លទ្ធិ​ប្រជាធិបតេយ្យ​សម្រេច​​បាន​ជោគជ័យ​​នៅ​នីហ្សេរីយ៉ា

ពលរដ្ឋ​នីហ្សរីយ៉ា​បន្ត​អបអរ​សាទរ​ជ័យជម្នះ​របស់​លោក​ Muhammadu Buhari ក្នុង​ទីក្រុង​ Kaduna ប្រទេស​នីហ្សរីយ៉ា​ កាលពីថ្ងៃទី​១ ខែ​មេសា ឆ្នាំ២០១៥។

ប្រទេស​នីហ្សេរីយ៉ា​បាន​ងើប​ឡើង​ពី​ដំណេកដើម្បី​ទទួល​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​កាល​ពី​ថ្ងៃ​ពុធ​ក្នុង​សប្តាហ៍​នេះ​ គឺ​លោក​ Muhammadu Buhari។ ​ក៏​ប៉ុន្តែ​ ប្រជា​លរដ្ឋ​និយាយ​ថា​ គឺ​លទ្ធិ​ប្រជាធិបតេយ្យ​ទេ​ដែលជា​អ្នក​ឈ្នះ​ពិត​ប្រាកដ​នោះ​ នៅ​ខណៈ​ពេល​ដែល​ប្រទេស​នេះ​កំពុង​តែ​ចាប់​ផ្តើម​ការ​ប្រគល់​អំណាច​ដោយ​សន្តិវិធី​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ការ​គ្រង់​គ្រង​ដោយ​យោធា​បាន​បញ្ចប់​កាល​ពី​ឆ្នាំ​១៩៩៩។​

ការ​ប្រារព្ធពិធី​អបអរ​បាន​កើត​មាន​ឡើង​តាំង​ពី​មុន​ពេល​ដែល​លទ្ធផល​ចុង​ក្រោយ​ត្រូវ​បាន​ប្រកាស។ ​

ល្បែង​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​ប្រជាជន​ (PDP) ​ដែលបាន​គ្រប់​គ្រង​នយោបាយ​ប្រទេស​នីហ្សេរីយ៉ា​តែ​ម្នាក់​ឯង​អស់​រយៈ​ពេល​១៦​ឆ្នាំ​មក​ហើយ​នោះ​ បាន​ចប់​ជា​ស្ថាពរ​ហើយ។​ ប្រធានាធិបតី​ Goodluck ​Jonathan ​ បាន​ទទួល​ស្គាល់​ថា ​លោកចាញ់​ ហើយ​អំពាវ​នាវ​ឲ្យ​មាន​សន្តិភាព​នៅ​ក្នុង​ប្រទេស​នេះ។

លោក​មាន​ប្រសាសន៍​ថា៖​ «សាមគ្គីភាព​ ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​នៃ​ប្រទេស​ជា​ទី​ស្រឡាញ់​របស់​យើង​គឺ​សំខាន់​ជាង​អ្វី​ទាំង»។

លោក​ Buhari​ បាន​គោរព​ភាព​ជា​រដ្ឋ​បុរស​នៃ​គូ​ប្រកួត​របស់​លោក​ ហើយ​បាន​អបអរ​ដល់​ពលរដ្ឋ​នីហ្សេរីយ៉ា​ទាំង​អស់។ ​លោក​បាន​មាន​ប្រសាសន៍​ថា​ ការ​គ្រប់​គ្រង​ដោយ​ឯកបក្ស​បាន​បញ្ចប់​ហើយ។

លោក​ Buhari​ មាន​ប្រសាសន៍​ថា៖​ «យើង​បាន​បង្ហាញ​ដល់​ពិភពលោក​ថា​ យើង​ជា​ពលរដ្ឋដែល​ចាប់​យក​លទ្ធិ​ប្រជាធិបតេយ្យ​ ហើយ​ជា​ពលរដ្ឋ​ដែល​ស្វែង​រក​រដ្ឋាភិបាល​មួយកើត​ឡើង​ដោយ​ពលរដ្ឋ​ ​ដើម្បី​ពលរដ្ឋ ​និង​ជា​របស់​ពលរដ្ឋ»។

