនួន ដែលបានកើតឡើងមុនថ្ងៃបោះឆ្នោត ដូចជាបរិយាកាសដែលមានការគាបសង្កត់ខាងនយោបាយ ហិរញ្ញវត្ថុឃោសនាបោះឆ្នោត និងការប្រើប្រាស់ធនធានរដ្ឋដែលខ្វះសមធម៌ និងខ្វះតម្លាភាព ទីលានប្រជែងនយោបាយ (Level of Playing Field) ដែលខ្វះសមភាព និងបទបញ្ញត្តិបដិវាទ (controversial) ខ្លះនៃក្របខ័ណ្ឌច្បាប់បោះឆ្នោតនិងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់គណបក្សនយោបាយ។
ការណ៍នេះបានធ្វើឱ្យប្រធានគណបក្សអំណាច និងជានាយករដ្ឋមន្ត្រីគឺលោក ហ៊ុន សែន ដែលបានកាន់អំណាចជាង ៣០ ឆ្នាំនោះ កើតក្តីខឹងសម្បា និងបានស្តីបន្ទោសខ្លាំងៗថា បន្ទប់ស្ថានការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលនោះ បានធ្វើឱ្យអាប់អួរស្ថានការណ៍នយោបាយ។ លោក ហ៊ុន សែន បានដាក់ការសង្ស័យថា បន្ទប់ស្ថានការណ៍នោះអាចជាបណ្តាញនៃបដិវត្តន៍ពណ៌ ដែលលោកបានលើកឡើងជារឿយៗក្នុងការថ្លែងសារនយោបាយរបស់លោក៕