វេជ្ជបណ្ឌិត Fauci៖ ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ បង្កើន​ការការពារ​ទប់ទល់​នឹង​វីរុស​បម្លែង​ខ្លួន​អូមីក្រុង

រូបឯកសារ៖ មនុស្ស​ឈរ​តម្រង់​ជួរ​ដើម្បី​ទទួល​ការចាក់​វ៉ាក់សាំង​កូវីដ១៩ Pfizer នៅ​គ្លីនិក​ចាក់​វ៉ាក់សាំង​ចល័ត​ក្នុង​ក្រុង Worcester រដ្ឋ Massachusetts កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។

អ្នក​ជំនាញខាង​ជំងឺ​ឆ្លង​កំពូល​របស់​សហរដ្ឋ​អាមេរិក​ កាលពី​ថ្ងៃ​អាទិត្យ បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​អាមេរិកាំង​ ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​បង្ការ​ជំងឺ​កូវីដ១៩​ ​ដើម្បី​ឲ្យ​ពួកគេ​បាន​ទទួល​នូវ​ការការពារ​ដ៏​ល្អ​បំផុត​ដើម្បី​ទប់​ទល់​នឹង​វីរុស​បម្លែង​ថ្មី​អូមីក្រុង (Omicron)។

លោក​វេជ្ជបណ្ឌិត Fauci ប្រធាន​ទីប្រឹក្សា​ខាង​វេជ្ជសាស្ត្រ​របស់​លោក​ប្រធានាធិបតី Joe Biden បាន​ប្រាប់​កម្មវិធី «This Week» នៃ​បណ្តាញ​ទូរទស្សន៍ ABC ថា វីរុស​អូមីក្រុង អាចគេចផុតពី​ការ​ការពារ​ដែល​ត្រូវ​ផ្តល់​ឲ្យ​វ៉ាក់សាំង​ទាំង៣​ប្រភេទ​ដែល​មាននៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ពលរដ្ឋ​អាមេរិកាំង​ជិត​២០២​លាន​នាក់ ត្រូវ​បាន​គេ​ចាត់ទុក​ថា បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ទប់​ទល់​នឹង​ជំងឺ​កូវីដ១៩ ក៏ប៉ុន្តែ​ត្រឹម​តែ ៥៣,៨​លាន​នាក់​នៃ​អ្នក​ទាំង​នោះ បាន​ទទួល​ការចាក់​ដូស​ជំរុញ។

លោក​វេជ្ជបណ្ឌិត Fauci បាន​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​អស់​លោក​អ្នក​ចង់​បាន​ការ​ការពារ​ខ្លាំង​បំផុត លោក​អ្នក​ត្រូវទៅ​ទទួល​ការ​ចាក់​ដូស​ជំរុញ»។

លោក​វេជ្ជបណ្ឌិត Fauci បាន​បញ្ជាក់​ទៀត​ថា៖ «ព័ត៌មាន​លើក​ទឹកចិត្ត​នេះ​ គឺ​ថា ទិន្នន័យដំបូងៗ បាន​បង្ហាញ​ថា នៅពេល​ដែល​លោកអ្នក​ទទួល​បាន​ការ​ចាក់​ដូស​ជំរុញ វាបង្កើន​កម្រិត​នៃ​ការការពារ​ល្មម​គ្រប់គ្រាន់​ដើម្បី​ទប់ទល់​នឹង​វីរុស​អូមីក្រុង»។

ពួក​អ្នក​ជំនាញ​ខាង​សុខាភិបាល បាន​និយាយ​ថា ការ​សង្កេត​ដំបូងៗ បង្ហាញ​ថា អ្នក​ដែល​បាន​ឆ្លង​វីរុស​អូមីក្រុង មាន​ជំងឺ​ស្រាល​ប៉ុណ្ណោះ ក៏ប៉ុន្តែគេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​ផល​ប៉ះពាល់​រយៈពេល​យូរ​របស់​វា​នៅ​ឡើយ​ទេ៕