នេះ​ជា​លើក​ទី​បួនហើយ​សម្រាប់​អតីត​មេដឹកនាំ​យោធា​មាន​មន្ត​ស្នេហ៍​រូប​នេះ​ក្នុង​ការ​ឈរ​ជា​បេក្ខជន​ប្រធានាធិបតី។

ការ​បោះឆ្នោត​នេះ​ត្រូវ​បាន​គេ​លើក​សរសើរ​ថា​ មាន​សេរីភាព និង​ប្រកប​ដោយ​តម្លាភាព​បំផុត​សម្រាប់​ប្រទេស​នីហ្សេរីយ៉ា​រហូត​ដល់​ពេល​នេះ ទោះបី​ជា​មាន​ការ​ពន្យារ​ពេល​ដោយ​មូលហេតុ​ការ​រៀបចំ​ និង​បញ្ហា​បច្ចេកទេស​នៅ​ការិយាល័យ​បោះឆ្នោត​ក៏​ដោយ។

គណបក្ស​ប្រឆាំង​បាន​រួបរួម​គ្នា​នៅ​ឆ្នាំ​២០១៣​ ដោយ​បង្កើត​បាន​ជា​គណបក្ស​មួយ​ឈ្មោះ​ថា​ សមាជ​សម្រាប់​ការ​រីក​ចម្រើន​ទាំង​អស់​គ្នា ​(All Progressives Congress)។ គណបក្ស​នេះ​ប្តេជ្ញា​ថា ​នឹង​ធ្វើ​ឲ្យ​មាន​ផ្លាស់​ប្តូរ​ នៅ​ខណៈ​ដែល​ប្រទេស​នេះ​មាន​ពោរពេញ​ទៅ​ដោយ​អំពើ​ពុករលួយ​យ៉ាង​ទូលំទូលាយ​ មាន​ការ​ដាច់​ភ្លើង​ស្ទើរ​តែ​គ្រប់​ពេល ​និង​មានសេដ្ឋកិច្ច​ពឹង​លើ​ប្រេង​កាត​ដែល​កំពុង​តែ​ធ្លាក់​ថ្លៃ។

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ APC ​បាន​ចាប់​ផ្តើម​ប្រមូល​គ្នា​នៅ​ឯ​ទីស្នាក់​ការ​ធំ​របស់​គណបក្ស​នេះ​នៅ​ទីក្រុង​ Abuja ​កាល​ពី​ថ្ងៃ​អង្គារ​ ដើម្បី​រង់​ចាំ​លោក​ Buhari ​នៅ​ខណៈ​ពេល​ដែល​លទ្ធផល​នៃ​ការ​បោះឆ្នោត​ត្រូវ​បាន​គេ​ប្រកាស។

លោកស្រី​ Hadja Lamisila​ និយាយ​ថា៖​ «យើង​ដឹង​ថា​ គាត់​នឹង​ផ្លាស់​ប្តូរ​ប្រទេស​នេះ។ ​ប៉ុន្តែ​វា​ត្រូវ​ការ​ចំណាយ​ពេល​យូរ​បន្តិច ​ពីព្រោះ​ប្រទេស​នេះ​គឺ​ស្ថិត​នៅ​ក្នុង​សភាព​មួយ​ដែល​ដុនដាបទាំងស្រុង។ ​ដូច្នេះ​ យើង​មិន​ត្រូវ​ឲ្យ​មាន​ការ​យល់​ខុស​ដោយ​សារ​ការឆ្ពិន​ភ្នែក​ថា​ នឹងមាន​អព្ភូត​ហេតុ​អស្ចារ្យ​កើត​ឡើង​ភ្លាមៗ​នោះ​ទេ»។

