កាលពីល្ងាចថ្ងៃសៅរ៍នេះ ក្រុមការងារមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានព្រមព្រៀងគ្នាលើ៥ចំណុចចុងក្រោយនៃវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលមានវិសោធនកម្មចំនួន១៥ចំណុច។
ក្រុមការងារធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោកសម រង្ស៊ី និងលោកកឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ និងក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមព្រៀងគ្នាលើ៥ចំណុចដែលនៅសល់ចុងក្រោយនៃធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលមាន១៥ចំណុច។ ចំណុចព្រមព្រៀង៥ចុងក្រោយនេះមាន៣ចំណុចចែងអំពីទោសបញ្ញត្តិនិងពីរចំណុចចែងអំពីអន្តរបញ្ញត្តិ។
អន្តរបញ្ញត្តិគឺបញ្ញត្តិ ឬច្បាប់សម្រាប់ជាច្រកបើកផ្លូវច្បាប់ក្នុងករណីមានឧបសគ្គខាងផ្លូវច្បាប់។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិចាត់ទុកថា កិច្ចព្រមព្រៀងនេះគ្រាន់តែជាជំហានទីមួយទៅរកការបោះឆ្នោតសេរី និងយុត្តិធម៌តែប៉ុណ្ណោះ។
«មកទល់ពេលនេះយើងបានសប្បាយចិត្តដោយសារថា យើងបានព្រមព្រៀងគ្នាធ្វើការកែទម្រង់ហ្នឹង។ ទោះជាភាគីទាំងសងខាងមិនបានពេញចិត្ត១០០%ក៏ដោយ ក៏ប៉ុន្តែយើងបានព្រមព្រៀងគ្នាជ្រើសរើសយកផ្លូវកណ្តាលមួយដែលអាចចាត់ទុកថា សមាសភាពគ.ជ.ប.ក្តី សេចក្តីស្នើច្បាប់ក្តីគឺយើងនឹងអាចកែលម្អការបោះឆ្នោតនៅពេលខាងមុខហ្នឹងបាន»។
លោកបន្តថា មានកិច្ចការច្រើនទៀតត្រូវធ្វើ ដូចជាសមាសភាពគណៈកម្មាធិការជាតិរៀបចំបោះឆ្នោតខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ត្រូវមានសមាសភាពដូចថ្នាក់ជាតិ ដែលមានសមាសភាព៤នាក់មកពីគណបក្សនីមួយៗនៃគណបក្សជាប់ឆ្នោតទាំងពីរ។ តែសមាសភាពគណៈកម្មការបោះឆ្នោតថ្នាក់ក្រោមជាតិនេះនឹងត្រូវសម្រេចដោយគណៈកម្មាធិការជាតិថ្មីដែលកើតចេញពីវិសោធនកម្មនេះ។ លោកបានបន្តថា ដើម្បីឲ្យមានការបោះឆ្នោតសេរី និងយុត្តិទាមទារការអនុវត្តជាក់ស្តែងក្នុងការគោរពច្បាប់ដែលមានចែង។
«បាទ នេះជាដំណាក់កាលទីមួយ។ ដំណាក់កាលទីពីរគឺយើងនៅរៀបចំសមាសភាពគ.ជ.ប.តាំងពីថ្នាក់ជាតិរហូតដល់ ថ្នាក់ខេត្ត ថ្នាក់ឃុំ ហើយនឹងការដែលយើងអនុវត្តច្បាប់ដែលស្នើឡើងដោយរដ្ឋសភា ដែលយើងនឹងត្រូវអនុម័តឆាប់ៗខាងមុខ»។
លោកប៊ិន ឈិន ប្រធានក្រុមការងារបោះឆ្នោតខាងគណបក្សប្រជាជនកម្ពុជាមិនធ្វើអត្ថាធិប្បាយទេ។ លោកឈាង វុន មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានអបអរសាទរលទ្ធផលនៃកិច្ចប្រជុំនេះ។
«អឺ អាហ្នឹងគេហៅថា វប្បធម៌សន្ទនានោះ កុំឲ្យតែឈ្លោះគ្នាតាមចិញ្ចើមថ្នល់ បាទ!»
