នេះគឺជាទីបញ្ចប់នៃសុបិនអាក្រក់រយៈពេលជាយូរមកហើយ។
សម្រាប់ប្រជាជនអ៊ីរ៉ាក់និងស៊ីរីទាំងនេះ ដំណើរដោយថ្មើរជើង តាមទូក តាមរថភ្លើង និងតាមរថយន្តក្រុងប្រកបដោយគ្រោះថ្នាក់ជាច្រើន បានដល់ទីបញ្ចប់នៅលើទីលំហែរកម្សាន្តនេះ …យ៉ាងហោចណាស់ក៏សម្រាប់ពេលនេះដែរ។ ជនភៀសខ្លួនរាប់រយនាក់ទាំងនេះ ត្រូវបានដឹកជញ្ចូនតាមរថយន្តក្រុងចេញពីប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសកំពុងមានលំហូរចូលនូវជនភៀសខ្លួនយ៉ាងច្រើនលើសលប់មិនធ្លាប់មានពីមុន។
លោក Silvain de Smet អ្នកគ្រប់គ្រងមជ្ឈមណ្ឌលកម្សាន្តនោះនិយាយថា ជនភៀសខ្លួនទាំងអស់បានមកដល់ទាំងភាពនឿយហត់។ ពួកគេត្រូវបានផ្តល់អាហារ និងបានជួបជាមួយមន្ត្រីដែលមកពីភ្នាក់ងារផ្សេងៗ ហើយមន្ត្រីទាំងនោះក៏បានពិនិត្យមើលថា តើជនភៀសខ្លួនទាំងនោះត្រូវការថ្នាំសង្កូវ ឬការសម្រួលខាងផ្លូវចិត្តឬយ៉ាងណា។
លោក Omar Abdulmunam កាលពី២៥ថ្ងៃមុន បានរត់ចេញពីផ្ទះរបស់លោកដែលស្ថិតនៅតំបន់ Douma នៅជាយរដ្ឋធានីដាម៉ាស ជាទីដែលទទួលរងការទម្លាក់គ្រាប់បែកយ៉ាងដំណំ។
«ខ្ញុំបានឃើញកូនក្មេងម្នាក់ស្លាប់ ហើយគ្រប់ទីកន្លែងសុទ្ធតែឈាម និងស្លាកស្នាមនៃការបំផ្លិចបំផ្លាញមានគ្រប់ទីកន្លែង។ ខ្ញុំបានឃើញទិដ្ឋភាពដ៏គួរឲ្យព្រឺព្រួច។ ខ្ញុំបានរត់គេចចេញពីតំបន់ Douma ទៅរដ្ឋធានីដាម៉ាស ហើយពីរដ្ឋធានីដាម៉ាស ទៅប្រទេសលីបង់ ប្រទេសតួកគី មកដល់អឺរ៉ុប ម៉ាសេដ្ឋាន ស៊ែប៊ី ហុងគ្រី និងមកដល់ទីនេះ»។
លោក Ali Tarabien ក៏ជាជនភៀសខ្លួនមកពីតំបន់នៃរដ្ឋធានីដាម៉ាសដែរ។ ដូចមនុស្សគ្រប់រូបនៅទីនេះដែរ លោកធ្វើដំណើរពេញមួយយប់ដោយរថយន្តក្រុងពីប្រទេសអាល្លឺម៉ង់។ លោកបាននិយាយថា៖
«និយាយតាមត្រង់ទៅ ខ្ញុំបានព្យាយាមស្នាក់នៅប្រទេសអាល្លឺម៉ង់ ប៉ុន្តែខ្ញុំឃើញប្រជាជនបារាំងនៅទីនោះដែរ។ ខ្ញុំបានជជែកជាមួយពួកគេអស់ប្រហែលជាបួនម៉ោង។ ពួកគេបានសន្យាថា អ្វីៗនឹងដូចប្រទេសអាល្លឺម៉ង់អញ្ចឹង ឬប្រហែលជាប្រសើរជាងនោះទៅទៀតសម្រាប់ខ្ញុំ ពីព្រោះខ្ញុំចង់នាំគ្រួសារខ្ញុំមកជាមួយដែរ»។
មិនខុសពីតំបន់ផ្សេងៗនៅទ្វីបអឺរ៉ុបទេ ប្រជាជនបារាំងមានការខ្វែងគំនិតគ្នាដោយសារលំហូរចូលនៃជនភៀសខ្លួន។ ប្រជាជននៅទីនេះបាននាំយកសម្លៀកបំពាក់ និងប្រដាប់ក្មេងលេងសម្រាប់ផ្តល់ឲ្យជនភៀសខ្លួន។ ពួកគេនឹងចាកចេញទៅកាន់ទីលំនៅអចិន្ត្រៃយ៍នៅរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្នុងនោះក៏រាប់បញ្ចូលទាំងទីលំនៅរបស់ប្រជាជនបារាំងផងដែរ។ ក៏ប៉ុន្តែ ពួកអ្នកដែលប្រកាន់ស្តាំនិយមជ្រុល បានជំទាស់ទៅនឹងការទទួលយកជនភៀសខ្លួនថ្មីបន្ថែមទៀត ហើយអ្នកនយោបាយអភិរក្សនិយមចង់ឲ្យមានការដាក់កំហិតឲ្យជាក់លាក់។ អភិបាលក្រុងបារាំងពីររូបបាននិយាយថា ពួកគេនឹងទទួលយកតែជនភៀសខ្លួនដែលជាគ្រឹស្តសាសនិកប៉ុណ្ណោះ ហើយមិនទទួលយកអ្នកកាន់សាសនាឥស្លាមទេ។
ការស្ទង់មតិថ្មីមួយបានបង្ហាញថា ប្រជាជនបារាំងបានងាកទៅគាំទ្រការទទួលយកជនភៀសខ្លួនកាន់តែច្រើនបន្ថែមទៀត បើប្រៀបធៀបទៅនឹងការគាំទ្រកាលពីសប្តាហ៍មុន។ មនុស្សជាច្រើននៅទីនេះសង្ឃឹមថា ការស្វាគមន៍នេះនឹងនៅបន្តរហូត៕
ប្រែសម្រួលដោយ វិញ សុជាតា