ការគំរាម​កំហែង​នាំ​ឱ្យ​បក្ស​ប្រឆាំង​និង​សកម្មជន​សិទ្ធិ​មនុស្ស​បារម្ភ​មុន​ការបោះឆ្នោត​ជាតិ

រូបឯកសារ៖ ពលរដ្ឋម្នាក់បោះឆ្នោត​នៅសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ នៅក្នុងបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥​ នៅថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ២០២២។ (កាន់​ វិច្ឆិកា/វីអូអេ)

អ្នកការពារ​សិទ្ធិមនុស្ស​និង​អ្នកនយោបាយ​ប្រឆាំង​បាន​សម្តែង​ការព្រួយ​បារម្ភ​ចំពោះ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ខែ​កក្កដា​ខាង​មុខ​ បន្ទាប់​ពី​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​គំរាម​កំហែង​ថា​នឹង​បន្ត​ប្រើប្រាស់​តុលាការ​ និង​វិធានការ​ហិង្សា​ប្រឆាំង​នឹង​អ្នករិះគន់។​

របាយការណ៍​ប្រចាំ​ឆ្នាំរបស់​អង្គការ​សិទ្ធិ​មនុស្ស ​Human Rights Watch ​ដែល​ចេញ​ផ្សាយ​កាលពី​ពាក់​កណ្តាល​ខែ​មករា​បាន​កត់សម្គាល់​ពី​ការធ្វើ​ទុក្ខបុកម្នេញ​រួច​មក​ហើយ​ដោយ​រដ្ឋាភិបាល​កម្ពុជា​ទៅលើ​គណបក្ស​ប្រឆាំង​និង​សកម្មជន​ដីធ្លី មេដឹកនាំ​សហជីព​ សកម្មជន​សង្គម​ស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​សំខាន់ៗ​ក្នុង​ឆ្នាំ​២០២២​កន្លង​មក។

រូបឯកសារ៖ លោក Phil Robertson នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ Human Rights Watch ​និយាយ​ជាមួយ​អ្នកយកព័ត៌មាន​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៧។

លោក Phil Robertson ​នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ ​Human Rights Watch ​បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ក្នុង​ពេល​ចេញផ្សាយ​របាយការណ៍​នោះថា៖

«មេដឹកនាំ​សហជីព​ការងារ​ សកម្មជន​ការពារ​បរិស្ថាន ​និង​ដីធ្លី ​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បាន​ទទួល​រង​នូវ​ការ​បង្រ្កាប​នេះ ​ដែល​អាច​នឹង​កាន់​តែ​អាក្រក់​ឡើង​នៅ​ពេល​ការ​បោះឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់»។

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជាតិ​នៅថ្ងៃអាទិត្យ​ទី​២៣​ ខែកក្កដា​ឆ្នាំ​នេះ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ គ្រប​ដណ្តប់​លើ​ឆាក​នយោបាយ​កម្ពុជា​កាន់តែ​ខ្លាំងឡើង​ក្នុង​ខណៈ​ដែល​គណបក្ស​ប្រឆាំង​រង​ការគាប​សង្កត់​ជា​បន្តបន្ទាប់។​ អង្គការ​ Human Rights Watch​ បាន​កត់ត្រា​សំណុំរឿងរបស់​សកម្មជន​ជាង​១០០ នាក់​ដែល​ត្រូវ​កាត់​ទោស​ពី​បទជាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ រួម​ទាំង​ជនជាប់ចោទ​២៧​ នាក់​ដែល​កំពុង​និរទេសខ្លួន​ក្រៅ​ប្រទេស​ ហើយ​ដែល​ត្រូវ​បាន​កាត់ទោស​ដោយ​កំបាំងមុខ​ក្នុង​ឆ្នាំ​២០២២។

លោក​ Phil Robertson ​បាន​បន្ថែម​ថា៖ «លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ខិតខំ​ប្រឹងប្រែង​គ្រប់​ច្រក​ល្ហក​ក្នុង​ការរឹត​បន្តឹង​សិទ្ធិ ​និង​ធានា​ការគ្រប់គ្រង​នយោបាយ​ទាំងស្រុង​ដែល​នឹង​ឈាន​ទៅដល់​ការបោះឆ្នោត​ជាតិ​ពាក់​កណ្តាល​ឆ្នាំ២០២៣»។