នៅ​ខណៈ​ពេល​ដែល​លោក​ Buhari​ ចូល​កាន់​តំណែង​ ពួក​បះបោរ​ Boko Haram ​បាន​បង្ក​ភាព​ក្តៅ​ក្រហាយ​នៅ​ឯ​ភាគឦសាន​នៃ​ប្រទេស​នេះ។​ វា​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ក្នុង​ពេល​ដែល​លោក​ Jonathan ​នៅ​គ្រប់​គ្រង​ប្រទេស​ ដែល​មាន​ជន​ស៊ីវិល​រាប់​ពាន់​នាក់​ត្រូវ​បាន​សម្លាប់​ ហើយ​មនុស្ស​ជាង​មួយ​លាន​នាក់បាន​រត់​ចោល​ផ្ទះ​សម្បែង។​ ​រដ្ឋ ​Borno​ ទទួល​រង​ការ​វាយ​ប្រហារខ្លាំង​ជាង​គេ ​ហើយ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​នេះ​ក៏​ត្រូវ​បាន​គេប្រកាស​ក្រោយ​គេ​ដែរ។

ជន​ជាតិ​នីហ្សេរីយ៉ា​ម្នាក់​បាន​សរសេរក្នុង​ទ្វីតទ័រ​ ដោយ​លេង​ពាក្យ​ Born-o​ ថា៖ ​«សករាជ​ថ្មី​ជិត​កើត​មាន​ឡើង​ហើយ»។

ក្នុង​ការ​បោះឆ្នោត​នេះ​ គណបក្ស​ APC​ បាន​មាន​ប្រៀប​នៅក្នុង​រដ្ឋ​ភាគ​ខាង​កើត​ ហើយ​បាន​ជ័យ​ជម្នះ​ចម្បងៗ​នៅ​ក្នុង​រដ្ឋ​ភាគ​និរតី ​ដែល​នេះ​ជា​ការប្រែប្រួលយ៉ាង​ខ្លាំង​ ដោយ​ហេតុ​ថា​ តំបន់​នេះ​ ​គណបក្ស​កាន់​អំណាច​ PDP ​ធ្លាប់​បាន​ទទួល​ជ័យ​ជម្នះ​កាល​ពី​ឆ្នាំ​២០១១។​

ក្នុង​ទីក្រុង​ Kano ដែល​ជា​ទីក្រុង​ធំ​ជាង​គេ​នៅ​ភាគ​ខាង​ជើង​ ​ មាន​ការ​ជប់​លៀង​អបអរ​នៅរហូត​ដល់​យប់។​ ពួក​គេ​បាន​ហោរ​កញ្ជ្រៀវ​ នៅ​ខណៈ​ដែល​អ្នក​បើកបរ​ឡាន​បាន​បើក​វិល​ជុំវិញ​កាត់​តាម​ផ្លូវ​រង្វង់​មូល។​ នៅ​ទី​នោះ​ ​នៅ​លើ​ដង​ផ្លូវ​ទាំង​នោះ​ មាន​ភាព​សប្បាយ​វីវក់ក្នុង​សភាព​មួយ​ហាក់​ដូចជា​ពួក​គេ​មាន​អំណាច។​ មនុស្ស​ម្នារ​បាន​ច្រៀង​រាំ​ និង​លោត​ចុះ​លោត​ឡើង។ ​នៅ​ឯ​ទីក្រុង​ Abuja ​ពួក​គេ​បាន​ស្រែក​ពាក្យ​ស្លោក​ និង​ច្រៀង​ជា​ភាសា​ Hausa​ ថា​ «លោក​ឪពុក​ លោក​ឪពុក»។

ក៏​ប៉ុន្តែ​ ពួក​គេ​ក៏​បាន​និយាយ​ដែរ​ថា​ ពួក​គេ​ចង់​ឃើញ​លទ្ធផល​ ហើយ​ពួក​គេ​នឹង​ធ្វើ​ឲ្យ​លោក​ Buhari​ ដឹង​ថា​ តើ​លោក​នឹង​ត្រូវ​ធ្វើ​បែប​ណា​ក្នុង​ពេល​បួន​ឆ្នាំនេះ​ ដើម្បី​មានមុខ​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​ក្រោយ៕

ប្រែ​សម្រួលដោយ នៀម ឆេង