សូមរំឭកថា ក្រុមការងារគណបក្សទាំងពីរបានព្រមព្រៀងគ្នា១០ចំណុចកាលពីថ្ងៃទី២៣កុម្ភៈ ក្រោយពីពិភាក្សាគ្នាតាំងពីថ្ងៃទី៨ខែធ្នូឆ្នាំ២០១៤។
លោកគួយ ប៊ុនរឿន ប្រធានក្រុមការងារបោះឆ្នោត និងជាអ្នកនាំពាក្យកិច្ចប្រជុំនេះខាងគណបក្សសង្គ្រោះជាតិនិយាយថា ប្រាំចំណុចចុងក្រោយនេះមានទោសបញ្ញត្តិចំនួន៣ចំណុច និងពីរចំណុចជាអន្តរបញ្ញតិ។
«ទោសបញ្ញត្តិហ្នឹងទាក់ទងនឹងគណបក្សនយោបាយធ្វើការឃោសនាការក្នុងន័យមួយបន្តុះបង្អាប់ ឬមួយក្នុងការមានការរើសអើងពូជសាសន៍ ពូជអីហ្នឹងណា! គេហាមអាហ្នឹង! វាស្របទៅតាមក្រមព្រហ្មទណ្ឌ»។
ទោសបញ្ញត្តិ៣ចំណុចទាក់ទងនឹងច្បាប់ដែលតម្រូវឲ្យអង្គការសង្គមស៊ីវិលត្រូវមានជំហរអព្យាក្រិត្យមិនលម្អៀងទៅខាងគណបក្សណាមួយ ហើយត្រូវមានក្រមសីលធម៌ មិនជេរប្រមាថគណបក្សនយោបាយ។
«ហើយចំណុចមួយទៀតទាក់ទងនឹងអង្គការសង្គមស៊ីវិលដែលបរិហារកេរ្តិ៍ ឬវាយតម្លៃ ធ្វើការជេរប្រមាថ អីអញ្ចឹងទៅណា! ហើយមួយទៀតទាក់ទងទៅនឹងឯករាជ្យភាពរបស់គាត់។ អញ្ចឹងគាត់អាចចូលរួមរិះគន់លើដំណើរការបាន ប៉ុន្តែហាមកុំឲ្យជេរប្រមាថទៅលើគណបក្សនយោបាយ ឬបេក្ខជន។ គេហាមអញ្ចឹងទេ។ ប៉ុន្តែជាស្មារតីនៃការគោរពសិទ្ធិបញ្ចេញមតិអី អាហ្នឹងយើងនៅតែគោរព»។
លោកគុល បញ្ញា នាយកប្រតិបត្តិរបស់អង្គការ Comfrel ដែលធ្វើកិច្ចការដើម្បីឲ្យមានការបោះឆ្នោតសេរីនិងយុត្តិធម៌ថ្លែងថា អ្នកនយោបាយនៃគណបក្សទាំងពីរគួរតែបារម្មអំពីប្រព័ន្ធឃោសនាការឯកជនដែលគណបក្សនយោបាយប្រើប្រាស់ ឬបម្រើគណបក្សនយោបាយណាមួយដើម្បីផលប្រយោជន៍ខ្លួន ឬគណបក្សនោះ។
«ប្រទេសប្រជាធិបតេយ្យគេប្រយ័ត្ននឹងក្រុមហ៊ុនរកស៊ី ព្រោះក្រុមហ៊ុនរកស៊ីមិនមែនគ្រាន់តែជះឥទ្ធិពលនយោបាយទេ គាត់ទាញយកផលប្រយោជន៍ទៀត ព្រោះគាត់ត្រូវការយកផលប្រយោជន៍ យកលុយមកចែកគ្នាណា៎។ អង្គការសង្គមស៊ីវិលអត់មានទាក់ទិននឹងផលប្រយោជន៍យកមកចែកគ្នាអីទេ។ ឧទាហរណ៍គណបក្សមួយគាត់បើកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ហើយគាត់យកប្រព័ន្ធហ្នឹងឃោសនាឲ្យគាត់។ មែនទែនអ្នករកស៊ីវិញទេដែលគេត្រូវប្រុងប្រយ័ត្ន»។
លោកបន្ថែមថា ក្រុមការងារធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះមិនគួរបារម្ភអំពីអង្គការសង្គមស៊ីវិលដែលមិនរកម្រៃ មិនរកប្រាក់ចំណេញ ដូចក្រុមហ៊ុននោះទេ។ លោកបន្តថា សង្គមស៊ីវិលធ្វើការងារបោះឆ្នោតមានក្រមសីលធម៌ជាមួយគ.ជ.ប.គឺអព្យាក្រិត្យ ឥតលម្អៀង៕