ការគំរាម​កំហែង​នេះ​បន្ត​ចូល​មក​ដល់​ឆ្នាំ​២០២៣​នេះ​ទៀត។ តាំង​ពី​ដើម​ខែ​មករា​មក​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ប្រើប្រាស់​វោហាសាស្ត្រ​គំរាម​កំហែង​ជា​បន្ត​បន្ទាប់​ដល់​អ្នក​រិះគន់​លោក​ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ក្រៅ​ប្រទេស​និង​តាម​បណ្តាញ​សង្គម​ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ដែល​កំពុង​រស់នៅ​ក្នុ​ង​ប្រទេស​ផងដែរ។​

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​គំរាម​ថា​នឹង​យក​មក​កាត់​ទោស​រាល់​អ្នករិះគន់​ ជេរ​ប្រមាថ​រដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​កម្ពុជា​ ជាពិសេស​ពាក់​ព័ន្ធ​នឹង​ចោទ​ប្រកាន់​ថា​មាន​ការលួចបន្លំ​សន្លឹក​ឆ្នោត​នៅ​រៀងរាល់​ពេល​បោះឆ្នោត​ និង​ប្រវត្តិ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ធ្លាប់​បាន​ប្រកាន់​យក​មនោគមវិជ្ជា​កុម្មុយនីស្តនិង​ម៉ាក្ស-លេនីន​និយម​និង​ទំនាក់​ទំនង​ជាមួយ​នឹង​គណបក្ស​កុម្មុយនីស្តវៀតណាម។

នៅ​ឯ​វេទិកា​សាធារណៈ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម​និង​ទូរទស្សន៍​ក្នុង​ប្រទេស​កម្ពុជា​លោក ហ៊ុន សែន​ បាន​ព្រមាន​ជាថ្មី​ថា៖ «ជម្រើស​មាន​តែ​ពីរ​ទេ។ ទីមួយ​ប្រើ​ផ្លូវ​តុលាការ។ ទីពីរ​ទៅ​ដល់​ផ្ទះ​វាយ​អ្ហែង​ហ្មង»។

ទន្ទឹម​នឹង​នោះ​ លោក ​ហ៊ុន សែន​ ក៏​បាន​ព្រមាន​បណ្តា​ប្រទេស​ទាំង​ឡាយ​មិន​ឲ្យ​គាំទ្រ​អ្នក​ដែល​រដ្ឋាភិបាល​បង្ក្រាប​ផងដែរ។​

បន្ទាប់​ពី​ការព្រមាន​ជា​សាធារណៈ​នេះ​ លោក ​ហ៊ុន សែន ​ស្នើ​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ក្នុង​ពេល​ខាងមុខ​គឺ​ត្រូវ​លើក​សរសើរ​តែ​គោល​នយោបាយ​របស់​គណបក្ស​រៀងៗ​ខ្លួន​ដោយ​មិន​ចាំបាច់​បង្អាប់​បក្ស​ដទៃ​ទេ។​

មេដឹកនាំ​គណបក្ស​ប្រឆាំង​១​រូប​គឺ​លោក ​ថាច់ សេដ្ឋា​ ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ត្រូវ​បាន​អាជ្ញាធរចាប់​ខ្លួន​និង​ឃុំឃាំង​នៅ​ថ្ងៃទី១៦ ​ខែមករា ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ចេញ​សែក​អត់​លុយ​ក្នុង​ឆ្នាំ​២០១៩។ រីឯ​ឧត្តម​ទីប្រឹក្សា​គណបក្ស​នេះ​គឺ​លោក គង់ គាំ​ ត្រូវ​លោក​ ហ៊ុន សែន​ គំរាម​ប្តឹងផ្តល់និង​រឹបអូស​យក​លំនៅដ្ឋាន​ក្រោយ​ពី​លោក​បាន​រិះគន់​ការដឹកនាំ​របស់​គណបក្ស​កាន់​អំណាច។ លោក​ គង់ គាំ បាន​សម្រេច​ប្រគល់​លំនៅដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ដែល​លោក​បានរស់នៅ​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ទៅ​ឲ្យ​រដ្ឋាភិបាល​ដើម្បី​បញ្ចប់​បញ្ហា។ លោក ស៊ុន ឆៃ​ អនុ​ប្រធាន​មួយ​រូប​ទៀត​នៃ​គណបក្ស​ភ្លើង​ទៀន​ក៏​រងបណ្តឹង​ពាក់​ព័ន្ធ​នឹង​ការរិះគន់​ការរៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២​ ផងដែរ។

លោក ​ស៊ុន ឆៃ​ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃអង្គារ​សប្តាហ៍មុនថា៖

«អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ព្រួយ​បារម្ភ​គឺ​មិនដឹង​ថា​ បញ្ហា​នេះ​វា​រាល​ដាល​មក​ដល់​ថ្នាក់​ដឹកនាំ​។ ឥឡូវ​វា​បីរូប​ហើយ​យើង​មិន​ដឹង​ថា​ករណី​ហ្នឹង​វា​រាលដាល​ដល់​កម្រិត​ណា​ទៀត»។​

រីឯ​អាជ្ញាធរ​ប៉ូលិស​រាជធានី​ភ្នំពេញ​ក៏​បាន​កោះហៅសកម្មជន​៤​នាក់​ឲ្យ​ចូល​បំភ្លឺ​នៅ​ដើម​ខែ​មករាដោយ​គ្រាន់តែ​ពួកគេ​បង្ហោះ​បទចម្រៀង​រំឭក​ដល់​ការបង្ក្រាប​ហិង្សា​របស់​អាជ្ញាធរ​មក​លើ​ការតវ៉ា​របស់​កម្មករ​កាលពី​៩​ឆ្នាំ​មុន​ប៉ុណ្ណោះ។ សកម្មជន​សហគមន៍​យល់​ថា​ការដាក់​សម្ពាធ​របស់​រដ្ឋាភិបាល​មក​លើ​អង្គការ​សង្គម​ស៊ីវិល​នៅ​មុន​ពេល​បោះឆ្នោត​គឺ​ជា​និន្នាការ​ដែល​កើត​ឡើង​ជា​ប្រចាំ​ហើយ​វា​នឹង​ធ្វើមាន​ស្ថានភាព​អាក្រក់​សម្រាប់​ពេល​ខាងមុខ​តទៅ​ទៀត។

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)។ (រូបផ្តល់ឲ្យដោយ​លោក ថេង សាវឿន)

លោក​ថេង សាវឿន​ ប្រធាន​សមាគម​សម្ពន្ធ​កសិករ​កម្ពុជា ​(CCFC) និង​ជា​សកម្មជន​ម្នាក់​ដែល​ត្រូវ​ប៉ូលិស​កោះ​ហៅ​នោះបាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«យើង​ដឹង​ហើយ​ថា ​រដ្ឋាភិបាល​មាន​ការព្រួយ​បារម្ភ​ខ្លាំង​ខ្លាច​អង្គការ​សង្គម​ស៊ីវិល​ ឬ​ក៏​សកម្មជន​ធ្វើ​យុទ្ធនាការ​ ឬ​ធ្វើ​កិច្ចការ​ងារ​អ្វី​ហ្នឹង​ធ្វើ​ឲ្យ​បាក់​មុខ​បាក់​មាត់​ ធ្វើ​ឲ្យ​ប្រជាជន​មិន​មានជំនឿ​ជឿជាក់​ទៅ​លើ​ការដឹកនាំ​របស់​រដ្ឋាភិបាល»។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាលពី​ថ្ងៃទី១១ ​ខែ​មករា​ថ្កោលទោស​ការគំរាម​កំហែង​របស់​លោក​ ហ៊ុន​ សែន​ ដែល​សំដៅ​លើ​មន្ត្រី​របស់​ខ្លួន​មួយ​ចំនួន​និង​ក្រុមគ្រួសារ​របស់​ពួកគេ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។​ គណបក្ស​សង្គ្រោះ​ជាតិ​ក៏ស្នើ​ឲ្យ​អន្តរជាតិ​ឆ្លើយ​តប​ឲ្យ​បាន​រហ័ស​ផងដែរ​ជា​ពិសេស​បញ្ឈប់​ការផ្តល់​ជំនួយ​ដល់​កំណែទម្រង់​នានា​ព្រោះ​«មិន​ទទួល​បាន​លទ្ធផល​អ្វី​ទេ​ក្រោម​រដ្ឋាភិបាល​បច្ចុប្បន្ន»។

សេចក្តី​ថ្លែងការណ៍​បាន​បន្ត​ថា៖ «ការធ្វើ​ប្រតិកម្ម​ដោយ​អសកម្ម​មិន​អាច​បន្ត​ទៀត​បាន​ឡើយ»។​

លោក​ អេង ឆៃ​អ៊ាង​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិដែល​កំពុង​រស់​នៅ​នីរទេស​ខ្លួន​ក្នុង​សហរដ្ឋ​អាមេរិក​បាន​សម្តែង​ទុទិដ្ឋិនិយមចំពោះ​ការបោះឆ្នោត​ក្នុង​ពេល​ខាងមុខ​នេះ។ លោក​បាន​ប្រាប់​វីអូអេ​កាល​ពី​សប្តាហ៍​មុន​ថា៖

«ទីមួយ​យើង​មើល​លំហរ​សេរីភាព​ វា​អត់​មាន​ភាព​សេរី ​វា​អត់​មាន​ភាព​បើក​ចំហរ​ អត់​មាន​ការប្រកួត​ប្រជែង​ដោយ​ត្រឹមត្រូវ​ពេញ​លេញ​ទេ​គឺលោក​ ហ៊ុន សែន​ គាត់​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត។ ទីពីរ​អាជ្ញាកណ្តាល​នៃ​ការបោះឆ្នោត​ហ្នឹង​ក៏​យើង​មើល​ឃើញ​ថា​វា​អត់​មាន​ឯករាជ្យ​ទេ​គឺ​វា​ធ្វើ​តាម​តែ​បង្គាប់​បញ្ជា​របស់​លោក ​ហ៊ុន សែន»។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ថ្លែង​ថា ​ខ្លួន​នឹង​ខិតខំ​រៀបចំ​ការបោះឆ្នោត​មួយ​ដែល​នឹង​ធានា​ដល់​ភាពត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។

រូបឯកសារ៖ លោក សោម សូរីដា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចពិភាក្សា​ជាមួយ​តំណាង​គណបក្ស​សង្គ្រោះជាតិ នៅថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៧។ (កាន់ ​វិច្ឆិកា/វីអូអែ)

លោក សោម សូរីដា ​អគ្គលេខាធិការ​រង​និង​ជា​អ្នក​នាំពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ ឆ្នោត​បាន​បញ្ជាក់​ប្រាប់​វីអូអេ​នៅ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ថា៖

«ជាទូទៅ​គឺ​ដំណើរការ​រៀបចំ​ការបោះឆ្នោត​នេះ​គឺ​គ.ជ.ប​បាន​អនុវត្ត​កិច្ចការ​របស់​ខ្លួន​ដោយ​គោរព​ទៅ​តាម​ច្បាប់​បញ្ញត្តិ​ដែល​មាន​ចែង​ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។​ អ៊ីចឹង​ច្បាប់​ជា​ធរមាន​រួមទាំង​នីតិវិធី​គឺ​ជា​គោលការណ៍​អនុវត្ត​របស់​គ.ជ.​ប​។ អ៊ីចឹង​អ្វី​ដែល​គ.ជ.ប​អនុវត្ត​គឺ​ទៅ​តាម​លក្ខខណ្ឌ​បច្ចេកទេស​ដែល​យើង​បាន​ត្រៀម​រៀបចំ​រួចរាល់​អស់​ហើយ»។​

លោក ​សោម​ សូរីដា​ យល់​ថា​ វោហាសាស្ត្រ​រវាង​ថ្នាក់​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​និង​អ្នកនយោបាយ​នានា​គឺ​មិន​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​របស់​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ឡើយ​ហើយ​ក៏​នឹង​មិន​ប៉ះពាល់​ដល់​ការងារ​របស់​ស្ថាប័ន​នេះ​ដែរ។

លោក​បាន​បន្ថែម​ថា៖ «មតិ​ជាតិ​និង​អន្តរជាតិ​កន្លង​មក​នេះ​ថា ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២​កន្លង​មក​នេះ​គឺ​ស្ថិត​ក្នុង​បរិយាកាស​សន្តិសុខ​ សុវត្ថិភាព​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​គ្មាន​អំពើ​ហិង្សា​គ្មាន​ការគំរាម​កំហែង។ ខ្ញុំ​ជឿជាក់​ថា ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ពេល​ខាងមុខ​នេះ​ក៏​បរិយាកាស​ស្ថិត​ក្នុង​ស្ថានភាព​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ផងដែរ»។​

បើ​ទោះបី​ជា​មាន​ការព្រួយ​បារម្ភ​ពី​បរិយាកាស​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខក៏ដោយ ​លោក អេង ឆៃអ៊ាង​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​រំពឹង​ថា ​ពលរដ្ឋ​នឹង​ប្រើប្រាស់​សុភវិនិច្ឆ័យ​ផ្ទាល់ខ្លួន​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ដែល​ល្អ​ដែល​ផ្តល់​តម្លៃ​ដល់​ការគោរព​សិទ្ធិមនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ពេល​ពួកគេ​ទៅ​បោះឆ្នោត​នៅ​ពេល​ខាងមុខ៕